ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​កម្ពុជា​ប្រតិកម្ម​នឹង​អាមេរិក​ដែល​ផ្តល់​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ឱ្យ​ កញ្ញា​ឈឹម ស៊ីថរ​


រូប​ឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រតិកម្ម​នឹង​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក​ដែល​ផ្តល់​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ឱ្យ​ កញ្ញា ​ឈឹម ស៊ីថរ​ មេ​ដឹកនាំ​សហជីព​កាស៊ីណូ​ណាហ្គា​វើលដ៍ (NagaWorld) ​ដោយ​លើកឡើង​ថា​ វា​ជា​សារ​ជំរុញ​ផ្តល់​កម្លាំង​ដល់​ក្រុម​ដែល​ត្រៀម​ខ្លួន​កេង​យក​ប្រយោជន៍​ពី​ស្ថានការណ៍ ​ដើម្បី​បម្រើ​របៀប​វារៈ ​ជ្រក​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ។​

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ​បាន​ប្រកាស​ផ្តល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២ ​ដល់​កញ្ញា ​ឈឹម ស៊ីថរ​ដែល​កំពុង​ជាប់​ឃុំ​ក្រោយការ​ដឹកនាំ​ធ្វើ​កូដកម្ម​ទាមទារ​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដល់​បុគ្គលិក។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​ដែល​ចេញ​នៅ​ថ្ងៃទី​២​ ខែ​កុម្ភៈ ​ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ហៅ​ជ័យលាភី​នេះ​ថា​ ជា​បុគ្គល​ល្មើស​ច្បាប់​នៅ​កម្ពុជា ​ហើយ​ថា៖ «ការ​ប្រកាស​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ មិន​តំណាង​ឱ្យ​បំណង​ប្រាថ្នា​ពិត​ប្រាកដ​នៃ​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ទេ ​ព្រោះ​ទង្វើ​បែប​នេះ​គឺ​ជា​សារ​ជំរុញ​ផ្តល់​កម្លាំង​ដល់​ក្រុម​ជាក់​លាក់​ដែល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ កេង​យក​ប្រយោជន៍​ពី​ស្ថាន​ការណ៍ ​ដើម្បី​បម្រើ​របៀប​វារៈ​លាក់​ពុត​របស់​ខ្លួន​ ដែល​ពួន​ជ្រក​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា ​ពាន​រង្វាន់​ គឺ​សម្រាប់​ទទួល​ស្គាល់​បុគ្គល​ដែល​តស៊ូ ​ដើម្បី​សន្តិភាព​ ភាព​សុខ​ដុមរមនា ​និង​ការ​បង្រួប​បង្រួម​ជាតិ ​ការ​កាត់​បន្ថយ​សព្វាវុធ ​ការ​លុប​បំបាត់​ការ រើស​អើង ​អំពើ​ហិង្សា ​និង​ការ​ស្អប់​ខ្ពើម​ជាតិ​សាសន៍​ ឬ​ក៏​បង្កើត​ស្នាដៃ​ណា​មួយ​សម្រាប់​សង្គម។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បន្ត​ថា​ ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​កញ្ញា ​ឈឹម ស៊ីថរ​មិន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ​ឬ​ក៏​វិវាទ​ការងារ​ទេ ​ប៉ុន្តែ​គឺ​ដោយសារ​ការ​បំពាន​ជាក់ស្តែង​លើ​បម្រាម​មិន​ឱ្យ​ចាក​ចេញ​ពី​ដែនដី​កម្ពុជា ​ខណៈ​ពេល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។​

សេចក្តី​ប្រកាស​នេះ​បន្ថែម​ថា៖ ​«ពាន​រង្វាន់​នេះ​មិន​មែន​ជា​មធ្យោបាយ​ស្រប​ច្បាប់​សម្រាប់​ការពារ​ខ្លួន​នៅ​ក្នុង​តុលាការ​របស់​ប្រទេស​ណាមួយ​ឡើយ។ ​មធ្យោបាយ​ស្រប​ច្បាប់​គឺ ​ការ​ចូល​រួម​ក្នុង​ដំណើរការ​កាត់ក្ដី​ និង​ផ្តល់​ទឡ្ហីករណ៍​ផ្លូវ​ច្បាប់​ ជាមួយ​ភស្តុតាង​រឹងមាំ​ដើម្បី​ដោះ​បន្ទុក​នៅ​ក្រោម​ច្បាប់​ និង​នីតិវិធី​តុលាការ​របស់​រដ្ឋ​ពាក់ព័ន្ធ»។​

អ្នកនាង ​Stephanie Arzate ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​គ្រាន់តែ​ប្រាប់​ឱ្យ​ទៅ​មើល​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​១​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣​ អំពី​ការ​ផ្តល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដល់​កញ្ញា ឈឹម ស៊ីថរ។​

បន្ទាប់ពី​កញ្ញា​ឈឹម ស៊ីថរ​ទទួល​បាន​ពាន​រង្វាន់​នេះ​ ​ក្រុម​សង្គម​ស៊ីវិល​ដែល​ការពារ​សិទ្ធិ​មនុស្ស​សាទរ​ចំពោះ​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ ​និង​ថា ​ជា​ការ​ស័ក្តិសម​ទៅ​នឹង​ការ​លះបង់​របស់​កញ្ញា។​

កញ្ញា ​ឈឹម ស៊ីថរ​ ត្រូវ​បាន​ឃុំ​ខ្លួន​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កញ្ញា​កាលពី​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ពេល​កញ្ញា​បាន​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ។ ​តុលាការ​បាន​ចោទ​កញ្ញា​ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ​ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​ទាំង​កញ្ញា​ឈឹម​ ស៊ីថរ ​និង​មេធាវី​របស់​កញ្ញា ​មិន​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​តុលាការ​អំពី​លក្ខខណ្ឌ​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​នោះ​ទេ៕​

XS
SM
MD
LG