ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងអះអាងអំពីភាពជាអ្នកដឹកនាំជាសកលរបស់សហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៊ីអាគ្នេយ៍ ស្របដែលពលរដ្ឋអាមេរិកាំងសម្រេចលើស្នាដៃការងារជាប្រធានាធិបតីរបស់លោកតាមរយៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ទី ៨ ខែវិច្ឆិកានេះ។
បញ្ហាប្រឈមផ្នែកគោលនយោបាយបរទេសដែលបានកំណត់ការកាន់តំណែងជាប្រធានាធិបតីរបស់លោក Biden ក្នុងរយៈពេលពីរឆ្នាំដំបូងគឺរួមមានការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន និងការកើនឡើងឥទ្ធិពលរបស់ចិន ដែលនឹងត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលពីរនៅក្នុងតំបន់។ លោក Biden កំពុងត្រៀមសម្រាប់កិច្ចប្រជុំទ្វេភាគីជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ដែលទើបតែកាន់តំណែងក្នុងអាណត្តិថ្មី បន្ទាប់ពីត្រូវបានគេបោះឆ្នោតឱ្យធ្វើជាមេដឹកនាំបក្សកុម្មុយនីស្តចិនអាណត្តិនៅទីបី។
លោក Biden នឹងប្រឈមមុខជាមួយនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសកល នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលជាការជួបជុំប្រចាំឆ្នាំក្នុងចំណោមមេដឹកនាំមកពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗបំផុតនៅក្នុងពិភពលោក។ លោកក៏នឹងព្យាយាមធានាទៅកាន់ប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិកបានវិនិយោគក្នុងតំបន់នេះក្នុងអំឡុងពេលដែលប្រទេសចិនក៏ប្រឹងប្រែងបង្កើនឥទ្ធិពលរបស់ខ្លួន។
កិច្ចប្រជុំកំពូលអាស៊ាននឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ។ ទីក្រុងបាលីប្រទេសឥណ្ឌូណេស៊ីគឺជាកន្លែងដែលកិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅ។
មុននឹងកិច្ចប្រជុំកំពូលនេះ លោក Biden នឹងធ្វើដំណើរទៅកាន់ទីក្រុង Sharm el-Sheikh ក្នុងប្រទេសអេហ្ស៊ីបជាមុនសិនដើម្បីចូលរួមក្នុងសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា COP27។ មិនដូចសន្និសីទឆ្នាំមុននៅក្នុងទីក្រុង Glasgow ប្រទេសស្កុតលែននោះទេ លោកប្រធានាធិបតីនឹងទៅចូលរួមកិច្ចប្រជុំក្នុងឆ្នាំនេះហើយអាចលើកឡើងពីសមិទ្ធផលសំខាន់ៗដែលសម្រេចបាននៅក្នុងសហរដ្ឋអាមេរិក រួមមានការចុះហត្ថលេខាលើច្បាប់កាលពីខែសីហាដែលនឹងផ្តល់នូវការវិនិយោគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