លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់តម្រុយពីចំណុចសំខាន់ៗនៅក្នុងការចរចាជាមួយនឹងមេដឹកនាំយោធាប្រទេសមីយ៉ាន់ម៉ា ដោយលោកថានឹងផ្តោតលើការឈប់បាញ់គ្នារវាងភាគីនានា ជាដំបូងមុនពេលវាក្លាយជាសង្គ្រាមស៊ីវិលពេញបន្ទុក។
លោកហ៊ុន សែនបានថ្លែងនៅក្នុងកម្មវិធីមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធថា៖
«ខ្ញុំថាចរចាត្រូវគ្នាឬមិនត្រូវគ្នាខ្ញុំបបួលឈប់បាញ់សិនព្រោះវាដើម្បីចំណេញសាច់ឈាមកុំឲ្យមនុស្សស្លាប់កុំឲ្យមនុស្សរបួស។ ជំនួយមនុស្សធម៌បានដឹកទៅដល់មីយ៉ាន់ម៉ាប៉ុន្តែអត់ទាន់បានចែក។ អ៊ីចឹងត្រូវរកវិធីចែកជំនួយឲ្យបានដល់គ្រប់ទីកន្លែងដោយគ្មានការរើសអើង»។
លោកហ៊ុន សែនស្នើឲ្យភាគីនានានៅមីយ៉ាន់ម៉ាគោរពតាមធម្មនុញ្ញអាស៊ាននិងគោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ានដែលបានព្រមព្រៀងជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាកាលពីខែមេសាឆ្នាំ២០២១ នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កុងសង់ស៊ីសទាំង៥ចំណុចនោះមានការបញ្ឈប់ហិង្សាជាបន្ទាន់ការសន្ទនាជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយសន្តិភាពការសម្របសម្រួលដោយប្រធានអាស៊ានផ្តល់ជំនួយមនុស្សធម៌និងទស្សនកិច្ចដោយបេសកជនពិសេសមួយរូប។
លោក ហ៊ុន សែន បានបន្ថែមថា៖
«សភាពការណ៍នៅមីយ៉ាន់ម៉ាវាមិនសាមញ្ញដូច្នេះយើងក៏ត្រូវប្រើវិធានការមិនសាមញ្ញដែរ»។
លោកហ៊ុន សែននឹងធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រទី៧ ខែមករា ហើយគ្រោងស្នាក់នៅទីនោះចំនួន១ថ្ងៃ។ លោកអះអាងពីការប្តេជ្ញាចរចារហូតដល់សម្រេចកិច្ចការធំដុំមុនពេលចាកចេញពីប្រទេសមីយ៉ាន់ម៉ាមកវិញបើទោះបីជាត្រូវពន្យារពេលបន្ថែមមួយថ្ងៃឬពីរថ្ងៃទៀតក៏ដោយ។ ប៉ុន្តែទន្ទឹមគ្នានោះលោកក៏បានស្នើកុំឲ្យធ្វើការសន្និដ្ឋានណាមួយមុននឹងដំណើរទស្សនកិច្ចនោះឬរំពឹងហួសហេតុពេក។
ក្រុមយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់អ្នកស្រី អោង សានស៊ូជីកាលពីដើមខែកុម្ភៈឆ្នាំ២០២១។ អ្នកគាំទ្រនៃចលនាប្រជាធិបតេយ្យបានធ្វើបាតុកម្មតវ៉ាជាច្រើនប៉ុន្តែបានរងការបង្ក្រាបយ៉ាងឃោរឃៅពីក្រុមសន្តិសុខ។ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ(Assistance Association for Political Prisoners)របស់ក្រុមពលរដ្ឋមីយ៉ាន់ម៉ានៅក្រៅប្រទេសរាយការណ៍ថារហូតមកដល់ថ្ងៃពុធនេះមានពលរដ្ឋភូមាចំនួនជាង១៤០០នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារយ៉ាងហោចណាស់១០០នាក់និងចំនួនជាង១១ ៣០០នាក់ត្រូវចាប់ដាក់ពន្ធនាគារនិងចោទប្រកាន់។ អ្នកប្រឆាំងមួយចំនួនបានរត់ចោលផ្ទះសម្បែងនិងអ្នកខ្លះសម្រេចចាប់កាន់អាវុធដើម្បីតស៊ូប្រដាប់អាវុធ។
នៅមុនដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាមានគ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះនៅក្បែរស្ថានទូតខ្មែរនៅប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់សារព័ត៌មានក្នុងប្រទេសកម្ពុជាថាគ្រាប់បែកនោះបានផ្ទុះកាលពីថ្ងៃសុក្រសប្តាហ៍មុនដែលមានចម្ងាយ១០០និង១៥០ម៉ែត្រក្បែរស្ថានទូតកម្ពុជា។
លោកហ៊ុន សែនបានបញ្ជាក់ថា៖
«ឥឡូវហិង្សាវាមិនមែនកើតតែពីខាងរដ្ឋាភិបាលទេ។ វាកើតពីខាងអ្នកព្រៃដើរដាក់គ្រាប់បែកព្រមទាំងដាក់គ្រាប់បែកក្បែរស្ថានទូតយើងទៅទៀត។ ពីមុនដាក់នៅស្ថានទូតបណ្តោយប៉ុន្តែរកឃើញដោះទាន់រួចហើយមានផ្ទុះគ្រាប់បែកពីរគ្រាប់»។
លោកហ៊ុន សែនបានបន្ថែមទៀតថា៖ «អ៊ីចឹងទេគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់ហិង្សា។
មានការតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងនៅក្រៅប្រទេសដោយក្រុមបាតុករដែលយល់ថាជាការផ្តល់ភាពស្របច្បាប់ដល់របបយោធា។ បាតុករបានស្នើឲ្យដកឋានៈប្រធានប្តូរវេនរបស់អាស៊ានចេញពីកម្ពុជា។ និស្សិតមួយចំនួនបានដុតរូបថតលោកហ៊ុន សែន។
បណ្តុំអង្គការសិទ្ធិមនុស្សកម្ពុជានិងមីយ៉ាន់ម៉ាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសចំនួន១៩៥បានថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារពួកគេទាមទារឲ្យមានដំណោះស្រាយដោយមានការចូលរួមពហុភាគីពីអន្តរជាតិគឺមិនមែនដោយមនុស្សតែម្នាក់ដូចលោកហ៊ុន សែនទេ។
លោកAung Moe Winស្ថាបនិកនៃក្រុមគាំទ្រចលនាប្រជាធិបតេយ្យនៅភូមា (Support the Democracy Movement in Burma) ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍បានបញ្ជាក់ប្រាប់វីអូអេខេមភាសានៅថ្ងៃពុធនេះថា៖
«មានការប្រឆាំងយ៉ាងទូលំទូលាយចំពោះដំណើរទស្សនកិច្ចរបស់គាត់ហើយដូច្នេះប្រជាជនមិនត្រឹមតែប្រយុទ្ធជាមួយមេទ័ពទេហើយពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងជនផ្តាច់ការទាំងអស់និងអំពើខុសឆ្គងទាំងអស់ដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ម្យ៉ាងទៀតគេក៏មិនចង់ឲ្យជនផ្តាច់ការដូចហ៊ុន សែន មកគាំទ្រគ្នានៅស្រុកយើងដែរ»។
លោក Aung Moe Win បានហៅជំហររបស់លោក ហ៊ុន សែនដែលបន្ទោសក្រុមអ្នកតស៊ូថាធ្វើឡើងដោយផ្អែកលើព័ត៌មានលម្អៀងទៅខាងក្រុមយោធា៖ «ខ្ញុំមិនយល់ស្របនឹងការលើកឡើងរបស់គាត់ទេ។ គាត់បន្ទោសអ្នកប្រយុទ្ធដើម្បីសេរីភាពដែលកំពុងព្យាយាមយកលទ្ធិប្រជាធិបតេយ្យ និងសេរីភាពមកវិញ។ ជនល្មើសគឺមកពីពួកយោធាហើយប្រជាជនមីយ៉ាន់ម៉ាតស៊ូដោយសន្តិវិធីដោយអហិង្សាហើយយោធាជាអ្នកចាប់ផ្តើមអំពើហិង្សាជិះជាន់លើប្រជាជនហើយប្រជាជនត្រូវទប់ទល់ដោយការកាន់អាវុធប្រឆាំងនឹងយោធាដើម្បីសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ»។
អ្នកស្រី Khin Ohmar ប្រធានក្រុមប្រឹក្សានៃអង្គការ Progressive Voice ដែលជាអង្គការលើកកម្ពស់សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានប្រាប់វីអូអេខេមភាសាថាពលរដ្ឋមិនជឿលើជំហររបស់លោកហ៊ុន សែនទេហើយថាលោកបានលម្អៀងទៅលើក្រុមយោធាដែលឆក់ប្លន់អំណាចដោយខុសច្បាប់។
អ្នកស្រី Khin Ohmar យល់ថាទង្វើរបស់លោកហ៊ុនសែនគឺបង្ហាញពីកង្វះការយល់ដឹងពីស្ថានការណ៍ជាក់ស្តែងនៅក្នុងប្រទេសដែលប្រើវិធីការទូត«បែបខូវប៊យ»ដោយធ្វើការម្នាក់ឯង។
អ្នកស្រីបានបន្ថែមថា៖ «សម្រាប់យើងជាប្រជាជនមីយ៉ាន់ម៉ាប្រសិនបើគាត់ប្រកាន់យកវិធីបែបនេះហើយប្រសិនបើគាត់កំពុងប្រមាថប្រជាជនដែលកំពុងតស៊ូយ៉ាងលំបាកក្នុងកណ្តាប់ដៃរបស់របបយោធាដ៏សាហាវឃោរឃៅនេះគឺគាត់មិនមកជួយទេ។ គាត់កំពុងធ្វើបាបប្រជាជនច្រើនជាង។ គាត់កំពុងធ្វើឲ្យពួកយោធាកាន់តែព្រហើន។ តាមពិតគាត់បានផ្តល់ភាពស្របច្បាប់ដល់របបយោធាដោយថែមទាំងហៅរបបយោធាថាជារដ្ឋាភិបាល។ ដូច្នេះគាត់ពិតជាមានន័យថា គាត់នឹងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់យោធាលើប្រជាជនមីយ៉ាន់ម៉ា ហើយគាត់ត្រូវប្រយ័ត្នប្រយែង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអំពាវនាវជាមុនដល់ពលរដ្ឋមីយ៉ាន់ម៉ាដោយសួរថាតើពួកគេចង់ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលឬយ៉ាងណា។
លោកហ៊ុន សែនបានបន្ថែមថា៖
«អីចឹងទេការណ៍ដែលខ្ញុំទៅនេះគោលបំណងខ្ញុំគឺគ្មានផលប្រយោជន៍អ្វីទេ។ ប្រទេសកម្ពុជាតូចជាងប្រទេសមីយ៉ាន់ម៉ាច្រើនដងហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដងប៉ុន្តែយើងចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ»៕