ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្វើ​ដំណើរ​លើក​ទី​៣​របស់​លោក ​Mugabe​ ទៅ​សិង្ហបុរី​ឆ្នាំ​នេះ​​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​និង​ការ​រិះ​គន់


រូបឯកសារ៖ ប្រធានាធិបតី ស៊ីមបាវ៉េ លោក Robert Mugabe និង​ភរិយា​របស់​លោក គឺ​អ្នក​ស្រី Grace.
រូបឯកសារ៖ ប្រធានាធិបតី ស៊ីមបាវ៉េ លោក Robert Mugabe និង​ភរិយា​របស់​លោក គឺ​អ្នក​ស្រី Grace.

ប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េ ​លោក ​Robert Mugabe ​បាន​ធ្វើ​ដំណើរ​ជា​លើក​ទី​៣ ទៅ​កាន់​ប្រទេសសិង្ហបុរី ចាប់​តាំង​ពី​ខែ​មករា​មក ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​គ្មាន​ការ​គ្រោង​ទុក។ ការណ៍នេះ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខភាពមេ​ដឹក​នាំ​ដ៏​ចំណាស់​មួយ​រូប​ក្នុង​ទ្វីប​អាហ្រិ្វក​ ក៏​ដូចជា​បង្ក​ឲ្យ​មាន​ការ​រិះ​គន់​មួយ​ចំនួន​ផង​ដែរ។

ពាក្យ​ចចាម​អារ៉ាម​បាន​ខ្ចរ​ខ្ចាយ​ពេញ​ប្រទេស​ស៊ីមបាវ៉េ ​នៅ​ក្នុង​ខែ​កក្កដា នៅ​ពេល​ដែល​លោក​ប្រធានាធិបតី ​Mugabe ​បាន​ចាក​ចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​សិង្ហបុរី ជា​ប្រទេស​ដែល​លោកបាន​ស្វែង​រក​ការ​ព្យាបាល​ភ្នែក។

បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៩ ខែ​កក្កដា កន្លង​ទៅ​ថា លោក​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ក្នុង​ពេល​នេះ ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ។​

លោក ​Regis Chikowore ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ស៊ីមបាវ៉េ​ បាន​ប្រាប់​ VOA ​ថា ព័ត៌មាន​ដែល​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ស្ថាន​ភាព​សុខភាព​របស់​លោក​ប្រធានាធិបតី​កាន់​តែ​ដុន​ដាប​ គឺ​ជា​សំរាម។

ព្រឹត្តិការណ៍​មួយ​ចំនួន​រួម​មានកិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​រៀង​រាល់​ថ្ងៃ​អង្គារ ត្រូវ​បាន​លើក​ពេល​ ដោយ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ថ្ងៃ​ជាក់​លាក់។ នេះ​បើ​តាមការ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​រដ្ឋ។​

គណបក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា ដល់​ពេល​សម្រាប់​លោក Mugabe​ ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ​១៩៨០ ​ចុះ​ចេញ​ពី​តំណែង​ហើយ។ ​លោក ​Jacob Mafume ​គឺ​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាមានិត​ប្រជាធិបតេយ្យ ​ឬ PDP ​ដែល​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ លោក Tendai Biti។​

លោក Mafume បាន​និយាយ​ថា៖ «ឥឡូវ​នេះ​លោក Mugabe គឺ​ជា​អ្នក​មក​លេង​ប្រទេស​ស៊ីមបាវ៉េ។ ផ្ទះ​របស់​គាត់​ឥឡូវ​គឺ​នៅ​ប្រទេស​សិង្ហបុរី ជាពិសេស​គឺ​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្ដង។ លោក​គឺ​ជា​មនុស្ស​គ្មាន​ការ​អត់​ធ្មត់ ដែល​គួរ​តែ​នៅ​ក្នុង​មន្ទីរពេទ្យ។ ហើយ​សោកនាដកម្ម​នោះ​គឺ​ លោកគួរ​តែ​ចេញ​ពី​មន្ទីរពេទ្យ រួច​ទៅ​នៅ​មណ្ឌល​ចាស់​ជរា មិន​មែន​ផ្ទះ​របស់​លោក​ប្រធានាធិបតី​ទេ។ ការិយាល័យ​ប្រធានាធិបតី​នេះ វា​គ្មាន​អ្វី​ជា​អភិនីហារ​ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចូល​និវត្តន៍​តាម​ការ​កំណត់​អាយុ​ចូល​និវត្តន៍​នោះ​ទេ។ រាល់​គ្រប់​មុខ​ងារ​សាធារណៈ​ដទៃ​ទៀត​នៅ​ស៊ីមបាវ៉េ គេ​ចូល​និវត្តន៍​នៅ​អាយុ ៦៥»។

នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ​ គ្មាន​ការ​កំណត់​អាយុ​ចូល​និវត្តន៍​របស់​លោក​ប្រធានាធិបតី​នោះ​ទេ។ ​លោក Mugabe បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​ទី​៩៣ របស់​លោក​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​បាន​ប្រកាស​ថា​លោក​នឹង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ក្នុង​អាណត្តិ​បន្ទាប់​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨។​

នៅ​ពេល​ដែល​លោក​ត្រឡប់​ពី​ប្រទេស​សិង្ហបុរី​វិញ​កាល​ពី​ចុង​ខែ ​កុម្ភៈ លោក​បាន​និយាយ​ទៅ​កាន់​អ្នក​ដែលដាក់​ទំនាយ​ចង់​ឲ្យ​លោក​ស្លាប់​ថា៖ «អ្នក​ខ្លះ​និយាយ​ថា​ ប្រធានាធិបតី​ជិត​ស្លាប់​ហើយ។ អ្នក​ខ្លះ​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ ប្រធានាធិបតី​មាន​ជំងឺ និង​បាន​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី ឬ សិង្ហបុរី អញ្ចឹង​ហើយ​គាត់​ជិត​ស្លាប់​ហើយ»។

លោក​បន្ត​ថា​ក្នុង​ភាសា ​Shona ថា៖ «អ្នកខ្លះ​ចាប់​ផ្ដើមបង្កើត​ចលនា​ផ្សេងៗ ដោយ​រំពឹង​ថាខ្ញុំ​ជិត​ស្លាប់​ជាដើម។ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! វា​គួរឲ្យ​ខ្មាស​គេ​ណាស់»។​

មុនពេល​ដែល​លោក​នៅ​ប្រទេស​សិង្ហបុរី លោក Mugabe បានធ្វើ​ដំណើរ​ទៅ​ទី​ក្រុង Addis Ababa ប្រទេស​ Ethiopia ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពាក់​កណ្ដាល​ឆ្នាំ​របស់​មេ​ដឹក​នាំ​សហភាព​អាហ្វ្រិក ហើយ​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វាស៊ីឡង់ (Swaziland)។ ​លោក​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង ​Dubai ​ទៅ​ប្រទេស​ចិន ​ម៉ិកស៊ិក​ អាហ្រ្វិក​ខាង​ត្បូង ហ្គាណា ម៉ូរីស (Mauritius)​ និង​ម៉ាលី​ នៅ​ក្នុង​ឆ្នាំ​នេះ។

គណបក្ស​ប្រឆាំង​និយាយ​ថា​ ការ​ចំណាយលើ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​លោក​ប្រធានាធិបតី​ បាន​ក្លាយ​ជា​បញ្ហា​មួយ​សម្រាប់​រដ្ឋាភិបាល​ស៊ីមបាវ៉េ​ ​ដែល​មាន​បញ្ហា​សាច់​ប្រាក់​ស្រាប់។​ ឯកសារ​ជា​ផ្លូវ​ការ​មួយដែល​ចេញ​ផ្សាយ​ដោយ​រតនាគារ​ជាតិ បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ចំណាយ ​៥០​ លាន​ដុល្លារ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​កាល​ពី​ឆ្នាំមុន ដែល​ខ្ទង់​ថវិកា​ត្រូវ​ចំណាយ​មាន​ត្រឹម​តែ ២៣​ លាន​ដុល្លារ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​ សឿន វឌ្ឍនា

XS
SM
MD
LG