ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​៤នាក់​ត្រូវ​បាន​ដោះលែង​ តែ​ឲ្យ​ផ្អាក​​សកម្មភាព​ការពារ​ព្រៃឈើ


លោក អ៊ួច ឡេង (ទីបីរាប់ពីឆ្វេងទៅស្ដាំ) ដែលជាជ័យលាភីពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize ប្រចាំឆ្នាំ២០១៦និងសកម្មជនបរិស្ថានបីនាក់ត្រូវបានតុលាការដោះលែងក្រោយពីជាប់ឃុំរយៈពេល៤ថ្ងៃ។ (រូបថតពីហ្វេសប៊ុកCCHR)
លោក អ៊ួច ឡេង (ទីបីរាប់ពីឆ្វេងទៅស្ដាំ) ដែលជាជ័យលាភីពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize ប្រចាំឆ្នាំ២០១៦និងសកម្មជនបរិស្ថានបីនាក់ត្រូវបានតុលាការដោះលែងក្រោយពីជាប់ឃុំរយៈពេល៤ថ្ងៃ។ (រូបថតពីហ្វេសប៊ុកCCHR)

សាលា​ដំបូង​ខេត្ត​ក្រចេះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​ដោះ​លែង​លោក​ អ៊ូច ឡេង​ និង​សកម្មជន​បរិស្ថាន​៣​នាក់​ទៀត​ ក្រោយ​ការ​ឃាត់​ខ្លួនពួកគេ​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​កាល​ពី​សប្តាហ៍​មុន ​ដោយ​បញ្ជា​ឲ្យ​ផ្អាក​ការ​ធ្វើ​សកម្ម​ភាព​ការពារ​បរិស្ថាន​បណ្តោះ​អាសន្ន។​

សកម្មជន​បរិស្ថាន​ទាំង​៤រូបមាន​លោក ​អ៊ូច ឡេង ​ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ជា​ម្ចាស់​ពាន​រង្វាន់​វីរជន​បរិស្ថាន​ Goldman ​Environmental Prize​ ឆ្នាំ​២០១៦ ​និង​សកម្ម​ជន​បរិស្ថាន​ដែល​ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​៣រូប​ទៀត​គឺលោក​ខេម សុខឃី​ លោក​ស្រី ថី ​និងលោក​មេន ម៉ាត់។​

នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ ក្រោយ​ចេញ​ពី​តុលាការ​ លោក​អ៊ូច ឡេង ​ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ​ប្រាប់​ ​VOA​ ថា​ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៣​ខែ​មីនា​ក្រុម​ការងារ​របស់​លោក​ចំនួន​២​នាក់​បាន​ចូល​ក្នុង​បរិវេណ​ក្រុម​ហ៊ុន​ Think Biotech​ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នេះ​ដើម្បី​ទិញ​ទឹក​ ​ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​នៅ​ទីនោះ​ឃាត់​សួរ។ ​លោក​បន្ត​ថា​ ក្នុង​ការ​ឃាត់​ខ្លួន​នោះ​ក៏​មាន​ការ​វាយ​ដំ ​និងប្រមូល​យក​សម្ភារៈ ដូច​ជា​កាមេរ៉ា​របស់​លោក​ផង​ដែរ។​

បើ​តាម​លោក​អ៊ូច ឡេង ​សកម្មជន​ម្នាក់ឈ្មោះ​លោក​មេន ម៉ាត់​ត្រូវ​បាន​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​វាយ​បែក​ក្បាល ​ហើយ​ក្រោយ​មក ​ក្រុម​របស់​ពួក​លោក​ត្រូវ​ឃុំ​ខ្លួន​នៅអធិការ​ស្រុក​សំបូរ​នា​ល្ងាច​ថ្ងៃ​សុក្រ​ ​ហើយ​បញ្ជូន​ទៅ​ស្នងការខេត្ត​ក្រចេះ​ នា​ល្ងាច​ថ្ងៃ​សៅរ៍ ​ទើប​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។​

លោក​បន្ត​ថា​ ​ក្រុម​ហ៊ុន ​Think Biotech ​ដែល​លោក​ចោទ​ថា​ ​កាប់​ឈើ​ខុស​ច្បាប់ ​បាន​ប្តឹង​ពួក​លោក​ទៅ​តុលាការ​ និង​ចោទពួក​លោក​ថា​ «លួច​ចូល​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់»។ ​ប៉ុន្តែ​តុលាការ​មិន​បាន​ចោទ​ប្រកាន់​ពួកគេលើ​បទ​ល្មើស​អ្វី​នោះ​ទេ។​

