ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​កម្ពុជា​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ការបាញ់​សម្លាប់ លោក លិម គិមយ៉ា


រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។

មន្ត្រី​សិទ្ធិ​មនុស្សជំ​រុញ​ឱ្យ​កម្ពុជា​មានកិច្ច​សហការ​ល្អ​ជាមួយ​ភាគី​ថៃក្នុង​ការ​ស៊ើប​អង្កេតឃាត​កម្ម​បាញ់​សម្លាប់​លោក លិម គិមយ៉ា អតីត​អ្នក​នយោ​បាយ​គណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ឃាតក​របាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ លើ​ទឹក​ដីថៃ ដើម្បី​លាត​ត្រដាង​ការណ៍​ពិត និង​ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​រដ្ឋា​ភិបាល។

ការ​ជំរុញ​នេះ​ស្រប​ពេលដែល​កូន​ប្រុស​របស់លោក លិម គិមយ៉ា គឺ​លោក លិម តូម៉ាស៍ ប្រាប់​វិទ្យុ​បារាំង​នា​ពេល​ថ្មីៗ​នេះ​ថា ​ទាល់​តែ​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​ចំនួន​ ២​នាក់ ​ដែល​រួម​មានលោក លី រតន​រស្មី អតីត​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន និង​លោក ពេជ្រ គឹម​ស្រ៊ិន ប្អូន​ប្រុស​របស់​អ្នក​នយោបាយ​ខ្មែរ​ម្នាក់ឱ្យ​ទៅ​តុលា​ការ​ថៃ ទើប​អាច​បំភ្លឺ​ការណ៍​ពិត​ជុំវិញ​ឃាតកម្ម​ឪពុក​របស់​លោក​បាន។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកលើក​ឡើង​ថា ​ករណី​ឃាតកម្ម​លោក លិម គិមយ៉ា ដែល​មាន​សញ្ជាតិ​បារាំង អាជ្ញាធរ​កម្ពុជា​ត្រូវ​បង្កើន​កិច្ច​សហការ​ល្អ​ជាមួយ​ភាគី​ថៃ​ក្នុង​ការ​ស៊ើប​អង្កេត និង​ស្វែង​រក​ជន​ពាក់​ព័ន្ធ​មក​សាក​សួរ ​ដើម្បី​បង្ហាញ​ការ​ណ៍ពិត ​ត្បិត​ករណីឃាត​កម្មនេះ​មិន​មែន​កើត​ឡើង​លើ​ទឹក​ដីកម្ពុជា ប៉ុន្តែជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​។ ​លោក​បន្ថែម​ថា ​ករណី​នេះ​ក៏កំពុងរង​ការ​រិះគន់ និងការ​ចោទប្រកាន់​ថា ​ជន​សង្ស័យ​មួយ​ចំនួន​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយថ្នាក់ដឹក​នាំ​ប្រទេស​ថែម​ទៀត។

លោក​ប្រាប់​វីអូអេ​ថា៖ ​«ចង់​មិនចង់ ​បើសិនជា​អាជ្ញាធរ​កម្ពុជា​មិន​បាន​បង្ហាញ​អំពី​ជំហរ​កិច្ច​សហ​ប្រតិបត្តិ​ការ​មួយ​ឱ្យ​បាន​ល្អ ដើម្បី​ធ្វើ​យ៉ាង​ណា​ផ្តល់​ជន​សង្ស័យ​ទាំង​អស់​ហ្នឹង ដើម្បី​ឱ្យ​មានការ​សាក​សួរ​ចម្លើយឱ្យ​បាន​ច្បាស់​លាស់​ទេ នោះ​វា​ធ្វើ​ឱ្យ​មាន​ការ​ជះ​ឥទ្ធិ​ពល​មិនល្អ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ចំពោះ​ករណី​ឃាត​កម្មហ្នឹង»។

ករណី​ឃាតកម្មលោក លិម គិមយ៉ា ​ប្រទេស​បារាំង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្តទុក​ដាក់​លើ​ការ​ស៊ើប​អង្កេត​ឃាត​កម្មនេះ​ផង​ដែរ។ អ្នក​នយោបាយ​មក​ពី​គណ​បក្ស​ប្រឆាំង និង​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នេះ​។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ផង​ដែរ​ថា​ ការ​សហការ​ល្អ​រវាង​អាជ្ញាធរកម្ពុជា និង​អាជ្ញាធរ​ថៃ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​អ​តីត​អ្នក​នយោ​បាយ​គណ​បក្ស​ប្រឆាំង ​និង​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​មក​ផ្តន្ទា​ទោស គឺជា​រឿង​ចាំបាច់​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​មក​លើ​កម្ពុជា។

លោក​ប្រាប់​វីអូអេ​ថា៖ «បើសិនជា​មាន​ជន​ដែលពាក់ព័ន្ធ​ជាមួយ​ការ​បាញ់​សម្លាប់​នេះ ហើយ​រត់​ទៅ​ប្រទេស​ណាមួយ​ អាហ្នឹង​វា​ត្រូវ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ដូច​កម្ពុជា​ធ្លាប់​ធ្វើ​កន្លង​មក​អ៊ីចឹង ​ដែល​បញ្ជូន​ជន​ជាតិ​ថៃ ​ដែល​ជា​ជន​ដៃ​ដល់ក្នុងការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។ អ៊ីចឹង​បើ​សិន​ជា​មាន​ជន​ពាក់ព័ន្ធ​ដទៃ​ទៀត​អាហ្នឹង​វា​អាស្រ័យ​ទៅ​លើ​កិច្ច​សហបប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស​នីមួយ​ៗ»។

