កញ្ញាឈឹម សីថរ មេដឹកនាំសហជីព បានទាត់ចោលការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារមួយរូប ដែលថា ក្រសួងមិនអាចបង្ខំភាគីនៅក្នុងវិវាទការងារនៅក្រុមហ៊ុនភ្នាល់ល្បែងស៊ីសងមួយនេះ ឱ្យទទួលយកការទាមទារជាក់លាក់ណាមួយបានទេ ដោយថា មានតែតុលាការប៉ុណ្ណោះដែលអាចអារកាត់រឿងនេះបាន បន្ទាប់ពីក្រសួងធ្វើការផ្សះផ្សាច្រើនដងហើយ តែមិនជោគជ័យ។
ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១២ខែតុលា លោក ហេង សួរ ដែលជាអ្នកនាំពាក្យក្រសួងការងារ លើកឡើងថា ក្រសួងមិនអាចដោះស្រាយវិវាទដែលមានអាយុកាលជាងមួយឆ្នាំនេះបានទេ ក្រោមហេតុផលថា ភាគីវិវាទមិនព្រមទទួលយកការផ្សះផ្សា ដែលក្រសួងបានធ្វើកន្លងមក។ មន្ត្រីក្រសួងការងាររូបនេះ អះអាងទៀតថា ក្រសួងមិនមានសិទ្ធិនៅក្នុងការដាក់សម្ពាធលើភាគីណាមួយឱ្យទទួលយកនូវអ្វីដែលជាគំនិតរបស់ផងខ្លួននោះដែរ។
ប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការងារយ៉ាងដូច្នេះ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម សីថរ ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា ពាក្យពេចន៍បកស្រាយរបស់អ្នកនាំពាក្យក្រសួងការងារខាងលើ បញ្ជាក់ពីកង្វះការទទួលខុសត្រូវ ហើយរដ្ឋាភិបាលគួរតែបញ្ឈប់រាល់ការងាររបស់ក្រសួងនេះ។
កញ្ញាថ្លែងថា៖ «មែនទែនទៅគឺយើងឃើញថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារនេះ គឺជាការលើកឡើងដោយគ្មានការទទួលខុសត្រូវតែម្តង។ ហើយខ្ញុំគិតថា បើសិនជាក្រសួងការងារមួយទាំងមូល គាត់ទៅជានិយាយថា គាត់អត់មានអំណាច ឬក៏មានសមត្ថភាព ជាពិសេសក្នុងការជំរុញឱ្យនិយោជកគោពច្បាប់ប្រទេសកម្ពុជាយើង ពីព្រោះករណីនេះ គឺជាករណីនៅក្នុងការរំលោភច្បាប់ការងារ និងរំលោភសេរីភាពសហជីព ដែលយើងមានចែងនៅក្នុងហ្នឹងច្បាស់ថា និយោជកមិនអនុញ្ញាតឱ្យបញ្ឈប់តំណាងសហជីព ហើយនិងកម្មករនិយោជិតដែលជាសមាជិកសហជីពទេ»។
កញ្ញាបន្ថែមថា៖ «អ៊ីចឹង បើគាត់និយាយថា គាត់អត់មានសមត្ថភាពអ៊ីចឹង យើងគួរតែរំលាយក្រសួងការងារចោលតែម្តងទៅ ពីព្រោះយើងចាយលុយរដ្ឋច្រើនលានទៅលើក្រសួងមួយហ្នឹង។ ហើយបើក្រសួងហ្នឹង អត់អាចមានសមត្ថភាព ឬក៏គ្មានដែនសមត្ថកិច្ចក្នុងការធ្វើការងារហ្នឹងផងហ្នឹង គាត់អត់អាចជំរុញឱ្យនិយោជកគោរពច្បាប់ប្រទេសកម្ពុជាយើងផងហ្នឹង»។
កាលពីថ្ងៃពុធ រដ្ឋលេខាក្រសួងការងារ និងជាអ្នកនាំពាក្យលោក ហេង សួរ ថ្លែងក្នុងសន្និសីទព័ត៌មានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ មិនមែនជារឿងតូចតាចនោះទេ ព្រោះវិវាទនោះបានធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាល បន្ទាប់ពីការសម្របសម្រួលរវាងភាគីពាក់ព័ន្ធបានចំនួន ១៩ លើកហើយ តែនៅមិនអាចរកច្រកចេញបាន។ លោកបន្ថែមថា ភាគីទាំងពីរនៅតែប្រកាន់ជំហរដាច់ខាតរៀងៗខ្លួន ដោយភាគីនិយោជកមិនព្រមទទួលយកសំណូមពរកូដករដែលទាមទារចូលធ្វើការវិញ ខណៈក្រុមកូដករមិនសុខចិត្តយកសំណងដើម្បីបញ្ចប់ជម្លោះ។
ទាក់ទិនការអត្ថាធិប្បាយរបស់តំណាងកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍ លោក ហេង សួរ លើកឡើងថា ភាគីតំណាងកូដករមានសិទ្ធិបញ្ចេញមតិ។ ប៉ុន្តែលោកថា ការបកស្រាយ និងការអនុវត្តនីតិវិធីរបស់ក្រសួង គឺក្រសួងបានធ្វើជាបន្តបន្ទាប់ស្របតាមច្បាប់ ហើយឈាននាំយកវិវាទនេះទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលថែមទៀតផង។
