ក្រុមយុវជនចលនាមាតាធម្មជាតិមួយចំនួនអះអាងថាពួកគេនឹងបន្តសកម្មភាពការពារបរិស្ថានក្នុងប្រទេសកម្ពុជា ខណៈពួកគេទទួលបានពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
ការទទួលបានពានរង្វាន់នេះត្រូវបានអបអរសាទរដោយក្រុមជនបរទេសនៅទីក្រុងស្តុកខុល នៃប្រទេសស៊ុយអែត និងអ្នកតាមដានមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសកម្មជនទាំងនោះកំពុងប្រឈមនឹងពាក្យបណ្តឹងនៅតុលាការចំពោះសកម្មភាព កាលពីកន្លងទៅ ហើយរដ្ឋាភិបាលបានចាត់ទុកពួកគេជា«ជនឱកាសនិយម» និងមាន«របៀបវារៈនយោបាយទុច្ចរិត»។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន៣នាក់ រួមមានកញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុត និងកញ្ញា មាន លីសា មានវត្តមាននៅក្នុងពិធីទទួលពានរង្វាន់អន្តរជាតិ Right Livelihood ក្នុងទីក្រុងស្តុកខុលនៃប្រទេសស៊ុយអែត ដោយមានការអបអរសាទរនៅទីនោះ។ នេះបើតាមវីដេអូដែលបង្ហាញពីសកម្មភាពនៃការទទួលបានពានរង្វាន់ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិកម្ពុជា Mother of Nature Cambodia កាលពីថ្ងៃព្រហស្បតិ៍។
កញ្ញា ស៊ុន រដ្ឋា អាយុ២៧ឆ្នាំ ដែលកំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការ និងធ្លាប់ជាប់ពន្ធនាគារ ថ្លែងក្នុងពិធីនោះថាការទទួលបានពានរង្វាន់នេះពិតជាមានតម្លៃណាស់សម្រាប់ក្រុមចលនាមាតាធម្មជាតិ និងអាចបង្ហាញប្រាប់ប្រជាជនកម្ពុជាថាការការពារធនធានធម្មជាតិ និងបរិស្ថាន មិនមែនជាសកម្មភាពខុសច្បាប់ឡើយ។ កញ្ញាបញ្ជាក់ថាក្រុមចលនាមាតាធម្មជាតិនៅតែបន្តសកម្មភាពការពារបរិស្ថាន ដើម្បីក្ដីសម្រៃរបស់ពួកគេ។
កញ្ញា ស៊ុន រដ្ឋា ថ្លែងជាភាសាអង់គ្លេស ដោយមានការប្រែសម្រួលជាភាសាខ្មែរថា៖
«សាររបស់ពួកយើងទៅកាន់រដ្ឋាភិបាលនៃប្រទេសកម្ពុជាគឺថាយុវជនជំនាន់នេះដែលខ្ញុំនិងមិត្តរួមការងាររបស់ខ្ញុំ ក៏ជាផ្នែកមួយដែលនោះ គឺមិនមានភាពខ្មាសអៀន និងមិនមានវិប្បដិសារីទេ ដែលត្រូវបានរដ្ឋាភិបាលរបស់ខ្លួនចាប់យកទៅដាក់ពន្ធនាគារ ដោយសារការការពារបរិស្ថាន។ វិធីសាស្រ្ដបែបនេះគឺមិនអាចបន្ទុចបង្អាក់ពួកយើងមិនឱ្យឈានទៅរកក្ដីស្រមៃរបស់ពួកយើងបានឡើយ»។
កញ្ញា ស៊ុន រដ្ឋា ប្រាប់វីអេអូតាមទូរសព្ទនៅថ្ងៃសុក្រនេះថាការទទួលបានពានរង្វាន់នេះ គឺជាការលើកទឹកសម្រាប់សកម្មជនចលនាមាតាធម្មជាតិ និងយុវជនកម្ពុជាពីបណ្ដាប្រទេសអឺរ៉ុប។ កញ្ញាស្នើដល់រដ្ឋាភិបាលកម្ពុជាពិចារណាទម្លាក់បទចោទប្រកាន់លើក្រុមសកម្មជន និងស្នើឱ្យរដ្ឋាភិបាលពិចារណាសហការជាមួយយុវជនក្នុងការការពារបរិស្ថាន។
កញ្ញាបញ្ជាក់ថា៖ «គាត់(រដ្ឋាភិបាល)គួរតែពិចារណានៅក្នុងការលើកទឹកចិត្តយុវជនជៀសជាងការដែលគំរាមគំហែងយុវជននៅក្នុងការធ្វើការងារ ដើម្បីធនធានធម្មជាតិ។ គាត់(រដ្ឋាភិបាល)គួរតែងាកមកសហការជាមួយពួកយើង ព្រោះពួកយើងគឺជាដៃគូរសហការដ៏ល្អបំផុតរបស់ពួកគាត់ បើពួកគាត់ចង់ដឹងពីកង្វះខាតនានា គាត់គួរតែសហការជាមួយពួកយើង ព្រោះយើងមែនចង់ឱ្យប្រទេសវាអត់មានការអភិវឌ្ឍទេ។ យើងចង់ឱ្យប្រទេសមានការអភិវឌ្ឍ ប៉ុន្តែគិតគូរដល់បរិស្ថាន និងប្រជាជន»។
