ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា ​វិបត្តិ​នៅ​មីយ៉ាន់​ម៉ា​អាច​ជា​បញ្ហា​ក្តៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ភ្នំពេញ


រូបឯកសារ៖ ជនជាតិ​មីយ៉ាន់ម៉ា​រស់​នៅ​ក្នុង​ប្រទេស​ថៃ​កាន់​រូប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុង​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ ជនជាតិ​មីយ៉ាន់ម៉ា​រស់​នៅ​ក្នុង​ប្រទេស​ថៃ​កាន់​រូប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុង​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រុម​អ្នកវិភាគ និងស្រាវជ្រាវ​នៅ​ប្រទេស​កម្ពុជា​បាន​លើកឡើង​នៅក្នុង​សប្តាហ៍​នេះ​ថា​ វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ​អាស៊ាន​ អាច​នឹង​ជា​បញ្ហា​ចាំបាច់​ដែល​ក្រុម​មេដឹកនាំ​សមាគម​អាស៊ាន និង​មេដឹកនាំ​ឯទៀត ពិភាក្សា​គ្នា​នា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ដែល​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ ចាប់ពីថ្ងៃទី​ ១០​ ដល់​ថ្ងៃ ទី​ ១៣ ខែ​វិច្ឆិកា​ ហើយ​និង​មាន​ការ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​ពិភពលោក​ និង​តំបន់​ ក្នុងនោះ​រួម​មាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​និង​ជា​អ្នកវិភាគ​នយោបាយ​កម្ពុជា ប្រាប់​វីអូអេ​ថា​បញ្ហា​នានាៗ ក្រៅ​ពី​រឿង​ផ្ទៃ​ក្នុង និង​ជំហរ​រួម​គ្នា​របស់​អាស៊ាន​ មិន​អាចស្ថិត​ក្នុង​របៀបវារៈ​អាទិភាព​ ដែល​ក្រុម​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ៩ និង​ដៃ​គូ​សន្ទនា​អាស៊ាន​លើក​យក​មក​ដាក់​លើតុ​ប្រជុំ​នោះ​ឡើយ។ ដូច្នេះ​លោក​ជឿថា ​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​នៅ​មីយ៉ាន់ម៉ា​ ឬភូមា​ អាច​ជា​បញ្ហា​ចម្បង​ ដែល​ក្រុម​មេដឹកនាំ​នឹង​លើក​យក​មក​ពិភាក្សា។

លោក​ថ្លែង​ថា៖ «បញ្ហា​សំខាន់​ដែល​លើក​ឡើង​ ទី ១ ​គឺ​បញ្ហា​អាស៊ាន​ខ្លួន​ឯង​ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ាន​ អាហ្នឹង​ប្រហែល​ជា​ចាំបាច់​ត្រូវ​លើក​យក​មក​ជជែក​ ពាក់​ព័ន្ធ​បញ្ហា​ភូមា។ ទី ២ គេ​ហៅ​ថា​ លម្ហ​ប្រជាធិបតេយ្យ​សេរីភាព​ហ្នឹង​អាច​ គ្រាន់​តែ​លើក​មក​ពញ្ញាក់​ទេ​ តែ​មិន​ជា​បញ្ហា​ចម្បង​លើក​មក​ជជែក​ទេ។ ចំណុច​មួយ​ទៀត​ គឺ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ហ្នឹង​ គឺ​ពាក់​ព័ន្ធ​នឹង​គេ​ហៅ​ថា​ ក្រៅ​តំបន់​អាស៊ាន​ ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ ក៏​មិន​លើក​មក​ខ្លាំង​ បញ្ហា​សមុទ្រ​តៃវ៉ាន់​ ក៏មិន​លើក​មក​ខ្លាំង​ដែរ»។

