ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោលបំណង​នាំ​សន្តិភាព​សម្រាប់​មីយ៉ាន់ម៉ា​របស់​ប្រេសិត​អាស៊ាន​មិន​ទទួល​បាន​ជោគជ័យ


ឧត្តមសេនីយ៍ Min Aung Hlaing ចាប់ដៃ​ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្នុង​អំឡុង​ជំនួប​មួយ​នៅ​រដ្ឋធានី​ណៃពិដោ​ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២។
ឧត្តមសេនីយ៍ Min Aung Hlaing ចាប់ដៃ​ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្នុង​អំឡុង​ជំនួប​មួយ​នៅ​រដ្ឋធានី​ណៃពិដោ​ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២។

បើទោះបី​ជា លោក​រដ្ឋមន្ត្រី​ការបរទេស​ប្រាក់ សុខុន អះអាង​ថា លោក​បាន​ធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន​ខ្លះ​ពាក់ព័ន្ធ​ទៅ​នឹង​វិបត្តិ​មីយ៉ាន់ម៉ា​ក៏ដោយ ក៏​អ្នក​វិភាគ​និយាយ​ថា លោក​សម្រេច​បាន​ផលប្រយោជន៍​ជាក់​ស្ដែង​បន្តិច​បន្តួច​ប៉ុណ្ណោះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​សប្ដាហ៍​នេះ​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​របស់​សមាគមន៍​អាស៊ាន។

អ្នក​វិភាគ​បាន​ចង្អុល​បង្ហាញ​ដល់​ការណ៍​ដែលលោក​មិន​អាច​ជួប​ជាមួយ​គ្រប់​ភាគី​នៃ​ជម្លោះ​ដែល​កើត​មាន​បន្ទាប់​ពី​រដ្ឋប្រហារ និង​ការបរាជ័យ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ បាន​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោកក្នុង​នាម​ជា​ប្រេសិត​ពិសេស​អាស៊ាន ពីព្រោះ​ថា ចំណុច​ទាំង​ពីរ​នេះ ​គឺ​ជា​ចំណុច​គន្លឹះ​នៃ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា។

លោក Charlies Santiago ប្រធាន​អង្គការ​សភាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា៖ «អ្នក​អាច​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា​ការខាត​បង់​ពេល​វេលា ពីព្រោះ​ថា ទស្សនកិច្ច​នេះ​មិន​បាន​សម្រេច​អ្វី​ជាក់ស្ដែង​នោះ​ទេ»។

ប្រទេស​កម្ពុជា បាន​រង​ការរិះគន់​ថា បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្របច្បាប់​សម្រាប់​របប​មីយ៉ាន់ម៉ា​ដឹក​នាំ​ដោយ​ឧត្តមសេនីយ៍ Min Aung Hlaing បន្ទាប់​ពី​កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន​អាស៊ាននៅ​ឆ្នាំ ២០២២ និង​ការ​ព្យាយាម​រុញ​ប្រទេស​ដែល​បែកបាក់​ដោយ​ជម្លោះ​មួយ​នេះ​ឲ្យ​ស្ថិត​នៅ​លើ​របៀប​វារៈ​នយោបាយ​កំពូល​ថ្នាក់​តំបន់​តាម​រយៈ​ការផ្ដួចផ្ដើម​ឲ្យមាន​កិច្ចសន្ទនា​សន្តិភាព​ដើម្បី​នាំ​យក​មីយ៉ាន់ម៉ា​ត្រឡប់​ចូល​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ​ឡើង​វិញ។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​លោក​ ហ៊ុន សែន ជា​មេដឹកនាំ​មុនដំបូង​គេ​ដែល​បាន​បំពេញ​ទស្សនកិច្ច​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​មុន ដែល​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ថ្កោល​ទោស​ដោយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត។ រដ្ឋប្រហារ​នេះ​បាន​បណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់​ជាង១.៥០០​នាក់​និង​បាន​ធ្វើ​ឲ្យ​របប​យោធា​នេះ​ត្រូវ​បានគេរារាំង​មិន​ឲ្យ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)

