ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋនិងសកម្មជន​មួយ​ចំនួន​ផ្តល់​មតិ​ចម្រុះ​ជុំវិញ​វត្តមានលោក​ប្រធានាធិបតី ​Biden ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ដឹង​តិចតួច​អំពី​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ខណៈ​ពួក​គេ​គិត​គូរ​ជា​សំខាន់​លើការ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។

ក៏​ប៉ុន្តែ ពួកគេ​និយាយ​ថា ​វត្តមាន​របស់​លោក​ Biden ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​បង្ហាញ​ពី​ការ​រក្សា​បាន​សន្តិសុខ​ និង​សន្តិភាព​ ពេញ​លេញ​សម្រាប់​ប្រទេស​កម្ពុជា។

រីឯសកម្មជន​មួយ​ចំនួនយល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ តែ​ថា​មេ​ដឹក​នាំ​សហរដ្ឋអាមេរិក​អាច​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​ ក្នុង​ការ​ជួយ​សម្រាល​ការ​រឹតត្បិត​សិទ្ធិ និង​លម្ហ​ស៊ីវិល​ ដែល​កំពុង​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេ​យ្យ​នៅ​ប្រទេសកម្ពុជា​ស្ថិត​ក្នុង​ភាពមិន​ច្បាស់​លាស់។

លោក ហម ពៅ អាយុ​ ៣១ ឆ្នាំ​ ជា​អ្នករត់​ម៉ូតូកង់បី​ នៅមុខ​អាកាសយាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និយាយ​ថា ​វត្ត​មាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា មិនស្ថិត​ក្នុង​ការ​តាម​ដាន​របស់​លោក​ប៉ុន្មាន​ទេ ដោយ​លើក​ហេតុផល​ថា ​លោក​ជាប់​រវល់​ក្នុងការ​រក​ប្រាក់​ចិញ្ចឹមកូន​ ៣ នាក់​ក្នុង​បន្ទុក។ ទោះ​យ៉ាង​ណាក្តី ក៏​លោក​ថាជា​មោទន​ភាព​សម្រាប់​ប្រទេស​កម្ពុជា​ នៅ​ពេល​លោក Joe Biden និង​មេដឹកនាំ​ឯទៀតមក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នក​រត់​ម៉ូតូ​កង់​បី​លោក​ ហម​ ពៅ​ និយាយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ)​ នៅជាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី​៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​
អ្នក​រត់​ម៉ូតូ​កង់​បី​លោក​ ហម​ ពៅ​ និយាយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ)​ នៅជាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី​៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​

បើ​តាម​លោក ហម ពៅ​ វត្តមាន​របស់​លោក​ Biden ក៏​បង្ហាញ​ពី​ស្ថិរភាព​ និង​សន្តិសុខ​ពេញ​លេញ​ក្នុង​ប្រទេស។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទនេះ​ថា៖ «គាត់​មក​អ៊ីចឹង​ រៀង​អរ​ មាន​អារម្មណ៍​សប្បាយ​ចិត្ត​ដែរ​ ប្រទេស​អាច​មាន​មោទនភាព​ដែល​ដូចថា នាយក​រដ្ឋមន្ត្រី​[ប្រធានាធិបតី​]ដែល​មាន​មុខមាត់​ ដែល​ធំ​លើ​លោក​ ពិភពលោក​អ៊ីចឹង​ គាត់​ចូល​មក​ទឹក​ដី​យើង​ គឺ​ជា[ការ]​ល្អអ៊ីចឹង​ដែរ»។

អ្នករត់​ម៉ូតូកង់​បីរូបនេះ​រំពឹង​ថា​ ទាំង​ប្រធានាធិបតី​ និង​មេដឹកនាំ​ផ្សេង​ទៀត​ ក៏គួរ​បន្ត​ជួយ​ប្រជាជន​ខ្មែរ​ ឱ្យ​មាន​ជីវភាពរស់​នៅ​សមរម្យ។

