សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃច័ន្ទស្តីពីការដាក់ទណ្ឌកម្មថ្មីៗមួយចំនួនទៀតប្រឆាំងនឹងក្រុមមន្ត្រីយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនេះជាទណ្ឌកម្មជាលើកទី៣របស់សហភាពអឺរ៉ុប ចាប់តាំងពីក្រុមយោធានៅក្នុងប្រទេសនេះបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីដើមខែកុម្ភៈកន្លងទៅ។
ការដាក់ទណ្ឌកម្មលើកនេះគឺសំដៅទៅលើបុគ្គលចំនួន៨រូប ស្ថាប័នសេដ្ឋកិច្ចចំនួន៣ និងអង្គការអតីតយុទ្ធជនក្នុងសង្គ្រាមផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប។ មន្ត្រីមីយ៉ាន់ម៉ា ដែលទទួលរងទណ្ឌកម្មរួមមាន រដ្ឋមន្ត្រី អនុរដ្ឋមន្រ្តី និងអគ្គរដ្ឋអាជ្ញា ដែលជាអ្នកទទួលខុសត្រូវក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និតីរដ្ឋ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ។
ដោយសំដៅទៅលើវិស័យឈើ និងត្បូងរបស់ប្រទេសមីយ៉ាន់ម៉ា វិធានការទាំងនេះមានបំណងរឹតបន្តឹងដល់ប្រភពចំណូលពីធនធានធម្មជាតិរបស់របបយោធាប្រទេសមីយ៉ាន់ម៉ា និងធ្វើឡើងក្នុងបំណងចៀសវាងការប៉ះពាល់ដល់ពលរដ្ឋមីយ៉ាន់ម៉ាផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប។
សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើឧស្សាហកម្មត្បូងមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីខែមេសា។
អង្គការសហប្រជាជាតិបានថ្កោលទោសរដ្ឋប្រហារយោធានេះជាផ្លូវការកាលពីថ្ងៃសុក្រ ដោយរដ្ឋជាសមាជិករបស់អង្គការពិភពលោកនេះបានអំពាវនាវឲ្យបញ្ចប់អំពើហិង្សា និងត្រូវគោរពឆន្ទៈរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដែលបានសម្រេចចិត្តក្នុងបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំទៅ៕