ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់ទោស​សេដ្ឋវិទូ​អូស្ត្រាលី​ឱ្យ​ជាប់​ពន្ធនាគារ​នៅ​មីយ៉ាន់ម៉ា​បាន​បង្ក​ឱ្យ​មាន​ការ​ខឹងសម្បា


រូបឯកសារ៖ លោក Sean Turnell សេដ្ឋវិទូ​​អូស្ត្រាលី និង​ជា​ទីប្រឹក្សា​របស់​​អ្នកស្រី Aung San Suu Kyi ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ឆ្នាំ ២០១៧ នៅ​វិទ្យាស្ថាន Milken ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧។ MILKEN INSTITUTE/Handout via REUTERS
រូបឯកសារ៖ លោក Sean Turnell សេដ្ឋវិទូ​​អូស្ត្រាលី និង​ជា​ទីប្រឹក្សា​របស់​​អ្នកស្រី Aung San Suu Kyi ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ឆ្នាំ ២០១៧ នៅ​វិទ្យាស្ថាន Milken ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧។ MILKEN INSTITUTE/Handout via REUTERS

តុលាការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​បាន​កាត់ទោស​អ្នកស្រី Aung San Suu Kyi ដែល​ជា​មេដឹកនាំ​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន និង​លោក Sean Turnell ដែល​ជា​សេដ្ឋវិទូ​អូស្ត្រាលី ឱ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ កាលពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​កន្លង​ទៅ​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​បំពាន​ច្បាប់​ការ​សម្ងាត់​ផ្លូវការ​របស់​ប្រទេស​នេះ។

អ្នកស្រី Suu Kyi និង​លោក Turnell ដែល​បាន​អះអាង​ថា​មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នេះ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អតិបរមា​រហូត​ដល់ ១៤ ឆ្នាំ។

សវនាការ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​សម្ងាត់។ គិត​មក​ទល់​នឹង​ពេល​នេះ អ្នកស្រី Suu Kyi ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាង ២០ ឆ្នាំ​ក្រោម​បទ​ចោទ​ជាច្រើន​ដែល​អ្នក​គាំទ្រ​របស់​អ្នកស្រី​អះអាង​ថា​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រារាំង​មិន​ឱ្យ​អ្នកស្រី​អាច​កាន់​អំណាច​បាន។

ទូរទស្សន៍​រដ្ឋ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​រាយការណ៍​ថា លោក Turnell បាន​ទទួល «ព័ត៌មាន​ហិរញ្ញវត្ថុ​សម្ងាត់​របស់​រដ្ឋ» និង​បាន​ព្យាយាម​រត់​គេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Penny Wong បាន​ថ្លែង​ថា រដ្ឋាភិបាល​អូស្ត្រាលី​បដិសេធ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ និង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោក Turnell ជា​បន្ទាន់។

អ្នកស្រី Wong បាន​បន្ថែម​ថា រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​មីយ៉ាន់ម៉ា។

មិត្តភក្តិ​របស់​លោកTurnell មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្តន្ទាទោស​លើ​រូប​លោក​នេះ។

លោក Tim Harcourt ដែល​ជា​សេដ្ឋវិទូ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Sydney (University of Technology Sydney) បាន​បញ្ជាក់​ថា លោក Turnell បាន​ទទួល​រង​ការ​ប្រព្រឹត្ត​ដ៏​រន្ធត់​មក​លើ​រូប​លោក។

លោក Harcourt បាន​ថ្លែង​ដូច្នេះ​ថា៖ «វា​ជា​រឿង​ហួសហេតុ​បំផុត។ ខ្ញុំ​ចង់​មាន​ន័យ​ថា លោក​ត្រូវ​បាន​គេ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ដោយសារតែ​ការ​បំពេញ​កិច្ចការ​របស់​លោក​ក្នុង​នាម​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច។ ខ្ញុំ​គិត​ថា រយៈពេល ៣ ឆ្នាំ​គឺ​យូរ​ណាស់ សូម្បី​តែ ៣ ថ្ងៃ​ក៏​យូរ​ដែរ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​ការ​កាត់ទោស​រួច​ហើយ។ ដូច្នេះ​មាន​លទ្ធភាព​ដែល​លោក​អាច​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ចេញ​ពី​ប្រទេស។ យើង​សង្ឃឹម​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ របប​យោធា​មីយ៉ាន់ម៉ា​នឹង​យល់​ពី​ចំណុច​នេះ និង​បញ្ជូន​លោក​តាម​យន្តហោះ​ទៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ និង​បន្ទាប់មក​បញ្ជូន​លោក​ទៅកាន់​ប្រទេស​អូស្ត្រាលី​វិញ»។

អ្នកស្រី Suu Kyi លោក Turnell និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​អ្នកស្រី Suu Kyi ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​របប​យោធា​មីយ៉ាន់ម៉ា​ចាប់​ឃុំ​ខ្លួន​ចាប់​តាំងពី​ពេល​ដែល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​អ្នកស្រី Suu Kyi កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​មក។

ក្នុង​ចំណោម​នោះ អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ផ្សេង​ទៀត​មាន​ដូចជា​សមាជិក​សភា អ្នក​នយោបាយ និស្សិត និង​អ្នក​សារព័ត៌មាន​ជាដើម។

របប​យោធា​មីយ៉ាន់ម៉ា​នៅ​តែ​អះអាង​ថា តុលាការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​ភាព​ឯករាជ្យ ហើយ​អ្នក​ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​គឺ​ទទួល​បាន​សិទ្ធិ​ឱ្យ​មាន​ការ​ជំនំុ​ជម្រះ​ត្រឹមត្រូវ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ អ្នកស្រី Ha Vu ដែល​ជា​ភរិយា​របស់​លោក Turnell បាន​បញ្ជាក់​ថា ដំណឹង​អំពី​ការ​កាត់ទោស​លោក Turnell ឱ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកស្រី «ស្លុតចិត្ត» និង​ថា លោក Turnell «បាន​ធ្វើ​ការ​ដោយ​មិន​គិត​ពី​ការ​នឿយហត់​ដើម្បី​ជួយ​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា»៕

XS
SM
MD
LG