ក្រុមមេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ាបន្តការឃុំឃាំងមេដឹកនាំដែលត្រូវបានគេបណ្តេញចេញពីតំណែងគឺ អ្នកស្រី Aung San Suu Kyi រហូតដល់ថ្ងៃពុធ។
ក្រុមយោធាបានឃុំឃាំងអ្នកស្រី Suu Kyi លើបទចោទពីការនាំចូលវិទ្យុទាក់ទងគ្នា ឬ អៃកូម (Walkie-talkie) ខុសច្បាប់កាលពី២សប្តាហ៍មុន នៅពេលដែលពួកគេបានដណ្តើមកាន់កាប់អំណាច។ អ្នកស្រីបានស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះនៅឯគេហដ្ឋានផ្លូវការរបស់អ្នកស្រីនៅក្នុងរដ្ឋធានីណៃពីដោ។
បទបញ្ជាឃុំឃាំងអ្នកស្រីដំបូងឡើយត្រូវផុតកំណត់នៅថ្ងៃច័ន្ទនេះ ក៏ប៉ុន្តែមេធាវីដែលតំណាងឲ្យអ្នកស្រី Suu Kyi បាននិយាយថា ចៅក្រមបានពន្យារពេលឃុំឃាំងរហូតដល់ថ្ងៃពុធ។
ចំណាត់ការនេះកើតមានឡើង ខណៈដែលក្រុមបាតុករ បានប្រមូលផ្តុំគ្នាម្តងទៀតនៅថ្ងៃច័ន្ទនេះនៅផ្នែកជាច្រើននៃប្រទេសមីយ៉ាន់ម៉ា ហើយកងទ័ពនិងរថយន្តយោធា បានត្រូវដាក់ពង្រាយនៅពេលដែលមានវត្តមានសន្តិសុខកើនឡើងនៅតាមទីក្រុងសំខាន់ៗ។
អាជ្ញាធរក៏បានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតនៅពេលយប់ដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការរឹតត្បិតបែបនេះ និងការចាប់ខ្លួនមេដឹកនាំនយោបាយនិងសង្គមស៊ីវិល ជា «ការគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។
កាលពីថ្ងៃអាទិត្យ ក្រុមបាតុករនៅឯរោងចក្រអគ្គិសនីមួយកន្លែងនៅក្នុងរដ្ឋ Kachin ភាគខាងជើងប្រទេសត្រូវរងគ្រាប់ដែលបាញ់ដោយកម្លាំងសន្តិសុខ។ វីដេអូបង្ហាញក្រុមយោធាបានបាញ់ដើម្បីបំបែកហ្វូងបាតុករ តែគេមិនដឹងថាគ្រាប់នោះជាគ្រាប់ពិតឬគ្រាប់ជ័រទេ៕