ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​ សុំ​ពន្យារ​ពេល​ចូល​សវនាការ ​ដោយ​សារ​មិន​ទ​ទួល​បាន​ដីកា​កោះ


លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)
លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

សកម្ម​ជន​ចលនាមាតា​ធម្មជាតិ​ ស្នើ​សុំ​ពន្យារ​ពេល​ចូល​សវនាការ បន្ទាប់​ពី​តុលាការ​ក្រុងភ្នំពេញ​ បាន​កោះ​ហៅ​មេធាវី​ការពារ​ក្តី​របស់ពួកគេ​ឱ្យចូលសវនាការ​នៅ​ថ្ងៃ​ពុធ​ទី២៤ ​ខែ​មេសានេះ ក្នុង​សំណុំ​រឿង «រួម​គំនិត​ក្បត់» ​និង ​«ប្រមាថ​ព្រះ​មហាក្សត្រ» ​ពាក់​ព័ន្ធ​ការ​ថ្លែង​របស់ពួក​គេ​តាមរយៈ​កិច្ច​ប្រជុំ​ជា​វីដេអូ​អន​ឡាញ​ ជា​មួយ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​មានសញ្ជាតិ​អេស្ប៉ាញ​គឺ​លោក អាឡិច​ហ្សង់ដ្រូ​ ហ្គន់​សាឡេស ដេវីត​សិន​(Alejandro Gonzalez-Davidson)។

​នេះ​ជា​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ ចុះ​ថ្ងៃ​ទី​១៩​ ខែ​មិថុនា ឆ្នាំ​២០២១​ ​ដែល​តុលាការ​ក្រុង​ភ្នំពេញ ​បាន​ចោទ​ប្រកាន់​ យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៦​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​លោក ​អាឡិច​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ ចំពោះ​ភាព​សកម្ម​ក្នុង​វិស័យ​បរិស្ថាន​។ ក្នុង​ចំណោមនោះ​ យុវជន​មួយ​ចំនួន ​ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ម្តង​រួច​មកហើយ ពីបទ​«​ញុះ​ញង់​» ក្នុង​សំណុំ​រឿង​ ទាក់​ទង​នឹង​ការ​ដាក់​សំណើ​ទៅ​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តាមោក​។

សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ​ កញ្ញា ​ភួន កែវរស្មី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា ទាំង​កញ្ញា ​និង​សកម្មជនចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត​ ពិតជា​មិនបាន​ទទួល​ដីកា​កោះ​របស់​តុលាការ​ ដែល​នាំ​ឱ្យ​កញ្ញា​ និង​សកម្មជន​ទាំងនោះ​ សម្រេច​ចិត្តមិន​ចូល​រួមសវនាការ​នា​ថ្ងៃ​ពុធ​ និង​ថា​សកម្ម​ជន​ក៏​នឹង​មិន​ភៀស​ខ្លួន​ចេញ​ពីប្រទេស​កម្ពុជា​ផង​ដែរ។​

កញ្ញា ភួន កែវរស្មី សកម្មជន​ការពារ​បរិស្ថាន​វ័យ​ក្មេង ក្រោយ​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)
កញ្ញា ភួន កែវរស្មី សកម្មជន​ការពារ​បរិស្ថាន​វ័យ​ក្មេង ក្រោយ​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

កញ្ញា​បន្ថែម​ថា​ តុលាការ​គួរ​តែ​បញ្ជូន​ដីកា​កោះ​ឱ្យ​ចូល​ខ្លួន​យ៉ាង​ហោចណាស់​៣​សប្តាហ៍​មុន​ពេល​កំណត់​ថ្ងៃ​បើក​សវនាការ​ ដើម្បី​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​តតាំង​ក្តី​នៅ​តុលាការ​។

