កងទ័ពឯករាជ្យ Kachin ឬ KIA ដែលជាក្រុមឧទ្ទាមមានអំណាចខ្លាំងបំផុតមួយក្នុងចំណោមក្រុមឧទ្ទាមនានានៅមីយ៉ាន់ម៉ានោះ បានគូសបញ្ជាក់នៅថ្ងៃចន្ទថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បន្ទាប់ពីមានការបាញ់តបតមួយ ក្រោយការវាយប្រហារតាមផ្លូវអាកាសដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា។ នេះបើតាមការលើកឡើងរបស់មន្ត្រីម្នាក់នៃក្រុមកងទ័ពឯករាជ្យ KIA ហើយដែលត្រូវផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នោះ។
ប្រធាននាយកដ្ឋានព័ត៌មានរបស់កងកម្លាំងឯករាជ្យ KIA លោក Naw Bu បានឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់ក្រុមយោធា ត្រូវបានបាញ់ទម្លាក់នៅប្រហែលជាម៉ោង១០:២០នាទីព្រឹកនៅជិតភូមិមួយក្នុងតំបន់ Moemauk ក្នុងខេត្ត Kachin។
អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ជនស៊ីវិលរាប់ម៉ឺននាក់ បានរត់គេចពីផ្ទះសម្បែងរបស់ពួកគេ ដោយសារការវាយប្រហារគ្នារវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរជនជាតិភាគតិច នៅក្នុងតំបន់ដាច់ស្រយាលភាគខាងជើងនិងខាងកើតរបស់ប្រទេសមីយ៉ាន់ម៉ានោះ។ ជម្លោះនេះកាន់តែតានតឹងឡើង ក្រោយពេលដែលក្រុមឧត្តមសេនីយ៍យោធាបានដណ្តើមក្តោបក្តាប់អំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi នោះ។
ដោយឡែក កាលពីថ្ងៃអាទិត្យកន្លងទៅ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារទៅលើបាតុកម្មប្រឆាំងទ្រង់ទ្រាយធំមួយចំនួន ដោយបានសម្លាប់ក្រុមបាតុករចំនួន៨នាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន។
បាតុកម្មប្រឆាំងទាំងនេះ ដែលកន្លងមកហាក់ថមថយបន្តិចវិញ ត្រូវបានរៀបចំជាផ្នែកមួយនៃការប្រឆាំងតវ៉ាដោយសហគមន៍ជនជាតិមីយ៉ាន់ម៉ានៅជុំវិញពិភពលោក ដើម្បីប្រារព្ធនូវអ្វីដែលអ្នករៀបចំហៅថាជា«បដិវត្តន៍រដូវផ្ការីកសាកលសម្រាប់ប្រទេសមីយ៉ាន់ម៉ា» (global Myanmar spring revolution)។
សមាគមជួយអ្នកទោសនយោបាយមីយ៉ាន់ម៉ា បានឲ្យដឹងថា កងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់អ្នកប្រឆាំងតវ៉ាយ៉ាងហោចណាស់ ៧៦៥នាក់ហើយ ចាប់តាំងពីក្រុមយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈមក។ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់អាចផ្ទៀងផ្ទាត់ចំនួនអ្នកស្លាប់នេះនៅឡើយ៕