ថ្វី​បើ​លោក​ ប្រាក់ សុខុន បាន​អះអាង​ថា លោក​បាន​ធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន​ខ្លះ​លើ​បញ្ហា​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​លោក​បាន​ជួបពិភាក្សា​ជាមួយ​ពួក​មេដឹកនាំ​យោធា អ្នក​ការទូត​អាស៊ាន មន្ត្រី​អង្គការ​សហប្រជាជាតិ​និង​សកម្មជន​នយោបាយ​ក៏ដោយ ក៏​លោក​មិន​ត្រូវ​បានគេ​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​លោកស្រី Aung San Suu Kyi (អង់សាន ស៊ូជី) ដែល​ជា​មេដឹកនាំ​កើត​ចេញ​ពីការ​បោះឆ្នោត​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​អំណាច​ហើយ​កំពុង​ជាប់​ពន្ធនាគារ​នោះ​ទេ។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មានAssociated Press លោក​ ប្រាក់ សុខុន បាន​ថ្លែង​ថា លោក​ទទួល​បាន​ការជំរុញ​ទឹកចិត្ត​ពី​រដ្ឋាភិបាល​យោធា​ដែល​បាន​អនុញ្ញាត​ឲ្យ​លោកជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​ជម្លោះ ហើយ​លោក​ត្រូវ​បាន​ប្រាប់​ថា របប​យោធា​កំពុង​ពិចារណា​ការ​ស្នើសុំ​របស់​លោក​ដើម្បី​ជួប​ជាមួយ​លោកស្រី Aung San Suu Kyi។

លោក​បាន​រៀបរាប់​ពី​ជំហរ​របស់​ឧត្តម​សេនីយ៍ Min Aung Hlaing ថា ដូចជា​កំពុង​បើក​បង្អួច​ទទួល​យក​ពន្លឺ​ថ្ងៃ​ដែល​ត្រួសត្រាយ​ផ្លូវ​ឲ្យ​គ្រប់​ភាគី​អាច​ទទួល​បាន​នូវ​ការផ្សះផ្សា​ជាតិ​មួយ​នា​ពេល​អនាគត។

ប៉ុន្តែ​លោក​បាន​បន្ត​ទៀត​ថា ភាគី​ពាក់ព័ន្ធ​នៅ​តែ​ចង់​បន្ត​ការ​ប្រយុទ្ធ​គ្នា ជំនួស​ឲ្យ​ការ​ចរចា ហើយ​ថា ជំនួយ​មនុស្សធម៌ ត្រូវ​បាន​ស្តុកទុក​ដោយ​សារ​តែ​មិន​អាច​ចែក​ចាយ​ដល់​អ្នកដែល​ត្រូវការ។

លោក Santiago បាន​ថ្លែង​ទៀត​ថា ការ​មិន​រីកចម្រើន​លើ​ការផ្ដល់​ជំនួយ​មនុស្សធម៌​ដែល​ពួក​យោធា​ចង់​គ្រប់​គ្រង​ទាំង​ស្រុង រួម​ជាមួយ​នឹង​ការ​ខកខាន​មិន​បាន​ជួប​ជាមួយ​លោក​ស្រី​ Aung San Suu Kyi បាន​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ប្រាក់ សុខុន។

លោក បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​លោក​ចាត់ទុក​ការពិភាក្សា​ជាមួយ​លោក Min Aung Hlaing ថា​ជា​ការ​រីក​ចម្រើន​នោះ ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​ផ្ដល់​និយមន័យ​នៃ​ពាក្យ​ថា រីក​ចម្រើនឡើង​វិញ»។

លោក Santiago បាន​និយាយ​ទៀត​ថា៖ «យើង​បាន​រំពឹង​ទុក​ថា នឹង​មាន​ការសន្ទនា​ផ្នែក​នយោបាយ​មួយ ហើយ​ឧត្តមសេនីយ៍ Min Aung Hlaing បាន​ប្រាប់​លោក​ថា លោក​នឹង​ពិចារណា​ការស្នើ​សុំជួប​ជាមួយ​លោកស្រី​ Aung San Suu Kyi នៅ​ថ្ងៃ​ណា​មួយ។ ដូច្នេះ វា​នឹង​កាន់តែ​ពិបាក​ថែម​ទៀត ពីព្រោះ​ថា យើង​មិន​អាច​ឈានដល់​សូម្បី​តែ​ការ​ពិភាក្សា​គ្នា​លើ​ផែនទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​និង​ការផ្សះផ្សា ប្រសិន​បើ​យើង​មិន​ទទួល​បាន​សេចក្តី​គួរ​សម​ក្នុង​ដំណើរការ​នេះ»។

