សវនាការកាត់ក្តីលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ ក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ទាក់ទងនឹងបទចោទប្រកាន់ចំនួន២នៃបទចោទប្រកាន់ជាច្រើនករណីពីបទអំពើពុករលួយ ដែលប្តឹងដោយរបបយោធា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី និងដណ្តើមកាន់កាន់អំណាចកាលពីជាង៤ខែកន្លងទៅ។
លោកស្រី ស៊ូជី ដែលមានវ័យ៧៥ឆ្នាំ ទទួលរងការចោទប្រកាន់ពីបទមានវិទ្យុទាក់ទងដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត និងការរំលោភបំពានទៅលើគោលការណ៍រឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងឱកាសធ្វើយុទ្ធនាការរកសំឡេងឆ្នោតកាលពីឆ្នាំមុន។ ក្រុមមេធាវីរបស់លោកស្រីរំពឹងថា សវនាការនេះអាចប្រើពេលវេលារហូតដល់ចុងខែកក្កដាខាងមុខ។
ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះត្រូវបានរបបយោធាចាប់ឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅ។ ក្រៅពីបទចោទប្រកាន់ពីមុន លោកស្រីក៏ត្រូវបានរបបយោធាចោទប្រកាន់ពីបទរំលោភច្បាប់រក្សាការសម្ងាត់របស់ជាតិ ការញុះញង់ឲ្យមានភាពចលាចលជាសាធារណៈ ការប្រើប្រាស់ដោយខុសច្បាប់នូវទីតាំងដីសម្រាប់មូលនិធិសប្បុរសធម៌របស់លោកស្រី និងការទទួលលុយខុសច្បាប់ចំនួន៦សែនដុល្លារនិងមាស១១គីឡូក្រាម។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទនេះ ដោយលើកឡើងថា រាល់ការចោទប្រកាន់ទាំងអស់«គួរត្រូវបានទម្លាក់ចោល» និងដោះលែងលោកស្រី«ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។
មេធាវីរបស់លោកស្រី ស៊ូជី គឺលោក Khin Maung Zaw បានបដិសេធការចោទប្រកាន់បន្ថែមទៅលើលោកស្រី ដោយហៅការចោទប្រកាន់ទាំងនោះថា «គ្មានហេតុផល» និង «គ្មានមូលដ្ឋាន»។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្ញើមកឲ្យវីអូអេផ្នែកភាសាភូមាកាលពីសប្តាហ៍មុន៕