របៀបវារៈសំខាន់ៗនៅក្នុងកិច្ចប្រជុំប្រមុខការទូតនៃក្រុមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឬអាស៊ាន នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងសប្តាហ៍នេះ ត្រូវគេរំពឹងថា នឹងរួមមានបញ្ហាជម្លោះស៊ីវិលដ៏រ៉ាំរ៉ៃក្នុងប្រទេសមីយ៉ាន់ម៉ា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ក៏ដូចជាការបង្កើនកម្លាំងទ័ពនៅក្នុងតំបន់ផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ។
ចំណែករឿងការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ការប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ក៏នឹងក្លាយជាបញ្ហាដ៏ចម្បងផងដែរ នៅពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang នឹងចូលរួមនៅក្នុងនាមជាដៃគូសន្ទនា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តធ្វើទៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
រដ្ឋមន្ត្រីការបរទេសប្រទេសកូរ៉េខាងជើង លោកស្រី Choe Son Huiនឹងមិនចូលរួមនៅក្នុងវេទិកាតំបន់ដែលជាកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំរបស់អាស៊ាននេះឡើយ។ នេះបើយោងទៅលើមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក Sidharto Suryodipuro ដែលបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទម្សិលមិញ ដោយមិនបានបរិយាយលម្អិតនោះឡើយ។
ប្រមុខការទូតប្រទេសអាស៊ាន ដែលរួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម ត្រូវជួបប្រជុំគ្នានៅថ្ងៃអង្គារនេះនិងថ្ងៃពុធស្អែក នៅមុនពេលជំនួបរបស់ពួកគេ ជាមួយសមភាគីបស្ចិមប្រទេស ដែលនឹងត្រូវចូលរួមពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រខាងមុខនេះ។
ជនស៊ីវិលជាង៣.៧៥០នាក់ ដែលរួមមានសកម្មជនលទ្ធិប្រជាធិបតេយ្យ ត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ា ដោយកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ខណៈមនុស្សប្រមាណជិត២ម៉ឺន៤ពាន់នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីក្រុមយោធាដណ្តើមអំណាចគ្រប់គ្រងមក។ នេះបើតាមការឱ្យដឹងរបស់សមាគមគាំទ្រអ្នកទោសនយោបាយ ដែលជាអង្គការសិទ្ធិមនុស្សមួយ ដែលតាមដានបូកសរុបចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន ស្លាប់និងរងរបួសនៅមីយ៉ាន់ម៉ា៕