ការសិក្សាស្រាវជ្រាវមួយដែលមានចំណងជើងថា «នៅពេលដែលមេដឹកនាំផ្ដាច់ការស្លាប់» ឬ «When Dictators Die» ត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រលទ្ធិប្រជាធិបតេយ្យ (Journal of Democracy)។ សាកលវិទ្យាល័យ Michigan State និងក្រុមប្រឹក្សាជាតិស៊ើបការណ៍សម្ងាត់ (National Intelligence Council) បានធ្វើការសិក្សាស្រាវជ្រាវលើការស្លាប់របស់មេដឹកនាំផ្ដាច់ការពេលកំពុងកាន់តំណែងចំនួនជិត៨០ករណី ចន្លោះឆ្នាំ១៩៤៦ និងឆ្នាំ២០១២។ មេដឹកនាំផ្ដាច់ការចំនួន១១នាក់ ក្នុងចំណោមមេដឹកនាំផ្ដាច់ការទាំង៥៥នាក់ នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ មានអាយុយ៉ាងតិច៧០ ឆ្នាំ និងមានសុខភាពខុសៗគ្នា។
លោកស្រីសាស្ត្រាចារ្យ Erica Frantz មកពីសាកលវិទ្យាល័យ Michigan State បានពន្យល់ពីមូលហេតុ ដែលបណ្ដាលឲ្យមានការធ្វើការសិក្សាស្រាវជ្រាវនេះឡើង។
«ការសិក្សាស្រាវជ្រាវនេះបានចាប់ផ្ដើមឡើងប្រហែលជានៅពេលដែលលោក Kim Jong Il មេដឹកនាំប្រទេសកូរ៉េខាងជើង បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន។ នៅក្រោយការស្លាប់របស់លោក យើងឃើញមានការនិយាយតៗគ្នាជាច្រើនថា ការផ្លាស់ប្ដូរដ៏ធំមួយអាចកើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើង។ ដូច្នេះ ពួកយើងបានសម្រេចចិត្តធ្វើការសិក្សាស្រាវជ្រាវលើបញ្ហាហ្នឹង និងបានពិនិត្យលើទិន្នន័យនានា ដើម្បីឲ្យឃើញថាតើ ទិន្នន័យដែលសំអាងលើការពិសោធជាក់ស្ដែងកន្លងមកបានបង្ហាញយ៉ាងដូចម្ដេច ដោយហេតុថា រឿងហ្នឹងគឺមិនមែនជាស្ថានការណ៍ធម្មតានោះទេ។ ស្ថានការណ៍ដូចនេះក៏បានកើតឡើងផងដែរ បន្ទាប់ពីការស្លាប់របស់លោក Hugo Chavez ពេលលោកកំពុងកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)»។
អ្នកសិក្សាស្រាវជ្រាវមានគោលបំណងចង់ដឹងថា តើការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានាអំពីការផ្លាស់ប្ដូររបបដឹកនាំដែលអាចនឹងកើតឡើងនោះ ដូចគ្នាទៅនឹងស្ថានការណ៍ជាក់ស្ដែងដែរ ឬក៏យ៉ាងណានោះ។
«ពួកយើងរកឃើញថា ការស្លាប់របស់មេដឹកនាំផ្ដាច់ការក្នុងអំឡុងពេលកំពុងកាន់តំណែងគឺជាព្រឹត្តិការណ៍មិនសូវសំខាន់នោះទេ។ ជាទូទៅ នៅក្នុងរបបដឹកនាំផ្ដាច់ការ ការផ្លាស់ប្ដូរមេដឹកនាំដោយសារការធ្វើរដ្ឋប្រហារ ដោយសារការបោះឆ្នោត ឬដោយសារការបះបោរណាមួយ គឺជាព្រឹត្តិការណ៍សំខាន់បំផុតសម្រាប់របបផ្ដាច់ការ។ ហើយព្រឹត្តិការណ៍ដូចនេះប្រហែលជាពាក់កណ្ដាល គឺឈានដល់ការផ្លាស់ប្ដូររបបដឹកនាំ។ ការស្លាប់ក្នុងអំឡុងពេលកំពុងកាន់តំណែងរបស់មេដឹកនាំផ្ដាច់ការ គឺជាមួយប្រភេទនៃការផ្លាស់ប្ដូររបបដឹកនាំដែលមិនសូវស្ថិតស្ថិរដែលយើងបានឃើញកន្លងមក»។
លោកស្រីសាស្ត្រាចារ្យ Frantz បាននិយាយថា ៨៧ភាគរយនៃពេលដែលមេដឹកនាំផ្ដាច់ការបានស្លាប់ក្នុងអំឡុងពេលកំពុងកាន់តំណែង គឺមិនមានការផ្លាស់ប្ដូររបបដឹកនាំនោះទេ។ ប៉ុន្តែករណីនេះចំនួន ១៣ភាគរយ គឺអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូររបបដឹកនាំបាន។
លោកស្រីសាស្ត្រាចារ្យបានមានប្រសាសន៍ថា ការវិភាគអំពីការស្លាប់របស់មេដឹកនាំផ្ដាច់ការក្នុងអំឡុងពេលកំពុងកាន់តំណែងនៅរវាងឆ្នាំ១៩៤៦ និងឆ្នាំ២០១២បានបង្ហាញថា មានលក្ខខណ្ឌជាច្រើន ដែលទំនងជាអាចធ្វើឲ្យការផ្លាស់ប្ដូររបបដឹកនាំអាចកើតឡើងបាន។
«លក្ខខណ្ឌមួយដែលទំនងជាអាចធ្វើឲ្យការផ្លាស់ប្ដូររបបដឹកនាំអាចកើតឡើងបាន គឺថា ប្រសិនបើមានការប្រមូលផ្ដុំអំណាច ការផ្លាស់ប្ដូរអ្នកដឹកនាំទំនងជាកើតឡើង។ ការដឹកនាំរបស់បុរសខ្លាំងទំនងជាមានស្ថាប័នផ្សេងៗតិចតួចប៉ុណ្ណោះ ដែលអាចជួយរៀបចំការឡើងកាន់តំណែងបន្តពីបុរសខ្លាំង។ លក្ខខណ្ឌមួយទៀត ដែលទំនងជាសំខាន់ដែរនោះគឺថា ប្រសិនបើមានការតវ៉ាជាច្រើនធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានខែមុនពេលដែលមេដឹកនាំផ្ដាច់ការស្លាប់ ការផ្លាស់ប្ដូររបបដឹកនាំទំនងជាអាចទៅរួច»។
ការសិក្សាស្រាវជ្រាវនេះក៏បានពិនិត្យមើលផងដែរថា តើរដ្ឋប្រហារអាចនឹងកើតឡើងឬទេ នៅពេលដែលមេដឹកនាំផ្ដាច់ការមានវ័យកាន់តែជរាទៅ។
«យើងមិនបានរកឃើញនូវសញ្ញាណាមួយដែលថា ការធ្វើរដ្ឋប្រហារអាចកើតឡើង ប្រសិនបើមេដឹកនាំផ្ដាច់ការមានវ័យកាន់តែជរានោះទេ»។
លោកស្រីសាស្ត្រាចារ្យ Frantz បានបន្ថែមថា មានមេរៀនមួយចំនួនតូច ដែលយើងអាចដកស្រង់បានពីការសិក្សាស្រាវជ្រាវនេះ។
«ជាអកុសល សម្រាប់អ្នកគាំទ្រប្រជាធិបតេយ្យវូបនីយកម្ម នៅពេលដែលយើងឃើញមេដឹកនាំកាន់អំណាចរហូតដល់វ័យជរា នេះជាសញ្ញាបញ្ជាក់ថា មេដឹកនាំរូបនោះជាអ្នកនយោបាយប្រកបដោយជំនាញដ៏ប៉ិនប្រសប់។ មូលហេតុគឺដោយសារតែមេដឹកនាំរូបនោះមានលទ្ធភាពអាចរក្សាអំណាចបានក្នុងរយៈពេលយូរ ដោយមិនមានអ្វីអាចជំរុញឲ្យមេដឹកនាំនោះធ្លាក់ពីអំណាចបាន។ ចំណុចសំខាន់មួយទៀតគឺថា ការផ្លាស់ប្ដូររបបដឹកនាំក្នុងប្រទេសមួយ ជាទូទៅគឺជាស្ថានការណ៍ដែលបង្កើននូវហានិភ័យនៃការដួលរំលំរបបដឹកនាំរបស់ប្រទេសនោះ។ ប៉ុន្តែការស្លាប់របស់មេដឹកនាំផ្ដាច់ការពេលកំពុងកាន់អំណាចគឺពិតជាមិនមែនជាស្ថានការណ៍ចម្បងដែលយើងអាចប្រើដើម្បីឲ្យមានការផ្លាស់ប្ដូររបបដឹកនាំនោះទេ»។
មូលហេតុមួយទៀត ដែលធ្វើឲ្យមានការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំផ្ដាច់ការបានស្លាប់ក្នុងអំឡុងពេលកំពុងកាន់អំណាចនោះគឺថា មន្ត្រីកំពូលៗគិតថា មិនមានមូលហេតុអ្វីដែលត្រូវធ្វើការផ្លាស់ប្ដូរគោលនយោបាយគ្រប់គ្រងប្រទេសនោះទេ។
នៅក្នុងប្រទេសមួយចំនួន មេដឹកនាំផ្ដាច់ការបានព្យាយាម ឬក៏បានកែប្រែរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឲ្យពួកគេអាចនៅរក្សាអំណាចឲ្យបានយូរជាងរយៈពេលកាន់អំណាចដែលត្រូវបានអនុញ្ញាតដោយការបោះឆ្នោត តាំងពីដំបូង។ លោកស្រីសាស្ត្រាចារ្យ Frantz បាននិយាយថា មេដឹកនាំទាំងនោះបានប្រើវិធីសាស្ត្រនេះដើម្បីធ្វើឲ្យដូចទៅនឹងការកាន់អំណាចបែបលទ្ធិប្រជាធិបតេយ្យ ដែលមិនប្រើប្រាស់កម្លាំងត្រង់ៗដើម្បីធ្វើឲ្យពួកគេអាចរក្សាអំណាចបាននោះ។
«ខ្ញុំចង់បន្ថែមថា ពាក់ព័ន្ធនឹងបរិបទរបស់ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ករណីមួយដែលយើងចាត់ទុកថា អាចជាស្ថានការណ៍ដែលមានអស្ថិរភាពកើនឡើង គឺករណីប្រទេសស៊ីមបាវ៉េ ដោយសារតែនៅក្នុងប្រទេសនោះ មានការតវ៉ាជាច្រើននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលអាចបើកផ្លូវឲ្យបណ្ដាញក្រុមអ្នកប្រឆាំងមួយចំនួនមានពេលងាយស្រួលជាងមុនក្នុងការធ្វើឲ្យមានការផ្លាស់ប្ដូររបបដឹកនាំបានងាយស្រួលជាងករណីនៅក្នុងប្រទេសផ្សេងៗទៀត»។
លោក Robert Mugabe ប្រធានាធិបតីប្រទេសស៊ីមបាវ៉េនឹងមានអាយុ៩៣ឆ្នាំ នៅខែកុម្ភៈ ឆ្នាំ ២០១៧ខាងមុខ។ លោកបានកាន់អំណាចតាំងពីឆ្នាំ១៩៨៧មកម្ល៉េះ។ សេដ្ឋកិច្ចត្រដាបត្រដួសរបស់ប្រទេស ស៊ីមបាវ៉េ បានបណ្ដាលឲ្យមានការធ្វើបាតុកម្មតាមដងផ្លូវជាច្រើន ប្រឆាំងរដ្ឋាភិបាល។ អង្គការសិទ្ធិមនុស្សជាច្រើនបានឲ្យដឹងថា កងកម្លាំងសន្តិសុខបានធ្វើបាបអ្នកតវ៉ា និងសកម្មជនដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាលស៊ីមបាវ៉េបានបដិសេធការចោទប្រកាន់ទាំងនេះ៕
ប្រែសម្រួលដោយ ភី សុភាដា