ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលមេដឹកនាំពិភពលោក ដែលនឹងមកចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះមានរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ដែលមានការរំពឹងថានឹងពិភាក្សាលើបញ្ហាប្រឈមធំៗដែលត្រូវពិភាក្សា រួមមានវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កិច្ចសហប្រតិបត្តិការក្នុងតំបន់ សេដ្ឋកិច្ចក្នុងវិបត្តិកូវីដ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងបញ្ហាសកលលោកផ្សេងៗទៀត។
កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេន ទទួលរៀបចំកិច្ចការនេះ ក្នុងរយៈពេល ១០ ឆ្នាំម្តង មានតួនាទីក្នុងការសម្របសម្រួលឱ្យមានការពិភាក្សាលើបញ្ហាទាំងនេះ។
ក្នុងរយៈពេលបួនថ្ងៃនៃកិច្ចប្រជុំនេះ នឹងមានកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី ២៥ កិច្ចប្រជុំកំពូលរំឭកខួប ៣០ ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ២ កិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែវិច្ឆិកា។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគីជាមួយប្រតិភូមួយចំនួនផងដែរ រួមមានជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang)។ ក៏ប៉ុន្តែ គេមិនទាន់ដឹងថានឹងមានជំនួបទ្វេភាគីរវាងមេដឹកនាំកម្ពុជា និងសហរដ្ឋអាមេរិក ឬយ៉ាងណានោះទេ។ រហូតមកដល់ថ្ងៃចន្ទនេះ មិនទាន់មានការបញ្ជាក់ពីភាគីរុស្ស៊ីថា តើនឹងចូលរួមកិច្ចប្រជុំនេះឬយ៉ាងណា។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបាននៅឡើយទេ។
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏នឹងមកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនេះដែរ។ លោកនឹងថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំអាស៊ាន ដោយផ្តោតលើការវិវឌ្ឍថ្មីក្នុងតំបន់ និងពិភពលោក ភាពអាសន្ននៃការប្រែប្រួលអាកាសធាតុ និងស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់ពីកិច្ចប្រជុំក្នុងប្រទេសកម្ពុជា លោកនឹងធ្វើដំណើរទៅកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬ G-20 ដែលលោកនឹងថ្លែងអំពីសន្តិសុខអាហារ ថាមពល និងបញ្ហាសុខភាព។
កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២នេះ បានសម្រេចមិនអញ្ជើញប្រទេសមីយ៉ាន់ម៉ា ឬភូមា ដែលជាសមាជិកអាស៊ាន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានទេ ក្រោមហេតុផលថា ប្រទេសដែលដឹកនាំដោយរបបយោធានេះ នៅតែមិនធ្វើឱ្យមានភាពចម្រើនទៅមុខនៃការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា វិបត្តិនៅមីយ៉ាន់ម៉ានឹងក្លាយជាប្រធានបទក្តៅមួយសម្រាប់ការពិភាក្សានាសប្តាហ៍នេះ។
លោកបញ្ជាក់ថា៖ «អ្វីដែលយើងដឹង ដំណើរការតាំងពីដើមទីមក គឺការសម្របសម្រួលជាមួយនឹងថ្នាក់ដឹកនាំយោធា [មីយ៉ាន់ម៉ា] ក្នុងកិច្ចអនុវត្ត ៥ ចំណុច Consensus របស់អាស៊ានលើកឡើង គឺអាហ្នឹងមួយមិនបានសម្រេចទេ អាហ្នឹងយើងមើលឃើញ។ របៀបវារៈផ្សេងទៀត ខ្ញុំអត់ដឹងទេ»។
លោក ផៃ ស៊ីផាន បញ្ជាក់ថា លោកក៏មិនទាន់ដឹងថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងមកចូលរួមកិច្ចប្រជុំអាស៊ានឬអត់ទេ រហូតមកដល់ថ្ងៃចន្ទនេះ។ លោកក៏មិនទាន់អាចបញ្ជាក់ថា តើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ដែរឬយ៉ាងណា។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា មើលឃើញថា កិច្ចប្រជុំអាស៊ាន ជាពិសេសកិច្ចប្រជុំអាស៊ីបូព៌ា នាពេលខាងមុខនេះ ប្រហែលជាមិនសូវមានភាពតានតឹងប៉ុន្មានទេ ដោយសារប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទំនងមិនចូលរួមកិច្ចប្រជុំនេះទេ។
