ប្រជាពលរដ្ឋនៅសហគមន៍ពង្រសែនជ័យ ក្នុងរាជធានីភ្នំពេញជាង ១៥០គ្រួសារ ទទូចឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ ក្រោយអាជ្ញាធរបដិសេធ ដោយថា តំបន់ដែលពួកគេរស់នៅជាសំណង់អាណាធិបតេយ្យ។
អ្នកស្រី ថៃ ចាន់ណា អាយុ៤៥ឆ្នាំ ជាតំណាងសហគមន៍ពង្រសែនជ័យ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រាប់វីអូអេថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះមានចំនួន ១៥៤គ្រួសារ មាន ១៤៧ខ្នងផ្ទះ ដែលមានទំហំផ្ទៃដីបណ្តោយ ៦១០ម៉ែត្រ និងទទឹង ៧ម៉ែត្រកន្លះ។
អ្នកស្រីថា ប្រជាពលរដ្ឋមកតាំងទីលំនៅក្នុងសហគមន៍នេះតាំងពីឆ្នាំ ២០០០មក ដោយសារពុំមានកន្លែងនៅ និងថា រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋពុំមានសៀវភៅស្នាក់នៅ ដោយសារអាជ្ញាធរចាត់ទុកតំបន់ដែលពួកគេរស់នៅជាតំបន់អាណាធិបតេយ្យ។
អ្នកស្រីចាន់ណាថ្លែងថា៖ «តាំងពីឆ្នាំ ២០០៧មករហូត ការស្នើសុំរបស់ប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹង មានធ្វើជាលិខិតស្នើសុំស្នាមមេដៃរបស់ប្រជាពលរដ្ឋហ្នឹងស្នើសុំសៀវភៅស្នាក់នៅ។ យើងចេះតែសុំហើយសុំទៀតៗ សុំរហូតទាល់តែសព្វថ្ងៃហ្នឹង។ ដោយសៀវភៅហ្នឹងសំខាន់ពេលដែលត្រូវការចុះធ្វើសំបុត្រកំណើតឱ្យកូនអី គេទាមទាររកអាហ្នឹង។ ចុះឈ្មោះបោះឆ្នោតក៏ទាមទាររកអាហ្នឹង ធ្វើសំបុត្រអាពាហ៍ពិពាហ៍ គ្រប់ឯកសារទាំងអស់គឺគេទាមទាររកសៀវភៅស្នាក់នៅ។ តែពួកយើងអត់មានសៀវភៅស្នាក់នៅ។ គេមិនធ្វើសៀវភៅស្នាក់នៅឱ្យយើងដោយសារគេថា យើងគឺជាសំណង់អាណាធិបតេយ្យ»។
ពលរដ្ឋរស់នៅក្នុងសហគមន៍ពង្រសែនជ័យម្នាក់ទៀត អ្នកស្រី កែវ វុទ្ធី អាយុ៦០ឆ្នាំ ប្រាប់វីអូអេដែរថា អ្នកស្រីទទួលស្គាល់ថា ផ្ទះដែលអ្នកស្រីរស់នៅសព្វថ្ងៃក្នុងសហគមន៍ពង្រសែនជ័យនេះ គឺជាដីរបស់រដ្ឋ។ អ្នកស្រីថា ក្នុងករណីរដ្ឋមិនបានហាមប្រាមមិនឱ្យរស់នៅទីតាំងនេះ នោះអាជ្ញាធរពាក់ព័ន្ធគួរតែធ្វើឯកសារសំខាន់ៗដល់ពលរដ្ឋ ដើម្បីបញ្ជាក់ពីការស្នាក់នៅដល់ពួកគេដូចពលរដ្ឋទូទៅ។
អ្នកស្រីថ្លែងថា៖ «តែបើឱ្យខ្ញុំនៅកន្លែងនេះតែម្តង ខ្ញុំសុំធ្វើឯកសារឱ្យបានគ្រប់គ្រាន់ដូចជា ទី១ សៀវភៅស្នាក់នៅ ទី២ អត្តសញ្ញាណបណ្ណ។ ខ្ញុំសុំឱ្យមានអាអស់ហ្នឹងដូចពលរដ្ឋទូទៅក្នុងខណ្ឌពោធិ៍សែនជ័យហ្នឹងដែរ ព្រោះរាល់ថ្ងៃខ្ញុំរស់នៅ វាខ្វះខាតគ្រប់បែបយ៉ាង ធ្វើអីគេមិនទទួលយក មិនទទួលស្គាល់ ហើយថា យើងនៅកន្លែងសំណង់អាណាធិបតេយ្យ»។
ដៃកាន់កូនកាំបិតកាត់ដើមកំប្លោកទុកចងយកទៅលក់នៅមុខផ្ទះ លោក ឆាយ សុជា អាយុ ៦១ឆ្នាំ ពលរដ្ឋរស់នៅសហគមន៍ពង្រសែនជ័យម្នាក់ទៀត ប្រាប់វីអូអេដែរថា អាជ្ញាធរបដិសេធមិនធ្វើសំបុត្រកំណើតដល់ចៅរបស់លោក ដោយសារមិនមានសៀវភៅស្នាក់នៅ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំកាលមុន ខ្ញុំទៅធ្វើសំបុត្រកំណើតចៅ ដល់ពេលទៅធ្វើទៅគេសួររកសៀវភៅស្នាក់នៅ … អត់មានទាន់ធ្វើទេនៅនេះ។ គេសួរយើងទាល់តែមានសៀវភៅស្នាក់នៅ តែខ្ញុំថា មានតែសៀវភៅគ្រួសារ ឯកសារមានត្រឹមត្រូវអស់ហើយ សៀវភៅគ្រួសារក៏មាន។ [ចៅសង្កាត់] រកអាហ្នឹង ដល់ខ្ញុំយកក្រដាសហ្វូតូទៅឱ្យ គេសួររកអាហ្ស៊ីន។ ពេលយកអាហ្ស៊ីន គេថា ហៅមេភូមិផង។ ទំនងថា ធ្វើឱ្យ ដល់ពេលអ៊ីចឹងៗ និយាយត្រឡប់បកមុខបកក្រោយ។ ខ្ញុំមិនដឹងដែរ។ ឥឡូវនៅហើយក៏មិនទាន់បានចូលរៀនដែរ»។
សេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ បញ្ជាក់ថា សៀវភៅស្នាក់នៅជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធាននគរបាលដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ បុគ្គលដែលត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅគឺជាប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្តោប្រវេសន៍ដែលកំពុងរស់នៅលើទឹកដីកម្ពុជាជាអចិន្ត្រៃយ៍។
សេចក្តីណែនាំនោះបន្ថែមថា បុគ្គលដែលមិនត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ គឺមានជនបរទេសមិនមែនអន្តោប្រវេសន៍ ជនបរទេសដែលចូល និងស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។
លោក ទង វ៉ង ចៅសង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រាប់វីអូអេថា ខាងសង្កាត់បានរាយការណ៍ទៅក្រសួងមហាផ្ទៃជុំវិញការស្នើសុំធ្វើសៀវភៅស្នាក់នៅរបស់ប្រជាពលរដ្ឋរស់នៅសហគមន៍ពង្រសែនជ័យរួចហើយ។
លោកថ្លែងថា៖ «ពាក់ព័ន្ធការងារហ្នឹង ខាងអាជ្ញាធរចៅសង្កាត់យើងបានរាយការណ៍ទៅក្រសួងហើយ។ ទាក់ទងទៅក្រសួងបានគាត់មានសិទ្ធិ។ ខាងអាជ្ញាធរចៅសង្កាត់យើងអត់មានសិទ្ធិចេញសៀវភៅស្នាក់នៅហ្នឹងទេ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេថា លោកកំពុងជាប់រវល់ និងថា លោកនឹងពិនិត្យមើលករណីនេះ។
សហគមន៍ពង្រសែនជ័យស្ថិតក្នុងចំណោមសហគមន៍ក្រីក្រចំនួន ១១កន្លែងនៅរាជធានីភ្នំពេញ ដែលកំពុងជួបបញ្ហាធ្ងន់ធ្ងរទាក់ទងទៅនឹងសិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន ដោយសារកង្វះព័ត៌មាន និងការមិនដាក់បញ្ចូលសហគមន៍ក្រីក្រទាំងនោះក្នុងដំណើរការពិភាក្សា និងស្វែងរកដំណោះស្រាយសម្រាប់កិច្ចការអភិវឌ្ឍន៍ បណ្តាលឱ្យពួកគេមិនទទួលបានឯកសារដែលអាចគាំទ្រដល់ការកាន់កាប់ដីធ្លីរបស់ពួកគេ។ នេះបើតាមរបាយការណ៍របស់សមាគមធាងត្នោត ចេញនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ យល់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មិនរៀបរយ តែងមានឧបសគ្គក្នុងការស្នើសុំធ្វើលិខិតស្នាក់នៅ។ លោកថា រដ្ឋាភិបាលគួរធ្វើយ៉ាងណាឱ្យពលរដ្ឋដែលរស់នៅតំបន់មិនរៀបរយទាំងនោះ អាចធ្វើសៀវភៅស្នាក់នៅបាន ដើម្បីសម្រួលដល់ការរស់នៅ និងការប្រើប្រាស់សេវាតាមមូលដ្ឋាន។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃហ្នឹង អាចចេញប្រកាស ឬក៏ការណែនាំណាមួយដើម្បីឱ្យអាជ្ញាធរមូលដ្ឋានហ្នឹងគាត់អាចដំណើរការនីតិវិធីធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារជូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់មិនទាន់រៀបរយហ្នឹង។ ខ្ញុំគិតថា វាជារឿងមួយល្អមែនទែន»។
លោកបន្ថែមថា ការធ្វើសៀវភៅស្នាក់នៅដល់ពលរដ្ឋទាំងនោះ ក៏ជួយដល់អាជ្ញាធរមូលដ្ឋានងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋតាមមូលដ្ឋាន និងការចូលរួមសហការរបស់ប្រជាពលរដ្ឋក្នុងការចុះបញ្ជីថ្នាក់មូលដ្ឋាន ហើយក៏ជួយដល់ពួកគេបានទាន់ពេលនៅពេលមានបញ្ហាផ្សេងៗកើតឡើង។
បើតាមការផ្សាយលើគេហទំព័រអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួនជាង៣លានក្បាល (៣.៣៩៨.៨៥៧ក្បាល) ធ្វើទុតិយតាចំនួនជាង ៧សែនក្បាល (៧០៩.៦៣៧ក្បាល)៕
វេទិកាបញ្ចេញមតិ