ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បារាំង​កំពុង​តាមដាន​ការស៊ើបអង្កេត​ឃាតកម្ម​លើ​លោក លិម គិមយ៉ា


រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។

រដ្ឋាភិបាល​បារាំង​កំពុង​តែ​តាមដាន​យ៉ាង​យកចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​របស់​លោក ​លិម គិមយ៉ា​ ពលរដ្ឋ​ខ្មែរ-បារាំង​ និង​ជា​សមាជិក​គណបក្ស​ជំទាស់​នៅ​កម្ពុជា។ ​នេះ​បើ​តាម​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។​

អតីត​តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង​នៅ​មណ្ឌល​ខេត្ត​កំពង់ធំ​លោក ​លិម គិមយ៉ា ​អាយុ​ ៧៤​ ឆ្នាំ ​ដែល​មាន​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី៧ ​ខែ​មករា ​ឆ្នាំ២០២៥ ​វេលា​ម៉ោង ​៥​និង​៣៩​នាទី ​ក្នុង​ទីប្រជុំ​ជន​មួយក្បែរ​វត្ត​បូវ័ន្ត​និវិត​ (Wat Bowonniwet Vihara)​ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​អន្តរ​ជាតិ​នានា។​

បើ​តាម​ស្ថានទូត​បារាំង​ លោក​ ហ្សាក់ ប៉ឺឡេ ​ឯក​អគ្គ​រដ្ឋទូត​បារាំង ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ប្រាក់ សុខុន ​ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ កាល​ពីថ្ងៃ​ទី​២៣ ​ខែ​មករា​ ឆ្នាំ​២០២៥​ ដោយ​ក្នុង​នោះ​ក៏​ផ្តោត​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​បារាំង ​និង​ប្រទេស​កម្ពុជា​លើ​វិស័យ​នានា​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ជំនួប​ជា​ច្រើន​ក្នុង​ពេល​ខាង​មុខ។​ នៅ​ក្នុង​ជំនួប​ដដែល​នោះ​ លោក​ឯក​អគ្គ​រដ្ឋទូត​បាន​រំឭក​ថា​ ប្រទេស​បារាំង​កំពុង​តាមដាន​យ៉ាងយក​ចិត្តទុក​ដាក់​លើ​ការ​ស៊ើប​អង្កេត​ស្តីពី​ឃាតកម្ម​លើ​រូប​លោក​ លិម គិម យ៉ា ​ពលរដ្ឋ​បារាំង ​និង​ជា​សមាជិក​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ ​

ឃាតកម្ម​លើ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​លិម គិមយ៉ា​ ត្រូវ​អ្នក​នយោបាយ​មក​ពី​គណ​បក្ស​ប្រឆាំង​ និង​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នោះ។​

ទោះជាយ៉ាង​ណា​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ និង​គណបក្ស​កាន់​អំណាច​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា ​ក្នុង​ទឹក​ដី​ថៃ​ ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​នយោបាយ​ជំទាស់​ និង​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួន​នោះ​ឡើយ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ ករណី​ឃាតកម្ម​លើ​លោក ​លិម គិមយ៉ា​ គឺ​ពាក់ព័ន្ធ​ជាមួយ​៣​ប្រទេស​ គឺ​ថៃ​ កម្ពុជា​ និង​បារាំង។​

បើ​តាម​លោក ​អំ សំអាត​ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ថៃ​ត្រូវ​តែ​បន្ត​ស៊ើប​អង្កេត​ និង​ស្រាវជ្រាវឲ្យ​បាន​ពេញ​លេញ​ដើម្បី​ផ្តល់​យុត្តិ​ធម៌​ដល់​ជន​រងគ្រោះ​ ហើយ​កម្ពុជា​ក៏​ត្រូវ​តែ​សហការ​ជាមួយ​ភាគី​ថៃ​ដោយ​សារ​តែ​លោក ​លិម​ គិមយ៉ា ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«សំខាន់​បំផុត​ បើសិន​ជា​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា​ មាន​ពាក់ព័ន្ធ​ជាមួយ​ជន​ផ្សេង​ទៀត​ដែល​អាច​រត់​គេច​ខ្លួន​មក​កម្ពុជា​ ឬ​ក៏​ទៅ​ប្រទេស​ណា​ អាហ្នឹង​ត្រូវ​មាន​កិច្ច​សហការ​ឲ្យ​បាន​ពេញ​លេញ​បន្ថែម​ទៀត​ដើម្បី​ភាព​យុត្តិ​ធម៌»។​

