កូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនចាត់ទុកថា ការបង្កកលុយជំនួយដោយធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ហៅកាត់ថា ABA គឺជារឿងដែលមិនត្រឹមត្រូវ និងធ្វើឲ្យពលរដ្ឋលែងទុកចិត្តលើធនាគារមួយនេះ។
មន្ត្រីសង្គមស៊ីវិលខ្លះថា នេះជាករណីទីមួយហើយដែលមានការបង្កកការផ្ទេរប្រាក់ជំនួយពីក្រៅប្រទេសសម្រាប់សកម្មភាពសហជីពវិជ្ជាជីវៈដែលបានធ្វើការតស៊ូមតិដើម្បីការពារប្រយោជន៍កម្មករ។ ហើយបើតាមក្រុមកូដករ លុយជំនួយទាំងនោះមិនមែនជាលុយកខ្វក់ដូចការលើកឡើងរបស់ធនាគារ ABA ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដានោះទេ។
អ្នកស្រី នេត ចរិយា ដែលជាកូដករណាហ្គាវើលដ៍មួយរូប ប្រាប់វីអូអេកាលពីថ្ងៃពុធថា ទង្វើរបស់ធនាគារ ABA ជាការអនុវត្តមួយដែលកូដករទទួលយកមិនបាន ដោយលើកហេតុផលថា លុយដែលពួកគេទទួលបានជាលុយស្របច្បាប់ និងថា ការធ្វើបែបនេះនឹងនាំមកនូវការបាត់ទំនុកចិត្តពីសំណាក់អតិថិជនដែលកំពុងប្រើប្រាស់សេវាហិរញវត្ថុរបស់ធនាគារនេះ។
អ្នកស្រីបញ្ជាក់ថា៖ «អ្វីដែលគេបានផ្តល់ឲ្យមកហ្នឹងគឺមានប្រភពត្រឹមត្រូវច្បាស់លាស់ គាត់ថា ជាអំពើលាងលុយកខ្វក់។ នេះគឺនាងខ្ញុំសុំបដិសេធគឺខាងធនាគារ ABA។ នាងខ្ញុំសុំឆ្លើយបានថា ពួកគាត់គឺស្ថិតនៅក្រោមអំណាចអ្នកមានទឹកលុយ ហើយខ្ញុំក៏អត់ដឹងថា គាត់មានទាក់ទងអ្វីនឹងក្រុមហ៊ុនណាហ្គា [វើលដ៍] ទេ»។
ចំណែកឯអ្នកស្រី ឃ្លាំង សុបិន្ត ជាកូដករមួយរូបទៀត លើកឡើងថា ប្រាក់ជំនួយខាងក្រៅប្រទេសជាប្រាក់របស់សប្បុរសជន ដែលផ្តល់មកឲ្យសមាជិកស្រ្តីដែលប្រឈមក្នុងការចេញតស៊ូមតិ ហើយរងការរឹតត្បិតផ្សេងៗ ជាពិសេសជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ។
បើតាមកូដកររូបនេះ ធនាគារ ABA មិនទាន់មានការដោះស្រាយបញ្ហាទាំងនេះនោះទេ ហើយប្រាក់ទាំងនោះបានវេរចូលគណនីរបស់ម្ចាស់ដើមវិញហើយ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា ធនាគារធ្វើនេះវាហួសដែនកំណត់។ ខ្ញុំមិនដឹងថា ក្រុមហ៊ុនណាហ្គាវើលដ៍ហ្នឹងជាមួយធនាគារ ABA ជាប់សាច់ឈាមអីជាមួយគ្នាទេ បានជាគេធ្វើការមិនវេរលុយពីការរៃអង្គាសពីខាងក្រៅជួយដល់សមាជិកជាស្ត្រីដែលប្រឈមនឹងការចេញតស៊ូមតិ។ គាត់ត្រូវបានគេរឹតត្បិតសេដ្ឋកិច្ចរបស់គាត់គ្រប់ជ្រុងជ្រោយ គ្រប់ច្រកល្ហកទាំងអស់»។
កាលពីពេលថ្មីៗនេះ មានការបិទការផ្ទេរប្រាក់តាមធនាគារ ABA ដោយម្ចាស់ជំនួយនៅក្រៅប្រទេសសម្រាប់គណនីរបស់សមាជិកសហជីពណាហ្គាវើលដ៍ចំនួន៣រូប ក្រោមហេតុផលថាដើម្បីប្រឆាំងនឹងការលាងលុយកខ្វក់។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីភាគីធនាគារ ABA បាននៅឡើយទេ ដោយទូរស័ព្ទចូលមិនមានអ្នកលើក។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា ការសម្រេចរបស់ធនាគារ ABA ជាការសម្រេចដោយឯកច្ឆន្ទ និងបានធ្វើឲ្យប៉ះពាល់សិទ្ធិរបស់អ្នកប្រើប្រាស់សេវាកម្ម។
បើតាមលោក ឃុន ថារ៉ូ ការទទួលជំនួយពីអង្គការក្នុងស្រុកនិងក្រៅស្រុករបស់សហជីពមិនខុសច្បាប់របស់អង្គការវិជ្ជាជីវៈឡើយ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងករណីនេះ ខ្ញុំអាចនិយាយបានថា វាហាក់ដូចជាមានការដាក់សម្ពាធ ឬក៏មានចេតនាក្នុងការទប់ស្កាត់រាល់សកម្មភាព ឬក៏ប្រតិបត្តិការរបស់សហជីព ដែលជាផ្នែកមួយនៅក្នុងការកៀរគរមូលនិធិដើម្បីឲ្យមានការគាំទ្រទៅដល់ដំណើរការនៃការទាមទារ ឬក៏ការស្វែងរកយុត្តិធម៌របស់សកម្មជន សមាជិកសហជីព»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
គួរឭកផងដែរថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង បានប្រមូលផ្តុំធ្វើកូដកម្មជាច្រើនខែ បន្ទាប់ពីកម្មករនិយោជិតប្រមាណ១.៣២៩នាក់ត្រូវបានបញ្ឈប់ពីការងារដោយបង្ខំ កាលពីអំឡុងខែមេសា ឆ្នាំ២០២១។
កូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២១។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ពេលណាដែលជម្លោះការងាររ៉ាំរ៉ៃមួយនេះនឹងរកឃើញច្រកចេញបានទេ ខណៈថ្នាក់ដឹកនាំសហជីពខាងលើមួយចំនួនកំពុងរួតរឹតដោយក្តីក្តាំនៅតុលាការ ហើយមេដឹកនាំសហជីពលេចធ្លោមួយរូបគឺកញ្ញា ឈឹម ស៊ីថរ កំពុងស្ថិតក្នុងពន្ធនាគារ៕