លោក ហម ពៅ បន្ថែម​ថា​៖ «គឺ​និយាយ​រួម​ទៅ​ ចង់​ឱ្យ​គាត់​ហ្នឹង​ ជួយ​ដំណោះ​ស្រាយ​ប្រជាពលរដ្ឋ​ទាំង​អស់​ ឱ្យគាត់​មាន​ប្រាក់​ខែសមរម្យ​ ឱ្យ​គាត់​មាន​មុខរបរ​ត្រឹម​ត្រូវ​ណាមួយ​ដែល​ស្របច្បាប់​ ដែល​គាត់​អាច​រក​ចំណូល​បាន​ចិញ្ចឹម​គ្រួសារ​បាទ»។

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ទៀត​ គឺ លោក​ស៊ុម សឿន អាយុ​ ៣៦ ឆ្នាំ យល់​ថា វត្តមាន​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​មក​ពី​តំបន់​ផ្សេងៗ​ទៀត​ បង្ហាញ​ថា​ កម្ពុជាជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​ ហើយ​ចង់​ឱ្យ​មេដឹកនាំ​ទាំង​នោះ​មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​បាន​ញឹកញាប់ ដើម្បី​បាន​ដឹង​ពី​ស្ថានភាព​នៃការ​អភិវឌ្ឍ​ជាក់​ស្តែង។

លោក​និយាយ​ថា​៖ «បើគាត់​មក​ញឹក​ញាប់​ល្អ ចុះមក​មើល​ប្រទេស​យើង​ថា​ការ​រីក​ចម្រើន​យ៉ាង​ណា​ យ៉ាង​ណី»។

ដោយ​ឡែក​ ពលរដ្ឋ​ខ្លះ​ទៀត​ដែល​វីអូអេ​បាន​សម្ភាស​នៅ​ថ្ងៃ​ចន្ទនេះ​ និយាយថា​ ពួកគេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​វត្តមាន​ប្រធានាធិបតី​អាមេរិក​ ឬ​មេដឹកនាំ​ផ្សេង​ទៀត​ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ ក្រោម​ហេតុ​ផល​មមារ​ញឹក​នឹង​ការ​លក់ដូរ។

ពលរដ្ឋ​ម្នាក់​ដើរកាត់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ទទួល​ស្វាគមន៍​ប្រតិភូ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ត្រូវ​បាន​ដំឡើង​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​ចតុមុខ​ ក្បែរ​ព្រះបរមរាជវាំង ថ្ងៃអាទិត្យ​ ទី​៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ​)​ ​
ពលរដ្ឋ​ម្នាក់​ដើរកាត់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ទទួល​ស្វាគមន៍​ប្រតិភូ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ត្រូវ​បាន​ដំឡើង​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​ចតុមុខ​ ក្បែរ​ព្រះបរមរាជវាំង ថ្ងៃអាទិត្យ​ ទី​៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ​)​ ​

អាជីវករ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ ​អ្នកស្រី ពុធ កែវ និយាយ​ថា​៖ «និយាយ​ទៅ​ អត់​ដឹង​ អត់​ចាប់​អារម្មណ៍ ចង់​និយាយ​អ៊ីចឹង​ ដោយ​សារ​តែ​អត់​សូវ​បាន​មើល​ព័ត៌មាន​ ដឹង​តែ​លក់​ប៉ុណ្ណឹង​ឯង​ច៎ា!»។ ​

សេតវិមាន​ប្រធានា​ធិបតី​អាមេរិក​ប្រកាស​ឱ្យដឹង​កាលពី​ខែ​តុលា​ថា​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​រយៈពេល​មួយ​សប្ដាហ៍​នៅ​ថ្ងៃ​ទី​ ១១​ ខែ​វិច្ឆិកា​ខាង​មុខ​ ទៅ​កាន់​ប្រទេស​ចំនួន​បី ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលៗ​មួយ​ចំនួន។