បើ​តាម​លោក​អ៊ូច ឡេង​ ក្រោយ​ការ​សួរ​ចម្លើយ​ពី​តុលាការតាំង​ពី​ថ្ងៃ​អាទិត្យ​ និង​ការ​បង្ហាញ​ភស្តុតាង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​ពួក​លោក​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ធ្វើ​កិច្ច​សន្យា​ឈប់​ឲ្យ​ការពារ​បរិស្ថាន​ជា​បណ្តោះ​អាសន្ន​ និង​ដាក់​ឲ្យស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ។ ​លោក​ថា​ ​តុលាការ​ក៏​បាន​ឲ្យ​លោក​ដាក់​ឯកសារជូន​ក្រសួង​មហាផ្ទៃដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់នៃ​អង្គការ​របស់​លោក​ឈ្មោះ​ថា​ ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា។​

បើ​តាម​កិច្ច​សន្យា​ដែល​ VOA ​ទទួល​បាន​ ​ លោក​អ៊ូចឡេង ​និង​សកម្មជន​៣​នាក់​ទៀត​បានបញ្ជាក់​ថា ​ពួកគេ​ទាំង​៤​នាក់នឹង​បញ្ឈប់​សកម្មភាព​ទាំង​អស់​ចាប់​ពី​ពេល​នេះ​តទៅ ​រហូត​ដល់​ពេល​លោក​ស្នើ​សុំ​ចុះបញ្ជី​រួច​រាល់​នៅ​ក្រសួង​មហាផ្ទៃ។​

លិខិត​នោះ​សរសេរ​ថា៖​ «ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​តាម​ការ​សន្យា​នេះ​នោះ​ទេ ​សូម​លោក​ព្រះ​រាជ​អាជ្ញា​ចោទ​ប្រកាន់​ផ្តន្ទា​ទោស​តាម​ច្បាប់​ចុះ»។​

យ៉ាង​ណា​ក្តី​លោក​អ៊ូច ឡេង ​បញ្ជាក់​ថា ​ការ​ធ្វើ​លិខិត​សន្យា​នោះ​គឺ​ធ្វើ​ឡើង​ទៅ​តាមបញ្ជា​របស់​តុលាការ​ដើម្បីពួក​លោក​អាច​ត្រូវ​បាន​ដោះ​លែង​ ហើយ​អាច​ដាក់​ឯកសារ​ជូន​ក្រសួង​មហាផ្ទៃ​បន្ថែម ​និង​ដើម្បីបន្ត​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន។​ លោក​បន្ត​ថា​ ​លោកនឹង​នៅ​តែធ្វើ​ការងារ​ជា​សកម្មជន​ការពារ​បរិស្ថាន​បន្ត​ក្នុង​អំឡុង​ពេល​ដាក់​ឯកសារ។​

លោក​អ៊ូច ឡេងបន្ថែម​ថា ​ការ​ឃាត់​ខ្លួន​លោក​និង​ក្រុម​ការងារ​គឺ​ជា​ការ​គំរាម​កំហែង​និង​រារាំង​ការ​ទប់​ស្កាត់បទ​ល្មើស​ព្រៃ​ឈើ​ដែល​កំពុង​បន្ត​កើត​មាន​នៅ​កម្ពុជា​ ខណៈ​លោក​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា។​

«អ៊ីចឹងហើយ​បាន​ជា​នៅ​ពេល​នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កត​បន្ថែម​ទៀតនៅ​ក្នុង​ឆ្នាំ​២០២០​នេះ។​ ហើយ​នៅ​ពេល​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​បែរ​ជា​នាំ​គ្នា​ឃុបឃិត​បង្ក្រាប​ខ្ញុំតែ​ម្តង រក​លេស​យ៉ាង​ម៉េច​ឲ្យ​ខ្ញុំ​មាន​ទោស ​ឬ​ឃុំ​ខ្លួន ​រារាំង​សកម្ម​ភាព​ខ្ញុំ​ កុំ​ឲ្យ​ខ្ញុំ​ស៊ើប​អង្កេត​ បក​អាក្រាតអំពី​បទ​ល្មើស​ព្រៃ​ឈើ​ ​អំពី​អាជីវកម្ម​ព្រៃឈើ ​និង​រត់​ពន្ធ​ឈើ​ឆ្លង​ដែន​ចេញ​ពី​តំបន់​ព្រៃ​ឡង់​ទៅ​ទី​ផ្សារ​អន្តរជាតិ​ត​ទៅ​ទៀត»។​

កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៩​ ​ទូរទស្សន៍​អន្តរជាតិ​ Al Jazeera​ ​បាន​ចេញ​ផ្សាយ​វីដេអូ​ស៊ើប​អង្កេត​ដែល​មាន​រយៈ​ពេល​ប្រមាណ​២៦​នាទី ​ដែលនិយាយ​អំពី​ការ​ទន្រ្ទាន​យក​ព្រៃឈើ​នៅ​កម្ពុជា។ ​ក្នុង​វីដេអូ​នោះ​ ​លោក​អ៊ូច ឡេងបាន​ផ្តល់​បទ​សម្ភាសន៍​អំពី​បទ​ល្មើស​ព្រៃ​ឈើ​ដែល​កើត​មាន​តាម​ទម្រង់​ផ្សេងៗ​នៅ​កម្ពុជា ​និង​បង្ហាញ​ថា ​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ការ​កាប់​ទន្រ្ទាន​ព្រៃ​ឈើ​នោះ។​ លោក​អ៊ូច ឡេង​ជា​តួ​អង្គ​សំខាន់​មួយ​នៅ​ក្នុង​វីដេអូ​ស៊ើប​អង្កេត​នោះ។​

លោកស៊ឹង សែន​ករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​ដែល​កំពុង​ចុះ​ធ្វើ​ការងារ​ផ្ទាល់​លើ​ករណី​នេះ​ ប្រាប់​ VOA​ ថា​ ​ការ​ឃាត់​ខ្លួន​និង​ការ​ប្រើ​ហិង្សា​លើសកម្មជន​ទាំង​៤​នាក់​ បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​នៃ​ការ​ធ្វើ​ការងារ​របស់​សមត្ថកិច្ច​តាម​មូលដ្ឋាន​ ដែល​បណ្តាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​របស់​អ្នក​ការពារ​បរិស្ថាន ​និង​ជា​ការ​គំរាម​កំហែង​ដល់​សកម្មជន​ផ្សេង​ទៀត។ ​លោក​បន្ថែម​ថា​ តុលាការ​គួរស៊ើប​អង្កេត​ស្វែង​រក​ជន​ដៃ​ដល់​ដែល​បាន​ប្រើ​ហិង្សា​លើ​សកម្មជន​បរិស្ថាន​ទាំង​នោះ​ និង​គួរ​ស្វែង​រក​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ ​តាម​រយៈ​ភស្តុតាង​ដែល​ទទួល​បាន​ពី​លោក​អ៊ូច ឡេង។​

«គាត់​ទទួល​នូវ​ចម្លើយ​ និង​រូប​ភាព​ភស្តុតាង​ជាច្រើន​ដែល​ក្រុម​សហគមន៍​ព្រៃ​ឈើដែល​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ប្រថុយ​ប្រថាន​អាយុ​ជីវិត​ទៅ​រក​ភស្តុតាង​ទាំងអស់​ហ្នឹង​ ដែល​ក្នុង​ការ​ឆែក​របស់​សមត្ថកិច្ច​ក្តី ​របស់​ខាង​តំណាង​អយ្យការ​ក្តី ​យើង​ឃើញ​ថា​ភស្តុតាង​ទាំង​អស់​ហ្នឹង​ក៏​មាន​ក្នុង​ដៃ​របស់​អ្នក​ទាំង​អស់​ហ្នឹង​ដែរ។ ​ឃើញ​ភស្តុតាង​ហ្នឹង​ហើយ​គួរ​តែ​មាន​ការ​ចាត់​វិធានការ​របៀប​ម៉េច​ទៅ​លើ​ក្រុម​ឧក្រិដ្ឋ​ជន​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង​វិញ»។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​កែវ សុជាតិ ​ព្រះ​រាជអាជ្ញា​នៃ​អយ្យការ​តុលាការ​ខេត្ត​ក្រចេះ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​ តែ​មិន​មាន​អ្នក​ទទួល។​

VOA ​ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពីក្រុមហ៊ុន Think Biotech​ បាន​ដែរ។​

លោក​នេត្រ ភក្រ្តា​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ ​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ។​

កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ ​អាជ្ញាធរ​បាន​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះ​សង្ឃ ​និង​សកម្មជន​បរិស្ថាន​រាប់​រយ​នាក់​ ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​តំបន់​ការពារ​ព្រៃឡង់ដើម្បី​ធ្វើ​ពិធី​រំឭក​គុណ ​និង​បំបួស​ដើម​ឈើ ​ដែល​ពួកគេ​ធ្លាប់​ឆ្លង​កាត់កន្លង​ទៅ។

លោក​នេត្រ ភក្ត្រាបាន​ថ្លែង​នា​ពេលនោះ​ថា ​សហគមន៍​ព្រៃឡង់​មិន​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​តាម​ច្បាប់​អង្គការ​សមាគម ​ដូច្នេះ​ពួកគេ​មិន​អាច​ធ្វើ​សកម្ម​ភាព​ការពារ​ព្រៃ​ឈើ​បាន​នោះ​ទេ៕

XS
SM
MD
LG