អំពើហិង្សានៅក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងខណៈកងកម្លាំងស្វ័យការពារប្រឆាំងរបបយោធាបានកើនឡើង។ នេះបើតាមរបាយការណ៍ថ្មីមួយដែលព្រមានអំពីការបាត់បង់ជីវិតមនុស្សដ៏ច្រើនប្រសិនបើរបបនេះប្រើកម្លាំងពេញទំហឹងក្នុងការបង្ក្រាបជាបន្តបន្ទាប់ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រទេសមីយ៉ាន់ម៉ាមានភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈដែលបានទម្លាក់រដ្ឋាភិបាលរបស់អ្នកស្រី Aung San Suu Kyi ដោយមានមនុស្សជាង៨៨០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់របបយោធាលើក្រុមប្រឆាំង។
នៅតំបន់ខ្លះប្រជាជនជារឿយៗប្រើកាំភ្លើងបាញ់សត្វឬកាំភ្លើងផលិតនៅរោងចក្រចល័តក្នុងព្រៃដើម្បីបង្កើតជាកម្លាំងការពារខ្លួន។
ជាការឆ្លើយតបយោធាបានប្រើឧទ្ធម្ភាគចក្រនិងកាំភ្លើងធំប្រឆាំងនឹងក្រុមនានានៅរដ្ឋ Chin នៅភាគពាយព្យនិងតាមបណ្តោយព្រំដែនភាគខាងកើតជាមួយប្រទេសថៃ។
អង្គការ International Crisis Group ដែលឃ្លាំមើលវិបត្តិអន្តរជាតិហើយដែលព្យាយាមបង្ការជម្លោះនិយាយក្នុងរបាយការណ៍ថា៖ «ដោយប្រឈមនឹងការបះបោរប្រដាប់អាវុធយោធាមីយ៉ាន់ម៉ាអាចត្រូវគេរំពឹងថានឹងបញ្ចេញកម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល»។
របាយការណ៍នេះបន្តថា៖ «ការបាត់បង់ជីវិតមនុស្សនឹងមានច្រើនជាពិសេសស្ត្រី កុមារនិងមនុស្សចាស់ដែលប្រឈមនឹងការលំបាកខ្លាំងបំផុតនៃអំពើហិង្សានិងការផ្លាស់ទីលំនៅ»។
អង្គការសហប្រជាជាតិបាននិយាយកាលពីសប្តាហ៍មុនថាប្រជាជនប្រមាណ២៣ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នានិងអសន្តិសុខ៕