អ្នក​នាំពាក្យ​សេតវិមាន ​អ្នកស្រី Karine Jean-Pierre បាន​បញ្ជាក់​ថា ដំបូងលោក Biden នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Sharm el-Sheikh ប្រទេស​អេហ្ស៊ីប​នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​ ដើម្បី​ចូលរួម​នៅ​ក្នុង​សន្និ​សីទ​លើក​ទី ២៧ របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP27) មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ជំនួបកំពូល​អាមេរិក-អាស៊ាន (U.S.-ASEAN Summit) និង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា។ បន្ទាប់​មក លោកប្រធានាធិបតីនឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​Bali នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 ដែល​ជាក្រុម​ប្រទេស​អ្នក​មាន។

សកម្មជន​សង្គម​មួយ​រូបនៃ​សមាគម​និស្សិត​បញ្ញវន្តខ្មែរ​ គឺ​កញ្ញា​ សូ មេត្តា​ មើល​ឃើញ​ពី​បញ្ហា​នៃ​ការ​រឹតត្បិត​សិទ្ធិពលរដ្ឋ​ក្នុង​ការ​ជួបជុំ​ប្រមូលផ្តុំ​សម្តែង​មតិ​ និង​គំនាបលើសកម្មជន​នយោបាយ​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា ដែល​កញ្ញា​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​កិច្ចអន្តរាគមន៍។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​មាន​ការ​រំភើប​ដែរ​ ដែល​បាន​លោក​អញ្ជើញ​មក​ប្រជុំ​អាស៊ាន​កំពូល​នៅ​ក្នុង​ប្រទេ​កម្ពុជា។ ខ្ញុំយល់​ឃើញ​ថា​ បើ​សិន​ជា​លោក​អញ្ជើញ​មក​ក្នុង​ឱកាស​នេះ​ វា​ជា​ឱកាស​ល្អ​ដែរ​ ព្រោះ​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​ចាប់​ចង​...អ៊ីចឹង​វា​ជា​ឱកាស​ល្អ​ដែល​ប្រជា​ពលរដ្ឋ​យើង​បាន​ផ្ញើ​សារ​ទៅ​ដល់​លោក​ លោក​ជួយ​គិត​គូរ​ជួយ​ជំរុញ​រឿង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ទទួល​ស្វាគមន៍​ប្រតិភូ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ត្រូវ​បាន​ដំឡើង​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ក្រុង​ភ្នំពេញ​ ថ្ងៃចន្ទ​ ទី​ ៧ ខែ វិច្ឆិកា​ ឆ្នាំ​ ២០២២​។ (ហ៊ុល រស្មី/វីអូអេ)​
ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ទទួល​ស្វាគមន៍​ប្រតិភូ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ត្រូវ​បាន​ដំឡើង​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ក្រុង​ភ្នំពេញ​ ថ្ងៃចន្ទ​ ទី​ ៧ ខែ វិច្ឆិកា​ ឆ្នាំ​ ២០២២​។ (ហ៊ុល រស្មី/វីអូអេ)​

ប៉ុន្តែ​សម្រាប់​សាស្ត្រាចារ្យ​ និងអ្នក​វិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា​ វត្តមាន​របស់​លោក Joe Biden​ គឺ​មិនស្ថិត​ក្នុង​ក្របខណ្ឌពង្រឹង​ចំណង​ទ្វេភាគី​កម្ពុជា​អាមេរិក​ទេ តែ​នឹងអាចរួមចំណែក​មួយ​ផ្នែក​ដល់​វិស័យ​ទេសចរណ៍ ហើយ​និង​ការ​ពង្រឹង​ភាព​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា៖ «កាល​ណា​គាត់​មក​ស្រុក​ខ្មែរ​ មាន​អត្ថប្រយោជន៍​ច្រើន​ ទី ១ សម្រាប់​វិស័យ​ទេសចរណ៍​ហ្នឹង​ អាច​ជួយ​ promote [លើក​កម្ពស់] ឬក៏ជួយ​ទាក់​ទាញ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ហ្នឹង​មាន​ភាព​រស់​រវើក​ឡើង​វិញ​បាន»។