លោកផ្តល់ការអត្ថាធិប្បាយតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះ តាមន័យដើមថា៖ «ពេលចប់ដំណាក់កាលក្រសួង គឺត្រូវរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រោយដំណាក់កាលក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺទៅតុលាការ»។
លោកបន្ថែមថា៖ «គ្មានការបកស្រាយតាមសារព័ត៌មានទេ។ មានតែនៅតុលាការដែលជានីតិវិធីចុងក្រោយនៃការដោះស្រាយវិវាទការងាររួមនៅកម្ពុជា។ ហេតុដូច្នេះហើយបានជាក្រសួងលើកទឹកចិត្តឱ្យគ្រប់ភាគីបន្តនីតិវិធីការដោះស្រាយវិវាទការងាររួមនេះទៅដំណាក់កាលបន្ទាប់គឺតុលាការ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយតាមទូរសព្ទពីភាគីក្រុមហ៊ុនណាហ្គាវើលដ៍បាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
ប្រធានសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ក្រសួងការងារ គួរធ្វើការបកស្រាយឱ្យបានច្បាស់ ពាក់ព័ន្ធនឹងនីតិវិធីនៃការបញ្ឈប់អ្នកសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍កន្លងមក មុនធ្វើការបញ្ជូនសំណុំរឿងនេះទៅតុលាការ។
លោកថ្លែងថា៖ «ប្រសិនបើអត់មានសេចក្តីសម្រេចណាមួយពីក្រសួងទេ ហើយរឿងហ្នឹងទៅកាន់តុលាការ វាន័យថា ក្រសួងក៏កំពុងតែព្យាយាមគេចវេសដែរ ពីព្រោះថា អាហ្នឹងវាជាកាតព្វកិច្ចដែលក្រសួងមានសិទ្ធិនៅក្នុងការសម្រេចថាតើ ការបញ្ឈប់របស់និយោជកក្រុមហ៊ុនណាហ្គាវើលដ៍ទៅលើតំណាងសហជីព សកម្មជនហ្នឹងថា តើវាខុសច្បាប់ ឬមួយក៏វាត្រូវច្បាប់? អ៊ីចឹង ក្រសួងត្រូវចេញសេចក្តីបញ្ជាក់របស់ខ្លួនទៅកាន់ភាគីតំណាងសហជីព ក៏ដូចជាភាគីនិយោជក ដើម្បីឱ្យភាគីហ្នឹងគាត់មានសិទ្ធិនៅក្នុងការប្តឹងបន្តទៀត»។
លោកបន្ថែមថា៖ «ប៉ុន្តែបើសិនបើអត់មានការសម្រេចពីក្រសួង ហើយយើងរុញរឿងនេះ ទៅកាន់តុលាការ។ អ៊ីចឹងវាន័យថា នីតិវិធី វាត្រូវរំលង ហើយរំលងសេចក្តីសម្រេច របស់ក្រសួង។ អ៊ីចឹង តុលាការកាត់សេចក្តីរបៀបម៉េច បើអត់មានសេចក្តីសម្រេចពីក្រសួងថា តើភាគីណាមួយ តើក្រសួងសម្រេចយ៉ាងម៉េច? ថាតើអនុញ្ញាតឱ្យក្រុមហ៊ុនយកចូល ឬមួយក៏អនុញ្ញាតស្របទៅតាមភាគីនិយោជកដែលបញ្ឈប់ហ្នឹង។ អ៊ីចឹង អាហ្នឹង ជារឿងមួយដែលត្រូវពិនិត្យមើលនីតិវិធី»។
កូដកម្មរបស់កម្មករនិយោជិតឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយសារតាមអ្វីដែលមេដឹកនាំសហីពនៅក្រុមហ៊ុនកាស៊ីណូនេះអះអាងថា ក្រុមហ៊ុនបានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជា សមាជិកសហជីព។
ក្នុងចំណោមកម្មករនិយោជិតជាង ១.៣០០ នាក់ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពីខែមេសា ឆ្នាំ ២០២១ នោះ នៅមានកម្មករនិយោជិតជាង ១០០ នាក់ទៀតកំពុងបន្តតវ៉ាជាមួយក្រុមហ៊ុន ពាក់ព័ន្ធនឹងសំណើឱ្យក្រុមហ៊ុនទទួលចូលធ្វើការវិញ និងការរើសអើងសហជីព៕
រាយការណ៍បន្ថែមដោយ លាស់ លីបលីប នៃវីអូអេ
តំណាងកូដករនៅណាហ្គាវើលដ៍៖ រដ្ឋគួរបិទទ្វារក្រសួងការងារចោល បើមិនអាចជំរុញឱ្យថៅកែគោរពច្បាប់ការងារ
ភ្នំពេញ —