មានមនុស្សយ៉ាងហោចណាស់ក៏ចំនួន២៩នាក់ដែរ បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងធំមួយ នៅក្នុងជំរំប្រមូលផ្តុំជនភៀសខ្លួនពីផ្ទះសម្បែងក្នុងប្រទេស នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំដែនប្រទេសចិន។ នេះបើតាមប្រភពមួយចំនួននៅក្នុងតំបន់។
ប្រភពព័ត៌មានបានផ្សព្វផ្សាយឱ្យដឹងថា ការវាយប្រហារនោះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ នៅទីប្រជុំជន Laiza ដែលគ្រប់គ្រងដោយកងទ័ពឯករាជ្យ Kachin ដែលជាកងកម្លាំងប្រដាប់អាវុធយោធានៃក្រុមជនជាតិភាគតិច ដែលកំពុងប្រយុទ្ធប្រឆាំងនឹងកងទ័ពមីយ៉ាន់ម៉ា ដើម្បីឱ្យមានស្វ័យភាពកាន់តែខ្លាំងឡើងក្នុងតំបន់របស់ខ្លួនអស់ពេលជាច្រើនទសវត្សរ៍មកហើយ។
ប្រភពទាំងនេះបានបន្ទោសការវាយប្រហារនេះទៅលើរបបយោធា ដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានទម្លាក់មេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មានមីយ៉ាន់ម៉ាថា ក្រុមយោធា មិនមែនជាអ្នកវាយប្រហារនោះឡើយ។ នេះបើតាមការស្រង់ផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យអង្គការសហប្រជាជាតិក្នុងប្រទេសមីយ៉ាន់ម៉ានិយាយថា ខ្លួនមានការបារម្ភជាខ្លាំងពីសេចក្តីរាយការណ៍ដំបូងៗស្តីពីការស្លាប់ជនស៊ីវិលជាច្រើននាក់នៅក្នុងការវាយប្រហារក្នុងរដ្ឋ Kachin នេះ ដែលក្នុងនោះក៏មានកុមារនិងស្ត្រីផងដែរ។ សេចក្តីថ្លែងការណ៍របស់ការិយាល័យនេះនិយាយថា ជំរំនេះជាកន្លែងស្នាក់នៅរបស់ជនស៊ីវិល មិនថាវាស្ថិតនៅទីណានោះទេ មិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារនោះឡើយ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក។ ក្នុងរបាយការណ៍ថ្មីមួយរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មានជនស៊ីវិលជាង៤.០០០នាក់ ត្រូវបានសម្លាប់ដោយក្រុមយោធាមីយ៉ាន់ម៉ានិងបក្សពួករបស់ខ្លួន ហើយមនុស្សជាង២៥.០០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
ភាពច្របូកច្របល់នេះ បានវិវត្តទៅជាជម្លោះដ៏ប្រល័យនៅតាមតំបន់ជនបទរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើនក្រុម ដែលបានធ្វើការតស៊ូប្រយុទ្ធអស់ពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីទទួលបានស្វ័យភាពក្នុងតំបន់របស់ខ្លួន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។