ក្រុមមេដឹកនាំប្រទេសអាស៊ានមានចំនួន៩ប្រទេស នៅថ្ងៃសុក្រនេះ បានចេញសេចក្តីសម្រេចចិត្តបន្ទាន់មួយទៅលើវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាដែលបានអូសបន្លាយមកជិត២ឆ្នាំនេះ។
សេចក្តីសម្រេចចិត្តបន្ទាន់នេះធ្វើឡើងអំឡុងពេលមេដឹកនាំអាស៊ានបានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក៤០ និង៤១ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងភ្នំពេញ ក្រោមការឃ្លាំមើលពីដៃគូសន្ទនារបស់ប្រទេសជាសមាជិកអាស៊ាន។
មេដឹកនាំអាស៊ានបានលើកឡើងថា មីយ៉ាន់ម៉ានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន។ ហើយដោយពិចារណាថា ស្ថានការណ៍មីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ មានភាពផុយស្រួយ មានការកើនឡើងនៃអំពើហិង្សាដែលជាកង្វល់ចម្បង និងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងនោះ អាស៊ានប្តេជ្ញាចិត្តជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។
បើតាមសេចក្តីសម្រេចចិត្តរបស់មេដឹកនាំអាស៊ានដែលមាន១៥ចំណុចសំខាន់ៗនោះ គឺកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចត្រូវតែនៅជាឯកសារយោងដែលមានសុពលភាព និងគួរតែត្រូវបានអនុវត្តទាំងស្រុង។
ក្រុមមេដឹកនាំអាស៊ានបានលើកឡើងតាមការធ្វើសេចក្តីសម្រេចចិត្តនោះថា៖ «យើងបានបញ្ជាក់សារជាថ្មីថា កិច្ចប្រជុំកំពូលអាស៊ានគឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងនៅពេលដែលកុងសង់ស៊ីសមិនអាចសម្រេចបានស្របតាមធម្មនុញ្ញអាស៊ាន»។
ក្រុមមេដឹកនាំអាស៊ានបានទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកាន់អាវុធ គួរតែទទួលខុសត្រូវ ដោយមានតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សា។ ក្រុមមេដឹកនាំអាស៊ានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាគឺជាកម្លាំងយោធាដ៏ធំបំផុតតែមួយគត់នៅក្នុងមីយ៉ាន់ម៉ា។
គួររំឭកផងដែរថា មេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះទេ ដោយសារតែគ្មានភាពជឿនលឿនទៅមុខនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលមានបំណងជំរុញឲ្យមានការបញ្ចប់អំពើហិង្សា និងការធ្វើឲ្យមានកិច្ចសន្ទនារវាងក្រុមយោធា និងចលនាប្រឆាំងនឹងការធ្វើរដ្ឋប្រហារ។
ប្រមុខដឹកនាំប្រទេសអាស៊ានបញ្ជាក់ទៀតថា អាស៊ាននឹងអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងដៃគូខាងក្រៅជួយក្នុងកិច្ចខិតខំប្រឹងប្រែងឲ្យមានការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ហើយអាស៊ាននឹងត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ៕
មេដឹកនាំប្រទេសអាស៊ានបញ្ជាក់ជាថ្មីនូវការតាំងចិត្តដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
ភ្នំពេញ —