កញ្ញា​ថ្លែង​ថា៖ ​«ពួក​យើង​អត់បាន​គេចវេះ​ទេ ប៉ុន្តែ​ពួកយើង​ត្រូវការ​ ការ​ផ្តល់​តម្លៃ​ពី​ចៅក្រម ពី​ព្រះរាជ​អាជ្ញា ​ពី​អ្នកធ្វើការ​ក្នុងតុលាការ​ហ្នឹង​ផ្តល់​តម្លៃ​មក​ដល់​រឿង​ក្តីរបស់​យើងដែរ​ ព្រោះ​វាមិន​មែន​ជារឿង​ក្តី​លេង​សើច ហើយ​បើកាត់​ទោស​ទៅ​ពួកយើង​អាច​ជាប់ទោស​ច្រើនឆ្នាំ​មែន​ទែន​ពី៥ឆ្នាំ​ ទៅ​១០ឆ្នាំ ​ហើយ​វាជា​បទ​ឧក្រិដ្ឋ ​វាមិន​មែនជា​មជ្ឈិម ឬ​បទមធ្យម​ ដែល​គាត់អាច​ហៅមុន ​មួយថ្ងៃ ​ពីរ​ថ្ងៃ ឬក៏​មួយ​ថ្ងៃមុន​ឡើង​តុលាការ​ហើយ​ យើង​នៅមិន​ទាន់​បាន​ដឹងថា​ខ្លួនឯង​ត្រូវទៅ​តុលាការ ​ដូច​កាល​នៅក្នុង​ពន្ធនាគារ​ទេ​»។

នេះ​ជា​លើក​ទី៣ ​ដែល​តុលាការបានកោះ​ហៅ​សកម្មជន​ចលនាមាតា​ធម្មជាតិឱ្យចូល​សវនាការ ហើយ​ក៏ត្រូវ​បាន​សកម្មជន​ស្នើ​ឱ្យ​ពន្យារ​ពេល​ចូល​សវនាការ​សាជាថ្មីទៀត​។ ​ការស្នើ​សុំពន្យារ​ពេលលើក​ទីមួយ ​ធ្វើ​ឡើង​នៅពេល​មេធាវី​ការពារ​ក្តីជាប់​រវល់​ភារ​កិច្ច​ផ្ទាល់​ខ្លួន ដោយទៅ​ពិនិត្យ​សុខ​ភាព​នៅ​ក្រៅ​ប្រទេស ចំណែក​លើក​ទីពីរ​ សកម្ម​ជន​មួយ​ចំនួន​ចេញ​ទៅ​ទទួលពានរង្វាន់​អន្តរ​ជាតិ​មួយ​ឈ្មោះ Right Livelihood នៅ​ប្រទេស​ស៊ុយ​អ៊ែត សម្រាប់​ភាព​ក្លាហាន​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន​នៅ​កម្ពុជា​។ នេះ​បើ​តាម​កញ្ញា ភួន កែវ​រស្មី​។

សកម្ម​ជន​ចលនា​មាតា​ធម្មជាតិដែល​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​ចូល​ខ្លួន​នៅថ្ងៃ​ពុធ​ ​រួម​មាន​លោក ថុន រដ្ឋា ​កញ្ញា ឡុង គន្ធា ​កញ្ញា ភួន កែវរស្មី​ កញ្ញា ស៊ុន រដ្ឋា​ លោក យឹម លាងហ៊ី​ និង​លោក​ លី ចាន់​ដារ៉ាវុត​។ ​

កញ្ញា ភួន កែវ​រស្មី​ កញ្ញា​ ឡុង គន្ធា និង​លោក ថុន​ រដ្ឋា ​ធ្លាប់​ជាប់​ពន្ធនាគារជាង​១ឆ្នាំ ​ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​យុទ្ធនាការ​ដើរ​តែ​ម្នាក់​ឯង​របស់​កញ្ញា ឡុង គន្ធា ​ទៅ​កាន់​គេហដ្ឋាន​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី ​លោក​ ហ៊ុន សែន​ ដើម្បី​ស្នើ​សុំ​ឱ្យបញ្ឈប់​ការ​លុប​បឹង​តាមោក​ ដែល​នៅ​ជាយ​រាជធានី​ភ្នំពេញ​។ ​

