ក្រសួងរៀបចំដែនដីចាប់ផ្តើមជួបប្រជាពលរដ្ឋរស់នៅអគារអង្គរជ័យ រាជធានីភ្នំពេញដើម្បីរកដំណោះស្រាយ ក្រោយឃើញថា អគារនោះមានសភាពទ្រុឌទ្រោម និងពុកផុយ។
អគារអង្គរជ័យមានកម្ពស់៦ជាន់ ស្ថិតនៅកាច់ជ្រុងមហាវិថីកម្ពុជាក្រោម និងមុនីវង្ស មានអាយុកាលជាង ៧០ ឆ្នាំ និងមានប្រជាពលរដ្ឋសរុបចំនួន ៦៦ គ្រួសារ។
កាលពីថ្ងៃទី ១៩ ខែកញ្ញា លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហោះសារអមដោយរូបថតលើទំព័រហ្វេសប៊ុករបស់លោក ដោយសរសេរក្នុងន័យដើមថា៖ «ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ។ ពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ [អង្គរជ័យ] ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ប្រាប់វីអូអេនៅថ្ងៃទី ២០ ខែកញ្ញា នេះថា ដោយមើលឃើញអគារអង្គរជ័យនោះមានសភាពចាស់ពុកផុយ និងបារម្ភថាអាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ទើបក្រសួងបង្កើតក្រុមការងារដើម្បីសម្របសម្រួលជាមួយប្រជាពលរដ្ឋឱ្យយល់ពីស្ថានភាពអគារ ដោយផ្អែកលើស្ថានភាពបច្ចេកទេស។
លោកបញ្ជាក់ថា៖ «ដំណើរការនេះក្រុមការងារបានធ្វើជាជំហានៗ ហើយលទ្ធផលចុងក្រោយ មកដល់ថ្ងៃហ្នឹងថា តើចំនួនហ្នឹងបានប៉ុន្មានអីប៉ុន្មានហើយ ខ្ញុំមិនមានតួលេខក្នុងដៃទេ។ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានគិតពីហានិភ័យហ្នឹង ហើយមានគោលចំណងចង់ឱ្យមានការដោះស្រាយបញ្ហាហ្នឹង»។
លោកថា រហូតមកដល់ពេលនេះលោកមិនទាន់ដឹងថា អគារនេះនឹងត្រូវធ្វើបែបណាវិញនៅឡើយទេ ដោយត្រូវរង់ចាំការសម្រេចពីប្រជាពលរដ្ឋទាំងនោះ។
លោកបន្ថែមថា៖ «ក្រុមការងារពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្វែងរកការព្រមព្រៀងគ្នាថា តើដំណោះស្រាយណាមួយដែលប្រសើរ ហើយទទួលយកបានពីភាគីប្រជាពលរដ្ឋ។ ក្រសួងចង់ធ្វើម៉េចឱ្យបានការដោះស្រាយទេ មិនចង់ឱ្យស្ថានភាពនៅអ៊ីចឹង ហើយបើមានហានិភ័យកើតឡើងបង្កគ្រោះថ្នាក់។ អ៊ីចឹងដំណោះស្រាយនាពេលដែលបងប្អូនប្រជាពលរដ្ឋចង់បាន ហើយជាដំណោះស្រាយដែលអាចទៅរួចនោះនឹងធ្វើការដោះស្រាយ»។
កាលពីខែសីហា ឆ្នាំ ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានជួបជាមួយប្រជាពលរដ្ឋរស់នៅអគារអង្គរជ័យប្រមាណជា ១០០ នាក់ ដើម្បីពិភាក្សារកដំណោះស្រាយ។ គេហទំព័ររបស់សាលារាជធានី ផ្សាយថា លោក ឃួង ស្រេង ដែលជាអភិបាលក្រុង លើកឡើងថា ដើម្បីរក្សាការពារអាយុជីវិត ប្រជាពលរដ្ឋមិនអាចរស់នៅក្នុងអគារនោះបានទៀតទេ។ លោកអះអាងថា នឹងរក្សាសិទ្ធិ និងកម្មសិទ្ធិទាំងអស់របស់ប្រជាពលរដ្ឋ។
លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ ប្រាប់ឱ្យវីអូអេសួរទៅលោកស្រី ដោ សម្ផស្ស ជានាយិកាទីចាត់ការរដ្ឋបាលសាលារាជធានី និងជាអ្នកនាំពាក្យ។ លោកស្រី ដោ សម្ផស្ស ប្រាប់ វីអូអេថា ពលរដ្ឋរស់នៅអគារអង្គរជ័យ មានចំនួន ៦៦ គ្រួសារ ប៉ុន្តែលោកស្រីថា លោកស្រីមិនមានព័ត៌មាន ដោយថា ថ្នាក់លើជាអ្នកចាត់ចែង។
