លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ត្រូវមានការសាមគ្គីគ្នានៅក្នុងការដោះស្រាយបញ្ហាតំបន់ ដែលកំពុងប្រឈម និងរក្សានូវ«មជ្ឈភាព និងឯកភាព»របស់អាស៊ានឲ្យបានរឹងមាំ។
លោក ហ៊ុន សែន បានថ្លែងបែបនេះ ពេលលោកចូលរួមនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។
លោក ហ៊ុន សែន លើកឡើងថា អាស៊ានបានពើបប្រទះនឹងបញ្ហាជាច្រើន ដែលរាប់ចាប់តាំងពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងសព្វាវុធ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
លោកថ្លែងថា៖ «ដោយឡែកវិបត្តិនយោបាយនិងសន្តិសុខ បូករួមវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ដែលទើបកើតឡើងនៅមីយ៉ាន់ម៉ា ដែលជាសមាជិកគ្រួសាររបស់យើង ក៏បានបង្កជាបញ្ហាដល់មជ្ឈភាព និងការឯកភាពរបស់អាស៊ាន ព្រមទាំងបានបង្កឱ្យមានការរង្គោះរង្គើដល់ស្ថិរភាពក្នុងតំបន់ផងដែរ»។
លោក ហ៊ុន សែន បានទទូចឱ្យអាស៊ានសហការគ្នាជាធ្លុងមួយដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។
លោក ហ៊ុន សែន បានថ្លែងថា៖«កម្ពុជាសូមសង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួនក្នុងឯកភាព ដើម្បីកិច្ចសហប្រតិបត្តិការ មិនមែនឯកភាពដើម្បីប្រឈមមុខដាក់គ្នានោះទេ។ យើងត្រូវព្យាយាមផ្តោតលើបញ្ហាដែលបង្រួបបង្រួមយើងទាំងអស់គ្នា ជាជាងផ្តោតលើបញ្ហាដែលនាំឱ្យយើងបែកបាក់គ្នា។ យើងត្រូវតែផ្តល់អាទិភាពដល់សន្តិភាពជាងអ្វីទាំងអស់»។
ចំណែករដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអាស៊ានថា អាស៊ានបានប្រឈមនូវបញ្ហាជាច្រើនជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះខុសពីពេលណាទាំងអស់ បញ្ហាជាច្រើនបានកើតឡើងទន្ទឹមគ្នាក្នុងអំឡុងកម្ពុជាធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។
លោកថ្លែងជាភាសាអង់គ្លេស ហើយបកប្រែជាភាសាខ្មែរថា៖ «ជារៀងរាល់ឆ្នាំ អាស៊ានត្រូវដោះស្រាយបញ្ហាប្រឈមគ្រប់ប្រភេទនិងកម្រិត ប៉ុន្តែពីមុនមកមិនដែលមានឡើយ មិនដូចឆ្នាំនេះហើយនិងពេលនេះទេ។ តើយើងដែលធ្លាប់បានពើបប្រទះបញ្ហាជាច្រើនដែលកើតឡើងទន្ទឹមគ្នាបែបនេះសម្រាប់តំបន់ក៏ដូចជាពិភពលោកទាំងមូលទេ»។
លោកបន្តថាក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ បញ្ហាសំខាន់ៗមួយចំនួនដែលនឹងត្រូវបានលើកឡើងមកពិភាក្សា មានដូចជាមធ្យោបាយទៅមុខ ដើម្បីស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាខាងក្រៅ បញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាដែលអាចបង្កឱ្យមានអសន្តិសុខ និងអស្ថិរភាពក្នុងតំបន់។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃពុធថា អាស៊ានត្រូវតែប្រកាន់ខ្ជាប់នូវមាគ៌ា«មជ្ឈភាព»របស់ខ្លួនឲ្យបាន ដើម្បីអាចទាញយកផលប្រយោជន៍ទាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ទោះជាយ៉ាងណា សាស្ត្រាចារ្យរូបនេះអះអាងថាបញ្ហាដែលកំពុងតែកើតមានឡើងនេះ អាចជាឱកាសមួយសម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដោយហេតុថាប្រទេសលោកខាងលិចអាចបន្ថយសម្ពាធមកលើកម្ពុជា។
លោកនិយាយថា៖«អ្វីដែលកម្ពុជា ឬក៏ក្របខណ្ឌអាស៊ានត្រូវធ្វើ ត្រូវគិតគូរនោះ គឺរក្សានូវភាពកណ្តាល ឈរឱ្យបាននូវភាពបត់បែន ហើយមានភាពវ័យឆ្លាតនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ខ្ញុំគិតថាអាចកាត់បន្ថយនូវហានិភ័យ ឬក៏បញ្ហាដែលកើតឡើងនាពេលអនាគតបាន»។
គួរបញ្ជាក់ថា ទាក់ទងនឹងវិបត្តិមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងនៅថ្ងៃពុធនេះថាប្រសិនបើមានការប្រហារជីវិតសកម្មជនបក្សប្រឆាំងនៅមីយ៉ាន់ម៉ាបន្តទៀត នោះនឹងមានការគិតឡើងវិញអំពីចំណុចឯកភាពទាំង៥ ដែលមេដឹកនាំអាស៊ានបានសម្រេចកាលពីឆ្នាំមុន៕