បាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលលោកស្រី Aung San Suu Kyi ពីអំណាច បានកើនខ្លាំងឡើងកាលពីប៉ុន្មានថ្ងៃមុននេះទោះជាមានកិច្ចខិតខំប្រឹងប្រែងផ្លូវការដើម្បីធ្វើឱ្យការតវ៉ាទាំងនេះមានការពិបាកនិងជាការខុសច្បាប់ក៏ដោយ។ តទៅនេះជាការពិនិត្យមើលអំពីថាតើនរណាជាអ្នកចាត់ចែងបាតុកម្មទាំងនេះ និងអំពីឧបសគ្គដែលពួកគេប្រឈម៖
តើមានការអនុញ្ញាតឱ្យធ្វើបាតុកម្មដែរឬទេ?
ស្ថានការណ៍មិនច្បាស់លាស់ជាច្រើនថ្ងៃកើតមាន ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលមានរួមបញ្ចូលទាំងការប្រកាសស្ថានភាពមានអាសន្នផងដែរ។ ប៉ុន្តែដោយបាតុកម្មមានកាន់តែច្រើនឡើង ហើយរាលដាលកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កាលពីថ្ងៃចន្ទ ទី៨ ខែកុម្ភ: កងយោធាបានចេញអនុក្រឹត្យហាមប្រាមមិនឱ្យមានការតវ៉ាសាធារណៈដោយសន្តិវិធីក្នុងទីក្រុងធំបំផុតចំនួនពីរនៅក្នុងប្រទេស។
ការជួបប្រជុំគ្នាលើសពីប្រាំនាក់ និងការដង្ហែក្បួនរថយន្ដនិងម៉ូតូជាទង្វើខុសច្បាប់ហើយបម្រាបគោចរពីម៉ោង៨យប់ដល់ម៉ោង៤ព្រឹកត្រូវបានដាក់កំហិតក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុង Mandalay ដែលនៅទីនោះមនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មចាប់តាំងពីថ្ងៃសៅរ៍ ទី៦ ខែកុម្ភ:មក។
ការរឹតត្បិតទាំងនេះនាំឱ្យមានកង្វល់កាន់តែខ្លាំងអំពីលទ្ធភាពនៃការបង្ក្រាបបាតុកម្មដោយហិង្សា។
តើនរណាជាអ្នកដឹកនាំបាតុកម្មទាំងនេះ?
ភាគច្រើននៃបាតុកម្មទាំងនេះកើតមានឡើងដោយគ្មានការគ្រោងទុកជាមុនទេ។
អ្នកស្រី Thinzar Shunlei Yi ដែលជាសកម្មជនល្បីឈ្មោះមួយរូបបាននិយាយថា៖ «ចលនានេះគ្មានមេដឹកនាំទេគឺប្រជាជនចេញមកតវ៉ាតាមដងផ្លូវតាមវិធីផ្ទាល់និងតាមឆន្ទៈផ្ទាល់របស់ពួកគេ»។
ក្រុមសកម្មជន បុគ្គលិក សហជីព និងពលរដ្ឋនៅទូទាំងប្រទេសមីយ៉ាន់ម៉ាព្រមជាមួយសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi ផងដែរ បានចេញមកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនេះ។
ភ្លាមៗក្រោយការវិលមកកាន់ការគ្រប់គ្រងយោធាដោយផ្ទាល់វិញដែលប្រទេសមីយ៉ាន់ម៉ាជូបប្រទះប្រាំទសវត្សរ៍មកហើយរហូតដល់ឆ្នាំ២០១២ មានទំព័រ Facebook មួយដែល0មានឈ្មោះថា៖ Civil Disobedience Movement ឬជាភាសាខ្មែរថា «ចលនាមិនស្តាប់បង្គាប់ខាងស៊ីវិល» បានចាប់ផ្តើមចេញផ្សាយការអំពាវនាវឱ្យមានការតវ៉ាដោយសន្តិវិធី។ នៅពេលនេះ ទំព័រ Facebook នេះមានអ្នកតាមដាន២សែន៣ម៉ឺននាក់ហើយ hashtags ទាក់ទងនឹងទំព័រនេះត្រូវបានប្រើច្រើនដោយអ្នកប្រើ Twitter ក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុមបុគ្គលិកពេទ្យក៏បានចាប់ផ្តើមយុទ្ធនាការតវ៉ាដោយពាក់បូពណ៌ក្រហម កាន់បដានិងសុំដល់ពួកបុគ្គលិកសុខាភិបាលឯទៀតៗកុំឱ្យធ្វើការនៅក្នុងមន្ទីរពេទ្យរដ្ឋ។
បាតុកម្មតាមដងផ្លូវកាលពីដំណាច់សប្តាហ៍មុនមានវត្តមាននៃសមាជិកសហជីព ក្រុមនិស្សិត និងក្រុមឯទៀតៗតំណាងអាជីពនានាដូចជាពួកអ្នកបើកឡាន ពួកឧទ្យានបាល និងពួកអ្នកបោះពុម្ពសៀវភៅជាដើម។
ពលរដ្ឋរស់នៅក្នុងទីក្រុងរ៉ង់ហ្គូនបានសម្តែងការប្រឆាំងរបស់ពួកគេដោយគោះឆ្នាំង និងខ្ទះទូទាំងក្រុងនៅពេលយប់។
តើអ្វីជាឧបសគ្គ?