ដោយឡែក ក្នុងកិច្ចប្រជុំអាស៊ាន លោកថាអាចនឹងពិភាក្សាលើប្រធានបទសមុទ្រចិនខាងត្បូងដែលបញ្ហានេះនៅតែជាបញ្ហាក្តៅ បើទោះបីជាឧត្តមមន្ត្រី ក៏ដូចជារដ្ឋមន្ត្រីការបរទេសបានចរចាគ្នាច្រើនលើក និងការយល់គ្នាបានច្រើន ប៉ុន្តែក៏មិនរំពឹង ក្រមប្រតិបត្តិចិនខាងត្បូង COC (Code of Conduct for the South China Sea) នឹងអាចចុះហត្ថលេខានៅឆ្នាំនេះ ដែលកម្ពុជាជាប្រធានអាស៊ានដែរ។
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ លោក វណ្ណ ប៊ុនណា យល់ថា កម្ពុជាដែលជាប្រធានអាស៊ានគួរតែរក្សាគោលជំហរអព្យាក្រឹត ដោយមិនប្រកាន់ការគាំទ្រទៅចិន ឬភាគីអាស៊ាន តែត្រូវផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍របស់អាស៊ាន។
លោកបន្ថែមថា៖ «កម្ពុជាគួររក្សាគោលជំហរអព្យាក្រឹតបញ្ហាសមុទ្រចិនខាងត្បូង ដោយមិនប្រកាន់គាំទ្រចិន ឬភាគីអាស៊ាន ក៏ប៉ុន្តែផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ ជាពិសេសច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជាច្បាប់អន្តរជាតិមួយចំនួនទៀតផងដែរ ហើយនិងតាមគោលការណ៍របស់អាស៊ាន ក៏ដូចជាផ្អែកទៅលើរដ្ឋធម្មនុញ្ញអាស៊ានផងដែរ»។
លោកបន្ថែមថា ក្នុងកិច្ចប្រជុំអាស៊ាន អាចមានភាពតានតឹងមួយចំនួនដែរ ជាពិសេសការសម្របសម្រួលយន្តការការទូត ដើម្បីឱ្យភាគីទាំងអស់ចេញជាសេចក្តីថ្លែងការណ៍រួមបាន។ ដូច្នេះលោកថា រឿងសំខាន់ កម្ពុជាជាប្រធានអាស៊ានត្រូវសម្របសម្រួលក្នុងអង្គប្រជុំឱ្យបានល្អ ដើម្បីអាចចេញសេចក្តីថ្លែងការណ៍មួយបាន។
ជម្លោះនៅសមុទ្រចិនខាងត្បូងបានក្លាយជាបញ្ហាចម្រូងចម្រាសរាប់ទសវត្សរ៍មកហើយរវាងប្រទេសចិន និងសមាជិកមួយចំនួនរបស់អាស៊ាន រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
កាលពីឆ្នាំ ២០១២ ដែលពេលនោះកម្ពុជាធ្វើជាប្រធានអាស៊ាន សមាគមថ្នាក់តំបន់មួយនេះមិនអាចចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៤៥ ឆ្នាំរបស់ខ្លួន។ ការណ៍នេះដោយសារតែគេមើលឃើញថា កម្ពុជាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិន បានរារាំងមិនឱ្យបញ្ចូលខ្លឹមសារធ្ងន់ៗស្តីពីជម្លោះសមុទ្រចិនខាងត្បូងចូលក្នុងសេចក្តីថ្លែងការណ៍រួម។
បើតាមក្រសួងការបរទេសកម្ពុជា នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនទៅលោក ចូកូ វីដូឌូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងក្លាយជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។
ដោយឡែកទាក់ទងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ ដោយបញ្ចៀសចរាចរណ៍ចំពោះយាន្តយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថីសំខាន់ៗមួយចំនួន ក្នុងអំឡុងពេលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំនៅសណ្ឋាគារសុខាភ្នំពេញ។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានលោក ផុស សុវណ្ណ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនឹងមកយកព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺមានចំនួនប្រមាណ ១.៧០០ នាក់ ដោយក្នុងនោះអ្នកសារព័ត៌មានបរទេសជិត ១.០០០ នាក់ ដែលមកពីប្រទេសជាង ៣០ ប្រទេស។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានទេថា មានស្ថាប័នសារព័ត៌មានចំនួនប៉ុន្មាននោះ ដោយលោកត្រឹមតែបញ្ជាក់ថា ស្ថាប័នសារព័ត៌មាន មានចំនួនច្រើន៕