លោក អំ សំអាត ​បន្ថែម​ថា ​ដើម្បីធានា​យុត្តិ​ធម៌​សម្រាប់​ជនរងគ្រោះ គឺសមត្ថកិច្ច​ថៃ​ក៏​ត្រូវ​តែ​មាន​ភស្តុតាង និង​សាក្សី​ច្បាស់​លាស់ ដើម្បី​តាម​ស្វែង​រក​ជន​សង្ស័យ​ផ្សេង​ទៀត។

លោក លិម តូម៉ាស៍ កូន​ប្រុស​ពៅ​របស់​លោក លិម គិមយ៉ា ប្រាប់​វិទ្យុ​បារាំង​កាល​ពី​សប្តាហ៍​មុន ដោយ​ចាត់​ទុក​ឃាត​កម្ម​នេះ​ថា ​ជារឿង​នយោបាយ​ច្រើន​ជាង​រឿង​គំនុំ​ផ្ទាល់​ខ្លួន​។ លោក​ជឿ​ថា ទាល់​មាន​តែ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ ជា​ជន​ជាតិ​ខ្មែរ​ទាំង​២​នាក់ ​គឺ​លោក លី រតនរស្មី ​និងលោក ពេជ្រ គឹម​ស្រ៊ិន ​ឱ្យទៅតុលាការ​ថៃ ទើប​អាច​បំភ្លឺ​ការណ៍​ពិត​ជុំវិញ​ឃាត​កម្ម​នៅ​កណ្តាល​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥​។

លោក លី រតនរស្មី អតីត​សកម្ម​ជន​គណបក្ស​ជំទាស់ ធ្លាប់​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​។ ចំណែក​លោក ពេជ្រ គឹមស្រ៊ិន ជា​ប្អូន​ប្រុស​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា​។

រហូត​មក​ដល់​ពេលនេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ ភាគី​ថៃ​បាន​ស្នើ​ឱ្យ​ភាគី​កម្ពុជា​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​រូប​នោះ​ទៅ​ឱ្យ​ភាគី​ថៃ ​ដូច​ការ​ចាប់​បញ្ជូន​ខ្មាន់​កាំភ្លើង​ដែល​បាញ់​លោក លិម គិមយ៉ា យ៉ាង​ណា​នោះ​ទេ​។ គេក៏មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ​ថា​តើអាជ្ញាធរ​កម្ពុជា​នឹង​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នោះ​ ឬ​យ៉ាង​ណា។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ឆាយ គឹម​ខឿន អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ និង​លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំការ​បញ្ជាក់​ពី​លោក​ ជុំ សន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ដែរ។

ករណី​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា ​ក្នុង​ទឹក​ដី​ថៃ ​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​បដិសេធ​ថា ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ហើយ​រដ្ឋា​ភិបាល​មិន​មែន​នៅ​ពី​ក្រោយ​ឃាត​កម្ម​នេះ​ទេ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា ​ប្រាប់វីអូអេ​ថា​ អ្វី​ដែល​អាច​ទុក​ចិត្ត​បាន ​គឺ​ការ​ស៊ើប​អង្កេត​ដែល​ចេញ​ពី​អាជ្ញាធរ​ថៃ​។

លោក​បញ្ជាក់​ថា៖ ​«បញ្ហា​សំខាន់​គេយក​លទ្ធ​ផល​នៃការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច​ថៃ អាហ្នឹង​ជាបាន​ការណ៍​។ អ៊ីចឹងយើង​ដឹង​ហើយ​ថា​ សមត្ថកិច្ច​ប៉ូលិសថៃ​បាន​សន្និដ្ឋាន​រួច​ហើយ​ថា ​ការ​ធ្វើ​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ​វា​ជា​កំហឹង​បុគ្គល​។ បាទ! កំហឹង​បុគ្គល​ហ្នឹង ​គេមិន​បាន​បញ្ជាក់​ច្បាស់​ទៀត ​អាហ្នឹង​បើ​ប្អូន​ឯង​ចង់​ដឹង​ច្បាស់ ទៅ​សួរ​ប៉ូលិស​ថៃ ​អាហ្នឹង​បាន​គេដឹង​ច្បាស់​។ យើង​មិន​អាច​យក​មតិ​របស់​បុគ្គល​ផ្សេង​ៗ ​ក្រៅ​រង្វង់​នៃ​អំពើ​ឃាតកម្ម​នេះ យក​មកធ្វើ​ជា​បាន​ការណ៍​ទេ​»។

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​នៅ​ឡើយ​ទេ។

គួរ​រំឭក​ថា ​ក្រោយ​ការ​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា​ ទាំង​កណ្តាល​ថ្ងៃ​នៅ​ទីប្រជុំ​ជន​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក​ មាន​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​គេ​ថត​បាន​នៅក្នុង​កាមេរ៉ា​សុវត្ថិ​ភាព​ឈ្មោះ ​ពេជ្រ គឹម​ស្រ៊ិន ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នកឱ្យសញ្ញា ​និង​រូបភាព​ដល់​ជន​ដៃ​ដល់។ ជន​សង្ស័យ​នោះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ពី​ខេត្ត​សៀមរាប​មក​ទី​ក្រុង​បាងកក​ជា​មួយ​ជន​រង​គ្រោះ​ដែរ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG