ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​តូចៗ​ថា​ ការ​អំពាវនាវ​របស់​បក្ស​ប្រឆាំង​​ឲ្យ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​ខែ​កក្កដា​ជា​ការ​រំខាន


រូបឯកសារ៖ ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

ក្រុម​មេដឹក​នាំ​ ​តំណាង​ ​និង​សមាជិក​គណបក្ស​នយោបាយ​ ដែល​ភាគច្រើន​មិន​ទាន់​ឈ្នះ​បាន​សំឡេង​ក្នុង​សភា​នោះ​ ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​នា​នា​ ​និង​លើក​ជា​សំណើ​ដល់​គ.ជ.ប​​ឲ្យ​មាន​ការ​កែ​សម្រួល​ដល់​នីតិវិធី​នៃ​ការ​បោះឆ្នោត។​ ពួកគេ​ ក៏​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សំឡេង​ឃោស​នា​ សុំឲ្យ​ពល​រដ្ឋ​កុំ​ទៅ​បោះឆ្នោត​ផងដែរ។

ក្រុម​មេដឹកនាំ និង​តំណាង​គណបក្ស​តូចៗមួយចំនួន​ ដែល​មិន​មាន​អាសនៈ​នៅ​រដ្ឋសភា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ថ្លែង​ពី​ការ​រំខាន​ចិត្ត​ដោយសារ​ការ​អំពាវនាវ​របស់​ក្រុម​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ជំរុញ​ប្រជាពល​រដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត។​ពួកគេ​មួយ​ចំនួន​ក៏​បាន​ស្នើ​ឱ្យ​មាន​វិធាន​ការ​របស់​ស្ថាប័ន​បោះឆ្នោត​ជាតិក្នុង​ការ​បញ្ចប់​ការ​ឃោសនា​មិន​ឲ្យ​ទៅ​បោះឆ្នោត ដែល​ពួកគេ​យល់​ថា​ មាន​លក្ខណៈ​បំបែក​បំបាក់​ជាតិ​ និង​បង្ក​បរិយា​កាស​អាប់​អួរ​ដល់​សង្គម។

​នៅ​ក្នុង​ពិធី​ជួបជុំ​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការ​រៀបចំ​បោះឆ្នោត​នៅ​ទីស្តី​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ហ៊ាង​ គឹមស្រឿន​ អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ​ និយាយថា៖​

«ខ្ញុំចង់​ចោទ​សំណួរ​សួរ​ទៅលើ​គ.ជ.ប​ ហេតុអ្វី​ពេលវេលា​របស់​ពួកគាត់​ គាត់​ធ្វើការ​ផ្សព្វផ្សាយ​អញ្ជឹងៗ​ហើយ​ ហើយ​គ.ជ.ប​ ក៏មាន​ការ​ព្រមាន​ជាច្រើន​លើក​ច្រើន​សារ​ តែ​រហូត​មកដល់​ម៉ោងនេះ​ ក៏មិន​ឃើញ​មាន​វិធានការ​ណាមួយ​ ដើម្បីចាត់​ការ​លើ​អ្នក​នយោបាយ​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ប្រជាភិថុត​ ទៅ​លើ​ប្រជាពលរដ្ឋ​ ដែល​មិន​ឲ្យ​ទៅ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​២០១៨​យើង​នេះ»។

អ្នក​នយោបាយ​រូប​នេះ​និយាយថា​ ការ​ឃោសនា​មិនឲ្យ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​ ជា​ចេតនា​បំបែក​បំបាក់​សាមគ្គី​ជាតិ។

«តែ​សម្រាប់​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​យល់​ឃើញ​ថា​ ការ​ឃោសនា​នេះ​ គឺជា​ការ​ឃោសនា​បំបែក​បំបាក់​ជាតិ​យ៉ាង​ពិតប្រាកដ​ ព្រោះ​យល់​ឃើញ​ថា​ អ្នក​នយោបាយមិនឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​គឺ​សំអាង​ទៅ​លើ​ ការ​ដាក់​ពិន្ទុនៅ​ពេល​បោះឆ្នោត​ជាតិ​ នៅ​ឆ្នាំ​[២០១៣​]រួចហើយ​សំអាង​ទៅលើ​អន្តរជាតិ​ថា​ ប្រជា​ពលរដ្ឋ​ក៏មិន​អាច​ទៅ​បោះឆ្នោត​ ​ដោយ​សារ​មូលហេតុ​អ្វី?​ នេះ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ជាតិ​មាតុ​ភូមិ​កម្ពុជា​យើង»។