ការចរចា​ជាមួយ​លោក​ស្រី Aung San Suu Kyi និង​អ្នក​នយោបាយ​ជាន់​ខ្ពស់​ដទៃ​ទៀត​នៅ​ក្នុង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ការផ្ដល់​ជំនួយ​មនុស្សធម៌ ជា​កត្តា​ចម្បង​នៅ​ក្នុង​គោលការណ៍​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន។

គោលការណ៍​ឯកច្ឆន​៥​ចំណុច​នោះ ក៏​បាន​ស្នើ​ឲ្យ​មាន​កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំងអស់ ដែល​សម្រប​សម្រួល​ដោយ​ប្រេសិត​ប្រធាន​អាស៊ាន ព្រម​ទាំង​ការបញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់។ បទ​ឈប់​បាញ់​គ្នា​ដែល​រួម​មាន​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន កាល​ពី​ពេល​មុន ត្រូវ​បាន​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់។

ក៏ប៉ុន្តែ លោក Carl Shuster សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Hawaii Pacific បាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន និង​ការឆ្លើយ​តប​ទៅ​លើ​សំណើ​របស់​លោក មាន​ភាព​សមស្រប​ទៅ​តាម​វប្បធម៌​នយោបាយ​របស់​អាស៊ាន ហើយ​ក្ដី​សង្ឃឹម​ធំ​បំផុត​សម្រាប់​បញ្ហា​មីយ៉ាន់ម៉ា​នោះ​គឺ​ថា កម្ពុជា​និង​អាស៊ាន អាច​បន្ត​ការ​ដាក់​សម្ពាធ​ផ្នែក​ការទូត​លើ​ប្រទេស​នេះ។

លោក Schuster បាន​ថ្លែង​ដោយ​សំដៅ​ទៅ​លើ​ជំនួប​រវាង​លោក​ប្រាក់ សុខុន ជាមួយ​ឧត្តមសេនីយ៍ Min Aung Hlaing យ៉ាង​ដូច្នេះ​ថា៖ «ពួក​គាត់​មិន​ដែល​ជេរ​ប្រទេច​គ្នា​ទេហើយ​វប្បធម៌​របស់​ពួក​គាត់​គឺ​មិន​ដែល​និយាយ​អ្វី​អាក្រក់​ពី​គ្នា​ទេ ទោះ​បី​ជា​មាន​ព័ត៌មាន​អាក្រក់​ក៏​ដោយ។ ដូច្នេះ នៅ​ពេល​លោក​ថ្លែង​ថា មាន​ការរីក​ចម្រើន អ្វី​ដែល​លោក​ចង់​និយាយ​នោះ​គឺ​ថា លោក​បាន​ជួយប​ជាមួយ​ឧត្តមសេនីយ៍ Min Aung Hlaing»។

លោកSchuster ក៏​បាន​និយាយ​ដែរ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន ជា​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​មាន​កម្រិត ហើយ​ការផ្ដោត​ការយក​ចិត្តទុក​ដាក់​នោះ ត្រូវ​តែ​ធ្វើ​លើ​ផលប្រយោជន៍​បី​យ៉ាង​សម្រាប់​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដែល​ផល​ប្រយោជន៏​នោះ​រួម​មាន សន្តិភាព ស្ថិរភាព​និង​ពាណិជ្ជកម្ម​ផ្នែក​សេដ្ឋកិច្ច។

