ទុក្ខសោករបស់ក្រុមបាតុករប្រឆាំងដែលបានដើរក្បួននៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ីមបាវ៉េ អាចរៀបរាប់ដោយពាក្យមួយម៉ាត់យ៉ាងខ្លីថា «គ្រប់គ្រាន់ហើយ»។
អស់រយៈពេលជាច្រើនខែមកហើយរហូតមកទល់ពេលនេះ ប្រជាជនស៊ីមបាវ៉េបានធ្វើបាតុកម្មកាន់តែច្រើនឡើងៗ។
កាលពីខែមេសា អ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ ៣.០០០នាក់បានដើរក្បួននៅក្នុងរដ្ឋធានីនៃប្រទេសនេះដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច។ បាតុកម្មជាច្រើនផ្សេងទៀតក៏បានកើតមានឡើងនៅក្នុងទីតាំងផ្សេងៗ ដោយរួមមានទាំងនៅលើបណ្តាញសង្គមផងដែរ ដោយតវ៉ាពាក់ព័ន្ធនឹងបញ្ហាដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។
បាតុកម្មទាំងនេះត្រូវបានធ្វើឡើងនៅក្នុងទីប្រជុំជននានា។ ប៉ុន្តែគេនៅរង់ចាំមើលថា តើការមិនពេញចិត្តនេះនឹងរីករាលដាលទៅដល់តំបន់ជនបទដែលជាមូលដ្ឋានដ៏រឹងមាំរបស់រដ្ឋាភិបាលដែរឬទេ។
បុព្វហេតុនៃបាតុកម្មទាំងនេះគឺដូចគ្នា គឺក្រុមបាតុករនិយាយថា ពួកគេហត់នឿយនឹងភាពក្រីក្រ ការបង្ខិតបង្ខំ ការបង្រ្កាបទៅលើអ្នកដែលមានគំនិតផ្ទុយ និងហត់នឿយនឹងអំពើពុករលួយ។ លើសពីនេះទៀត ពលរដ្ឋស៊ីមបាវ៉េកាន់តែច្រើនឡើយៗនិយាយថា ពួកគេហត់នឿយនឹងមនុស្សម្នាក់ដែលនាំពួកគេឲ្យធ្លាក់ក្នុងស្ថានភាពបែបនេះ អ្នកដែលដឹកនាំប្រទេសនេះអស់ជាង៣៥មកហើយ នោះគឺលោក Robert Mugabe។
នៅលើបណ្តាញ Twitter អ្នកគាំទ្រជាច្រើនបានពិពណ៌នាការដើរក្បួនកាលពីថ្ងៃទី២៦ ខែសីហាថាជា «បន្ទាត់ក្រហមចុងក្រោយ»។ ក្នុងការដើរក្បួននៅថ្ងៃនោះ ហ្វូងបាតុករមានបំណងដើរក្បួនកាត់តាមផ្លូវសំខាន់ៗនៅក្នុងក្រុងហារ៉ារ៉េ និងឈប់ដើម្បីដកស្លាកសញ្ញានៅតាមផ្លូវដែលមានឈ្មោះលោកRobert Mugabe។
ប៉ុន្តែអ្នកស្រី Ciara Aucoin អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានសម្រាប់ការសិក្សាពីសន្តិសុខនៅទីក្រុងប្រេតូរីយ៉ា (Pretoria) ប្រទេសអាហ្វ្រិកខាងត្បូង និយាយថា ទោះជាបាតុកម្មកាលពីថ្ងៃទី២៦ខែសីហា មានលក្ខណៈមិនធម្មតាដោយសារតែមានការសហការគ្នារវាងក្រុមប្រឆាំងជាច្រើនក្តី វាប្រហែលជាមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនោះទេ។
«ខ្ញុំមិនគិតថា វាជាចំណុចផ្លាស់ប្តូរនោះទេ ពីព្រោះថាយើងរង់ចាំមើលសិនថា តើវិធីសាស្រ្តដែលរដ្ឋាភិបាលធ្វើការបង្ក្រាបនេះនឹងប៉ះពាល់ដល់ចលនាបាតុកម្មនេះយ៉ាងណា។ ម្យ៉ាង ប្រសិនបើការបង្រ្កាបធ្វើឲ្យហ្វូងបាតុករមានការខ្លាចរអានោះ នេះក៏អាចជាលទ្ធផលមួយដែលកើតចេញពីការបង្រា្កបដែរ។ ហើយម្យ៉ាងទៀតប្រសិនបើការបង្ក្រាបធ្វើឲ្យមានការប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងនោះ យើងក៏រង់ចាំមើលថា នឹងមានអ្វីកើតឡើងទៀត»។
អ្នកស្រីនិយាយថា ទោះជាយ៉ាងណាក៏ដោយ ប្រហែលហ្វូងបាតុករកំពុងតែធ្វើរឿងមិនត្រឹមត្រូវ។ អ្នកស្រីនិយាយថា ជាជាងការមើលឃើញនូវកំហុសថ្មីៗចុងក្រោយនេះ ពួកបាតុករគួរតែពិនិត្យមើលដល់ថវិកាចុងក្រោយរបស់រដ្ឋាភិបាលផងដែរ។
«ដោយតែមានឱនភាពថវិកានៅថ្នាក់ជាតិ ក៏មានការចោទជាសំណួរពីលទ្ធភាពរបស់រដ្ឋក្នុងការផ្តល់ប្រាក់បៀវត្សរ៍ដល់មន្រ្តីប៉ូលិស និងការធានាសណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះ ប្រសិនបើបាតុកម្មនៅតែបន្តកើតមាន នឹងមានការចោទជាសំណួរអំពីសមត្ថភាពរបស់រដ្ឋក្នុងការផ្តល់ប្រាក់ខែដល់មន្រ្តីប៉ូលិសដែលការពារសណ្តាប់ធ្នាប់ទាំងនោះ»។
ក្រុមសិទ្ធិមនុស្សបានរិះគន់វិធីសាស្រ្តបង្រ្កាបរបស់ប្រទេសស៊ីមបាវ៉េ ជាយូរមកហើយ។
លោក Dewa Mavhinga នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និយាយថា បាតុកម្មនៅ ឆ្នាំនេះអាចបានចាប់ផ្តើមឡើងដោយសារតែបញ្ហាសិទ្ធិមនុស្ស សិទ្ធិស៊ីវិលជាមូលដ្ឋាន និងបញ្ហាសេដ្ឋកិច្ច ប៉ុន្តែបាតុកម្មទាំងនោះបានកើតមានកាន់តែច្រើនដោយសារតែប្រតិកម្មរបស់រដ្ឋាភិបាល។
«ពិតណាស់ នេះគឺដោយសារតែអភិបាលកិច្ចមិនល្អ ការគ្រប់គ្រងរបស់រដ្ឋមិនបានល្អ និងដោយសារតែអំពើពុករលួយយ៉ាងអនាធិបតេយ្យ។ ដូច្នេះហើយ នេះជាអ្វីដែលនាំឲ្យពលរដ្ឋនាំគ្នាតវ៉ានៅតាមដងផ្លូវ។ គួរឲ្យសោកសា្តយ រដ្ឋាភិបាលមិនបានធ្វើការឆ្លើយតបដោយការដោះស្រាយបញ្ហាដែលជាដើមចមនៃការធ្វើបាតុកម្មនោះទេ ប៉ុន្តែខ្លួនបែរជាធ្វើការបង្ក្រាបដោយហិង្សាទៅលើហ្វូងបាតុករទាំងនោះ ដែលរំលោភដល់សិទ្ធិមនុស្សកាន់តែខ្លាំងថែមទៀត»។
រដ្ឋាភិបាលស៊ីមបាវ៉េ បានសន្យាថា នឹងប្រកាន់ជំហរដ៏រឹងមាំរបស់ខ្លួនប្រឆាំងទៅនឹងអ្វីដែលខ្លួនហៅថា ជាផែនការប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំដោយប្រទេសលោកខាងលិច។
ប៉ុន្តែនៅថ្ងៃទី២៦ ខែសីហា ក្រុមប្រឆាំងដែលនៅពីក្រោយបាតុកម្មចុងក្រោយនេះបានស្បថថា «ចូរអ្នកបង្រ្កាបយើងតាមតែចិត្តអ្នកចង់ចុះ ប៉ុន្តែយើងនឹងមិនចុះចាញ់នោះទេ»។ ពួកគេមានគម្រោងធ្វើបាតុកម្មរៀងរាល់សប្តាហ៍នាងពេលខាងមុខ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