កាលពីកុម្ភៈកន្លងទៅនេះ លោក Robert Mugabe ប្រធានាធិបតីស៊ីមបាវ៉េ បានថ្លែងសុន្ទរកថាប្រចាំឆ្នាំ ( State of the Union Address ) ដែលមិនបានប្រកាសទុកមុនមួយ ដើម្បីថ្កោលទោសលើការបែងចែកជាពីរក្រុមនៅក្នុងគណបក្ស Zanu PF របស់លោក ដែលហាក់បីដូចជាកំពុងរង់ចាំបន្តអំណាចពីលោក។
«យើងមិនត្រូវវាយប្រហារគ្នា ឬឈ្លោះគ្នា ដែលមើលទៅដូចជាកំពុងកើតឡើងនោះទេ។ យើងត្រូវចាប់ផ្តើមធ្វើការជូនប្រជាជនរបស់ពួកយើងដើម្បីរស់រាន។ យើងត្រូវតែនៅរួបរួមសាមគ្គីគ្នា។ អ្នកដែលនិយាយថា យើងស្ថិតនៅជាមួយក្រុមនេះ ឬក្រុមនោះ ខ្ញុំសូមប្រាប់ថា ឈប់និយាយទៅ។ អ្នកទាំងអស់គ្នាគឺនៅជាមួយប្រទេសស៊ីមបាវ៉េ ។ សូមឈប់និយាយ ហើយសូមកុំឲ្យពួកយើងលឺសម្តីបែងចែកពីអ្នកទៀតថា ជាក្រុម G40s ឬអ្វីដែលអ្នកហៅថា Lacoste។ ស្អីក៏ដោយ ឈប់និយាយទៅ!»
ក្រុមទាំងពីរដែលលោកប្រធានាធិបតី Mugabe និយាយសំដៅនោះ គឺជាក្រុមដែលដឹកនាំដោយអនុប្រធានាធិបតី Emmerson Mnangagwa ដែលត្រូវបានស្គាល់ជា «Lacoste» និងភរិយារបស់លោកដែលត្រូវបានស្គាល់ជា «G40»។
ចាប់តាំងពីសុន្ទរកថារបស់លោក គ្មានអ្វីបានផ្លាស់ប្តូរច្រើននោះទេ។ លោក Nyamutatanga Makombe ជាអ្នកវិភាគនយោបាយឯករាជ្យមួយ បានធ្វើអត្ថាធិប្បាយទៅលើការបែងចែកនៅក្នុងគណបក្សកាន់អំណាចរបស់ប្រទេសស៊ីមបាវ៉េ ។
លោក Nyamutatanga Makombe និយាយថា ៖ «លោក Mugabe ប្រហែលជាអាចដោះស្រាយបញ្ហានេះបានដោយជោគជ័យ ប្រសិនបើលោកបានបង្ហាញជម្រើសរបស់លោកយ៉ាងច្បាស់ចំពោះអ្នកបន្តវេនលោក។ បើសិនជាលោកបន្តរក្សាលំនឹងនៃក្រុមទាំងពីរ ចុងក្រោយវានឹងធ្វើឲ្យលោកបាត់បង់របស់ដ៏មានតម្លៃមួយ ដូចជាអំណាចរបស់លោកកំពុងធ្លាក់ចុះបន្តិចម្តងៗ ពីព្រោះយើងមិនដឹងថា អ្នកដែលធ្លាប់គាំទ្រលោក នឹងបន្តជំហរគាំទ្រទៀតទេនៅពេលនេះ។ ព្យុះភ្លៀងមួយទៀតនៅជុំវិញគឺវ័យចំណាស់របស់លោក។ អ្នកចង់បន្តតំណែងពីលោក គឺត្រូវតម្រង់ជួរគ្នាបន្ទាប់ពីលោកចាស់ទៅ។ នេះជាមូលហេតុដែលធ្វើឲ្យមានការដណ្តើមអំណាច។»
លោកប្រធានាធិបតី Mugabe បានគ្រប់គ្រងប្រទេសស៊ីមបាវ៉េ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៨០។ លោកបានបដិសេធមិនបញ្ជាក់ពីពេលវេលាដែលលោកនឹងចុះចេញពីតំណែងឡើយ។ នៅឯកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិកកាលពីខែមករា លោកបាននិយាយថា លោកនឹងបន្តកាន់តំណែងនេះ រហូតដល់ព្រះជាម្ចាស់ហៅលោក «ឲ្យចូលរួមទេវតាផ្សេងទៀត»៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា