គណបក្សភ្លើងទៀនជាគណបក្សជំទាស់ដែលបានដំណើរការឡើងវិញមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ បង្ហាញជំហរទាមទារឱ្យរដ្ឋាភិបាលជំរុញឱ្យក្រុមហ៊ុនណាហ្កាវើលដ៍ គោរពច្បាប់ការងារ និងដោះស្រាយវិវាទការងាររ៉ាំរ៉ៃ ដែលអូសបន្លាយពេលជាច្រើនខែមកនេះ ឱ្យបានឆាប់។
បើតាមសេចក្តីថ្លែងការណ៍មួយច្បាប់របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៩ ខែកញ្ញានេះ វិវាទការងាររវាងអតីតបុគ្គលិក ឬបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមហ៊ុនល្បែងស៊ីសងបានអូសបន្លាយពេល៩ខែមកហើយ គិតចាប់តាំងពីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិក ដោយកាត់ឈ្មោះ និងបណ្តេញបុគ្គលិកចេញពីការងារ តាំងពីខែធ្នូឆ្នាំ២០២១មក។
គណបក្សភ្លើងទៀន លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «គណបក្សភ្លើងទៀនទាមទារឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារក្នុងសមត្ថកិច្ចរបស់ខ្លួន ធ្វើការឱ្យបានត្រឹមត្រូវ ដោយជំរុញឱ្យក្រុមហ៊ុនឈ្មោះ Naga World មួយនេះ គោរពច្បាប់ការងារ និងបទដ្ឋានគតិយុត្តិនានារបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីមានការដោះស្រាយជម្លោះឱ្យបានឆាប់ ហើយសុំឱ្យសមត្ថកិច្ចត្រូវការពារសុវត្ថិភាពបុគ្គលិកជាអ្នកតវ៉ាឱ្យបានត្រឹមត្រូវ ក្នុងការអនុវត្តសិទ្ធិរបស់ពួកគាត់ដោយសន្តិវិធី»។
បើតាមគណបក្សភ្លើងទៀន បុគ្គលលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ គឺមកដល់ពេលនេះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយអ្នកចេញតវ៉ាខ្លះត្រូវបានគេវាយដំ និងចាប់ឃុំឃាំង ដោយល្មើសសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
គណបក្សជំទាស់មួយនេះក៏បានស្នើឱ្យរដ្ឋាភិបាលដកអាជ្ញាបណ្ណរកស៊ី បើសិនរកឃើញថា អ្នកមានអំណាចកាងនៅពីក្រោយក្រុមហ៊ុនកាស៊ីណូមួយនេះ។
ប្រធានស្តីទីគណបក្សភ្លើងទៀន លោកថាច់ សេដ្ឋា កត់សម្គាល់ឃើញថា បើសិនជាវិវាទការងារមួយនេះនៅតែមិនអាចរកដំណោះស្រាយបាន និងនៅតែអូសបន្លាយ នោះជម្លោះការងារនេះនឹងធ្វើឱ្យខូចមុខមាត់ប្រទេសកម្ពុជា និងធ្វើឱ្យគេឃើញពីសកម្មភាពអាក្រក់របស់រដ្ឋាភិបាលទីក្រុងភ្នំពេញបន្ថែមទៀត។
ម្យ៉ាងទៀតលោក ថាច់ សេដ្ឋា កត់សម្គាល់ថា ការប្រើប្រាស់កម្លាំងសមត្ថកិច្ចបង្ក្រាបលើក្រុមកូដកររហូតដល់ការប្រើប្រាស់ហិង្សា បង្កជារបួសស្នាម និងមានស្ត្រីរលូតកូនជាដើមផងនោះ គឺបានធ្វើឱ្យឃើញកាន់តែច្បាស់ថា អាជ្ញាធរមិនបានការពារប្រជាពលរដ្ឋទេ បែរជាការពារក្រុមហ៊ុនទៅវិញ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «[បើរដ្ឋាភិបាលនៅតែ]មិនមានដំណោះស្រាយហើយនៅតែបង្ក្រាបបែបនេះ វាធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេសជាតិរបស់ខ្លួន។ ហើយរឹតតែធ្វើឱ្យឃើញពីសកម្មភាពអាក្រក់របស់រដ្ឋាភិបាលថែមទៀតផង។ ដូច្នេះខ្ញុំ ចង់ជម្រាបថា [ការទាមទារនេះគឺ] មិនមែនជាករណីរឿងនយោបាយទេ គឺដើម្បីប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងការគោរពច្បាប់»។
លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវតែមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកវិនិយោគទាំងអស់ដែលមកវិនិយោគនៅខ្មែរ ត្រូវតែគោរពច្បាប់ការងាររបស់ខ្មែរ។ ហើយដូចណាហ្គាវើលដ៍ ត្រូវបញ្ចប់ដោយច្បាប់ការងារ និងអ្វីដែលមានជាធរមាននេះ ហើយតួនាទីរបស់រដ្ឋាភិបាលត្រូវតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួនឯង»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃអង្គារនេះ។
ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១៥ខែកញ្ញានេះ ក្រសួងបានបន្តសម្របសម្រួលវិវាទការងារមួយនេះ លើកទី១៨ ដែលមានភាគីតំណាងកម្មករ និងភាគីក្រុមហ៊ុន ប៉ុន្តែជាលទ្ធផលភាគីទាំងពីរនៅមិនទាន់ឯកភាពគ្នានៅឡើយទេ ដោយភាគីតំណាងកម្មករ នៅតែបន្តទាមទារឱ្យក្រុមហ៊ុនទទួលចូលធ្វើការវិញ រីឯភាគីតំណាងនិយោជកនៅតែថា មិនអាចទទួលយកឱ្យចូលធ្វើការវិញបានទេ ដោយមិនបានបញ្ជាក់លម្អិតពីហេតុផល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ចុះថ្ងៃទី១៥ ខែកញ្ញានេះ។
បើតាមក្រសួងការងារ ប្រសិនវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានតាមរយៈការផ្សះផ្សា នោះនីតីវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការដើម្បីរកខុសរកត្រូវក្នុងសំណុំរឿងវិវាទការងារនេះ។
ជុំវិញវិវាទការងារខាងលើនេះ បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍បានចេញតវ៉ាជាបន្តបន្ទាប់ តាំងពីចុងឆ្នាំ២០២១មក នៅពេលដែលក្រុមហ៊ុននេះប្រកាសបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរហូតដល់១.៣០០នាក់នៃបុគ្គលិកសរុបប្រមាណ៨ពាន់នាក់ ដោយក្រុមហ៊ុនថា មានបញ្ហាហិរញ្ញវត្ថុក្នុងពេលវិបត្តិជំងឺកូវីដ១៩។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរ ធ្លាប់លើកឡើងកន្លងមកថា ការតវ៉ារបស់កម្មករនិយោជិត គឺដើម្បីធានាការគោរពសេរីភាពរបស់សហជីព ហើយសេរីភាពនេះមិនអាចទូទាត់នឹងសំណងបានឡើយ។
កញ្ញា ស៊ីថរ បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះបន្ថែមថា កញ្ញា ក៏ដូចជាក្រុមកូដករ នៅតែចង់ឃើញក្រសួងការងារ និងរដ្ឋាភិបាលដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។
កញ្ញាថ្លែងថា៖ «ក្នុងនាមយើងជាតំណាងកម្មករនិយោជិត គឺអត់មានអ្វីចង់បានទេ ក្រៅពីការទាមទារ និងចង់ឱ្យក្រសួង ចង់ឱ្យរដ្ឋាភិបាលដោះស្រាយរឿងនេះ តាមការទាមទាររបស់កម្មករនយោជិតហ្នឹង»។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា កូនសោក្នុងការដោះស្រាយបញ្ចប់វិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះគឺមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់គត់ដែលអាចដោះស្រាយបាន។
លោកថ្លែងថា៖ «បើនាយករដ្ឋមន្ត្រីបើកភ្លើងខៀវក្នុងការផ្តល់ដំណោះស្រាយក្នុងការបញ្ចប់វិវាទការងារនេះ គឺមិនមែនជារឿងដែលលំបាកទេ។ ហើយយើងដឹងហើយថា ក្រុមហ៊ុនណាហ្គាវើលដ៍នេះជាក្រុមហ៊ុនមួយមានឥទ្ធិពល មានអំណាច [អ៊ីចឹង]វាលុះត្រាតែអ្នកមានឥទ្ធិពល ឬអំណាចដាក់ចុះនូវគោលការណ៍ ឬដំណោះស្រាយសមស្របណាមួយ [ទើប] វិវាទការងារមួយនេះអាចបិទបញ្ចប់ដោយសន្តិវិធីហើយ»។
គួរបញ្ជាក់ថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២នេះ ក្រុមកូដករបាននាំគ្នាយកញត្តិទៅដាក់សុំកិច្ចអន្តរាគមន៍ ពីខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងស្ថាប័នរដ្ឋសភា ដែលពួកគេមានជំនឿថា អាចនឹងដោះស្រាយវិវាទការងារនេះបានជោគជ័យ បន្ទាប់ពីពួកគេថា អស់ជំនឿលើស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដែលជាក្រសួងសាមីសម្របសម្រួលដោះស្រាយវិវាទការងារ។
គិតមកដល់ពេលនេះ គេមិនទាន់ឃើញមានស្ថាប័នណាមួយអាចដោះស្រាយបញ្ចប់វិវាទការងារមួយនេះបាននៅឡើយទេ ខណៈកូដករនៅតែបន្តធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនចូលតុចរចា និងទទួលពួកគេចូលធ្វើការវិញ៕