ក្នុង​ពេល​ដែល​ដំណើរ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​បាន​ចាប់​ផ្តើម​នោះ​ លោក សម រង្ស៊ី អតីត​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ បាន​បង្កើន​សំឡេង​ឃោសនា​របស់​លោក​តាម​បណ្តាញ​សង្គម​ហ៊្វេស​ប៊ុក​ដោយ​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​បោះឆ្នោត​ និង​បើក​ឱកាសឲ្យ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​បាន​ដំណើរការ​ឡើង​វិញ​សម្រាប់​ការ​ចូលរួម​ការបោះឆ្នោត​ត្រឹមត្រូវ សេរី និងយុត្តិធម៌មួយ។​

លោក​ញ៉ែម អេន អគ្គលេខាធិការ​រង​នៃគណបក្ស​ខ្មែរ​សាធារណរដ្ឋ​ ថ្លែង​ជាមួយ​កាសែត​កាលពីថ្ងៃ​ទី១៧ ខែឧសភា​ ឆ្នាំ២០១៨នៅទីស្តីការ​គ.ជ.ប​ក្នុងទីក្រុង​ភ្នំពេញ​។ (ហ៊ុល រស្មី​/​VOA)
លោក​ញ៉ែម អេន អគ្គលេខាធិការ​រង​នៃគណបក្ស​ខ្មែរ​សាធារណរដ្ឋ​ ថ្លែង​ជាមួយ​កាសែត​កាលពីថ្ងៃ​ទី១៧ ខែឧសភា​ ឆ្នាំ២០១៨នៅទីស្តីការ​គ.ជ.ប​ក្នុងទីក្រុង​ភ្នំពេញ​។ (ហ៊ុល រស្មី​/​VOA)

​នៅ​ក្រោយ​ពេល​គ.ជ.ប​ ប្រកាស​បិទការ​ចុះបញ្ជីឈ្មោះ​គណបក្ស​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​នោះ​លោក​ សម រង្ស៊ី ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​សន្លឹកឆ្នោត​ធ្វើ​ពហិការ​ មិន​ចូលរួម​ការ​បោះឆ្នោត​ក្លែងក្លាយ ។​

ក្រុមមន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​ក៏​បានថ្លែងថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ដក​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត ​តាម​រយៈ​ការ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ»។

លោក​ ញ៉ែម អេន អគ្គលេខា​ធិការ​រង​នៃ​គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ​ និង​ជា​អតីត​អ្នក​ថតរូប​ក្នុង​គុក​ទួល​ស្លែង​នា​សម័យ​ខ្មែរ​ក្រហម​អះអាង​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​វោហារស័ព្ធ​នយោបាយ​ដែល​ស្នើ​ឲ្យ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត។

​លោក​បាន​ប្រាប់​ VOA​ ​ក្រោយពិធី​ជួប​ជុំជា​មួយ​ក្រុម​មន្ត្រី​គ.ជ.ប​ ​និង​ភាគីពាក់​ព័ន្ធ​ផ្សេង​ទៀត​ថា៖

​«អានេះ​ជា​ការ​បំពុល​បរិយាកាស​មួយ​ អា​នេះ​វាជាសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ គាត់​មិន​អាច​ទៅឃាំង​គេបាន​ទេ​ហ្នឹង​ហើយ។ ហើយចុះ​បើសិន​ណា​ជា​ លោក ​សម រង្ស៊ី​ អត់​ចូល​១០០ឆ្នាំ​ទៀត​ នៅចាំ​គាត់​បោះឆ្នោត​ អាចឹង​ថាខ្ញុំ​ ខ្ញុំ​ញ៉ែម អេន​ ខ្ញុំបាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ទៅបោះឆ្នោត​ឲ្យបាន​គ្រប់គ្នា​ ដើម្បី​តម្លាភាព​នៃ​ការងារ​នេះ។ ហើយ​បើសិន​ណា​ជាគាត់​អំពាវចឹង​ ខាង​ខ្ញុំមិន​ឯកភាព​ទេ​ ព្រោះ​ប្រជាពលរដ្ឋ​មិនមែន​បេះដូង​នៅ​ជាមួយ​គាត់​ណ៎ា!​ បេះដូង​គាត់​ដោយ​ខ្លួន​តើ​ ហើយ​បើគាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ វា​ខុស​ហើយ​ វា​បំពុល​បរិយាកាស​ធ្ងន់ៗ​ណាស់​សម្រាប់​ប្រទេស​ជាតិ»។

លោក​ ញ៉ែម អេន​ អតីត​អ្នកថតរូប​នៅ​មន្ទីរស២១​ ឬ​គុក​ទួលស្លែង​ លើក​ឡើង​ថា​ លោក​ចង់​ដឹង​ពី​សំឡេង​គាំទ្រ​លោក​ក្នុង​ការ​បោះ​ឆ្នោត​ខាងមុខ​ ​ទើប​លោក​សម្រេច​ចូលរួម​ការ​បោះឆ្នោត។

«ខ្ញុំ​សម្រេច​ចូលរួម​ការ​បោះឆ្នោត​ រដ្ឋសភា​ពេលនេះ​ គឺ​ខ្ញុំគិត​ថា​ ខ្ញុំ​ជា​អ្នក​ប្រដាល់​មួយ​ដែរ។ ដូច្នេះ​ អាសនៈ​នៅ​សភា​ យើង​អត់​ទាន់​ ព្រោះខ្ញុំ​ជា​អ្នកប្រដាល់​អត់​ទាន់​បាន​ឡើង​សៃវៀន​ផង​ មិនដឹង​ជា​បាន​កម្លាំង​ដៃ​យ៉ាង​ម៉េច​អី​ ម៉េច​វ៉ៃទាត់​ធាក់​អីក្វាន់​ដូ​ ការ៉ាត់តេ​ យ៉ាង​ម៉េច​ ខ្ញុំមិន​ទាន់​ឲដឹង​ដែរ​ គឺ​ខ្ញុំ​សង្ឃឹម​ថា​ នឹង​ជោគជ័យ​អ្វីមួយ»។

យ៉ាង​ណាក៏​ដោយ​ ទាំង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់​ដូរ​ ម្ចាស់​វិទ្យុ​សំបុកឃ្មុំ​និង​គណបក្ស​ខ្មែរសាធារណៈរដ្ឋ​របស់​លោក​ លន់​ ឫទ្ធិ​ កូនប្រុស​បង្កើត​លោក​សេនា​ប្រមុខលន់​ នល់​ មិនទាន់​ត្រូវបាន​ទទួល​ស្គាល់​ជាផ្លូវ​ការ​ដោយ​គ.ជ.ប​ ដើម្បី​ចូលរួម​ឈរ​ឈ្មោះបោះ​ឆ្នោត​សភា​ខែ​កក្កដា​នោះទេ។

​ជាមួយ​គ្នា​នោះ​ដែរ​លោក សាម អ៊ីន ​អគ្គ​លេខាធិការ​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ ​ដែល​កំពុង​រង់​ចាំការ​ទទួល​ស្គាល់​ជាផ្លូវការ​ពី គ.ជ.ប ​បាន​ប្រាប់​ ​VOA ​តាម​ទូរសព្ទ​ថា ជម្រើស​ពហិការ​មិនចូលរួម​បោះឆ្នោត​ជា​ទង្វើ​ដែលមិន​អាច​រុញច្រាន ដំណើរ​ការ​ប្រជាធិបតេយ្យ​ឲ្យ​ដើរ​ទៅ​មុខ​បាន​ទេ។

លោកថា​ ការរិះគន់​ដែល​ថា​ ការ​ចូលរួម​បោះ​ឆ្នោត​របស់​គណបក្ស​នានា​ ជាមួយ​គណបក្ស​កាន់​អំណាច​ អាច​នឹង​ជួយ​បំពេញ​ដល់​ភាពស្រប​ច្បាប់​នោះ​ គឺជា​ការ​បញ្ចេញ​មតិ​របស់​ក្រុម​អ្នកដែល​នៅបន្ត​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។ លោក​បាន​អះអាង​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានបាន​ជ្រើសយក​ផ្លូវ​ផ្សារភ្ជាប់ ជា​ជាង​ការ​ប្រឈមមុខ​ដាក់​គ្នា​ ដែល​បាន​បង្ក​ទុក្ខលំបាក​ជា​ច្រើន​មក​ហើយ​មក​ដល់​ប្រទេស​កម្ពុជា។

«ជម្រើសរបស់​យើង យើង​សម្លឹង​ឃើញ​ផ្លូវ​សម្រាប់​ដោះស្រាយ​ ជួយស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ តាមរយៈ​ការ​គេហៅ​ភាសា​អង់គ្លេស​គេហៅ​ថា​ តាម​រយៈ​ នយោបាយ​បែប​ engagement [ការ​ផ្សាភ្ជាប់​] ​មិនមែន​នយោបាយ​បែប​ confrontation​ [ការ​ប្រឈម​មុខ​ដាក់​គ្នា​] ណ៎ា​ យើង​បាន​សាក​ល្បង​នយោបាយ​បែប​ confrontation [ការ​ប្រឈម​មុខ​ដាក់​គ្នា​] បែបក្តៅ​ បែប​វាយ​ប្រហារ​គ្នា​នឹង​វាមិន២០​ឆ្នាំ​មកហើយ​ ហើយ​យើង​ឃើញ​លទ្ធផល​ វាហាក់​ដូច​ជា​ មិន​ទៅមុខ​បាន​វែង​ឆ្ងាយ​ ក្នុងការ​កសាង​សង្គម​ ប្រជាធិបតេយ្យពិត»។

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។(ស៊ុន ណារិន/VOA)
រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។(ស៊ុន ណារិន/VOA)

នៅ​មុន​ការ​បិទ​ដំណើរការ​ចុះបញ្ជី​គណបក្ស​នយោបាយ​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​នោះ​ អ្នកស្រី​ រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ដែល​បាន​បន្ត​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​និង​នយោបាយ​កម្ពុជា​យ៉ាង​ដិត​ដល់​នោះ​បាន​ថ្លែង​តាម​សេចក្ដី​ប្រកាសមួយ ​ដោយ​បាន​លើកឡើង​ថា​ «ការ​បោះឆ្នោត​មួយ​មិន​អាច​ក្លាយ​ជា​ការ​បោះឆ្នោត​ពិត​ប្រាកដ​បាន​ទេ​ ប្រសិន​បើ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម»។

អ្នក​ស្រី​ ស្មីត​ បាន​សង្កត់​ធ្ងន់​ទៀត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់​ និង​លុប​ចោល​ការ​ហាម​ឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​សហគមន៍​ប្រជា​ធិប​តេយ្យនានា​ ដូចជា​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ក៏បាន​គំរាម​ថា ​នឹង​មាន​វិធានការ​ជាក់លាក់​មួយ​ រួមមាន​ការ​គំរាម​សើរើប្រពន្ធអនុគ្រោះពន្ធ​ដល់​ការនាំចេញ​ទំនេញរបស់​កម្ពុជា ​និង​ការ​បង្កក​ទ្រព្យ​សម្បតិ្ត​របស់​ក្រុម​មន្ត្រី​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ងាក​មក​ស្តារ​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ​ ពោល​គឺ​មិន​ឲ្យ​មាន​ការ​រើសអើង​ខាង​នយោបាយ​ប្រឆាំង​និង​ក្រុម​ជំទាស់​ និង​ការ​គាប​សង្កត់​លើ​អង្គការ​សង្គមស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ថ្មីៗ​នេះ​ ស​មាជិក​សភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ​បាន​ដាក់​សំណើ​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ណា​ ដែល​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ។

សំណើ​ច្បាប់​លេខ ៥៧៥៤ ដែល​ហៅ​ថា «ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨»​ នេះ ស្នើ​ឲ្យ​មាន«ការ​ផ្អឹប​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រារាំង​ដំណើរការ​ដក​ដាក់​ប្រាក់​ទាំង​អស់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់ មន្ត្រី​យោធា​កម្ពុជា​ជាន់​ខ្ពស់​និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ជាន់​ខ្ពស់​ណា ដែល​ប្រធានាធិបតី​អាមេរិក​បាន​កំណត់​ថា បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យយ៉ាង​ធ្ងន់ធ្ងរ និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​និយាយ​អំពី​សំណើ​ច្បាប់​នោះ​បាន​បញ្ជាក់​ថា៖​

«របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​គំរាមកំហែង វាយ​ប្រហារ ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​និង​រារាំង​ទាំងស្រុង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត។​ របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​បំផ្លាញ​សារព័ត៌មាន​សេរី​និង​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បណ្ដេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ចេញ​ពី​ប្រទេស ​និង​បំផ្លាញ​ប្រព័ន្ធ​តុលាការ​ជាតិ​ដើម្បី​ធ្វើ​កិច្ចការ​អាក្រក់ៗ​របស់​ខ្លួន។ វា​ដល់​ពេល​ដែល​លោក ហ៊ុន សែន ត្រូវ​ទទួល​លទ្ធផល​អាក្រក់​សម្រាប់​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី ដែល​ទើប​នឹង​ចាប់ផ្ដើម​ដុះ​ពន្លក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ»។