ឧបសគ្គធំមួយក្នុងបណ្តាឧបសគ្គនានារបស់ក្រុមបាតុករគឺការប៉ុនប៉ងដោយពួកយោធាក្នុងការរាំងខ្ទប់ការទំនាក់ទំនង។
ជាដំបូង អាជ្ញាធរបានរារាំងដល់ការប្រើប្រាស់បណ្ដាញសង្គម Facebook ដែលមានអ្នកប្រើជាង២២លាននាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ឬស្មើនឹង៤០%នៃចំនួនប្រជាជនសរុប តែប្រជាជនបានងាកទៅប្រើបណ្ដាញសង្គមឯទៀតវិញដូចជា Twitter ជាដើម។
មានការផ្សព្វផ្សាយសំណៅចម្លងនៃព័ត៌មានសម្រាប់សន្តិសុខដែលខ្លះមានប្រភពពីទីក្រុងហុងកុង ដោយមានការណែនាំពីរបៀបទាក់ទងគ្នាប្រកបដោយសម្ងាត់ និងការណែនាំអំពីវិធីសុវត្ថិភាពក្នុងការតវ៉ា។
កាលពីចុងសប្ដាហ៍ ពួកយោធាបានកាត់ផ្តាច់អ៊ីនធឺណិត និងសេវាទូរសព្ទខ្លះៗជាបណ្តោះអាសន្ន។ ក្រុមបាតុករបានដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះបានប្រើទូរសព្ទចុះឈ្មោះក្នុងប្រទេសថៃដែលនៅជិតខាង។
អ្នកស្រី Clare Hammond ជាអ្នកធ្វើយុទ្ធនាការជាន់ខ្ពស់របស់ក្រុមការពារសិទ្ធិមនុស្ស Global Witness បាននិយាយថា៖ «នៅពេលអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ទាំងស្រុងពេញ២៤ម៉ោងកាលពីថ្ងៃសៅរ៍ ប្រជាជននៅតែអាចទាក់ទងគ្នាក្នុងប្រទេសមីយ៉ាន់ម៉ាដោយប្រើទូរសព្ទនិងសារ»។
សម្រាប់មនុស្សខ្លះដែលគ្មានសេវាទូរសព្ទ ឬអ៊ីនធឺណិត នៅពេលមានការរាំងខ្ទប់នោះការនិយាយតៗគ្នានិងបទពិសោធន៍ពីពេលមុនៗបាននាំឲ្យពួកគេទៅកាន់កន្លែងតវ៉ាបាន ដែលកន្លែងជាច្រើនជាកន្លែងដដែលៗនៅក្នុងការបះបោរកាលពីពេលមុនៗប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។
តើបាតុកម្មនឹងមានធ្វើតទៅទៀតឬទេ?
រហូតមកដល់ពេលនេះ ការតវ៉ាហាក់ដូចជាមិនចុះថមថយទេ ទោះជាមានការរឹតត្បិតថ្មីៗលើបាតុកម្មក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ក៏មានជនខ្លះខ្វល់ខ្វាយថាពួកយោធាកំពុងរៀបចំការបង្ក្រាបឃោរឃៅដូចជាការបង្ក្រាបដែលបានបញ្ចប់ចលនាតវ៉ាកាលពីឆ្នាំ១៩៨៨និងឆ្នាំ២០០៧ដែរ។
អ្នកស្រី Linda Lakhdhir ដែលជាទីប្រឹក្សាខាងច្បាប់នៃអង្គការ Human Rights Watch បានថ្លែងថា ពួកយោធាអាចព្យាយាមប្រើអំពើហិង្សាដោយប្រើអនុក្រឹត្យយោធានិងច្បាប់ឯទៀតៗដែលមានស្រេចហើយសម្រាប់ឱ្យឃើញថាជាការបង្ក្រាបជាការត្រឹមត្រូវ។
អ្នកស្រី Linda Lakhdhir បានមានប្រសាសន៍ថា៖ «ច្បាប់ទាំងនេះប្រហែលជាច្បាប់អាក្រក់ និងបំពាន តែពួកយោធានឹងបញ្ជាក់ថាជាការត្រឹមត្រូវក្នុងការប្រើច្បាប់ទាំងនេះ ពីព្រោះពួកគេធ្វើតាមច្បាប់ទាំងនេះ»។
អាជ្ញាធរបានប្រើកាណុងបាញ់ទឹក និងបាញ់កាំភ្លើងគ្រាប់កៅស៊ូដាក់បាតុករខ្លះកាលពីថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ហើយការណ៍នេះបានបង្កើនភាពតានតឹង៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