របប​យោធាសឹក​នៃប្រទេស​មីយ៉ាន់ម៉ា​ បាន​ទទួល​រង​ការ​រិះគន់​ពីសហគមន៍​អន្តរជាតិ​ចំពោះ​ការ​បន្ត​ប្រើ​ប្រាស់​អំពើហិង្សា​លើ​ក្រុម​ជំទាស់ និង​ការ​ផ្គើន​មិន​ធ្វើ​តាម​នូវការ​ចង់​បាន​របស់​ប្រទេស​សមា​ជិក​អាស៊ាន​ផ្សេង​ទៀត​លើ​កិច្ច​ព្រមព្រៀងឯកច្ឆន្ទ​ ៥ ចំណុច។ កិច្ចព្រមព្រៀង​ដែល​មេដឹក​នាំ​យោធា​ភូមា​ខ្លួន​ឯង​បាន​ទទួល​ស្គាល់​ កាល​ពី​ខែ​មេសា ឆ្នាំ​មុននោះ​ ធ្វើ​ឡើង​ក្នុង​គោលបំណងបញ្ចប់​នូវ​ជម្លោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ ដែល​បាន​ឆ្លងកាត់​រដ្ឋ​ប្រហារ​ដោយ​ក្រុម​យោធា​កាលពីខែ​កុម្ភៈ ឆ្នាំ​២០២១។

លោក វណ្ណ ប៊ុន​ណា អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព យល់​ឃើញថា​ ជម្លោះ​នៅភូមា​ដែល​អូស​បន្លាយ​មក​ជិត​ពីរ​ឆ្នាំនេះ​ នឹងមិនត្រូវ​បាន​មើល​រំលង​ដោយ​ក្រុម​មេដឹកនាំ​ដែល​នឹងជួបប្រជុំ​ និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​នា​សប្តាហ៍​នេះ។

លោកប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា៖ «បញ្ហា​ភូមា​ហ្នឹង​ វាគឺ​ជា​បញ្ហា​ដែល​ក្តៅ។ ក្តៅ​ដោយសារ​កន្លង​ទៅ​ថ្មីៗ​នេះ​ រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​អាស៊ាន​ ទាំង​ ៩ ហ្នឹងបាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ហ្សាការតា ឥណ្ឌូណេស៊ី​ហ្នឹង​ ពិភាក្សា​គ្នា​អំពី​ការ​ពិនិត្យ​ឡើង​វិញ​អំពី​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ចំនួន​ ៥​ ចំណុច​ហ្នឹង​ និង​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​យោធា​ភូមា។ ប៉ុន្តែ ដោយ​សារ​វា​មាន​ខ្វែង​គំនិត​គ្នា​ ដោយ​សារ​ប្រទេស​សិង្ហបុរី​ ឥណ្ឌូណេស៊ី​អីហ្នឹង​ ពួកគាត់​ចង់​ព្រមាន​ប្រើ​ប្រាស់​ ក៏ដូច​ជា​ការ​ហៅ​ថា​ យន្តការ​ធម៌​ក្តៅ​ គឺ​ថាតើ​មិន​អញ្ជើញ​សូម្បី​តំណាង​មិន​មែន​នយោបាយ​ហ្នឹង? [ឬ] ក៏លែង​ចង់​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ថែម​ទៀត​ហើយ»។

លោក​បន្ថែម​ថា​៖ «ហើយ​មួយ​ទៀត​ អំពី​ថា​តើ​គួរតែ​មាន​ការ​ព្យួរ​សមាជិក​ភាព​អត់? ប៉ុន្តែ​ បណ្តា​ប្រទេស​នៅ​ដីកោះ​ មាន​កម្ពុជា​ វៀតណាម​ ថៃ​អីហ្នឹង​ មិន​យល់​ស្រប​ទៅ​លើ​គំនិត​ហ្នឹង​ ហើយ​ទាក់​ទង​នឹង​បញ្ហា​ហ្នឹង​ គឺ​លើក​រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន​ហ្នឹង​ គឺ​លើក​ឱ្យ​លើក​បញ្ហា​ហ្នឹង​ មក​ដាក់​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​ ដែល​ធ្វើនៅ​កម្ពុជា​ហ្នឹង​»។

វីអូអេព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ​ជុំ សុន្ទរី​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ តែ​មិនទាន់​មាន​ការ​ឆ្លើយ​តប​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។

គួរបញ្ជាក់​ថា នៅ​មុនមាន​ជំនួបកំពូល​អាស៊ាន​នៅទីក្រុង​ភ្នំពេញ​ ឆ្នាំ​ ២០២២ នេះ​ បញ្ហា​ភូមា​ត្រូវបាន​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ ព្យាយាម​រក​ដំណោះ​ស្រាយ​ ដើម្បី​ឱ្យភាគី​ទំនាស់​ក្នុង​ប្រទេស​ដែល​ដឹកនាំ​ដោយ​ពួកយោធា​នេះ​ ងាកមក​ស្រុះស្រួល​គ្នា​ បញ្ចប់​ការ​ប្រើប្រាស់​អំពើហិង្សា និង​អរិភាព​ផ្សេង​ទៀត​ ដែលបាន​កើត​ឡើង​ ក្រោយ​រដ្ឋប្រហារ​របស់​ពួកយោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោតដឹកនាំ​ដោយគណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អោង សានស៊ូជី​ កាល​ពីឆ្នាំមុន។

នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ឱ្យ​មានសន្តិភាព​នៅ​ប្រទេស​ភូមា មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២១ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​កិច្ចព្រម​ព្រៀង ៥​ ចំណុច ​ដែល​ក្នុង​នោះ​ រួម​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​ និង​ការ​ធ្វើ​ឱ្យមាន​កិច្ច​សន្ទនា​រវាង​ក្រុម​យោធា និង​ចលនា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ។​

យ៉ាង​ណាក៏ដោយ​ ក្រោយ​ការ​ជួប​គ្នាលើក​ចុងក្រោយ​របស់​ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ លើក​លែង​តែ​មីយ៉ាន់​ម៉ា​ នៅ​ទីក្រុង​ហ្សាការតា កាលពី​ថ្ងៃទី​ ២៧ ខែ​តុលា​ ឆ្នាំ ២០២២ កន្លង​ទៅនោះ​ ការ​ស្វែងរកដំណោះ​ស្រាយ​សម្រាប់​វិបត្តិ​នៅ​ភូមា​ គ្មាន​ការ​ជឿន​លឿន​ទៅ​មុខ​នោះ​ទេ។ ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ ជា​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នាទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ីនោះ​ តំណាង​កម្រិត​មិន​មែន​នយោបាយ​របស់​មីយ៉ាន់​ម៉ា​ ដែលត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ ក៏គ្មាន​ការ​ឆ្លើយ​តបជា​វិជ្ជមាន​នោះ​ឡើយ។

បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ស្តីពី​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ចុះថ្ងៃទី ២៧ខែ​តុលា​ ស្ថានការណ៍​ជាក់​ស្តែង​នៅ​មីយ៉ាន់ម៉ា​ នៅតែ​«មានភាព​ដុន​ដាប​ និង​ផុយ​ស្រួយ»​ ហើយ​នេះ​មិន​មែន​ដោយ​សារ​កង្វះ​ការ​ប្តេជ្ញាចិត្ត​ និង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​អាស៊ាន​ និង​ប្រេសិត​ពិសេស​នោះទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ភាព​ស្មុគស្មាញ​ និង​ភាព​លំបាក​នៃ​ជម្លោះ​អូសបន្លាយ​រាប់​ទសវត្សរ៍​របស់​មីយ៉ាន់​ម៉ា​ ដែល​ធ្វើ​ឱ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​ដោយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន។

បើទោះបី​ស្ថានភាពនៅមិន​ប្រសើរ​ឡើង​ក្តី​សម្រាប់​ជម្លោះ​នយោបាយ​នៅ​មីយ៉ាន់ម៉ា​ សេចក្តី​ថ្លែង​ការណ៍​ប្រធានអាស៊ាន​លើក​ឡើង​ថា៖ «ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ចម្បង​ទាំង​នេះ​ យ៉ាង​ណាក្តី​ ក៏អង្គប្រជុំ​បាន​ឯកភាព​ថា​ អាស៊ាន​មិន​គួរ​បាក់​ទឹក​ចិត្ត​ ហើយ​គួរ​តែ​បង្កើន​ការ​ប្តេជ្ញាចិត្ត​បន្ថែម​ទៀត​ ដើម្បី​ជួយ​មីយ៉ាន់ម៉ា​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​សន្តិ​វិធី​ ឱ្យ​បាន​ឆាប់​បំផុត»។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ថែមថា​ ការ​សម្រេច​ចិត្ត​ក្នុង​អាស៊ាន​នៅ​តែ​ផ្អែក​លើ​ការ​ពិគ្រោះ​យោបល់​ និង​កុង​សង់ស៊ីស​ ឬការ​យល់​ស្របគ្នា​ ហើយ​គោលការណ៍​ជា​មូលដ្ឋាន​ ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ ត្រូវ​តែ​នៅជា​វិធីសាស្ត្រ​នាំផ្លូវ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​អាស៊ាន​ ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​នៅ​មីយ៉ាន់ម៉ា៕

XS
SM
MD
LG