បើ​តាម​លោក​ អំ សំអាត​ លោក ​លិម​ គិមយ៉ា​ ក៏​មាន​សញ្ជាតិ​បារាំង​ ហេតុនេះ​លោក​រំពឹង​ថា​ អាជ្ញាធរ​បារាំង​នឹង​យក​ចិត្ត​ទុកដាក់​ចំពោះ​ពលរដ្ឋ​របស់​គេ​ ហើយ​ចង់​បាន​យុត្តិ​ធម៌។​

នៅ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក ​លិម គិមយ៉ា​ នេះ​ កាសែត​មួយ​ឈ្មោះ​ Khaosod​បាន​រាយ​ការណ៍​តាម​ការ​បក​ស្រាយ​របស់​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ថៃ​ថា ការ​បាញ់​សម្លាប់​អតីត​តំណាង​រាស្រ្ត​បក្ស​ជំទាស់​រូប​នេះ​ផ្តើម​ចេញ​ពី​«ការ​សង​សឹក​ផ្ទាល់​ខ្លួន​ រវាង​មេខ្លោង​នៃ​ឃាតកម្ម​ និង​ជន​រងគ្រោះ»។​

យ៉ាងណា​ក៏​ដោយ ​តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួនជន​សង្ស័យ​ឈ្មោះ​ លី រតនរស្មី​ ដែល​ជនជាតិ​ខ្មែរ​ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ប្រាក់​ដល់​ឃាតករ​ដែល​បាន​សារភាព​ថា ​បាន​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា។​ នេះ​បើ​តាម​សារ​ព័ត៌មាន​ថៃ​ឈ្មោះ Thai PBS​ ដែល​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ។​

អ្នក​នាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក​ ឆាយ គឹម​ខឿន​ ប្រាប់​វីអូអេ​ថា​ រហូត​មក​ទល់​ពេល​នេះ ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ឯក​សារ​ផ្លូវការ​ណា​មួយ​ទេ​ អំពី​ការ​ស្នើ​ឲ្យ​មាន​កិច្ច​សហការ​ពី​ភាគី​ថៃ ​និង​បារាំង​ដើម្បី​បន្ត​នីតិវិធី​ស៊ើប​អង្កេត​ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា។​

ដោយ​ឡែក​ សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​លោក ​ឯម សុណ្ណារ៉ា​ ប្រាប់​វីអូអេ​ថា​ បារាំង​និង​កម្ពុជា​គួរតែ​មាន​កិច្ច​សហការ​គ្នា​ដើម្បី​ស្វែង​រក​កិច្ច​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​នេះ ខណៈ​អាជ្ញាធរ​ថៃ​បាន​ចោទ​ប្រកាន់​ថា​ អ្នក​ពាក់ព័ន្ធ​ឃាតកម្ម​នេះ ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «កម្ពុជា​ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ ឬ​ក៏​ដាក់​បន្ទុក​ ខ្ញុំ​គិត​ថា​ អាជ្ញាធរ​កម្ពុជា​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​រឿង​ឃាតកម្ម​ហ្នឹង​ជាមួយ​បារាំង​ទើប​ជា​កិច្ចការ​ល្អ ​កុំ​ឲ្យ​មាន​ការ​ដាក់​បន្ទុក​មក​លើ​ភាគី​កម្ពុជា»។​

គួរ​រំឭក​ថា​ ក្រោយ​ការ​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា​ទាំង​កណ្តាល​ថ្ងៃ​នៅ​ទីប្រជុំ​ជន​មួយ​កន្លែងក្នុង​ទីក្រុង​បាងកក​ មាន​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​គេ​ថត​បាន​ក្នុង​កាមេរ៉ា​សុវត្ថិ​ភាព​ឈ្មោះ ​ពេជ្រ គឹម​ស្រ៊ិន ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​ឲ្យ​សញ្ញា ​និង​រូបភាព​ដល់​ជន​ដៃ​ដល់។​ ជន​សង្ស័យ​នោះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ពី​ខេត្ត​សៀមរាប​មក​ទី​ក្រុង​បាងកក​ជា​មួយ​ជន​រង​គ្រោះ​ដែរ។ ​

ជន​សង្ស័យ​រូប​នោះ​ក៏​ត្រូវ​បាន​តុលាការ​ថៃ​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ផង​ដែរ។ ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ​ថា​តើ​អាជ្ញាធរ​កម្ពុជា​នឹង​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នោះ​ឬ​យ៉ាង​ណា៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG