ក្រសួងមហាផ្ទៃបានសម្រេចផ្អាកសកម្មភាពរបស់អង្គការមួយដែលមានឈ្មោះថា «អង្គការការពារនិងអភិរក្សសត្វ ព្រៃឈើជលផលកម្ពុជា» ជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ ដោយចោទថា អង្គការនេះបានធ្វើសកម្មភាពផ្ទុយពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានចេញលិខិតមួយច្បាប់ជូនលោក ឈាវ អានសាលីដេត ប្រធានអង្គការការពារនិងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជាដោយប្រាប់ឲ្យអង្គការនេះផ្អាកសកម្មភាពជាបណ្តោះអាសន្ន។
លិខិតនោះបញ្ជាក់ថា មូលហេតុនៃការសម្រេចផ្អាកសកម្មភាពអង្គការនេះ គឺដោយសារក្រសួងមហាផ្ទៃពិនិត្យឃើញថា អង្គការនេះបានធ្វើសកម្មភាពផ្ទុយនឹងប្រការ៨នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងពុំបានបំពេញកាតព្វកិច្ចតាមមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងក៏បានចោទអង្គការនេះថា ធ្វើសកម្មភាពខុសច្បាប់និងធ្វើឲ្យមានការយល់ច្រឡំជាមួយសមត្ថកិច្ច។
លិខិតនោះសរសេរក្នុងន័យដើមថា៖ «អង្គការត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីនិងអាសយដ្ឋាននៃទីស្នាក់ការកណ្តាល ព្រមទាំងត្រូវផ្តល់នូវរបាយការណ៍បូកសរុបលទ្ធផលការងារនិងរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០១៧ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជូនមកក្រសួងមហាផ្ទៃក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន»។
ក្រសួងមហាផ្ទៃមិនបានបញ្ជាក់ថា តើអង្គការការពារនិងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជានេះបានធ្វើសកម្មភាពអ្វីខ្លះដែលផ្ទុយនឹងច្បាប់នោះទេ។
លោក ឈឹម កាន ប្រធាននាយកដ្ឋានសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃ បានបដិសេធមិនផ្តល់អត្ថាធិប្បាយលម្អិតថា តើអង្គការនេះបានធ្វើសកម្មភាពខុសច្បាប់អ្វីខ្លះនោះទេ។
«នៅក្នុងករណីនេះខ្ញុំរកទីស្នាក់ការគាត់អត់ឃើញ ។ ប៉ុន្មានថ្ងៃហ្នឹង គឺខ្ញុំមានលិខិតអញ្ជើញឲ្យគាត់មកបំភ្លឺខ្ញុំ។ យល់ទេ? ពាក់ព័ន្ធនឹងសកម្មភាពរបស់គាត់ហ្នឹង។ ប៉ុន្តែខ្ញុំទៅរកស្នាក់ការគាត់អត់ឃើញទេដោយសារស្នាក់ការគាត់ហ្នឹងគាត់រើចោលបាត់ហើយ។ អ៊ីចឹងឥឡូវហ្នឹងខ្ញុំមិនទាន់បាន…អត់បញ្ជាក់ពីមូលហេតុអីសិនរង់ចាំការឆ្លើយបំភ្លឺរបស់គាត់សិន។ [បើមិនមានការឆ្លើយបំភ្លឺរបស់ពួកគាត់] អាហ្នឹងយើងនឹងពិនិត្យផ្លូវច្បាប់តាមក្រោយ»។
VOA មិនអាចសុំការឆ្លើយតបពីលោក ឈាវ អានសាលីដេត ប្រធានអង្គការការពារនិងអភិរក្សសត្វ ព្រៃឈើជលផលកម្ពុជា បាននៅឡើយទេ។
លោក ព្រំ ភារុណ បុគ្គលិកអង្គការនេះ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា លោកធ្លាប់ធ្វើជាប្រធានស្តីទីអង្គការនេះកាលពីប៉ុន្មានខែមុន ខណៈលោក ឈាវ អានសាលីដេត ជាប់រវល់។ លោកបន្ថែមថា អង្គការនេះមានស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខាតាមបណ្តាខេត្តជាង១០។ លោកបញ្ជាក់ថា អង្គការនេះមិនទទួលបានប្រាក់ជំនួយពីណានោះទេ ហើយថវិកាគឺបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្តមួយចំនួន។
លោក ព្រំ ភារុណ បន្ថែមថាអង្គការនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ និងតែងតែសហការជាមួយរដ្ឋាភិបាលធ្វើសកម្មភាពមនុស្សធម៌ និងការទប់ស្កាត់បទល្មើសផ្សេងៗពាក់ព័ន្ធនឹងសត្វព្រៃ។
«អង្គការនេះមានសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតនូវថ្នាលបណ្តុះកូនឈើក៏ដូចជាជួយសហការក្នុងការទប់ស្កាត់រាល់សកម្មភាពផ្សេងៗ ដូចជាការដឹកជញ្ជូនសត្វព្រៃ…និយាយទៅសកម្មភាពមនុស្សធម៌ជាច្រើនទៀត»។
