សហភាពសហជីពកម្ពុជាបង្ហាញក្តីបារម្ភចំពោះផលប៉ះពាល់ដល់ការងារ កម្មករកម្មការិនីខ្មែរ ក្រោយការបោះឆ្នោតខែកក្កដាខាងមុខ និងវិបត្តិនយោបាយកម្ពុជាដែលមិនត្រូវបានដោះស្រាយតាមការស្នើរបស់សហគមន៍អន្តរជាតិ។
ក្នុងសេចក្ដីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជាចេញនៅថ្ងៃទី១៦ ខែឧសភា បញ្ជាក់ថា បន្ទាប់ពីមានការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ និងការរំលាយគណបក្សនេះ សហគមន៍អន្តរជាតិបានស្នើដល់រដ្ឋាភិបាលកម្ពុជាឲ្យស្ដារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិតេយ្យនៅកម្ពុជាទៅរកស្ថានភាពដើមវិញ។
សហភាពសហជីពកម្ពុជាបន្តថា សហគមន៍អន្តរជាតិដែលជាទីផ្សាររបស់កម្ពុជាក្នុងការនាំចេញផលិតផលវាយនភណ្ឌចង់ឃើញកម្ពុជាមានការរៀបចំបោះឆ្នោតដោយសេរី ត្រឹមត្រូវយុត្តិធម៌ និងគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
សហភាពសហជីពកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះក្នុងន័យដើមថា៖
«សហភាពសហជីពកម្ពុជាដាក់ការព្រួយបារម្ភចំពោះការបោះឆ្នោតមួយ ដែលមិនបានដោះស្រាយវិបត្តិនយោបាយអាចធ្វើឲ្យបណ្ដាប្រទេសទាំងនោះ មិនទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា និងឈានដល់លុបចោលការអនុគ្រោះពន្ធពីកម្ពុជា ជាហេតុនាំឲ្យប៉ះពាល់ការងាររបស់កម្មករកម្មការិនី»។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ សហភាពសហជីពកម្ពុជាក៏បានអំពាវនាវរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងលោក កឹម សុខា ដោះលែងអ្នកជាប់ឃុំជាច្រើនទៀតនិងផ្តល់សម្បទាដល់គណបក្សប្រឆាំងដែលត្រូវបានរំលាយ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ និងរក្សាការងារជូនកម្មករកម្មការិនី។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាប្រាប់ VOA នាព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើសហគមន៍អន្តរជាតិទាំងនោះមិនទទួលស្គាល់លទ្ធផលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ និងលុបចោលការអនុគ្រោះពន្ធពីកម្ពុជានោះ ផលប៉ះពាល់នឹងកើតមានលើប្រជាពលរដ្ឋកម្ពុជាជាទូទៅ ជាពិសេសក្រុមគ្រួសារដែលជាអ្នកទទួលផលពីកម្មករ។ លោកបន្ថែមថា ប្រតិកម្មរបស់សហគមន៍អន្តរជាតិក៏នឹងធ្វើឲ្យប៉ះពាល់ដល់ចំណូលពន្ធរបស់កម្ពុជាផងដែរ។
លោក រ៉ុង ឈុន បញ្ជាក់ថា៖
«ប្រសិនជាមានការបិទលុបចោលការអនុគ្រោះពន្ធ វាធ្វើឲ្យប៉ះពាល់ច្រើន។ សួរថាតើយើងអាចមានអ្វីដែលត្រូវបានប្រមូលពន្ធ ដើម្បីយកទៅផ្គត់ផ្គង់ប្រាក់ខែគ្រូបង្រៀន ប្រាក់ខែមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធអីហ្នឹង អញ្ចឹងហើយវាប៉ះពាល់ឥទ្ធិពលអាហ្នឹងច្រើន។ អញ្ចឹងហើយបានជាយើងដាក់ក្តីបារម្ភឲ្យរដ្ឋាភិបាលត្រូវតែពិនិត្យគិតឡើងវិញ យើងចង់ឃើញអ្នកនយោបាយខ្មែរយើងហ្នឹងចូលតុអង្គុយនិយាយគ្នា រកដំណោះស្រាយនយោបាយ»។
លោក រ៉ុង ឈុន គឺជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ដែលត្រូវបានជ្រើសតាំងដោយគណបក្សសង្គ្រោះជាតិក្នុងការរៀបចំ គ.ជ.ប ថ្មី កាលពីមុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧។ ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ លោកបានលាលែងចេញពីសមាជិកគ.ជ.ប ដោយអះអាងថា លោកមិនអាចអង្គុយចូលរួមចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅឲ្យគណបក្សផ្សេងដែលលោកថា ជាការក្បត់នឹងឆន្ទៈរាស្រ្ត និងឧត្តមគតិផ្ទាល់ខ្លួនរបស់លោក។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន។ មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨នាក់ ត្រូវបានព្យួរសិទ្ធិធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ ខណៈប្រធានបក្សជំទាស់ដ៏ធំនេះគឺលោក កឹម សុខា រួមទំាងមន្ត្រីនិងសកម្មជនរបស់ខ្លួនជិត២០នាក់ កំពុងស្ថិតក្នុងការឃុំឃាំងនៅពន្ធនាគារទូទាំងប្រទេសកម្ពុជា។
ការរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកបោះឆ្នោតគាំទ្រជាង៤០ភាគរយ ឬប្រមាណជាជាង៣លាននាក់ នៅទូទាំងប្រទេសកាលពីការបោះឆ្នោតឆ្នាំ២០១៧ ត្រូវបានស្ថាប័ន និងអង្គការអន្តរជាតិធំៗជាច្រើនរិះគន់ និងបង្ហាញការបារម្ភថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងប្រឈមនឹងភាពខ្ទេចខ្ទី។ ស្ថាប័នអន្តរជាតិមួយចំនួនក៏បានអំពាវនាវជាបន្តបន្ទាប់ទៅរដ្ឋាភិបាលកម្ពុជាឲ្យគណបក្សសង្រ្គោះជាតិអាចចូលរួមការបោះឆ្នោតឆ្នាំ២០១៨នេះវិញ ដើម្បីធានាថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារសំខាន់សម្រាប់ប្រទេសកម្ពុជាក៏បានប្រកាសដកខ្លួនឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា។ សហរដ្ឋអាមេរិកបានប្រកាសផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា ដោយថារដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យ និងមិនអើពើជុំវិញការទទូចឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ មុនការប្រើប្រាស់វិធានការណ៍សេដ្ឋកិច្ចនានា។
ថ្មីៗនេះ អង្គការធំៗចំនួនពីរដែលតែងសកម្មក្នុងការឃ្លាំមើលការបោះឆ្នោតនាពេលកន្លងមក បានប្រកាសដកខ្លួន មិនបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមការបោះឆ្នោត ដោយអះអាងថា ពួកគេរងសម្ពាធពីរដ្ឋាភិបាល។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា លោក រ៉ុង ឈុន មិនមានឈ្មោះក្នុងបញ្ជីការរបស់ក្រសួងការងារថាជាប្រធានសហជីពណាមួយនោះទេ ដូច្នេះលោកថា ការលើកឡើងរបស់សហជីពណាមួយដែលមិនចុះបញ្ជីការគឺជាការលើកឡើង ដែលមិនមានអាចទទួលយកបានរួចទៅហើយ។
លោកបន្ថែមថា កម្ពុជាកំពុងរៀបចំដំណើរការនៃការបោះឆ្នោតទៅតាមច្បាប់ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅតាមច្បាប់ ការចូលរួមបោះឆ្នោតពីពហុគណបក្សនយោបាយ និងការគាំទ្រពីប្រទេសផ្សេងៗមួយចំនួនទៀត។
លោកមានប្រសាសន៍ថា៖
«ខ្ញុំមិនរំពឹងថា មានមិត្តភក្តិបរទេសណាមួយដែលគេបដិសេធទៅនឹងលទ្ធផលនៃការបោះឆ្នោតដែលមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋកម្ពុជានោះទេ។ ដូច្នេះការបារម្ភរបស់បុគ្គលមួយចំនួននេះ វាគ្រាន់តែជាការបំពុលសង្គម ក្នុងខណៈពេលដែលយើងជឿជាក់ថា វាមិនមានហេតុការណ៍ទាំងនោះកើតឡើងទេ»។
រោងចក្រវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលបានចុះបញ្ជីស្របតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារមានចំនួន១,១០៧គ្រឹះស្ថាន ដែលមានកម្មករនិយោជិតសរុបចំនួនជាង៧៤ម៉ឺននាក់។
ប្រាក់ឈ្នួលជាមធ្យមក្នុងវិស័យទាំងពីរនេះ មានទឹកប្រាក់សរុបជាង១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ រីឯតម្លៃសរុបនៃការនាំចេញផលិតផលផ្នែកកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងក្នុងឆ្នាំ២០១៦ មានចំនួនជាង៧ពាន់ ៣០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយលើគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីខែសីហា ឆ្នាំ២០១៧។
ការបោះឆ្នោតនៅកម្ពុជានៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ត្រូវបានសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារផលិតផលកាត់ដេរដ៏ធំរបស់កម្ពុជាយល់ឃើញថា មិនមានភាពសេរីនិងយុត្តិធម៌ ដោយសារតែគណបក្សប្រឆំាងដ៏ធំ និងជាដៃគូប្រជែងរបស់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ត្រូវបានផាត់ចេញពីការបោះឆ្នោត។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍មកហើយនោះ បានបញ្ជាក់ជាច្រើនដងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីមិនមានអ្នកសង្កេតការណ៍មិនមានគណបក្សប្រឆាំងចូលរួម ឬមិនមានការទទួលស្គាល់ពីក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