ក្រោយឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅទីក្រុងបាងកក ប្រទេសថៃមក អ្នកឃ្លាំមើលនយោបាយកម្ពុជាបាននាំគ្នាវាយតម្លៃបន្ថែមថា ប្រទេសជិតខាងកម្ពុជាមួយនេះនឹងលែងជាទីសុវត្ថិភាពសម្រាប់ក្រុមជំទាស់ដែលភៀសខ្លួនចេញពីប្រទេស ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ។ ក៏ប៉ុន្តែ ទោះបីជាកន្លែងជ្រកកោននេះបានក្លាយជាបញ្ហាមួយសម្រាប់ក្រុមអ្នកជំទាស់ក្តី ក៏គេមិនប្រាកដថា ទឹកចិត្តនៃការតស៊ូរបស់ពួកគេដើម្បីបើកលម្ហប្រជាធិបតេយ្យនៅកម្ពុជា នឹងថមថយនោះឡើយ។
លោក ស៊ឹង សែនករុណា អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី ប្រាប់វីអូអេថា ការស្លាប់របស់លោក លិម គិមយ៉ា នឹងកាន់តែបង្កើនកំហឹងដល់អ្នកតស៊ូពីក្រៅប្រទេស ឲ្យប្រឹងបន្តការងាររបស់ខ្លួនក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថ្លែងថា៖ «សកម្មជនយោបាយនៅក្រៅប្រទេស ផ្ទុយទៅវិញមិនបានបន្ថយនូវសកម្មភាពទេ កាន់តែមានការឈឺចាប់ ហើយកាន់តែធ្វើការបន្ថែមទៀត ជាមួយទៅនឹងសហគមន៍អន្តរជាតិ ដើម្បីគេដឹងកាន់តែច្បាស់អំពីការរំលោភបំពាន ការយាយីដល់អាយុជីវិតរបស់សកម្មជននយោបាយ។ ការណ៍ដែលកើតឡើងទៅលើសកម្មជននយោបាយ លោក លិម គិមយ៉ា ត្រូវបានធ្វើឃាត វាគ្រាន់ជាករណីមួយបង្ហាញពីភាពកំសាករបស់មេដឹកនាំផ្តាច់ការតែប៉ុណ្ណឹងឯង»។
លោក សឹង សែនករុណា បានវាយតម្លៃថា កម្ពុជាជាទីដែលគណបក្សប្រឆាំងពិបាកធ្វើសកម្មភាព ព្រោះមានការបន្តចាប់ចងឃុំខ្លួនអ្នកជំទាស់ជាបន្តបន្ទាប់ គិតចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិមក។ ហេតុដូច្នេះ លោកជឿថា អ្នកនៅក្រៅស្រុកនឹងបន្តបេសកកម្មរបស់ពួកគេដោយមិនរាថយ ដើម្បីទាញកម្ពុជាឲ្យស្ថិតចូលក្នុងគន្លងប្រជាធិបតេយ្យត្រឹមត្រូវវិញ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា បើនៅតែរបៀបហ្នឹង គឺអត់អាចយើងហៅថា ប្រទេសយើងមានការប្រកួតប្រជែងសេរីអីទេ។ បើដោះលែងអ្នកទាំងអស់ហ្នឹង ហើយអនុញ្ញាតឲ្យមានការវិលត្រឡប់ចូលទៅក្នុងប្រទេសដើម្បីធ្វើការប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ អាហ្នឹង ខ្ញុំគិតថា វាមានភាពល្អប្រសើរឡើងវិញ»។
អតីតតំណាងរាស្រ្តគណបក្សប្រឆាំងនៅមណ្ឌលខេត្តកំពង់ធំលោក លិម គិមយ៉ា អាយុ ៧៤ ឆ្នាំ ដែលមានសញ្ជាតិបារាំងដើមកំណើតខ្មែរ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៥និង៣៩នាទី ក្នុងទីប្រជុំជនមួយក្បែរវត្តបូវ័ន្តនិវិត (Wat Bowonniwet Vihara) ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ឃាតកម្មនេះកាន់តែធ្វើឲ្យប្រទេសថៃត្រូវគេយល់ថា ជាទីដែលលែងមានសុវត្ថិភាពសម្រាប់អ្នកនយោបាយជំទាស់ ឬអ្នករិះគន់រដ្ឋាភិបាលដែលបានភៀសខ្លួនចេញពីកម្ពុជា។
ទោះជាយ៉ាងណាក្តី ការបាញ់សម្លាប់នេះនឹងមិនបំបាក់ទឹកចិត្តអ្នកដែលពុះពារស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន។
លោកថ្លែងថា៖ «ប៉ុន្តែយើងឃើញទោះបីជាមានការបង្រ្កាបខ្លាំងប៉ុណ្ណឹងក៏ដោយ ក៏អ្នកដែលតស៊ូមតិ អ្នកដែលព្យាយាមបញ្ចេញមតិហ្នឹងនៅតែមានបន្តបន្ទាប់មិនបាត់ទេ លើកលែងតែរដ្ឋាភិបាលខ្លួនឯងកែសម្រួល ឬក៏ផ្លាស់ប្តូរឥរិយាបថនយោបាយហ្នឹងទើបប្រហែលជាមតិរិះគន់ក្តី មតិទាមទារក្តីហ្នឹងថមថយ ព្រោះនៅក្នុងរបបប្រជាធិបតេយ្យ គេយកសំឡេងប្រជាពលរដ្ឋហ្នឹងជាធំ គេតែងតែស្តាប់ប្រជាពលរដ្ឋរបស់គេ»។
អតីតតំណាងគណបក្សសង្គ្រោះជាតិរូបនេះបានសង្កេតឃើញថា សំឡេងប្រឆាំងនៅពេលនេះមិនមូលគ្នាដូចក្នុងអំឡុងពេលគណបក្សសង្គ្រោះជាតិនៅដំណើរការនោះទេ ដោយសារតែក្រោមហេតុផលនៃការខ្វែងគំនិតគ្នាខាងយុទ្ធសាស្ត្រ ឬក៏កម្មវិធីនយោបាយរបស់មេដឹកនាំគណបក្សនៅក្រៅរដ្ឋាភិបាល។ ការណ៍នេះតម្រូវឲ្យមានការសន្ទនាគ្នារវាងគណបក្សនៅក្រៅរដ្ឋាភិបាលទាំងនោះ ដើម្បីកៀរគរកម្លាំងចូលរួមប្រជែងជាមួយនឹងគណបក្សកាន់អំណាច។
លោកប្រាប់វីអូអេថា៖ «អ្វីដែលយើងអាចធ្វើបានគឺការជជែកគ្នា [dialogue] រវាងអ្នកនៅក្រៅរដ្ឋាភិបាលហ្នឹងឲ្យបានច្រើន ដើម្បីយល់គ្នាទៅវិញទៅមក ហើយរៀបចំជាយុទ្ធសាស្ត្រក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតហ្នឹង ព្រោះសំឡេងប្រឆាំងនៅក្នុងសភា វាជារឿងចាំបាច់បំផុតសម្រាប់ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យហ្នឹង»។
ស្ថានភាពរបស់គណបក្សជំទាស់នៅកម្ពុជាបានប្រឈមនឹងការរឹតត្បិតឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងនោះមានគណបក្សភ្លើងទៀនដែលបានបាត់បង់សិទ្ធិចូលរួមបោះឆ្នោតដោយសារតែកង្វះឯកសារបញ្ជាក់ពីការបង្កើតបក្ស។
បើគិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិក្រោមបទក្បត់ជាតិមក សំឡេងប្រឆាំងត្រូវបានគេមើលឃើញថាមានការបែកខ្ញែក ឬក៏វាយប្រហារគ្នាទៅវិញទៅមក ដោយសារភាពដឹកនាំរបស់គណបក្សជំទាស់ស្ថិតក្នុងភាពមិនច្បាស់លាស់ ដូចជាលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកម្ពុជាសម្រេចឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬអំពើក្បត់ជាតិ កាលពីឆ្នាំ ២០២៣។
រីឯលោក សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំងជាន់ខ្ពស់មួយរូប ក៏កំពុងរស់នៅដោយនិរទេសខ្លួនឯងនៅឯប្រទេសបារាំង ដើម្បីបញ្ចៀសការធ្វើទុក្ខបុកម្នេញខាងផ្លូវច្បាប់នៅកម្ពុជា។ លើសពីនេះ មេដឹកនាំ ឬអ្នកនយោបាយគណបក្សជំទាស់ផ្សេងទៀត ដូចជាគណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀន ក៏កំពុងប្រឈមមុខនឹងវិធានការរបស់តុលាការពាក់ព័ន្ធនឹងបទឧក្រិដ្ឋមួយចំនួនផងដែរ។ នេះបើតាមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា។
គ្រាដែលមេដឹកនាំគណបក្សជំទាស់កំពូលៗកំពុងជាប់ឃុំ ឬប្រឈមមុខនឹងការជាប់សំណាញ់ច្បាប់ អ្នកគាំទ្រ មន្ត្រី ឬសមាជិកបក្សជំទាស់ជាច្រើននាក់បានភៀសខ្លួនចេញពីកម្ពុជាដើម្បីធ្វើសកម្មភាពនយោបាយ ឬតស៊ូមតិ ដូចករណីលោក លិម គិមយ៉ា ដែលបានសរសេររិះគន់រដ្ឋាភិបាលកម្ពុជាពីក្រៅប្រទេស រហូតលោកត្រូវបានគេបាញ់សម្លាប់។
ខុសពីសកម្មជននយោបាយឯទៀត លោកលិម គិមយ៉ា ត្រូវបានគេដឹងថាបានបន្តចេញចូលប្រទេសកម្ពុជា ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំ ២០១៧។ គេមិនទាន់ដឹងថា ការស្លាប់របស់លោក លិម គិមយ៉ា បណ្តាលមកពីការថ្លែងសាររិះគន់របស់លោកក្នុងបណ្តាញសង្គម ឬយ៉ាងណានោះទេ បើទោះបីជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះអះអាងថា ការបាញ់សម្លាប់លោក លិម គិមយ៉ាផ្តើមចេញពីទំនាស់បុគ្គលក្តី។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា នៅក្នុងសង្គមប្រជាធិបតេយ្យ រាល់គណបក្សនយោបាយគួរតែត្រូវបានធានានូវសិទ្ធិក្នុងការចូលរួមការបោះឆ្នោត ដោយមិនគួរមានការគំរាមកំហែងបំភិតបំភ័យ ឬបង្អាក់មិនឲ្យធ្វើសកម្មភាពនយោបាយនោះឡើយ។
លោកថ្លែងថា៖ «លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មិនមែនសំដៅតែថា មានបក្សច្រើន អាហ្នឹងគេហៅសេរី លទិ្ធប្រជាធិបតេយ្យសេរីពហុបក្សពេញលេញទេ។ វាទាល់តែជាគោលការណ៍រាល់គណបក្សទាំងអស់ហ្នឹង គឺការធ្វើសកម្មភាពដែលស្របតាមច្បាប់ ហើយទទួលបាននូវកិច្ចការពារ និងអនុវត្តគោលនយោបាយរបស់គណបក្ស និងសកម្មភាពរបស់គណបក្សពេញលេញដូចគ្នាទៅតាមលទ្ធភាពនៃគណបក្សនីមួយៗ អាហ្នឹងគេហៅថាគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
ទោះជាមានការបកស្រាយយ៉ាងណាក្តីអំពីការចម្រើនតិចតួចនៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ក៏អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន អះអាងថា លទ្ធិប្រជាធិបតេយ្យកម្ពុជាកំពុងរីកដុះដាលក្នុងលំនាំមួយដែលជារបស់កម្ពុជា ដោយមិនចម្លងតាមប្រទេសណាមួយ។
លោកថ្លែងថា៖ «ប្រជាធិបតេយ្យកម្ពុជា ដំណើរការរីកចម្រើនជាបន្តបន្ទាប់ បណ្តើរៗស្របទៅតាមសភាពការណ៍របស់ប្រទេសជាតិកម្ពុជា។ យើងមិនចម្លងយកប្រជាធិបតេយ្យពីប្រទេសណាមកដោយឆុងៗទេ ពាក្យខ្មែរឆុងៗកន្លះកាហេត អាហ្នឹងវាអ៊ីចឹង។ ដូចប្អូនជ្រាបស្រាប់ហើយ ឥឡូវប្រជាធិបតេយ្យនៅអាមេរិកយ៉ាងម៉េច អាហ្នឹងប្អូនដឹងហើយ។ អ៊ីចឹង កម្ពុជាមិនដែលជួបបញ្ហាហ្នឹងទេ ដូចនៅអាមេរិកទេ»។
លោកបានឲ្យដឹងទៀតថា នៅកម្ពុជាគ្មានការគាបសង្កត់គូប្រជែងនយោបាយរបស់គណបក្សកាន់អំណាចនោះឡើយ។
លោកថ្លែងថា៖ «រឿងដែលគណបក្សនយោបាយមួយចំនួន ហើយអ្នកនយោបាយប្រឆាំងមួយចំនួនមិនបានចូលរួមបោះឆ្នោត។ អាហ្នឹង វាចេញពីលទ្ធផលនៃទង្វើ របស់គាត់ជាក់ស្តែង ដែលគាត់រំលោភលើច្បាប់ស្តីពីគណបក្សនយោបាយ ក៏ដូចជាច្បាប់ស្តីពីការបោះឆ្នោត»។