លោក​រៀបរាប់​បន្ថែម​ថា​៖ «ទី ២ ពាក់​ព័ន្ធ​ទៅ​នឹង​ជំហរ​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​កម្ពុជា​ ពាក់​ព័ន្ធ​នឹង​ជំហរ​អព្យាក្រឹត​ ពង្រឹង​ ឬគេហៅ​ថា​ រក្សា​នូវ​កិច្ច​ព្រមព្រៀង​ដែល​កម្ពុជា​ រួម​ទាំង​អាស៊ាន​ ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​បាន​ព្រម​ព្រៀង​គ្នា​កាលពីថ្ងៃ​ទី ១២​ និង​ទី ១៣​ ខែ​ឧសភា​ ឆ្នាំ​ ២០២២​ នេះ​ នៅ​ទីក្រុង​វ៉ាស៊ីនតោនហ្នឹង​»។

បើតាម​លោក​ឯម សុវណ្ណារ៉ា ដំណើរ​ទស្សនកិច្ច​របស់​លោក ​Biden មក​កម្ពុជា​ បង្ហាញពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​បាន​ភាព​ជា​អ្នក​នៅ​កណ្តាល​របស់​អាស៊ាន​ ក្នុង​ជម្លោះ​នានា​ដែល​កំពុង​កើត​ឡើងក្នុង​តំបន់​អាស៊ី​ និង​តំបន់​ឯទៀត​ រួមមានវិបត្តិ​នៅភូមា ជម្លោះ​នៅ​សមុទ្រ​ចិន​ភាគ​ត្បូង និង​ភាព​តាន​តឹង​នៅ​ច្រក​សមុទ្រតៃ​វ៉ាន់​ជាដើម។

លោក​ថ្លែង​ថា៖ «អាស៊ាន​ ឬ​ក៏សហរដ្ឋអាមេរិកហ្នឹង​ គឺ​ចង់​បាន​ ហៅ​ថា​អនុវត្ត​នូវ​ភាព​ជា​កណ្តាល​របស់​អាស៊ាន​ហ្នឹង គេ​ចង់​បាន​ណាស់​ ចង់​បាន​ថា​ យើង​ដាក់​នូវ​គេ​ហៅ​ថា​ រួម​គ្នា​ដោះ​ស្រាយ​ធ្វើ​ ហើយ​នៅ​ក្នុង​ចំណុច​ហ្នឹង​មាន​គោល​ការណ៍​ សំខាន់​មួយ​គឺ​មជ្ឈភាព​របស់​អាស៊ាន។ អ៊ីចឹង ​ភាព​ជា​កណ្តាល​របស់​អាស៊ាន​ហ្នឹង​ជា​ចំណុច​ដែល​ចាប់​អារម្មណ៍​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន​ ហើយ​ចង់​ឱ្យ​កម្ពុជា ឬ​ក៏​អាស៊ាន​ទាំង​អស់​ហ្នឹង​ រក្សា​ឱ្យបាន​នៅ​កន្លែង​នេះ​ឯង»។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ចាប់​ផ្តើមពី​ថ្ងៃទី ១០​ ដល់​ថ្ងៃទី​ ១៣​ ខែ​វិច្ឆិកា។

នៅ​ក្នុងការរៀបកិច្ច​ប្រជុំ​កំពូល​អាស៊ាន កាលពី​ ១០ ​ឆ្នាំមុន​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ ក៏​បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺ​លោកBarack Obama ដែល​ជា​ប្រធានា​ធិបតី​អាមេរិក​ទី ១ ​ស្ថិត​ក្នុង​តំណែង​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា៕

XS
SM
MD
LG