មេ​ធាវី​ការពារក្តី​ឱ្យ​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ លោក សំ ចំរើន ​ប្រាប់វីអូអេ​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​តុលាការពន្យារ​ពេល​សវនាការនៅថ្ងៃ​អង្គារ​នេះ ​ ដោយ​សារ​កូនក្តី​របស់​លោក​មិន​ទទួល​ដីកា​កោះ​បង្គាប់​ឱ្យ​ចូល​ខ្លួន​ទៅតាម​នីតិ​វិធី​ច្បាប់។​ លោកបាន​ឱ្យដឹង​ទៀតថា ​លោកក៏​ទើប​ទទួល​បាន​លិខិត​អញ្ជើញ​ឱ្យ​ចូល​ការពារ​ក្តី​ ក្រោយ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ផង​ដែរ​។

បើ​តាម​មេ​ធាវីរូប​នេះ ​វត្ត​មាន​កូនក្តី​របស់​លោក​ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​ គឺជា​ភាព​ចំបាច់​បំផុត​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ ដើម្បី​ឱ្យពួកគេ​ប្រើ​ប្រាស់​សិទ្ធិ ​ឆ្លើយ​ដោះ​បន្ទុក​ ចំពោះបទចោទ​ដែលតុលាការចោទ​ប្រកាន់លើពួកគេ​។

លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​រារាំង​ដោយ​កងសន្តិសុខ​មិន​ឲ្យ​ឈរ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងសាំង​កាល់តិច នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​រារាំង​ដោយ​កងសន្តិសុខ​មិន​ឲ្យ​ឈរ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងសាំង​កាល់តិច នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់​ទៀត ​លោក ថុន រដ្ឋា​ ប្រាប់​វីអូអេ​ថា​ ​លោក​ក៏​មិន​ទៅចូលរួមសវនាការនៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​នោះ​ដែរ​។ ​លោក​បាន​ទាម​ទារ​ឱ្យ​ តុលាការបញ្ជូន​ដីកាកោះឱ្យ​បាន​លឿន​ជាង​នេះ ​ដើម្បី​ឱ្យ​លោក ​និង​សកម្មជនឯទៀត​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់ត្រៀម​ខ្លួនឡើង​សវនាការ។

លោកថា៖«ដោយសារ​តែ​រឿង​នេះ​វា​ជា​រឿង​បទ​ឧក្រិដ្ឋ​ ហើយ​យើង​ត្រូវ​ការ​ពេល​វេលា​យូរ ​ក៏​ដូចជា​ត្រូវការ​ជជែក​ពិភាក្សា​គ្នា​ច្រើន​ជាមួយ​នឹង​មេធាវី​ មុន​នឹង​ឡើង​ទៅ​តតាំង​ក្តី»។

បើតាម​លោក​ ថុន រដ្ឋា តុលាការ​រាជធានី​ភ្នំពេញ​គួរតែ​ពិចារណាទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើសកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំពោះ​ការ​ធ្វើ​សកម្មភាព​តស៊ូមតិការ​ពារ​បរិស្ថាន​ក្នុង​ប្រទេស​ ​ហើយ​រដ្ឋាភិបាល​ត្រូវ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ចូល​រួម​ការពារបរិស្ថាន​ និង​ធន​ធាន​ធម្មជាតិ​ ទើប​ជារឿង​ល្អ​ប្រសើរ​សម្រាប់​សង្គម​ជាតិ​។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក សួស វិទ្យា​រ៉ាន់ឌី បដិសេធ​មិនផ្តល់​ការអត្ថា​ធិប្បាយ ដោយលោកថា ​លោក​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ជុំវិញ​សំណុំរឿង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នេះ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត ​ថ្លែងថា​ការ​បញ្ជូន​ដីកា​កោះ​ គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ដីកា​នោះទៅ​ដល់​សាមី​ខ្លួន​ទាន់​ពេល​វេលា ជា​មួយ​រយៈ​ពេល​សម​រម្យ ​ស្រប​ទៅតាម​នីតិ​វិធី​ច្បាប់ ដើម្បី​ឱ្យសាមីខ្លួន​ទាំង​នោះ អាច​ត្រៀម​ខ្លួន​និង​រៀប​ចំ​ឯកសារ​ពាក់​ព័ន្ធ​ ឬ​ភស្តុតាង​ផ្សេងៗ​ក្នុងកា​រតតាំង​ក្តី​នៅ​ក្នុងសវនាការ​ដែល​មានភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG