រដ្ឋមន្ត្រីការបរទេសមួយចំនួននៃសមាគមអាស៊ានមិនមានវត្តមាននៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ ដែលរៀបចំដោយប្រទេសថៃ និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសរបបសឹកភូមាដែរ។
ដើម្បីស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសថៃ លោក ដន ប្រាម៉ាត់វីណៃ (Don Pramudwinai) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានអញ្ជើញរដ្ឋមន្ត្រីការបរទេសអាស៊ាន រួមមានទាំងរដ្ឋមន្រ្តីរបស់របបសឹកភូមា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៅក្នុងប្រទេសថៃ ដែលចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ ១៩ ខែមិថុនា ឆ្នាំ ២០២៣។
ពីដំបូងឡើយ ក្រសួងការបរទេសកម្ពុជាបានប្រកាសថា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការនោះ ប៉ុន្តែក្រោយមកកាលពីថ្ងៃអាទិត្យ ក្រសួងក៏បានប្រកាសថាលោករដ្ឋមន្ត្រីមិនបានចូលរួមវិញ ក្រោមហេតុផលថា លោក ប្រាក់ សុខុន មាន «ភារកិច្ចសំខាន់ត្រូវបំពេញ» ដោយគ្រាន់តែបញ្ជូនមន្ត្រីខ្ពស់របស់ក្រសួងម្នាក់ គឺលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងបរទេស ទៅចូលរួមជំនួសវិញ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក អាន សុខខឿន។
នៅពេលសួរថាតើការមិនចូលរួមនោះ មានមូលហេតុពាក់ព័ន្ធនឹងការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរបស់របបសឹកភូមាចូលរួមក្នុងកិច្ចប្រជុំនោះ ឬយ៉ាងណា លោក អាន សុខខឿន មិនបានបញ្ជាក់អ្វីឡើយ ដោយគ្រាន់តែលើកឡើងមូលហេតុដែលលោក ប្រាក់ សុខុន មិនអាចចូលរួមបាន ដោយសារមានភារកិច្ចចាំបាច់ត្រូវមានវត្តមានក្នុងប្រទេស។
រដ្ឋមន្ត្រីការបរទេសខ្លះរបស់សមាគមអាស៊ាន ដែលមាន ១០ ប្រទេស មិនបានចូលរួមកិច្ចប្រជុំដែលរៀបចំដោយប្រទេសថៃឡើយ។ ក្រសួងការបរទេសឥណ្ឌូណេស៊ី ប្រាប់វីអូអេផ្សាយជាភាសាឥណ្ឌូណេស៊ីថា រដ្ឋមន្ត្រីឥណ្ឌូណេស៊ីមិនបានចូលរួមនៅក្នុងកិច្ចផ្លូវក្រៅផ្លូវការនោះទេ ក្រោមហេតុផលថា ឥណ្ឌូណេស៊ីកំពុងតែទទួលដំណើរទស្សនកិច្ចរបស់អធិរាជជប៉ុន Naruhito ហើយថា «មិនមានភាពបន្ទាន់សម្រាប់ឥណ្ឌូណេស៊ីក្នុងការចូលរួមកិច្ចប្រជុំនោះទេ»។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ាឡេស៊ី ក៏មិនចូលរួមកិច្ចប្រជុំក្រៅផ្លូវការនោះ ដោយហេតុផលថាមានភារកិច្ចសំខាន់ជាងនេះដែលត្រូវធ្វើ។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន BERNAMA ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី។
សារព័ត៌មានដដែលបានស្រង់សម្តីដើមរបស់សេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសម៉ាឡេស៊ីថា៖ «វាជារឿងសំខាន់ដែលអាស៊ានប្តេជ្ញាសាមគ្គីគ្នា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន ជាពិសេសការិយាល័យប្រេសិតពិសេស»។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ទៅជួបមេដឹកនាំយោធាភូមា ម្តងកាលពីដើមឆ្នាំ ២០២២ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន បានលើកឡើងថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់យឺនពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាមលោក ហ៊ុន សែន ការទប់ស្កាត់ការរីករាលដាលសង្គ្រាមស៊ីវិលនៅប្រទេសមួយនេះជាការចាំបាច់។
លោកថ្លែងថា៖ «ពីមុនកុងសង់ស៊ីស ៥ ចំណុច គ្រាន់តែទប់ស្កាត់ហិង្សាទេ ប៉ុន្តែឥឡូវខ្ញុំបានលើកនិយាយនៅក្នុងអាស៊ានថា បញ្ហាទប់ស្កាត់ឥឡូវនេះគឺទប់ស្កាត់កុំឱ្យសង្គ្រាមស៊ីវិលរីករាលដាល។ នេះជាបញ្ហាមិនតូចតាចទេ»។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមុន នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី មេដឹកនាំអាស៊ានបានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានចាប់ផ្តើមបន្ទាប់ពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១។
ការខកចិត្តបានកើតមានឡើងក្នុងចំណោមសមាជិកមួយចំនួននៃប្លុកប្រទេសចំនួន ១០ អំពីរបៀបដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ហើយការបោះជំហានចុងក្រោយរបស់ប្រទេសថៃ នឹងបង្កើតសំណួរថ្មីៗអំពីឯកភាព ក៏ដូចជាសាមគ្គីភាពរបស់អាស៊ាន។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា ប្រាប់វីអូអេថា ប្រទេសជាសមាជិកអាស៊ានតាំងពីដើមមកមានជំហរផ្សេងគ្នាទៅលើវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែពួកគេមានជំហរដូចគ្នាទៅលើកុងសង់ស៊ីសទាំង ៥ ចំណុច។ លោកបន្ថែមថា អវត្តមានរបស់រដ្ឋមន្ត្រីការបរទេសមួយចំនួននៅក្នុងកិច្ចប្រជុំជាសារទៅកាន់របបសឹកភូមាឱ្យគោរពទៅតាមកិច្ចព្រមព្រៀងដែលបានធ្វើកាលពីកន្លងទៅ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងទេជុំវិញអវត្តមានរបស់រដ្ឋមន្ត្រីការបរទេសដែលជាសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងបាងកក ក្រោមគំនិតផ្តួចផ្តើមរបស់ថៃនេះ ខ្ញុំយល់ឃើញថា មែនទែនក៏ជាសារមួយផ្ញើទៅកាន់របបសឹកយោធាមីយ៉ាន់ម៉ាឱ្យងាកមករកដំណើរការលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយដោយផ្អែកទៅលើមាគ៌ាបង្ហាញផ្លូវនៃកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង ៥ ចំណុច»។
គួរបញ្ជាក់ថា អាស៊ានមិនមានកុងសង់ស៊ីសឬការមូលមតិទាំងស្រុង ទៅលើការអញ្ជើញរដ្ឋមន្ត្រីការបរទេសរបស់របបសឹកភូមាចូលរួមកិច្ចប្រជុំនានារបស់អាស៊ានឡើយ។ កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ នេះ មិនបានអញ្ជើញប្រទេសមីយ៉ាន់ម៉ា ឬភូមា ដែលជាសមាជិកអាស៊ាន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានទេ ក្រោមហេតុផលថាប្រទេសដែលដឹកនាំដោយរបបយោធានេះ នៅតែមិនធ្វើឱ្យមានភាពចម្រើនទៅមុខនៃការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច។
កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១។
ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