ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិកាំង​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ខ្មែរ​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា

រូបឯកសារ៖ លោក​ Alan Lowenthal​ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​ តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ​វឺជីនៀ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (VOA)

សំណើ​ច្បាប់​លេខ ៥៧៥៤ ដែល​ហៅ​ថា «ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨» នេះ ស្នើ​ឲ្យ​មាន «ការ​ផ្អឹប​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រារាំង​ដំណើរការ​ដក​ដាក់​ប្រាក់​ទាំង​អស់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់ មន្ត្រី​យោធា​កម្ពុជា​ជាន់​ខ្ពស់ និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ជាន់​ខ្ពស់​ណា ដែល​ប្រធានាធិបតី​អាមេរិក​បាន​កំណត់​ថា បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​យ៉ាង​ធ្ងន់ធ្ងរ និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ​បាន​ដាក់​សំណើ​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ណា​ដែល​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​របស់​សមាជិក​សភា​លោក Alan Lownthal ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Alan Lowenthal ដែល​ជា​សហ​ប្រធាន​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា និង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Ted Yoho ដែល​ជា​ប្រធាន​នៃ​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​បង្ហាញ​ថា សំណើ​ច្បាប់​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Ed Royce ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Eliot Engel ដែល​ជា​អនុ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Brad Sherman ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា និង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Steve Chabot ដែល​ជា​សហ​ប្រធាន​នៃ​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា។

សំណើ​ច្បាប់​លេខ ៥៧៥៤ ដែល​ហៅ​ថា «ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨» នេះ ស្នើ​ឲ្យ​មាន «ការ​ផ្អឹប​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រារាំង​ដំណើរការ​ដក​ដាក់​ប្រាក់​ទាំង​អស់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់ មន្ត្រី​យោធា​កម្ពុជា​ជាន់​ខ្ពស់ និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ជាន់​ខ្ពស់​ណា ដែល​ប្រធានាធិបតី​អាមេរិក​បាន​កំណត់​ថា បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​យ៉ាង​ធ្ងន់ធ្ងរ និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា៖ «របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​គំរាមកំហែង វាយ​ប្រហារ ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ និង​រារាំង​ទាំងស្រុង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​បំផ្លាញ​សារព័ត៌មាន​សេរី និង​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បណ្ដេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ចេញ​ពី​ប្រទេស និង​បំផ្លាញ​ប្រព័ន្ធ​តុលាការ​ជាតិ​ដើម្បី​ធ្វើ​កិច្ចការ​អាក្រក់ៗ​របស់​ខ្លួន។ វា​ដល់​ពេល​ដែល​លោក ហ៊ុន សែន ត្រូវ​ទទួល​លទ្ធផល​អាក្រក់​សម្រាប់​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី ដែល​ទើប​នឹង​ចាប់ផ្ដើម​ដុះ​ពន្លក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បាន​បន្ថែម​ទៀត​ថា ការ​ដាក់​ទណ្ឌកម្ម និង​ការ​រារាំង​ការ​ធ្វើ​ដំណើរ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​អំឡុង​ពេល ១៨០ ថ្ងៃ ក្រោយ​ពី​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ឲ្យ​ក្លាយជា​ច្បាប់​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG