ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រស់នៅ​តំបន់​ភ្នំ​១៥០០ ក្នុង​ខេត្ត​ពោធិ៍សាត់​បារម្ភ​បាត់បង់​ដីធ្លី


រូបឯកសារ៖ សកម្មភាពមន្ត្រីស្រុកចុះផ្តល់ព័ត៌មានដល់ពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍តំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីខែសីហា ឆ្នាំ២០២៤។ (Facebook / រដ្ឋបាលស្រុកវាលវែង)
រូបឯកសារ៖ សកម្មភាពមន្ត្រីស្រុកចុះផ្តល់ព័ត៌មានដល់ពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍តំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីខែសីហា ឆ្នាំ២០២៤។ (Facebook / រដ្ឋបាលស្រុកវាលវែង)

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ភ្នំ​១៥០០ ​នៃ​ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់ ​ក្បែរ​តំបន់​អន្ទង់អាំង ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​កម្ម​សិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់ ​ខណៈ​ពួកគេ​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​តាម​ចំណាត់​ការ​របស់​រដ្ឋបាល​ខេត្ត។​

ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ​៥៥​ ចន្លោះ​គីឡូ​ម៉ែត្រ​ ១៣៦ ​និង ​១៣៨ ​ក្នុង​ស្រុក​វាលវែង ​អះអាង​ថា​ ពួកគេ​ទទួល​បាន​ព័ត៌មាន​ថា​ តំបន់​ដែល​ពួកគេ​កំពុង​រស់​នៅ​ជា​តំបន់​បៃតង​ដែល​ត្រូវ​ការ​ពារ​ដោយ​រដ្ឋ។​

អ្នកស្រី ​ភិន ផល្លា ​អាយុ​ ៥ ៤​ឆ្នាំ ​ដែល​មាន​មុខ​របរ​ជា​អ្នក​កាត់​ស្លឹក​ចេក​និង​ចង​អំបោស ​ប្រាប់​វីអូអេ​ថា​ អ្នកស្រី​ទទួល​បាន​ព័ត៌មាន​ថា​ រដ្ឋាភិបាល​ត្រូវ​ការពារ​តំបន់​ផ្លូវ​អន្ទង់​អាំង​ដែល​ជា​តំបន់​នៅ​ប៉ែក​ខាង​លើ​មាន​ចម្ងាយ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ ​ពី​តំបន់​ដែល​ប្រជាជន​រស់​នៅ។ ​អ្នក​ស្រី​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ក៏​បាន​ចេញ​លិខិត​ដក​ហូត​ដី​រស់​នៅ​និង​ដី​អាស្រ័យ​ផល​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​ដោយ​អះអាង​ថា​ តំបន់​ទាំង​នោះ​ស្ថិត​ក្នុង​ដែន​តំបន់​បៃតង​ដែល​ត្រូវ​ការពារ។ ​អ្នកស្រី​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ដីធ្លី​ដែល​អ្នកស្រី​រស់​នៅ​យូរ​ឆ្នាំ​មក​ហើយ។​

អ្នកស្រី​ថ្លែង​ថា៖​ «ចា៎ ​អារម្មណ៍​របស់​ខ្ញុំ​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច។​ បើ​និយាយ​រួម​ទៅ​ បើ​ចេញ​ពី​ខេត្ត​មក​តែ​ម្តង​ទៅ​ថា​ ឥឡូវ​កាត់​ឆ្វៀល​ឱ្យ​ប្រជា​ពលរដ្ឋ​ហើយ។ ​ហ្នឹង ​ក៏​វា​ស្រុះ​ស្រួល​តាម​ហ្នឹង។​ ក្តី​សង្ឃឹម​ច្រើន»។​

កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​មិថុនា ​ឆ្នាំ​ ២០២៤​ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​អន្លង់​រាប​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់ ​ឱ្យ​ផ្លាស់​ទី​ចេញ​ពី​តំបន់​ជិត​ផ្លូវ​អន្ទង់​អាំង​ជា​ដាច់​ខាត ​និង​ដក​ហូត​ទីតាំង​ដី​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ។​ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បញ្ជាក់​ថា​ ប្រជាជន​រស់​នៅ​លើ​ដី​នោះ ​ដោយ​ខុស​ច្បាប់​ ហើយ​អាជ្ញាធរ​ត្រូវ​រៀបចំ​ដោះស្រាយ​តំបន់​អន្ទង់​អាំង​ ភ្នំ​១៥០០ ​ឱ្យ​ទៅ​ជា​តំបន់​បៃតង។​

ពលរដ្ឋ​រូប​នោះ​បន្ថែម​ថា​ ពួកគេ​ធ្លាប់​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ព្រឹទ្ធ​សភា​ដែល​មាន​អតីត​នាយក​រដ្ឋមន្រ្តី ​លោក ​ហ៊ុន សែន​ ជា​ប្រធាន។​ ព្រឹទ្ធសភា​ធ្លាប់​បាន​ចេញ​លិខិត​មួយ​ច្បាប់​បញ្ជូន​ទៅ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ ដោយ​លើក​ឡើង​អំពី​ការ​ស្នើ​សុំ​អន្តរាគមន៍​របស់​ប្រជា​ពលរដ្ឋ​ទាំង ​២៤ ​គ្រួសារ ​ដែល​កំពុង​បារម្ភ​អំពី​ការ​បាត់​បង់​ដីធ្លី។ ​នេះ​បើ​តាម​លិខិត​ព្រឹទ្ធ​សភា​ ចុះ​ថ្ងៃ​ទី​ ១៦​ ខែ​សីហា​ ឆ្នាំ​ ២០២៤ ​ដែល​វីអូអេ​ទទួល​បាន។​

