រដ្ឋាភិបាលដែលត្រួតត្រាដោយពួកយោធាមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដោះលែងនិងនិរទេសសាស្ត្រាចារ្យជាតិអូស្ត្រាលីម្នាក់ អ្នកថតខ្សែភាពយន្តជាតិជប៉ុនម្នាក់ អតីតអ្នកការទូតជាតិអង់គ្លេសម្នាក់ និងជនជាតិអាមេរិកាំងម្នាក់ ដែលជាផ្នែកមួយនៃការលើកលែងនិងដោះលែងអ្នកទោសទ្រង់ទ្រាយធំមួយ ដើម្បីប្រារព្ធទិវាជ័យជម្នះជាតិរបស់មីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Sean Turnell ជនជាតិអូស្ត្រាលី លោក Toru Kubota ជនជាតិជប៉ុន លោកស្រី Vicky Bowman ជនជាតិអង់គ្លេសនិង លោក Kyaw Htay Oo ជាជនជាតិអាមេរិកាំង និងជនជាតិមីយ៉ាន់ម៉ាល្បីៗ១១នាក់ទៀតបានស្ថិតនៅក្នុងចំណោមពួកអ្នកទោសទាំងអស់ចំនួន៥.៧៧៤នាក់ដែលត្រូវបានដោះលែង។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV។
ការចាប់ពលរដ្ឋបរទេសទាំងនោះដាក់ពន្ធនាគារជាប្រភពនៃការរង្កៀសចិត្តរវាងមេដឹកនាំមីយ៉ាន់ម៉ានិងរដ្ឋាភិបាលរបស់ជនបរទេសទាំងនោះដែលបានបញ្ចុះបញ្ចូលឱ្យមានការដោះលែងពួកគេ។
បើតាមសមាគមជួយពួកអ្នកទោសនយោបាយដែលជាអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថា មនុស្ស១៦.២៣២នាក់បានត្រូវគេឃុំខ្លួនលើការចោទប្រកាន់ខាងនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីពួកយោធាបានបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi នៅក្នុងខែកុម្ភៈ ឆ្នាំទៅមក។
សមាគមជួយអ្នកទោសនយោបាយបានឱ្យដឹងថា ក្នុងចំណោមមនុស្សដែលត្រូវចាប់ខ្លួនទាំងនោះ មានមនុស្ស១៣.០១៥នាក់ស្ថិតនៅក្នុងការឃុំឃាំងនៅឡើយរហូតមកទល់ថ្ងៃពុធម្សិលមិញ។
សមាគមនោះបានឱ្យដឹងទៀតថា បន្ថែមពីនោះទៀត មានជនស៊ីវិលយ៉ាងតិច២.៤៦៥នាក់ដែរបានត្រូវសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងពេលជាមួយគ្នា ដែលចំនួនពិតអាចខ្ពស់ជាងនេះច្រើន។
លោក Tim O’Connor នៃអង្គការសិទ្ធិមនុស្ស Amnesty International សាខាអូស្ត្រាលី បានស្វាគមន៍ការសម្រេចដើម្បីដោះលែងលោក Turnell នេះដោយលោកថា លោកមិនត្រូវគួរត្រូវបានគេចាប់ខ្លួនឬដាក់ពន្ធនាគារពីដំបូងនោះទេ៕