ជុំវិញឃាតកម្មលើលោកលិម គិមយ៉ា អ្នកនាំពាក្យរូបនេះថ្លែងថា ករណីនោះជារឿងបុគ្គលដែលមិនមានទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជានោះទេ។
លោក សុខ ឥសាន ថ្លែងថា៖ «យើងកុំភ្ជាប់មកកម្ពុជា ទោះបីថាលោក លិម គិមយ៉ា គាត់ជាជនជាតិខ្មែរមែន ក៏ប៉ុន្តែរឿងកើតឡើងវានៅក្នុងទឹកដីរបស់គេ។ អាហ្នឹងវាក្រៅវិសាលភាពនៃការគ្រប់គ្រងរបស់សមត្ថកិច្ចកម្ពុជាហើយ អីចឹងទេ គឺថា ពេលណាបាតុភាពកើតឡើងនៅក្នុងទឹកដីប្រទេសណា អាហ្នឹងទុកឲ្យសមត្ថកិច្ចប្រទេសនោះគេធ្វើការស្រាវជ្រាវស្របទៅតាមនីតិវិធីរបស់គេ»។
ក្នុងសំណុំរឿង លោក លិម គិមយ៉ា អ្នកនាំពាក្យរដ្ឋាភិបាលនិងគណបក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលកម្ពុជាមិនជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោក លិម គិមយ៉ា ក្នុងទឹកដីថៃ ដូចការចោទប្រកាន់របស់ក្រុមអ្នកនយោបាយជំទាស់ និងអង្គការអន្តរជាតិមួយចំនួននោះឡើយ។ ទោះមានការបដិសេធពីភាគីរដ្ឋាភិបាលយ៉ាងនេះក្តី ក៏អ្នកជំទាស់នៅក្រៅប្រទេសមួយចំនួននៅបន្តទាមទារឲ្យភាគីកម្ពុជា ថៃ និងបារាំងស្វែងរកមេគំនិតនៅពីក្រោយឃាតកម្មនយោបាយចុងក្រោយនេះ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វីអូអេថា លម្ហធ្វើនយោបាយសម្រាប់ក្រុមជំទាស់នៅប្រទេសកម្ពុជាកាន់តែរួញតូចទៅ ហើយករណីឃាតកម្មលើអ្នកនយោបាយឆ្នើមមួយរូបគឺលោក លិម គិមយ៉ា គឺជាសារគំរាមអ្នកជំទាស់ទាំងនៅក្នុង និងក្រៅប្រទេស។ ទោះជាយ៉ាងណាក្តី លោកថា ឃាតកម្មចុងក្រោយនេះ មិនអាចបន្ទន់ជំហររបស់អ្នកតស៊ូដើម្បីបុព្វហេតុប្រជាធិបតេយ្យនោះឡើយ ហើយគណបក្សជំទាស់នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។
លោក រ៉ុង ឈុន ថ្លែងថា៖ «ទោះបីមានឧបសគ្គ ក៏ដូចជាមានព្រឹត្តិការណ៍ឃាតកម្មកើតឡើងជារឿយៗក្តី វាមិនអាចធ្វើឲ្យចរន្តអ្នកប្រជាធិបតេយ្យថមថយ បើយើងនិយាយឲ្យចំទៅ អ្នកខាងគណបក្សប្រឆាំង។ អ៊ីចឹង យើងនៅតែធ្វើដំណើរទៅមុខជារៀងរាល់ថ្ងៃ។ យើងមិនបោះបង់គោលដៅទេ ពីព្រោះយើងនៅតែមានការតាំងចិត្តខ្ពស់ក្នុងការត្រៀមខ្លួនចូលរួមប្រកួតនៅ ២០២៧ ២០២៨ នេះ ពីព្រោះយើងដឹងហើយនៅក្នុងរដ្ឋធម្មនុញ្ញត្រូវបានធានា ទាក់ទងទៅនឹងសិទ្ធិប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ»។
បើតាមលោក រ៉ុង ឈុន នៅពេលដែលអ្នកប្រជាធិបតេយ្យក្នុងស្រុករងការគាបសង្កត់ អ្នកប្រជាធិតេយ្យនៅក្រៅប្រទេស ក៏ដូចជាសហគមន៍ប្រជាធិបតេយ្យផ្សេងៗទៀត គួរផ្តោតការយកចិត្តទុកដាក់ជ្រោមជ្រែងអ្នកដែលប្រឹងប្រែងតស៊ូពីក្នុងប្រទេស ដើម្បីបើកលម្ហសេរីភាពនយោបាយដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យពិតប្រាកដមួយ៕
វេទិកាបញ្ចេញមតិ