ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្តាយ​របស់​សកម្មជន​ថៃ​ដែល​ជាប់​ឃុំ​ថា«នឹង​មិន​នៅ​ស្ងៀម»​និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង


រូបឯកសារ៖ បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ចាប់ខ្លួន លោក Parit "Penguin" Chiwarak លើក​ម្រាម​ដៃ​បី​ឡើង ក្រោយ​ពី​ទៅ​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​ដើម្បី​ចូលរួម​ក្នុង​សវនាការ​កាត់​ក្ដី​លោក ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ចាប់ខ្លួន លោក Parit "Penguin" Chiwarak លើក​ម្រាម​ដៃ​បី​ឡើង ក្រោយ​ពី​ទៅ​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​ដើម្បី​ចូលរួម​ក្នុង​សវនាការ​កាត់​ក្ដី​លោក ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​ជាច្រើន​សប្តាហ៍​ដោយ​អាច​មិន​អាច​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បាន​ ដោយសារ​តែ​ការ​ចោទប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​រាជវង្ស។ ដោយសារ​ក្តីស្រឡាញ់​ឥត​លក្ខខណ្ឌ​ចំពោះ​កូនៗ​របស់​ពួកគេ និង​ការ​ខឹងសម្បា​ចំពោះ​រដ្ឋ​ថៃ អ្នក​ម្តាយ​របស់​បាតុករ​ទាំង​នោះ​សុខចិត្ត​នៅ​កំដរ​កូនៗ​ពួកគេ​នៅ​ខាង​ក្រៅ​ពន្ធនាគារ ទីកន្លែង​ដែល​កូនៗ​ជា​ទីស្រឡាញ់​របស់​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន។​

ការ​សម្រេច​នៅ​កំដរ​កូនៗ​ទាំង​នេះ​ធ្វើ​ឡើង​ខណៈ​ស្ថានភាព​នយោបាយ​មិន​នឹងនរ​របស់​ថៃ​កំពុង​រង្គោះរង្គើ​ម្តង​ទៀត​ដោយ​សារ​ចលនា​តវ៉ា​ដឹកនាំ​ដោយ​យុវជន ដែល​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​លើ​រចនាសម្ព័ន្ធ​អំណាច​ទាំង​មូល​ រួម​ទាំង​អំណាច​រាជវង្ស​ដែល​មិន​អាច​ប៉ះពាល់​បាន​ ដែល​ស្ថិត​ក្រោម​ការ​គ្រង​រាជ្យ​របស់​ស្តេច Maha Vajiralongkorn ផងដែរ។

ការ​តវ៉ា​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​កាលពី​ឆ្នាំ​មុន​មិន​បាន​ជោគជ័យ​នោះ​ទេ បន្ទាប់​ពី​មេដឹកនាំ​សំខាន់ៗ​នៃ​ចលនា​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​មនុស្ស​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ល្មើស​ជាច្រើន​ករណី​ក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា ច្បាប់​មាត្រា ១១២។ នេះ​ជា​វិធានការ​ដ៏​ម៉ឺងម៉ាត់​ចំពោះ​ការ​បរិហារ​កេរ្តិ៍ ដែល​ការពារ​ព្រះ​បរម​រាជវាំង​ពី​ការ​រិះគន់។

ត្រង់​មាត្រា​ ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ​ថៃ ការ​ផ្តន្ទាទោស​នីមួយៗ​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៣ ឆ្នាំ ទៅ​១៥ ឆ្នាំ។​

មេដឹកនាំ​សំខាន់ៗ​១០ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ ដោយ​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ​ប៉ុន្តែ​មនុស្ស​ចំនួន ៧០ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចោទប្រកាន់​តាំង​ពី​ចុង​ឆ្នាំ​មុន ហើយ​យុវជន​ក្មេង​ជាង​គេ​មាន​អាយុ​ទើប​តែ ១៦ ឆ្នាំ​ប៉ុណ្ណោះ​នៅ​ពេល​លោក​ត្រូវ​បាន​ចោទប្រកាន់។

អង្គការ​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍​ប្រឆាំង​នឹង​អ្នក​តវ៉ា ដែល​បង្ហាញ​ពី​កំហុស​រវាង​មនុស្ស​វ័យ​ក្មេង និង​វ័យ​ចំណាស់ និង​រវាង​ក្រុម​អភិរក្ស​និយម និង​វឌ្ឍនភាព​និយម​នៅ​ក្នុង​សង្គម​ថៃ។

អ្នកស្រី Sureerat Chiwarak គឺ​ជា​ម្តាយ​របស់​មេដឹកនាំ​ការ​តវ៉ា​ដែលធ្វើ​ការ​រិះគន់​ខ្លាំង​បំផុត​មួយ​រូប​គឺ​លោក Parit Chiwarak ឬ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា Penguin ដែល​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ជាង​១២ករណី នៅ​ក្រោម​ច្បាប់​នេះ។ អ្នកស្រី Sureerat Chiwarak ថា «ពួកគេ​បាន​ប្រើប្រាស់​ច្បាប់​នេះ​ប្រឆាំង​នឹង​កូនប្រុស​របស់​ខ្ញុំ»។

លោក Penguin អាយុ ២៣ ឆ្នាំ ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់តាំងពី​កុម្ភៈ ប៉ុន្តែ​ត្រូវ​បាន​ផ្ទេរ​ទៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ បន្ទាប់​ពី​មាន​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​មួយ​អស់​ ៨ សប្តាហ៍។

អ្នកស្រី​បាន​ប្រាប់ VOA ថា «ទោះ​បី​ជា​គាត់​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ឲ្យមាន​ទោស​ក្តី ប៉ុន្តែ​ពួកគេ​បាន​សម្លាប់​អនាគត​របស់​គាត់​រួច​ទៅ​ហើយ។ ​ក្នុង​នាម​ជា​ម្តាយ​ យើង​មិន​អាច​បញ្ឈប់​នោះ​ទេ។ យើង​មិន​អង្គុយ​នៅ​ស្ងៀម និង​ចាំ​មើល​កូន​របស់​យើង​ជាប់​ពន្ធនាគារ​នោះ​ទេ»។

រូបឯកសារ៖ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​នាំ​គ្នា​លើក​ម្រាមដៃ​បី​ឡើង​ដើម្បី​ជា​ការ​ប្រឆាំងនឹង​សវនាការ​កាត់ទោស​មេដឹកនាំ​របស់​ខ្លួន​ចំនួន ១៣ នាក់ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​នាំ​គ្នា​លើក​ម្រាមដៃ​បី​ឡើង​ដើម្បី​ជា​ការ​ប្រឆាំងនឹង​សវនាការ​កាត់ទោស​មេដឹកនាំ​របស់​ខ្លួន​ចំនួន ១៣ នាក់ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

នៅ​ថ្ងៃទី៣០ ខែមេសា អ្នកស្រី​បាន​កោរ​សក់​ដើម្បី​ជា​ការ​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ ដោយ​ទាមទារឱ្យ​កូន​ប្រុស​អ្នកស្រី​បាន​នៅ​ក្រៅ​ឃុំ​ពី​ប្រព័ន្ធ​ច្បាប់​ដែល​អ្នកស្រី​ថា បាន​ឃុំ​ខ្លួន​កូន​អ្នកស្រី​ដោយ​មិន​ឆ្លង​កាត់​សវនាការ និង​មិន​មាន​ហេតុផល​ត្រឹមត្រូវ។

នៅ​ថ្ងៃ​បន្ទាប់ អ្នកស្រី​បាន​ចូលរួម​ជាមួយ​នឹង​អ្នក​ម្តាយ​ ៤ រូប​ផ្សេង​ទៀត​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ក្នុង​ក្រុង​បាងកក ដោយ​ឈរ​នៅ​ពី​មុខ​ផ្ទាំង​ក្រដាស​រូប​កូនៗ​របស់​ពួកគេ​រយៈពេល​ ១១២ នាទី​ ដោយ​មាន​ស្លាក​ធំៗ​ចង​ទៅ​នឹង​របង​ពន្ធនាគារ​ដែល​សរសេរ​ថា «ឱ្យ​កូនៗ​យើង​វិញ​មក»។

ពួកគេ​បាន​ឱប​គ្នា ទះ​ដៃ និង​ពាក់​អាវ​យឺត​ដែល​មាន​រូប​កូនៗ​របស់​ពួកគេ ដែល​នេះ​ជា​ការ​រួបរួម​គ្នា​គួរ​ឱ្យ​អាណិត​មួយ ខណៈ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​កាត់​បន្ថយ​នៅ​សល់​តែ​ប៉ុន្មាន​រយ​នាក់ ដោយសារ​តែ​ខ្លាច​ច្បាប់​នេះ និង​ការ​ឆ្លងរាលដាល​សារ​ជា​ថ្មី​នៃ​មេរោគ​កូរ៉ូណា​នា​ពេល​ថ្មីៗ​នេះ។

ក្រុម​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ក្រុម Ratsamoms ឬ​ «ម្តាយ​ប្រជាជន» ដែល​ជា​កើត​ចេញ​ពី​ចលនា Ratsadon People’s Movement ដែល​បាន​ធ្វើ​ការ​តវ៉ា​នៅ​តុលាការ និង​ពន្ធនាគារ​ចាប់​តាំង​ពី​ខែ​មីនា​មក។