លោក​ ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​ គ.ជ.ប​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ នៅ​ឯ​ទីស្តី​ការ​គ.ជ.ប​ ក្រោយ​ពិធី​ជួបជុំ​ភាគី​ពាក់​ព័ន្ធ​ក្នុងការ​បោះឆ្នោត​ដដែល​ថា​ សម្ពាធ​ពី​ក្រៅ​ប្រទេស​មិន​អាច​បង្អាក់​ការ​រៀបចំ​បោះ​ឆ្នោត​នៅកម្ពុជា​បាន​ទេ​ ហើយ​ក៏គ្មាន​សេណារីយ៉ូ​ នៃ​ការ​បោះឆ្នោត​ឡើង​វិញ​ផងដែរ។

លោកមាន​ប្រសាសន៍​ថា៖

​«មិន​អាច​មាន​សេណារីយ៉ូណា​ ពាក់​ព័ន្ធនឹង​ការ​បោះឆ្នោតឡើង​វិញ​ទេ​ ហើយ​ការ​បោះឆ្នោត​នេះ​ ជា​ការ​បោះឆ្នោត​របស់​ប្រជាជនកម្ពុជា​ ចឹង​បរទេស​ខាងក្រៅ​គ្រាន់​តែ​ជា​សំឡេង​ គ្រាន់​តែ​ជា​ទស្សនៈ​នៃការ​យល់​ឃើញ​តែប៉ុណ្ណឹង​ឯង​ ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​ ប្រជាពលរដ្ឋ​កម្ពុជា​ លោក​សម្រេច​ជោគវាសនា​ ជាតិដោយ​ខ្លួន​ឯងបាទ​ អីចឹង​ការ​ចេញ​ទៅបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ទោះក្នុង​កម្រិត​ណា​ក៏​ដោយ​ នោះគឺ​ជា​ឆន្ទៈ​របស់​ម្ចាស់​ជាតិ​របស់​ម្ចាស់​ប្រទេស​ពិតប្រាកដ​បាទ។ អញ្ជឹង​ ឥទ្ធិពល​ពីខាង​ក្រៅ​ថា​ យ៉ាងណា​ គឺ​គ្រាន់តែ​ជា​ទស្សនៈ​ដោយឡែក​ ដែល​មក​ទល់​ពេលនេះ​ហើយ​ យើង​មិនឃើញ​ថា ឥទ្ធិពលនេះ​ ធ្វើ​អ្វី​ប៉ះពាល់​ដល់​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៃ​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ដំណើរការ​រៀបចំ​បោះឆ្នោត​ ដែល​ច្បាប់​ចែង​ថា​ ប្រាំឆ្នាំ​ម្តង​ គឺ​គ.ជ.​ប​ ទទួល​ខុស​ត្រូវ​អនុវត្តន៍បាន​បាទ»។​

លោក​ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប​ ថ្លែងបកស្រាយចម្ងល់​នានា​របស់​អ្នកកាសែត​ អំពីបរិយាកាស​នៃការបោះឆ្នោត​ និងការ​ប្រព្រឹត្ត​ទៅនៃការបោះឆ្នោត​ ក្នុងសន្និសីទព័ត៌មាន​ធ្វើឡើង​កាលពីថ្ងៃ​ទី​១៧ ខែឧសភា​ ឆ្នាំ​២០១៨​ នៅគ.ជ.ប​ ក្រុង​ភ្នំពេញ។​ (ហ៊ុល រស្មី​/​VOA)
លោក​ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប​ ថ្លែងបកស្រាយចម្ងល់​នានា​របស់​អ្នកកាសែត​ អំពីបរិយាកាស​នៃការបោះឆ្នោត​ និងការ​ប្រព្រឹត្ត​ទៅនៃការបោះឆ្នោត​ ក្នុងសន្និសីទព័ត៌មាន​ធ្វើឡើង​កាលពីថ្ងៃ​ទី​១៧ ខែឧសភា​ ឆ្នាំ​២០១៨​ នៅគ.ជ.ប​ ក្រុង​ភ្នំពេញ។​ (ហ៊ុល រស្មី​/​VOA)