អ្នកស្រី សួស នាង អាយុ៦២ឆ្នាំ ពលរដ្ឋរស់នៅអគារអង្គរជ័យជាន់ទី ៦ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អ្នកស្រីរស់នៅក្នុងអគារអង្គរជ័យនេះជាមួយក្រុមគ្រួសារអស់រយៈពេល ៣០ ឆ្នាំមកហើយ។ អ្នកស្រីថា អ្នកស្រីបានព្រមព្រៀងជាមួយក្រសួងដែនដីដោយទទួលយកទឹកប្រាក់ដែលផ្តល់ដោយក្រសួង ជាថ្នូរនឹងការចាកចេញពីអគារនេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំទៅ។ ខ្ញុំសម្រេចថា លក់ហើយ។ ខ្ញុំផ្តិតមេដៃ។ ខ្ញុំសម្រេចថា លក់ហើយ! ខ្ញុំអត់នៅទេ។ អត់ដឹងថា សង់អីទេ។ អត់ដឹងតែម្តង! អត់ដឹងទេ។ មីងដឹងតែលក់ហើយបានលុយមីងចេញ។ ផ្ទះមីងបានល្មមសមរកទិញផ្ទះនៅទេ… បានល្មម៣ម៉ឺន [ដុល្លារ] ជាង»។
ចំណែកពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ីម ពិសី អាយុ៥១ឆ្នាំ រស់នៅអគារអង្គរជ័យជាន់ទី៦ដែរ ប្រាប់វីអូអេថា អ្នកស្រីយល់ព្រមចាកចេញពីអគារដោយទទួលយកទឹកប្រាក់ជាង៥ពាន់ដុល្លារ។ អ្នកស្រីថា អ្នកស្រីទទួលយកចំនួននេះដោយសារតែផ្ទះអ្នកស្រីតូច មិនមានប្លង់ បូករួមទាំងប្រឈមនឹងភាពទ្រុឌទ្រោមនៃអគារផង។
ទោះជាយ៉ាងណា អ្នកស្រីថា រហូតមកដល់ពេលនេះ អ្នកស្រីមិនទាន់ទទួលបានលុយពីការលក់ផ្ទះនេះនៅឡើយទេ ខណៈអ្នកស្រីថា នឹងយកប្រាក់ពីការលក់ផ្ទះនេះទៅជួលផ្ទះដើម្បីរស់នៅ ប្រសិនទទួលបានសំណង។
អ្នកស្រីថ្លែងថា៖ «អ្នកជាន់ទី ៦ ផ្ទះឈើទាំងអស់គឺដោះដូរទាំងអស់… អត់មានប្រកែកទេ ព្រោះអគារយើងជាអគារវ៉ៃធ្វើនៅ … អត់មានប្លង់ទេ ហើយដំបូលក៏ហានិភ័យដែរព្រោះវាពុកអស់ហើយ។ ប៉ុន្តែឥឡូវ១អាទិត្យជាងហើយអត់ឃើញ [ឱ្យលុយ] ទេ… យកលេខកូដ ABA ប្តីខ្ញុំយកទៅអស់ហើយ តែអត់ទាន់ឃើញបាញ់ឱ្យនៅពេលណាទេ។ រឿងលុយកាក់ តែប្រជាជនយល់ព្រមគឺយល់ព្រមអស់ហើយ។ យកទៅទិញផ្ទះ លុយប៉ុណ្ណឹងអត់បានទេ មានតែជួលផ្ទះគេ»។
ទាំងផ្នែកខាងក្រៅ និងខាងក្នុងអគារអង្គរជ័យ គេឃើញមានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខ្លះនៃពិដាន បង្កាន់ដៃ និងបេតុងពុកផុយ និងបែកបាក់ដោយកន្លែង។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ លើកឡើងថា ការរៀបចំអគារចាស់ទ្រុឌទ្រោមឡើងវិញគឺជារឿងល្អ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ពលរដ្ឋ។ លោកបន្ថែមថា ដើម្បីឱ្យការដោះស្រាយធ្វើឡើងប្រកបដោយតម្លាភាព ក្រសួងគួរតែផ្សព្វផ្សាយអំពីដំណោះស្រាយឱ្យបានទូលំទូលាយ និងផ្តល់ជាសំណងទៅតាមទីផ្សារដែលអាចឱ្យប្រជាពលរដ្ឋទទួលបានទីតាំងសមរម្យសម្រាប់រស់នៅ។
លោកបញ្ជាក់ថា៖ «សំណងមួយដែលធ្វើឡើងទៅតាមតម្លៃទីផ្សារ សំណងមួយដែលគាត់អាចទទួលយកទៅ អាចទៅទិញផ្ទះ ឬទៅរកលំនៅឋានថ្មីដើម្បីរស់នៅដែលមានស្ថានភាពប្រហាក់ប្រហែលជាមួយទីតាំងចាស់ ធានាបានការអប់រំសិក្សា មុខរបររបស់ពួកគាត់។ ខ្ញុំគិតថា ជាទូទៅគាត់ទទួលយកហើយ។
បើតាមលោក ស៊ាង មួយឡៃ ដំណើរការដែលមានការចូលរួមពីគ្រប់ភាគីប្រកបដោយតម្លាភាព នឹងជួយជំរុញឱ្យដំណើរការនីតិវិធីនៃការដោះស្រាយប្រកបដោយភាពល្អប្រសើរ និងកាត់បន្ថយជម្លោះ៕
វេទិកាបញ្ចេញមតិ