លោក បាន​ថ្លែង​ទៀត​ថា៖ «អាស៊ាន​ត្រូវ​តែ​បន្ត​ធ្វើការ​ជាមួយ​មីយ៉ាន់ម៉ា ប៉ុន្តែ ពួកគេ​ក៏​ជួប​នូវ​បញ្ហា​ទ្វេគ្រោះ​ផងដែរ​គឺ៖ កម្ពុជា​មិន​មាន​ជំហរ​រឹងមាំ​ដើម្បី​និយាយ​ទៅកាន់​មីយ៉ាន់ម៉ា​ថា រដ្ឋាភិបាល​មីយ៉ាន់គ្មាន​ប្រជាធិបតេយ្យ​ហើយ​ថា មីយ៉ាន់ម៉ា​នឹង​ជួប​ផលវិបាក​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា អាច​ធ្វើ​បាន​នោះ​គឺ​ប្រាប់​ទៅ​មីយ៉ាន់ម៉ា​ថា អ្វី​ដែល​គេ​កំពុង​ធ្វើ​នោះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិភាព​និង​ស្ថិរភាព»។

លោកSchuster បាន​និយាយ​ទៀត​ថា៖ «អ្វី​ដែល​អាស៊ាន​កំពុង​ធ្វើ គឺ​គ្រាន់តែ​ជំរុញ​ឲ្យ​មាន​ការ​សន្ទនា​និង​ក្ដីសង្ឃឹម​ថា មេដឹកនាំ​រដ្ឋ​ប្រហារ​នឹង​មើល​ឃើញ​ថា ការបន្ត​ដើរ​លើ​ផ្លូវ​ដែល​ខ្លួន​កំពុង​មាន​បច្ចុប្បន្ន​នេះ គ្មាន​ផល​ប្រយោជន៍​អ្វី​សម្រាប់​ពួក​គេ​ទេ»។

លោក ថ្លែង​ទៀត​ថា៖ «ពួក​គេ​កំពុង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅ​លើ​ប្រជាជន​ខ្លួន​ឯង ហើយ​ជា​លទ្ធផល បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ការតស៊ូ​ប្រឆាំង​កាន់​តែ​ខ្លាំង​ជាង​មុន»។

លោក​ប្រាក់ សុខុន បាន​ស្នើ​ឲ្យមាន​សន្និសីទ​មួយ​នៅ​ខែ​មេសា​ឬ​ឧសភា​ដើម្បី​ពិភាក្សា​លើ​ការផ្ដល់​ជំនួយ​ហើយ​លោក​ក៏​បាន​ច្រានចោល​ការរិះគន់​ដែល​ថា បេសកកម្ម​របស់​លោក​ បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា។ លោក​ថា កម្ពុជា​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី​ជួយ​កសាង​សន្តិភាព​ឡើង​វិញ​សម្រាប់​មីយ៉ាន់ម៉ា​នោះ​ទេ។

លោកBradley Murg អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព បាន​ថ្លែង​ថា ជម្រើស​ដែល​អាស៊ាន​មាន​ហាក់​ដូចជា​តិច​តួច​បំផុត។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «សុទិដ្ឋិនិយម​នៅ​ពេល​នេះ​ពាក់​ព័ន្ធ​នឹង​កម្ពុជា ក៏​ដូចជា​អាស៊ាន​ទាំង​មូលក្នុង​ការសម្រេច​បាន​នូវ​ការផ្លាស់​ប្ដូរ​សំខាន់ៗ​នៅ​ក្នុង​ស្ថានភាព​មីយ៉ាន់ម៉ា​បច្ចុប្បន្ន​ គឺ​មាន​ការ​រំពឹងទុក​ខុស»។

លោក Murg បាន​បន្ថែម​ទៀត​ថា៖ «ទស្សនកិច្ច​របស់​លោក​ប្រាក់ សុខុន បង្ហាញ​ពី​ការលំបាក​ដែល​កម្ពុជា​កំពុង​មាន​ការ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ជា​ប្រធាន​អាស៊ាន ពីព្រោះ​ថា មីយ៉ាន់ម៉ា នៅតែ​បន្ត​បង្ហាញ​ថា ពួកគេ​នៅតែ​ចូលរួម​ជាមួយ​នឹង​ដំណើរការ​នានា ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​របៀប​មួយ​ដែល​មាន​សារៈសំខាន់​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក ​នៀម ឆេង

XS
SM
MD
LG