អ្នកស្រី Suriya Sithijirawattanakul ជា​ម្តាយ​របស់​យុវតី Panussaya (ឈ្មោះ​ក្រៅ Rung) វ័យ​ ២៣ ឆ្នាំ ដែល​បាន​ដុត​បញ្ឆេះ​ចលនា​កំណែ​ទម្រង់​កាលពី​ខែសីហា ឆ្នាំ​មុន នៅ​ពេល​នាង​ឡើង​លើក​ឆាក​ជាមួយ​នឹង​ការ​ទាមទារ ១០ ចំណុច​រួម​ទាំង​កំណែ​ទម្រង់​អំណាច​រាជវង្ស​ដែល​ត្រូវ​ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ អ្នកស្រី Suriya Sithijirawattanakul ថា «ខ្ញុំ​មិន​ចង់​ឱ្យ​កូន​ខ្ញុំ​នៅ​ឯកោ​ម្នាក់​ឯង​នោះ​ទេ»។​

អ្នកស្រី​ថា «នាង​ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​មក​ដល់​ពេល​នេះ ហើយ​នាង​ក៏​ចូលរួម​កូដកម្ម​បង្អត់​អាហារ​ដែរ។ នាងសម​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ»។

ការ​តស៊ូ​ប្រឆាំង​នឹង​អំណាច​យ៉ាង​លំបាក

ប្រទេស​ថៃ​ជា​រាជា​ណា​ចក្រ​បែកបាក់​មួយ។

ចំពោះ​អ្នក​រាជានិយម ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-o-cha ដែល​ជា​អតីត​មេបញ្ជាការ​យោធា ចលនា​យុវជន​នេះ​បាន​ដើរ​ហួស​បន្ទាត់​ហាមឃាត់​ ដោយការ​រិះគន់​ខ្សែ​រាជវង្ស។

ពួកគេ​គោរព​ព្រះបរមរាជវាំង​ និង​ចាត់​ទុក​ស្ថាប័ន​នេះ​ផុត​ពី​ការ​ប្រជែង​អំណាច​នយោបាយ ទោះ​បី​ជា​ស្ថាប័ន​នេះ​ដឹកនាំ​ប្រទេស​ដោយ​សហការ​ជាមួយ​នឹង​យោធា​ក្តី ដែល​បាន​បង្អាក់​ចលនា​ប្រជាធិបតេយ្យ​ជាមួយ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ចំនួន ១៣ ដង​ ចាប់​តាំង​ពី​ឆ្នាំ១៩៣២​មក។

ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​នោះ​ទេ ចាប់តាំងពី​ពេល​ស្តេច Vajiralongkorn ដែល​ជា​ស្តេច​ថៃ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​មហាសាល បាន​ឡើង​គ្រងរាជ្យ​នៅ​ក្នុង​ឆ្នាំ២០១៩។

នៅ​ក្នុង​ខែវិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី Prayut បាន​ព្រមាន​ក្រុម​អ្នក​តវ៉ា​ថា លោក​នឹង «ប្រើប្រាស់​ច្បាប់​ទាំង​អស់» ដើម្បី​កម្ចាត់​ចលនា​ដែល​ទាមទារ​ឱ្យ​ព្រះបរមរាជវាំង​គោរព​តាម​តួនាទី​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​ផ្តាច់​ការ​គាំទ្រ​របស់​ព្រះបរមរាជវាំង​ពី​យោធា។

ដោយ​មេដឹកនាំ​ការ​តវ៉ា​កំពុង​ប្រឈម​មុខ​នឹង​ការ​ឃុំ​ខ្លួន​រាប់​ខែ ឬដល់រាប់ឆ្នាំ អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន​ថា ម្តាយ​របស់​ពួកគេ​អាច​នឹង​ជា​គន្លឹះ​ចុង​ក្រោយ​មួយ​ក្នុង​ការ​បញ្ឆេះ​មនោសញ្ចេតនា​សាធារណជន។

លោក Amornrat Chokepamitkul អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង ដែល​ចូលរួម​ការ​តវ៉ា​នៅ​ពន្ធនាគារ​ដែរ​នោះ​ថា «នៅ​ចុង​បញ្ចប់ មាន​តែ​អ្នក​ម្តាយ​ទាំង​នេះ​ហើយ​ដែល​ត្រូវ​ចេញ​មុខ​ ដោយ​ឥត​លក្ខខណ្ឌ និង​ដែលនឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​កូនៗ​របស់​ពួកគេ»។

អ្នក​តំណាងរាស្ត្រ​រូប​នេះ​ថា «ខ្ញុំ​គិត​ថា ពួកគេ​នឹង​ក្លាយ​ជា​ប្រភព​អំណាច​មួយ​សម្រាប់​ចលនា​នេះ»៕

XS
SM
MD
LG