លោកសុំមិនអត្ថាធិប្បាយពាក់ព័ន្ធនឹងការចោទប្រកាន់ផ្សេងៗទេ ដោយលោកប្រាប់ថា ថ្នាក់ដឹកនាំអង្គការនេះមិនទាន់ទទួលលិខិតពីក្រសួងមហាផ្ទៃនៅឡើយទេ ដោយឃើញតែតាមសារព័ត៌មានប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកថា អង្គការកំពុងរៀបចំឯកសារដើម្បីដាក់ទៅក្រសួងមហាផ្ទៃ។
«ប៉ុន្តែយើងក៏គោរពតាមបទបញ្ជារបស់ក្រសួង ក្នុងការអនុវត្តដែលក្រសួងបានដាក់ប៉ុន្មានចំណុច និងដែលយើងធ្វើខុសនូវប្រការទី៨ទី១០ ទី២៥ អីហ្នឹង គឺយើងនឹងអនុវត្តធ្វើតាមកំណែទម្រង់តាមលក្ខន្តិកៈរបស់យើង ដើម្បីធ្វើរបាយការណ៍ក៏ដូចជាបែបបទជូនទៅក្រសួងវិញ»។
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងសកម្មភាពរបស់អង្គការផ្នែកបរិស្ថានមួយនេះទេ។
VOA មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្ រភក្រ្តា បាននៅឡើយទេ។
សារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយថា កាលពីខែឧសភាឆ្នាំ ២០១៤ សមត្ថកិច្ចខេត្តកំពង់ធំ បានឃាត់ខ្លួនបុគ្គលិកអង្គការនេះម្នាក់ពីបទជម្រិតទារប្រាក់ពីប្រជាពលរដ្ឋ។ ហើយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានការចុះផ្សាយថាបុគ្គលិកអង្គការនេះចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដែលមានស្លាកលេខខេមរភូមិន្ទ និងប្រើប្រាស់តួនាទីអង្គការគំរាមកំហែងអ្នកដទៃក្នុងសង្កាត់ព្រៃនប់ ខេត្តព្រះសីហនុ។
លោក ព្រំ ភារុណ បុគ្គលិកអង្គការនេះបានបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលិកអង្គការនេះចំនួន ១០នាក់នៅសង្កាត់ព្រៃនប់ ខេត្តព្រះសីហនុ គឺដោយសារមានជនម្នាក់បានបន្លំធ្វើជាបុគ្គលិករបស់អង្គការ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហ៊ី ចាន់រិទ្ធ អធិការស្រុកព្រៃនប់ និងលោក ហ៊ី ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានទេ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ការមិនបញ្ជាក់អំពីសកម្មភាពដែលក្រសួងមហាផ្ទៃចោទថា បានប្រព្រឹត្តខុសច្បាប់នោះ អាចធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀត បារម្ភអំពីការអនុវត្តច្បាប់របស់ក្រសួងមហាផ្ទៃ។
«បើសិនជាមិនមានការបង្ហាញឲ្យមានភាពច្បាស់លាស់ទេ អាចធ្វើឲ្យអង្គការផ្សេងៗទៀត មានការព្រួយបារម្ភហើយ ព្រោះបើសិនជាការប្រព្រឹត្តមិនច្បាស់លាស់ណាមួយ ហើយត្រូវបានមានការចាត់វិធានការអ៊ីចឹង»។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) ប្រាប់ VOA ថា អង្គការការពារនិងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា មិនមែនជាសមាជិករបស់CCCនោះទេ។ លោកបន្តថា ក្រុមការងាររបស់លោកកំពុងស្រាវជ្រាវអំពីសកម្មភាពការងារ និងមូលហេតុនៃការផ្អាកសកម្មភាពរបស់អង្គការនេះ។
បើតាមលោក ឈឹម កាន ប្រធាននាយកដ្ឋានសមាគមនិងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃកម្ពុជា មានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាង ៥.០០០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ លោកថា កន្លងមកមានអង្គការតែមួយប៉ុណ្ណោះ ដែលត្រូវផ្អាកសកម្មភាព ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ។
កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានផ្អាកសកម្មភាពរបស់អង្គការសមធម៌កម្ពុជា ដែលជាអង្គការតែងជួយដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ។ ក្រសួងលើកហេតុផលថា អង្គការនេះធ្វើសកម្មភាពផ្ទុយពីខ្លឹមសារច្បាប់ដែលតម្កល់នៅក្រសួងមហាផ្ទៃ។
ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងបានសម្រេចឲ្យអង្គការមួយនេះដំណើរការការងាររបស់ខ្លួនឡើងវិញ។ ការផ្អាកសកម្មភាពរបស់អង្គការសមធម៌នាពេលនោះ ធ្វើឡើងដោយយោងលើច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៥ ហើយត្រូវបានរិះគន់ថារឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិល៕