សកម្មជនចលនាមាតាធម្មតា ជំរុញឱ្យតុលាការទម្លាក់បទចោទប្រកាន់មកលើពួកគេ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ខណៈសាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាជំនុំជម្រះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។
កាលពីខែមិថុនា ឆ្នាំ២០២១ សកម្មជនមាតាធម្មជាតិចំនួន៦នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានតុលាការចោទពីបទ«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការថ្លែងរបស់ពួកគេនៅក្នុងវីដេអូមួយនៅក្នុងកិច្ចប្រជុំកាលពីកន្លងទៅ។ នេះជាបទចោទដាច់ដោយឡែកផ្សេងទៀតលើសកម្មជនមាតាធម្មជាតិមួយចំនួន ដែលធ្លាប់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងញុះញង់ ហើយពួកគេត្រូវបានតុលាការកាត់ទោសរួចមកហើយ។
ក្រៅពីសកម្មជនទាំង៦នាក់ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែលជាស្ថាបនិកចលនាមាតាធម្មជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ ក៏រងបទចោទប្រកាន់«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ»ផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក ថុន រដ្ឋា សកម្មជនបរិស្ថានវ័យក្មេងម្នាក់ ជំរុញឱ្យតុលាការទម្លាក់បទចោទ ដោយចាត់ទុកការចោទប្រកាន់ទាំងនោះអយុត្តិធម៌សម្រាប់រូបលោក។
លោកថ្លែងថា៖ «ពួកយើងស្នើឱ្យមានការលុបលាងការចោទប្រកាន់ផង ទម្លាក់រាល់ការចោទប្រកាន់មកលើពួកយើងដើម្បីសងភាពស្អាតស្អំក៏ដូចជាបង្ហាញឱ្យសាធារណជនថាតុលាការពិតជាមិនស្ថិតក្រោមចំណុះនរណា ឬក៏ដើរតួនាទីក្នុងការគាបសង្កត់ទេ។ តុលាការគឺជាអ្នកដែលផ្តល់យុត្តិធម៌សម្រាប់ប្រជាជនទូទៅ»។
ទោះជាយ៉ាងណា សកម្មជនរូបនេះប្រាប់វីអូអេថាលោកនិងមេធាវីរបស់លោកនឹងដាក់ពាក្យទៅតុលាការ ដើម្បីស្នើសុំពន្យាពេលសវនាការ ដោយសារសកម្មជនផ្សេងទៀតកំពុងស្ថិតនៅក្រៅប្រទេស ហើយមេធាវីក៏ជាប់ភារកិច្ចផងដែរ។
សកម្មជនម្នាក់ទៀត កញ្ញា ភួន កែវរស្មី លើកឡើងថាសកម្មជនផ្សេងទៀតដែលរងបទចោទទាំងនេះកំពុងតែនៅក្រៅប្រទេស ដើម្បីទទួលពានរង្វាន់ Right Livelihood ២០២៣។ កញ្ញាបញ្ជាក់ថាសកម្មជនបរិស្ថានមិនដែលទទួលបានយុត្តិធម៌អ្វីឡើយ ហើយរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់។
កញ្ញាថ្លែងថា៖ «បើសួរថាយុត្តិធម៌អត់គឺពួកយើងមិនដែលទទួលបានយុត្តិធម៌ទេតាំងពីថ្ងៃដែលពួកយើងធ្វើការជាសកម្មជនបរិស្ថាន រហូតដល់យើងជាប់ពន្ធនាគារ រហូតដល់យើងចេញមកវិញ ហើយជាប់ជាមួយបទចោទធំៗដូចជារួមគំនិតក្បត់ ប្រមាថព្រះមហាក្សត្រ ដែលអាចជាប់គុក រហូតដល់១០ឆ្នាំផងនោះ។វាជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់សកម្មជនចលនាមាតាធម្មជាតិ»។
លោក យីម លាងហ៊ី សមាជិកមួយរូបទៀតនៃក្រុមយុវជនបរិស្ថានមាតាធម្មជាតិប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាការចោទប្រកាន់សកម្មជនបរិស្ថានមិនមានអ្វីចំណេញដល់រដ្ឋាភិបាលឡើយ។
លោកថ្លែងថា៖ «បើសិនជាតុលាការនៅតែចោទប្រកាន់ នៅតែចង់សើរើនៅក្នុងសំណុំរឿងឡើងសវនាការចោទប្រកាន់មាតាធម្មជាតិនេះ ខ្ញុំយល់ថាវាមិនមានជាផលប្រយោជន៍ចំណេញដល់រដ្ឋាភិបាលទេ។ ផ្ទុយទៅវិញមានតែធ្វើឱ្យរដ្ឋាភិបាល មានតែធ្វើឱ្យប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ប្រទេសកម្ពុជារបស់យើងហ្នឹងកាន់តែអាប់ឱនកិត្តិយសទៅទៀត»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជារដ្ឋលេខាធិការ លោក ជិន ម៉ាលីន លើកឡើងថាការអះអាងនិងទាមទាររបស់សកម្មជនទាំងនោះ មិនមាន«មូលដ្ឋាន» ហើយលោកថា«ជាលេស ដើម្បីបិទបាំងកំហុស»។
លោកបញ្ជាក់ថា៖ «អ៊ីចឹងទេដើម្បីការពារខ្លួនគឺថាត្រូវបង្ហាញភស្តុតាងមូលដ្ឋាន សក្ខីកម្មឱ្យបានរឹងមាំមក ដើម្បីដោះទុក្ខនៅក្នុងដំណើរនីតិវិធីរបស់តុលាការតតាំងទៅនឹងបទចោទ»។
កាលពីកន្លងទៅ តុលាការបានបដិសេធសំណើសុំចេញទៅទទួលពានរង្វាន់ Right Livelihood ២០២៣ នៅចុងខែវិច្ឆិកានេះ របស់លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសកម្មជនរបស់ក្រុមចលនាមាតាធម្មជាតិ ដោយសារពួកគេនៅជាប់ក្តីក្តាំនៅតុលាការ។
សកម្មជនមួយចំនួន រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ធ្លាប់ត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