ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ឆ្លើយតប​ចំពោះ​របប​យោធា​មីយ៉ាន់ម៉ា​ឱ្យ​បាន​ខ្លាំង​ជាងមុន


រូបឯកសារ៖ ​លោក Tom Andrews អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។
រូបឯកសារ៖ ​លោក Tom Andrews អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ព្រមាន​ថា ​ប្រសិន​បើសហគមន៍​អន្តរជាតិមិន​ធ្វើ​ការផ្លាស់ប្តូរ​ណា​មួយ​ ក្នុង​ការ​ទាក់​ទង​ជា​មួយ​របប​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ​ ស្ថានភាព​អន្តរាយដែល​មាន​រួច​ហើយនៅ​ក្នុង​ប្រទេស​នេះ​ នឹង​កាន់តែ​អាក្រក់។​

លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ប្រាប់​វីអូអេ​អំពីការ​ដាក់ទណ្ឌកម្ម​នានា​ និង​ការ​ដាក់​ទណ្ឌកម្មផ្នែក​អាវុធ​ ដោយ​ប្រទស​មួយ​ចំនួន ដោយ​លោក​បញ្ជាក់​ថា៖ «គ្មាន​ការ​សម្របសម្រួល​ គ្មាន​យុទ្ធសាស្ត្រ​ គ្មាន​ការ​យក​ចិត្ត​ទុកដាក់។ ហើយ​ជា​លទ្ធផល គ្មានការ​ស៊ីសង្វាក់គ្នា​ច្បាស់លាស់​ក្នុង​រឿង​ទាំង​មូល»។

ស្ថានភាពមនុស្សធម៌​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្លាក់​ចុះ​យ៉ាង​លឿន ចាប់តាំង​ពី​ក្រុម​យោធា​ បាន​ធ្វើ​រដ្ឋប្រហារទម្លាក់​រដ្ឋាភិបាលជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យកាល​ពីខែ​កុម្ភៈ ឆ្នាំ​២០២១​មក។ ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​ កើតមាន​ឡើង​ បន្ទាប់​ពី​មាន​ភាព​តានតឹងរវាង​ក្រុម​យោធា​និងគណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោតកាល​ពី​ថ្ងៃ​ខែ​វិច្ឆិកា​ ឆ្នាំ២០២០។​ ​ក្រុម​យោធា​មីយ៉ាន់ម៉ា​ បាន​បដិសេធ​មិន​ទទួលយក​លទ្ធផលបោះឆ្នោត​នោះ​ ដោយ​ចោទ​ប្រកាន់​ថា​ មាន​ការ​លួច​បន្លំសន្លឹក​ឆ្នោត​ជា​ច្រើន។​

ចាប់តាំងពីដណ្តើម​អំណាច​មក​ ក្រុម​យោធា​បាន​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ ហើយ​បំបិទ​មាត់​អ្នករិះគន់​ ចាប់​អ្នក​សារព័ត៌មាន ​បុគ្គលិកអង្គការ​សង្គម​ស៊ីវិល ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ និង​អ្នក​ប្រឆាំង​នយោបាយ​ជាច្រើន​នាក់ដាក់​ពន្ធនាគារ​ ​។

លោក​ Andrews និយាយ​ថា៖​ «មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​មនុស្សរាប់​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ដែល​ក្នុងក៏​មាន​កុមារ​ជា​ច្រើន​នាក់​ផង​ដែរ។​ មនុស្ស​ជា​ច្រើន​ត្រូវបានរបប​យោធា​ធ្វើ​ទារុណកម្ម ​ដែល​រួម​មាន​កុមារ​ផង​ដែរ។ យើងមើល​ឃើញ​ថា​ សកម្មភាព​ឃោរឃៅនៃ​របប​យោធា​មីយ៉ាន់ម៉ា​ ​គ្មានព្រំដែន​នោះ​ឡើយ»។

កាល​ពី​ខែ​មុន​ ឧទ្ធម្ភាគចក្រ​យោធា​មីយ៉ាន់ម៉ា​មួយគ្រឿង​ បាន​វាយប្រហារ​សាលារៀន​មួយ​នៅ​ក្នុង​តំបន់ Sagaing ភាគ​ពាយ័ព្យ​ប្រទេស​មីយ៉ាន់ម៉ា បណ្តាល​ឱ្យមនុស្ស​១៣​នាក់ស្លាប់ ដែល​ក្នុង​នោះ​មាន​កុមារ​៧​នាក់​ផង​ដែរ។ ​នៅ​ដើម​សប្តាហ៍​នេះ​ ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​វាយប្រហារ​ទៅ​លើ​កម្មវិធី​ប្រគុំ​តន្ត្រី​មួយ​កន្លែង​ ដែលមានមនុស្ស​រាប់រយ​នាក់​កំពុង​ចូលរួម​នៅ​ក្នុង​ខួបនៃ​ការ​បង្កើតអង្គការ​ឯករាជ្យ​រដ្ឋ​ Kachin។​ ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏ចំនួន​៥០​នាក់​ដែរ ដែល​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នោះ៕

XS
SM
MD
LG