​ឆ្លើយតប​ទៅ​នឹង​ក្តីបារម្ភ​របស់​តំណាង​គណបក្ស​នយោបាយ​តូចៗ​ ចំពោះ​សេចក្តី​អំពាវនាវ​ផ្សេងៗ​ ដែល​ស្នើ​មិន​ឲ្យប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​ លោក ហង្ស ពុទ្ធា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ គ.ជ.ប​ និង​ក្រសួងមហាផ្ទៃ​កំពុងសិក្សា​ផ្លូវច្បាប់ ​ដើម្បី​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ឃោសនា​សុំឲ្យ​ប្រជា​ពល​រដ្ឋ​បោះបង់​សិទ្ធិ​បោះឆ្នោត​ខ្លួន។លោក​ក៏​បាន​ស្នើ​ដល់​សាធារណជន​ ឲ្យ​គោរព​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​ប្រទេស​ ដើម្បី​បញ្ចៀស​ការ​ខ្វែង​គំនិត​គ្នា​ ហើយ​ក៏​កុំ​ផ្តេក​ផ្តួល​លើ​ការ​ប្រកូក​ប្រកាស​ពី​ខាង​ក្រៅ​ប្រទេស។​

«យើង​កំពុងតែ​រស់​នៅ​ នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ យើង​គួរ​គោរព​ឲ្យ​បាន​ល្អ​ នូវ​ច្បាប់​ប្រទេស​កម្ពុជា​ ហើយ​បើសិន​ជា​យើង​ ប្រាស់​ចាក​គន្លង​ច្បាប់​ បញ្ហា​អាច​នឹង​កើត​មាន​ឡើងសម្រាប់ផ្ទាល់​ខ្លួន​ ហើយ​ផល​វិបាក​មិនមែន​អ្នកស្រែក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ទេ​ គឺថា​ ផលវិបាក​នឹង​ធ្លាក់​មកលើ​ពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង។ បើ​ចរាចរណ៍​ប្រកាស​ឲ្យប្រកាន់​ឆ្វេង​ ហើយយើង​ប្រកាន់​ស្តាំ​តែ​យើង​ នឹង​ នឹងមាន​គ្រោះថ្នាក់​ចរាចរណ៍​ អាហ្នឹង​ជាការ​ទទួល​ខុសត្រូវ​ ដោយ​ខ្លួន​ឯង​បាទ»។

អ្នកនាំពាក្យ​ គ.ជ.ប​ រូបនេះ​មិនទាន់​អាច​បញ្ជាក់​ថា​ តើ​គណបក្ស​នយោបាយ​ចំនួន​ប៉ុន្មាន​ទៀត ដែល​គ.ជ.ប​ នឹង​ទទួល​ស្គាល់​ជាផ្លូវការ​សម្រាប់​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​ថ្ងៃទី​២៩ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ តែថា ​រហូត​មកដល់​ពេលនេះ​ គឺមាន​គណបក្ស​នយោបាយ​ចំនួនប្រាំ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ។​ ក្នុង​ចំណោម​គណបក្ស​ទាំង​ប្រាំ​នោះ​មាន គណបក្ស​រាជានិយម​ហ៊្វុន​ស៊ីនប៉ិច។​ លោក​ថា​ គ.ជ.ប​ គ្រោង​នឹង​ចំណាយ​ថវិកា​៥០លាន​ដុល្លារ​អាមេរិក ​សម្រាប់​ដំណើរការ​បោះឆ្នោត​ ដែល​នៅ​ទាប​ជាង​ប្រទេស​ម៉ាឡេស៊ី​ ដែល​ចំណាយ​ជាង​១២០​លានដុល្លារ​សម្រាប់​ការ​បោះឆ្នោត​ ដែល​មាន​អ្នក​បោះ​ឆ្នោត​តែ​១៥លាន​នាក់​ប៉ុណ្ណោះ។

នា​ពិធី​ស្វែង​យល​ពីបញ្ហា​ប្រឈម​នានា​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨នេះ ​ក្រុម​តំណាង​និង​ប្រធាន​គណ​បក្ស​នយោបាយ​តូចៗ​ក៏បាន​លើក​ឡើង​អំពី​ការ​យាយី​របស់​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ និង​ភាព​អសកម្ម​របស់​មន្ត្រី​មូលដ្ឋាន​ដែល​បាន​ឈប់​សម្រាកពី​ការងារ​ក្នុង​ពិធី​បុណ្យ​នា​នា​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា​នេះ។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​ការ​ដល់ការ​បញ្ជាក់​លិខិតរដ្ឋបាលនានា​ ​ដែល​ជា​តម្រូវ​ការ​សម្រាប់នីតិវិធី​ចុះបញ្ជីឈ្មោះ​គណបក្ស​នយោបាយ​ ដែល​មាន​រយៈពេល​តែ​១៥ថ្ងៃ៕

XS
SM
MD
LG