អ្នកស្រី Aung San Suu Kyi មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង នឹងបង្ហាញខ្លួននៅមុខតុលាការតាមរយៈប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃអង្គារនេះ ទាក់ទិននឹងការចោទប្រកាន់មួយចំនួន ដែលយោធាបានចោទអ្នកស្រី។ នេះបើតាមការបញ្ជាក់របស់មេធាវីអ្នកស្រី កាលពីថ្ងៃចន្ទ។
អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានបញ្ជាក់ថា រដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅនេះ គឺបានធ្វើឡើង ដោយសារតែការបោះឆ្នោតថ្នាក់ជាតិកាលពីខែវិច្ឆិកាឆ្នាំមុន មានការលួចបន្លំ។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Suu Kyi បានឈ្នះការបោះឆ្នោតនោះភ្លូកទឹកភ្លូកដី។
អ្នកស្រី Suu Kyi ត្រូវបានយោធាចោទប្រកាន់ថា បានរំលោភលើច្បាប់អាហរ័ណនីហរ័ណរបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីអាជ្ញាធរបានឆែកឆេរផ្ទះរបស់អ្នកស្រីឃើញមានវិទ្យុទាក់ទងមួយចំនួន។
ដូចអ្នកស្រី Suu Kyi ដែរ លោកប្រធានាធិបតី Win Myint ត្រូវបានគេចាប់ដាក់ឃុំនៅក្នុងការឆ្មក់ចូលផ្ទះរបស់លោកកាលពីថ្ងៃទី ១ ខែកុម្ភៈ។
លោកត្រូវបានចោទប្រកាន់ពីបទបំពានទៅលើបម្រាមរឹតបន្តឹងការបង្ការការឆ្លងជំងឺកូវីដ១៩ នៅពេលដែលលោកបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយកាលពីខែកញ្ញា ឆ្នាំមុន ដែលមានអ្នកគាំទ្រលោកជាច្រើនរយនាក់ចូលរួម។
អ្នកស្រី Suu Kyi និងលោក Win Myint ត្រូវគេរំពឹងថា នឹងត្រូវតុលាការសាកសួរនៅថ្ងៃអង្គារនេះនិងថ្ងៃពុធស្អែក។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី Khin Maung Zaw នៅក្រៅតុលាការមួយក្នុងរដ្ឋធានីណៃពិដោ បន្ទាប់ពីលោកបានជួបជាមួយចៅក្រមមក។
លោកមេធាវី Maung Zaw និយាយដូច្នេះថា៖ «នៅពេលដែលអ្នកស្រី Suu Kyi និងលោក Win Myint ត្រូវឡើងតុលាការនៅថ្ងៃទី ១៦ និងទី ១៧ នៅខែកុម្ភៈនេះ ពួកគេនឹងត្រូវសាកសួរតាមរយៈប្រព័ន្ធវីដេអូអនឡាញ»៕