យោធាមីយ៉ាន់ម៉ាបានអនុវត្តឡើងវិញនូវច្បាប់មួយដែលតម្រូវឲ្យពលរដ្ឋរាយការណ៍ជូនអាជ្ញាធរអំពីភ្ញៀវដែលមកស្នាក់នៅផ្ទះរបស់ពួកគេពេលយប់ ស្របពេលដែលប៉ូលិសកំពុងតាមស្វែងរកអ្នកគាំទ្រការធ្វើបាតុកម្មកន្លងមក តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី ១ ខែកុម្ភៈមក។
វិសោធនកម្មចំពោះច្បាប់រដ្ឋបាលបណ្ដុំភូមិ (Ward or Village Tract Administration Law) ដែលត្រូវបានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញលើទំព័រ Facebook របស់យោធាមីយ៉ាន់ម៉ា គឺជាការផ្លាស់ប្ដូរផ្នែកច្បាប់ថ្មីចុងក្រោយបង្អស់ដែលធ្វើឡើងដោយយោធា។
នៅក្រោមវិសោធនកម្មនេះ ពលរដ្ឋនឹងប្រឈមនឹងការផាកពិន័យ ឬការជាប់ពន្ធនាគារ ប្រសិនបើពួកគេមិនរាយការណ៍អំពីភ្ញៀវដែលមកស្នាក់នៅផ្ទះរបស់ពួកគេពេលយប់ជូនអាជ្ញាធរមូលដ្ឋាន។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះដែរ យោធាបានផ្អាកច្បាប់ដែលរារាំងកម្លាំងសន្តិសុខមិនឲ្យចាប់ឃុំជនសង្ស័យ ឬក៏ឆែកឆេរទ្រព្យសម្បត្តិឯកជនដោយគ្មានដីការបស់តុលាការ និងបានបញ្ជាឲ្យចាប់ខ្លួនអ្នកគាំទ្រល្បីឈ្មោះនានាចំពោះការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋប្រហារ។
យោធាបានបញ្ជាក់ថា ដីកាចាប់ខ្លួនត្រូវបានធ្វើឡើងដើម្បីចាប់ខ្លួនអ្នករិះគន់លេចមុខ ៧ នាក់ ដែលរិះគន់លើការគ្រប់គ្រងរបស់យោធា ទាក់ទិននឹងការបញ្ចេញមតិរបស់អ្នកទាំងនោះនៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិត។
ក្រុមព័ត៌មាន True News របស់យោធាបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ពលរដ្ឋត្រូវផ្ដល់ដំណឹងដល់ប៉ូលិស ប្រសិនបើពួកគេឃើញអ្នករិះគន់ទាំង ៧ ខាងលើ ហើយពលរដ្ឋនឹងត្រូវដាក់ទោស ប្រសិនបើពួកគេផ្ដល់កន្លែងស្នាក់នៅដល់អ្នកទាំងនោះ។
សមាគមជំនួយសម្រាប់អតីតអ្នកទោសនយោបាយ (The Assistance Association for Former Political Prisoners) ដែលជាអង្គការតាមដានសិទ្ធិមនុស្សមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន ៣៨៤ នាក់ ត្រូវបានឃុំខ្លួននៅទូទាំងប្រទេសមីយ៉ាន់ម៉ាតាំងពីមានរដ្ឋប្រហារមក ដែលភាគច្រើនធ្វើឡើងនៅក្នុងការវាយឆ្មក់បង្ក្រាបនៅពេលយប់៕