គំនិតផ្តួចផ្តើមរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីដើម្បីធ្វើសមយុទ្ធយោធារួមដំបូងបំផុតនៅសមុទ្រចិនខាងត្បូង មិនទទួលបានការឆ្លើយតបជាវិជ្ជមានពីអគ្គបញ្ជាការនៃបណ្តាប្រទេសសមាជិកអាស៊ាន ដែលនាំឱ្យគ្មានការសម្រេចជារួមលើការរៀបចំសមយុទ្ធយោធានោះ។ នេះបើតាមសេចក្ដីថ្លែងការណ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនៃប្រទេសកម្ពុជា។
ការប្រកាសរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ធ្វើឡើងក្រោយកិច្ចប្រជុំអគ្គបញ្ជាការកងទ័ពអាស៊ានលើកទី ២០ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលបានរៀបចំឡើងកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ។
បើតាមការប្រកាសរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សេចក្តីថ្លែងការណ៍រួមចេញក្រោយកិច្ចប្រជុំអគ្គបញ្ជាការកងទ័ពអាស៊ានលើកទី ២០ នៅកោះបាលីនោះ «ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ»។
សេចក្ដីថ្លែងការណ៍ដដែលនោះ ធ្វើឡើងនៅយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ បានផ្តល់សេចក្តីពន្យល់តាមអត្ថន័យដើមថា៖ «ក្រោយពេលបញ្ចប់កិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីដែលជាប្រធានកិច្ចប្រជុំប្តូរវេន បានលើកឡើងអំពីគោលគំនិតរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី ដើម្បីធ្វើសមយុទ្ធយោធារួមនៅសមុទ្រចិនខាងត្បូង ហើយបានសុំយោបល់ពីអគ្គមេបញ្ជាការកងទ័ពទាំង ៩ ប្រទេស ក្នុងនោះអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងអគ្គមេបញ្ជាការនៃប្រទេសជាច្រើនទៀត មិនបានឆ្លើយតប»។
សេចក្ដីថ្លែងការណ៍របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំទ្វេភាគី អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី បានស្នើសុំយោបល់ពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទម្តងទៀត។
បើតាមសេចក្តីថ្លែងការណ៍ដដែល ភាគីកម្ពុជាបញ្ជាក់ថា នឹងចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ ហើយក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍លោក ឈុំ សុជាត ប្រាប់វីអូអេនៅថ្ងៃនៅសុក្រនេះ តាមប្រព័ន្ធទំនាក់ទំនង WhatsApp ថា គិតមកដល់ពេលនេះ ភាគីកងទ័ពកម្ពុជាមិនទាន់មានការបញ្ជាក់ជំហរខ្លួនចំពោះសំណើរបស់កងទ័ពឥណ្ឌូណេស៊ីនោះទេ។
លោកបានលើកឡើងថា៖ «តាមព័ត៌មានពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ភាគីកម្ពុជា មិនទាន់បានយល់ព្រមតាមសំណើររបស់អគ្គបញ្ជាការនៃកងទ័ពឥណ្ឌូណេស៊ី នៅឡើយទេ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតឥណ្ឌូណេស៊ីតាមសារអ៊ីមែល ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន តែគ្មានការឆ្លើយតបគិតត្រឹមរសៀលថ្ងៃសុក្រនេះ។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេថា នេះជាលើកទី ១ របស់អាស៊ានដែលបង្ហាញពីបំណងធ្វើសមយុទ្ធយោធា ហើយការណ៍នេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងអាស៊ាន ខណៈស្ថានភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង កំពុងតែមានកម្តៅក្តៅគគុក។
លោកបន្តថា ក្នុងករណីដែលអាស៊ានសម្រេចបានការធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រចិនខាងត្បូងនោះ វាជាសញ្ញាមួយបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អកំពុង កើតឡើងក្នុងចំណោមប្រទេសទាំង ១០ ក្នុងតំបន់។
លោកថ្លែងថា៖ «ប៉ុន្តែប្រសិនបើយើងមើលរូបភាពនៅក្នុងផលប្រយោជន៍របស់អាស៊ាន យើងឃើញថាប្រសិនអាស៊ានធ្វើសមយុទ្ធហ្នឹងមែន វាជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការយោធារវាងបណ្តាប្រទេសទាំង ១០ ហ្នឹង ទៅនឹងការឆ្លើយតបទៅនឹងបញ្ហាណាមួយផងដែរ។ ហើយអាហ្នឹងក៏ជាចលករមួយក្នុងការពង្រឹង គេហៅថាមជ្ឈភាពរបស់អាស៊ាន ទាក់ទងនឹងផ្នែកសនិ្តសុខនៅក្នុងតំបន់ហ្នឹងផងដែរ»។
លោក វណ្ណ ប៊ុនណា បន្ថែមថា កម្ពុជាអាចនឹងពិចារណាច្រើនក្នុងការចូលរួមសមយុទ្ធយោធាអាស៊ាននេះ ពីព្រោះថា វាអាចនឹងជះផលប៉ះពាល់មួយចំនួនរវាងទំនាក់ទំនងកម្ពុជាចិនផងដែរ។ ទោះជាយ៉ាងណា លោកលើកឡើងថា ប្រសិនបើកម្ពុជាចូលរួម ឬមិនចូលរួមនោះ វាជាសិទ្ធិសម្រេចរបស់កម្ពុជា។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំគិតថា កម្ពុជាអាចនឹងពិចារណាច្រើនទាក់ទងនឹងការចូលរួម ឬក៏អត់។ ទី ១ ប្រសិនបើកម្ពុជាចូលរួមវាអាចធ្វើឱ្យប៉ះពាល់ទៅដល់ទំនាក់ទំនងចិនគួរសមដែរ ដោយសារមែនទែនទៅចិនតែងតែអះអាងអំពីអំណាចស្រទន់របស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូងហ្នឹង។ មួយទៀត ប្រសិនបើមានធ្វើសមយុទ្ធ វាធ្វើឱ្យមានការទាក់ទងនឹង security challenge [ការប្រកួតប្រជែងសុវត្ថិភាព] ទៅដល់ចិនផងដែរ»។
គោលគំនិតរបស់ឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ ក្នុងការបង្កើតឱ្យមានសមយុទ្ធយោធារួមរបស់អាស៊ាននោះ កើតមានឡើង នៅស្របពេលភាពតានតឹងនៅបន្តកើតឡើងនៅសមុទ្រចិនខាងត្បូង ហើយការប្រកួតប្រជែងយកឥទ្ធិពលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករវាងចិន និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ក៏ត្រូវគេមើលឃើញថា កាន់តែមានភាពស្រួចស្រាល់ទៅ ដោយសារមានការចងក្រងសម្ពន្ធសន្តិសុខជាបន្តបន្ទាប់ដូចជា Quad និង Aukusជាដើម។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចថា សម្ពន្ធសន្តិសុខត្រីភាគី អូស្ត្រាលី-អង់គ្លេស-អាមេរិក ដែលគេហៅកាត់ថា Aukus គឺជា «ចំណុចចាប់ផ្តើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់» ខណៈដែលលោកជំទាស់នឹងការនាំចូលនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកបន្ថែមថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន គឺជា «តំបន់គ្មានអាវុធនុយក្លេអ៊ែរ» ដូច្នេះប្លុកក្នុងតំបន់អាស៊ីមួយនេះ បានប្រឆាំងចំពោះការរីកសាយនៃអាវុធនុយក្លេអ៊ែរ៕