ពលរដ្ឋ​អះអាង​ថា​ ពួកគេ​បាន​បញ្ជូន​លិខិត​របស់​ព្រឹទ្ធ​សភា​ទៅ​រដ្ឋបាល​ខេត្ត ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​

រូបឯកសារ៖ ទិដ្ឋភាពនៃការធ្វើផ្លូវក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីខែសីហា ឆ្នាំ២០២៤។ (Facebook / រដ្ឋបាលស្រុកវាលវែង)
រូបឯកសារ៖ ទិដ្ឋភាពនៃការធ្វើផ្លូវក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីខែសីហា ឆ្នាំ២០២៤។ (Facebook / រដ្ឋបាលស្រុកវាលវែង)

យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ​ចុះ​ថ្ងៃ​ទី ៦​ ខែ​សីហា​ ឆ្នាំ​ ២០២៤​ ដែល​វីអូអេ​ទទួល​បាន​ រដ្ឋបាល​ខេត្ត​បាន​ទុក​ពេល​ឱ្យ​ប្រជា​ពលរដ្ឋ​ ៣០ ​ថ្ងៃ​ សម្រាប់​ការ​រុះរើ ​និង​ចេញ​ពី​តំបន់​អន្ទង់​អាំង ​ដោយ​ខ្លួន​ឯង​ ហើយ​ក្នុង​ករណី​ប្រជា​ពលរដ្ឋ​មិន​ព្រម​រើ​ចេញ ​រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ ​នៅ​ក្នុង​លិខិត​នោះ ​រដ្ឋបាល​ខេត្ត​បាន​លើក​ឡើង​មាត្រា​ ៨៥០ ​នៃ​ក្រម​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​ដែល​កំណត់​ទោស​ ជន​ល្មើស ​ដោយ​ដាក់​ពន្ធនាគារ​ពី​ ១​ឆ្នាំ​ទៅ ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០​លាន​រៀល​ទៅ ​៥០០​លាន​រៀល។​

ពលរដ្ឋ​ម្នាក់​ទៀត​ អ្នកស្រី​ សេន ពិសី ​អាយុ​ ៥៥ ​ឆ្នាំ ​ជា​ម្ចាស់​អាហារ​ដ្ឋាន​មួយ​កន្លែង​នៅ​តំបន់​ជិត​ផ្លូវ​អន្ទង់​អាំង ​ប្រាប់​វីអូអេ​ថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​ជិត​ផ្លូវ​អន្ទង់​អាំង​ច្រើន​ឆ្នាំ​មក​ហើយ ​និង​មិន​ដែល​មាន​បញ្ហា​អ្វី​ឡើយ។ ​អ្នកស្រី​បន្ថែម​ថា​ កាល​ពី​ខែ​មេសា ​អាជ្ញាធរ​បាន​ចុះ​វាស់​វែង​ដី ​និង​ជូន​ដំណឹង​ពីរលើក​មក​ហើយ ​ឱ្យ​ប្រជា​ពល​រដ្ឋ​ត្រូវ​តែ​រើ​ចេញ​ជា​ដាច់​ខាត ​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ទាំង​អស់​មិន​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​និង​ដីធ្លី​ឡើយ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «ពួក​ខ្ញុំ​ទទួល​រង​អយុត្តិធម៌​ពេក ​ព្រោះ​អី​ផ្លូវ​អន្ទង់​អាំង​ហ្នឹង ​តាំង​ពី​ដើម​ឡើយ​មក​ មិន​មែន​ត្រឹម​ឥឡូវ​ទេ​ដូច​ជា ​៧ ​ឬ​៨​ឆ្នាំ​ហើយ​ អន្ទង់​អាំង​ហ្នឹង​ គឺ​ពួក​គាត់​មាន​តែ​ ៦៨ ​គ្រួសារ​តាំង​ពី​ដើម​ឡើយ​មក»។​

អ្នកស្រី​បន្ថែម​ថា៖​ «មាន​តែ​សុំ​ឱ្យ​លោក​ចៅ​ហ្វាយ​ខេត្ត​ហើយ​ឬ​មួយ​ក៏​ថ្នាក់​ដឹក​នាំ​ហើយ​នឹង​សម្តេច​បវរ​មេត្តា​ពួក​យើង ​ដើម្បី​ការ​រស់​នៅ​បន្ត​ តែ​ប៉ិនហ្នឹង ​គឺ​សុំ​រស់​នៅ​បន្ត។ សុំ​ឱ្យ​យើង​អាច​ស្រប​ច្បាប់​ដូច​ប្រជាជន​ទូទៅ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ហៀម ឃួន ​អភិបាល​រង​ខេត្ត​ពោធិ៍សាត់​បាន​នៅ​ឡើយ​ទេ ​ដោយ​លោក​ឱ្យ​ទាក់​ទង​ទៅ​លោក​ ពៅ ពិសិដ្ឋ ​ដែល​លោក​ថា​ ជា​មន្រ្តី​ជំនាញ​ធ្វើ​ការ​លើ​រឿង​នេះ។​

ប៉ុន្តែ​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ពៅ ពិសិដ្ឋ ​បាន​នៅ​ឡើយ​ទេ។​

លោក ​ធាង ឡេង ​អភិបាល​ស្រុក​វាលវែង​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ ​ដោយ​លោក​ថា​ លោក​នៅ​ថ្នាក់​ស្រុក​មិន​មាន​សិទ្ធិ​ឆ្លើយ​តប​អ្វី​ឡើយ ​ព្រោះ​រឿង​នេះ​ជា​កិច្ចការ​ថ្នាក់​ជាតិ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG