ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រាវជ្រាវ​អឺរ៉ុប៖ ការបាត់បង់​ព្រៃ​ឈើ​របស់​កម្ពុជា ជា​ការបាត់បង់​ធំធេង​ជាងគេ​បំផុត​មួយ


រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

អ្នកស្រាវជ្រាវអឺរ៉ុបចេញ​របាយ​ការណ៍​អំពី​ការបាត់បង់​ព្រៃឈើ​របស់​កម្ពុជា ដោយ​សង្ឃឹម​ថា ឯកសារនេះ នឹង​ជួយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ក្នុងការការពារ​ព្រៃឡង់ តែមន្ត្រី​ក្រសួង​បរិស្ថាន​ថា ក្រសួងគ្មាន​ភាពចាំបាច់​ឆ្លើយតបនឹង​ជនទីបី​ក្រៅ​ក្របខណ្ឌ​នៃកិច្ចសហ​ប្រតិបត្តិការ​គ្រប់គ្រង និងអភិរក្ស​ព្រៃឡង់​នោះទេ។

អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​មួយ​ក្នុង​ទ្វីប​អឺរ៉ុប​បាន​លើក​ឡើង​ថា ​ការ​បាត់បង់ព្រៃ​ឈើ​ក្នុង​ប្រទេសកម្ពុជាមាន​ទំហំ​ធំធេង​ជាង​គេ​បំផុត​ទី​១០​លើ​សកល​លោក។​

នៅ​ក្នុង​លិខិត​ចំហ​មួយ​ដែល​ចែក​ចាយ​ដល់​អ្នក​សារ​ព័ត៌មាន​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ​អ្នកស្រី Ida Theilade សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ ​University of Copenhagen ​នៃប្រទេស​ដាណឺម៉ាក​ បាន​រៀបរាប់​ថា ​កម្ពុជា​បាន​បាត់​បង់​ព្រៃឈើចំនួន​២៦​ភាគរយ​ ឬ​ ស្មើ​នឹង​ជាង​២​ លាន​ហិកតា​ ចាប់តាំង​ពី​ឆ្នាំ​២០០០​មក។​

កាល​ពី​ឆ្នាំ​មុន កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​ទំហំ​៦៣០០០ ​ហិកតា។​ ប្រទេស​នេះ ​បាត់​បង់​ឈើ​២៦%​ក្នុង​ឆ្នាំ២០០០​ ស្មើ​នឹង​ផ្ទៃ​ព្រៃ​២,៣​លាន​ហិចតា។ ​នេះ​បើ​យោង​តាម​លិខិត​ដដែល​ ដែល​បាន​គូស​បញ្ជាក់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​តំបន់​ការពារ​ព្រៃឡង់ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។​

អ្នកស្រី ​Ida Theilade ដែល​បាន​ធ្វើ​ការ​ផ្នែក​គ្រប់គ្រង ​និង​អភិរក្ស​ព្រៃ​ក្នុង​តំបន់​ត្រូពិក​ជាង​២៥​ឆ្នាំ​មក​ហើយ​នោះ បាន​សរសេរ​ទៀត​ថា​ ​ការ​បាត់​បង់​ព្រៃឡង់​ដែល​ជា​តំបន់​ការពារ​ធម្មជា​គឺ​មាន​ទំហំធំ​៧៥០​ហិចតា​ក្នុង​ឆ្នាំ​២០១៩ ​កើន​ឡើង​៧៣%​ ប្រៀបធៀប​ឆ្នាំ​២០១៨។

ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០០០​ គីឡូម៉ែត្រ​ក្រឡា​ដោយ​គ្រប់​ដណ្តប់ខេត្តចំនួន​៤​ គឺ​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។​

អ្នក​ស្រី​ Ida Theilade ​បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូនិក​របស់​អ្នក​ស្រីដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​ចំហ​នេះ​ថា៖

​«យើង​សង្ឃឹម​ថា​ ​ឯកសារ​អំពី​ការ​បាត់​បង់​ព្រៃ​ឈើ​ដែល​ភ្ជាប់​មក​ជា​មួយ​នេះ​នឹង​ជួយ​ក្រសួង​បរិស្ថាន​និង​អង្គការ​ដៃ​គូក្នុង​ការ​ការពារ​ដែន​ជម្រក​ការពារ​ធម្មជាតិ​ព្រៃឡង់ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា​ទាំង​អស់»។​

លោក នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋាភិបាល​មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តបនឹង​របាយ​ការណ៍​នេះ​ទេ។​

«ក្រសួង​បរិស្ថានគ្មាន​ភាព​ចាំបាច់​អ្វី​ដែល​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​របស់​ជន​ទីបី​ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទៅ​លើ​ការងារគ្រប់គ្រង ​និង​អភិរក្ស​ព្រៃ​ឡង់​នោះ​ទេ»។​

សកម្មជន​បរិស្ថាន​និង​សហគមន៍​ការពារ​ព្រៃ​ឡង់​ នៅ​តែ​លើក​ឡើង​ថា ​ព្រៃដែល​នៅ​សេស​សល់​របស់​កម្ពុជា​មួយ​នេះ​នៅតែ​កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​រៀង​រាល់​ថ្ងៃ៕

XS
SM
MD
LG