បើតាមសកម្មជនរូបនោះ ទឹកប្រាក់ដែលទទួលបានពីពានរង្វាន់នេះដែលកញ្ញាបដិសេធមិនបញ្ជាក់ចំនួន នឹងត្រូវប្រើប្រាស់សម្រាប់បន្តការងារការពារបរិស្ថាននៅកម្ពុជា។
ជាមួយគ្នានេះ កញ្ញា មាន លីសា ដែលទៅចូលរួមក្នុងពិធីទទួលពានរង្វាន់នោះដែរ លើកឡើងថា គម្រោងបន្ទាប់របស់ចលនាមាតាធម្មជាតិគឺការការពារកោះកុងក្រៅ នៅខេត្តកោះកុង។
កញ្ញាបញ្ជាក់ជាភាសាអង់គ្លេសដោយមានការប្រែសម្រួលថា៖ «គម្រោងដ៏ធំចម្បងរបស់ពួកយើង ទីមួយការការពារកោះកុងក្រៅ ហើយពួកយើងក៏មានសកម្មភាពផ្សេងៗទៀតដែរ ដូចជាការផលិតវីដេអូ រូបត្លុក រូបភាពសិល្បៈ ដើម្បីលាតត្រដាងអំពីបទល្មើសនៅក្នុងវិស័យបរិស្ថានដែលកើតមានឡើងគ្រប់ទម្រង់»។
ចំណែកលោក លី ចាន់ដារ៉ាវុត ដែលចូលរួមកម្មវិធីទទួលពានរង្វាន់នោះដែរ ថ្លែងថាសកម្មជនដែលការពារបរិស្ថាននៅក្នុងពិភពលោក និងប្រជាពលរដ្ឋទាំងអស់គ្នាមានកាតព្វកិច្ចធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរ។
លោកថ្លែងជាភាសាអង់គ្លេសដោយមានការប្រែសម្រួលជាភាសាខ្មែរថា៖ «ហើយនេះគឺជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នានៅក្នុងការបង្ហាញឱ្យអ្នកដែលចូលចិត្តជិះជាន់គេហ្នឹងនឹងឃើញថា ពួកយើងត្រូវការបរិស្ថានដែលមានភាពល្អប្រសើរជាងនេះ»។
បច្ចុប្បន្ននេះ សកម្មជនមាតាធម្មជាតិចំនួន៦នាក់ រួមមានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានតុលាការចោទពីបទ«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការថ្លែងរបស់ពួកគេនៅក្នុងវីដេអូមួយនៅក្នុងកិច្ចប្រជុំកាលពីកន្លងទៅ។ នេះជាបទចោទដាច់ដោយឡែកផ្សេងទៀតលើសកម្មជនមាតាធម្មជាតិមួយចំនួន ដែលធ្លាប់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងញុះញង់ ហើយពួកគេត្រូវបានតុលាការកាត់ទោសរួចមកហើយ។
កាលពីកន្លងទៅ តុលាការបានបដិសេធសំណើសុំចេញទៅទទួលពានរង្វាន់របស់សកម្មជនមួយចំនួន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថានបាននៅឡើយទេ។
កាលពីចុងឆ្នាំ២០២២ អតីតអ្នកនាំពាក្យក្រសួងបរិស្ថាន និងបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភត្រ្តា ធ្លាប់លើកឡើងថាក្រុមសកម្មជនបរិស្ថានចលនាមាតាធម្មជាតិ គ្រាន់តែជា«ជនឱកាសនិយមយកការសម្តែងជាការស្រឡាញ់ធនធានធម្មជាតិ ដើម្បីផលប្រយោជន៍បក្ខពួកខ្លួនប៉ុណ្ណោះ»។
លោកប្រាប់វីអូអេថា៖ « សកម្មភាពដែលក្រុមសកម្មជននយោបាយមួយក្តាប់តូចដែលស្ថិតក្រោមការបញ្ជាដោយជនបរទេសជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ដែលបាននិងកំពុងធ្វើសកម្មភាពក្រោមទម្រង់រូបភាពផ្សេងៗ វាគ្រាន់តែជាការសម្តែងឱ្យល្អមើល ដើម្បីទាក់ទាញការចាប់អារម្មណ៍តាមខ្សែញាក់របស់ជនបរទេសខ្លះ និងបំពេញចិត្តម្ចាស់ជំនួយខ្លួន ហើយធ្វើឡើងក្នុងគោលដៅរបៀបវារៈនយោបាយទុច្ចរិតមួយពិតប្រាកដក្នុងចេតនាបំផ្លាញមុខមាត់កម្ពុជា»។
គួរបញ្ជាក់ថាការផ្តល់ពានរង្វាន់ដល់ក្រុមសកម្មជននេះ ដោយសារភាពក្លាហានរបស់ពួកគេនៅក្នុងការការពារធនធានធម្មជាតិរបស់កម្ពុជា និងការក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយប្រឈមនឹងការបង្រ្កាបរបស់រដ្ឋាភិបាលជាបន្តបន្ទាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Right Livelihood ចេញផ្សាយកាលពីចុងខែកញ្ញា៕