ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​សាទរ​អន្តរាគមន៍​លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​អាជ្ញាធរ​អប្សរា


រូបឯកសារ៖ ទិដ្ឋភាពនៃតំបន់ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ទិដ្ឋភាពនៃតំបន់ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ ដែល​រស់​នៅ​ក្នុង​តំបន់​ជាប់​គ្នា​នឹង​តំបន់​អភិរក្ស​អាជ្ញាធរ​អប្សរា​ សាទរចំពោះ​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុ ន ម៉ាណែត​ ដែល​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះ​ស្រាយ​ទំនាស់​របស់​ពលរដ្ឋ​ជា​មួយ​អាជ្ញាធរ​ជាតិ​មួយ​នេះ។​ ប្រជា​ពលរដ្ឋ​ក៏​ចង់​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​រស់​នៅ​លើ​ដីធ្លី​របស់​ខ្លួន​ដើម្បី​បន្ត​ប្រកប​របរ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ ដោយ​គ្មាន​ការ​ហាម​ឃាត់​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ទៀត។​

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​និង​កំពុង​បន្ត​មាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ដោយ​ក្នុង​នោះ​មាន​ពលរដ្ឋ​បួន​រូប ​រួម​ទាំង​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ម្នាក់​ផង​ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​ថា​បាន​រារាំង​ដល់​មន្ត្រី​សាធារណៈ​ និង​មាន​ចេតនា​បង្ក​ការ​ខូច​ខាត​ និង​អំពើ​ហិង្សា។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​(ខេមបូចា)។​

លោក​ដោក សុផាត​ អាយុ​ ៤៤ ​ឆ្នាំ​ ពលរដ្ឋ​រស់​នៅ​ភូមិ​គោកដូង​ សង្កាត់​ទឹកវិល​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សេចក្តី​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​កើត​ឡើង​ ស្រប​ពេល​ប្រជា​ពលរដ្ឋ​ខ្លះ​កំពុង​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​រស់​នៅ​ ហើយ​ក៏​កំពុង​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​សិទ្ធិ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​ដើម្បី​កាន់​កាប់​ដី​ធ្លី​របស់​ខ្លួន។​

លោក​ថ្លែង​ថា៖​ «បើ​សិន​ណា​ដូច​ខាង​នាយក​រដ្ឋមន្រ្តី​គាត់​និយាយ​អ៊ីចឹង​មែន ​ខាង​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​សប្បាយ​ចិត្ត​ សង្ឃឹម​ថា​ នឹង​បាន​ជោគ​ជ័យ។​ ខាង​ខ្ញុំ​មិន​មែន​ចង់​បាន​ឱ្យ​ប៉ះ​អប្សរា​ឬ​ក៏​មាន​បញ្ហា​អី​ជា​មួយ​អាជ្ញាធរ​តំបន់​បេតិក​ភណ្ឌ​អី​ទេ ​គ្រាន់​តែ​ខ្ញុំ​ចង់​បាន​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​រស់​នៅ​ មាន​សិទ្ធិ​គ្រប់​គ្រង​លើ​ទីតាំង​ដី​របស់​គាត់​ បាន​ន័យ​ថា​ បង្កើត​កសិកម្ម​គ្រួសារ​ក៏​បាន។​ គាត់​រស់​នៅ​ក្នុង​បង​ប្អូន​គ្រួសារ​គាត់​ក៏​បាន​ដែរ។​ រាល់​ថ្ងៃ​ហ្នឹង​ បើក​ភ្នែក​ឡើង​មាន​តែ​ផល​វិបាក​អប្សរា​រហូត។​ បើក​ភ្នែក​ពេល​ណា​ឃើញ​អប្សរា​រហូត»។​

លោក​បន្ថែម​ថា​ បើ​សិន​ជា​មិន​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ​ជូន​ប្រជា​ពលរដ្ឋ​ទេ ​នោះ​នឹង​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ជួប​ផល​វិបាក​កាន់​តែ​ច្រើន។​

ពលរដ្ឋ​ម្នាក់​ទៀត​ អ្នក​ស្រី ​ដុក ម៉ាឡៃ ​អាយុ​ ៣១​ឆ្នាំ ​ រស់​នៅ​ភូមិ​គោកដូង ​សង្កាត់​ទឹកវិល ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប ​បាន​កត់​សម្គាល់​ថា​ ការ​ប្រកាស​របស់​នាយក​រដ្ឋ​មន្រ្តី​ជា​ជំហាន​វិជ្ជមាន​មួយ​ ដែល​ឈាន​ទៅ​បញ្ចប់​ជម្លោះ​រវាង​អាជ្ញាធរ​អប្សរា​ និង​ប្រជា​ពលរដ្ឋ​ដែល​បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។​

អ្នក​ស្រី​បន្ថែម​ថា​ ក្នុង​រយៈពេល​ ​៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពលរដ្ឋ​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​សាងសង់​សំណង់ផ្សេងៗ​ ដោយ​សារ​តែ​មាន​ការ​ហាម​ឃាត់​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​ និង​ថា​ អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​ ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ពិបាក​ដែរ។ ​ពិបាក​បញ្ហា​ទី​មួយ​ធ្វើ​របង​ អត់​បាន។ ​របង​ផ្ទះ​អី​នៅ​ត្រឹម​ត្រូវ​ហ្នឹង!​ យើង​មាន​បញ្ហា។ ​បើ​សិន​អ្នក​មាន​លុយ​គេ​អត់​បញ្ហា​ទេ​ ព្រោះ​យើង​ទៅ​សុំ​ច្បាប់​តែង​តែ​អស់​បន្តិច​បន្តួច​អ៊ីចឹង។​ បញ្ហា​ហ្នឹង​ សម្រាប់​ខ្ញុំ​អត់​ស្មើ​ភាព​គ្នា​ទេ​ ព្រោះ​និយាយ​រួម​ទៅ​អ្នក​មាន​គេ​មាន​លុយ។​ គេ​ទៅ​សុំ​ច្បាប់​បាន​ធ្វើ។ ​ពេល​អ្នក​អត់​មាន​លុយ​ ​ អត់​ទៅ​សុំ​ច្បាប់​បាន​ធ្វើ​ទេ»។​

បើ​តាម​អ្នក​ស្រី​ ដុក ម៉ាឡៃ ​អាជ្ញាធរ​គួរ​តែ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​សាងសង់​សំណង់​នៅ​លើ​ដី​របស់​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​មួយ ​ដែល​មិន​ប៉ះពាល់​ការ​គង់​នៅ​នៃ​ប្រាង្គ​ប្រាសាទ​បុរាណ​នានា​ក្នុង​តំបន់​អង្គរ។​

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ ​«ខ្ញុំ​គិត​ថា វា​អត់​ប៉ះពាល់​ទេ ​ព្រោះ​ដី​អស់​ហ្នឹង​ខ្មែរ​ពី​ដើម​មក​រស់​នៅ​មក​យូរ​ហើយ។​ បើសិន​សាង​សង់​អី​ គឺ​សាងសង់​មិន​ធំ​ណាស់​ណា​ដែរ​ គ្រាន់​តែ​រោង​អី​បន្តិច​បន្តួច​ ព្រោះ​យើង​នៅ​ឆ្ងាយ​អង្គរ​ដែរ»។​

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់​ព្រែកជីកតេជោហ្វូណន នៅខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់​ព្រែកជីកតេជោហ្វូណន នៅខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ពិសេស​មួយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាក់ទង​នឹង​ «សមិទ្ធ​ផល​រយៈ​ពេល​មួយ​ឆ្នាំ» ​នៃ​ការ​កាន់​អំណាច​របស់​លោក​ កាល​ពី​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត ​បាន​ឱ្យ​ដឹង​ថា​ លោក​បាន​ចាត់​តាំង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយ​កម្ម​ និង​សំណង់​គឺ​ លោក សាយ សំអាល់ ​ឱ្យ​មាន​ការ​សន្ទនា​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​នានា​ដើម្បី​បន្ត​ដោះស្រាយ​ជម្លោះ​រវាង​ពលរដ្ឋ​ និង​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​តុល្យភាព​រវាង​ការ​អភិរក្ស​បេតិកភណ្ឌ​ដូន​តា ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​ប្រជា​ពល​រដ្ឋ។​

លោក​ថ្លែង​ថា៖​ «កាតព្វ​កិច្ច​ការពារ​បេតិកភណ្ឌ​ជាតិ​ដូន​តា​របស់​យើង ​ក៏​ត្រូវ​តែ​ការពារ​ ប៉ុន្តែ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​វិវឌ្ឍ​ប្រែប្រួល​ជីវភាព​រស់​របស់​ប្រជា​ពល​រដ្ឋ​យើង​នោះ ​[ក្នុង​តំបន់​អង្គរ] ​ក៏​ត្រូវ​គិត​គូរ ធ្វើ​យ៉ាង​ណា​ត្រូវ​ពន្លត់ភ្លើង​តែម្តង​កុំ​ឱ្យ​ត្រឹម​តែ​បក់​ផ្សែង​ បាន​ន័យ​ថា​ ត្រូវ​តែ​ពិនិត្យ​លើ​ឫស​គល់​នៃ​បញ្ហា ​ពិនិត្យ​មើល​ការ​កំណត់​នៃ​តំបន់​ដែល​ត្រូវ​ការពារ​ និយមន័យ ​និង​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ធ្វើ​យ៉ាង​ណា​ថា​ យើង​អាច​សម្រេច​បាន​នូវ​តុល្យភាព​រវាង​ការ​ការពារ​តំបន់​បេតិកភណ្ឌ​របស់​យើង ​ជាមួយ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​របស់​យើង»។​

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក​ ឡុង កុសល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ជុំវិញ​ករណី​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​និង​កំពុង​ដំណើរ​ការ​ការ​ដោះស្រាយ​ទៅ​តាម​ការ​លើក​ឡើង​របស់​លោក​នាយ​ករដ្ឋ​មន្រ្តី។​

លោក​ថ្លែង​ថា៖​ «កិច្ច​ការងារ​ហ្នឹង​ ក្រុម​ការងារ​យើង​កំពុង​ធ្វើ​រួម​គ្នា​ហើយ ​ គ្រាន់​តែ​ចង់​បញ្ជាក់​ថា ​កិច្ចការ​នេះ​កំពុង​តែ​ដំណើរការ​ ​បាន​ជជែក​ បាន​ពិភាក្សា​គ្នា​រួច​រាល់​ នូវ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ និង​សំណូម​ពរ។​ អ៊ីចឹង​ក្រុម​ការងារ​យក​នូវ​សំណូមពរ​រាល់​អី​ហ្នឹង​ យក​មក​ធ្វើ​កិច្ចការងារ​ហើយ​ ហើយ​កំពុង​តែ​ធ្វើ​ហើយ​កិច្ចការ​ងារ​ហ្នឹង»។​

លោក ​អ៊ិន គង់ជិត ​មន្រ្ដី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ដ​សៀមរាប​ យល់​ឃើញ​ថា​ ដើម្បី​ឱ្យ​ការ​ដោះស្រាយ​បញ្ហា​រវាង​ពលរដ្ឋ​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ប្រសិទ្ធ​ភាព​នោះ អាជ្ញាធរ​ជាតិ​អប្សរា​គួរតែ​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុង​ការ​លើក​សំណើ​ផ្សេងៗ​ជុំវិញ​ព្រំ​ប្រទល់​រមណីយដ្ឋាន​ និង​តំបន់​ប្រាសាទ​ ទៅ​រដ្ឋាភិបាល​ដើម្បី​ឱ្យ​មាន​ការ​កែ​សម្រួល​ និង​ការពារ​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖​ «វិធី​ដោះស្រាយ​ដែល​អាច​នឹង​មាន​សង្ឃឹម​ និង​អាច​ជោគជ័យ​បាន​ លុះត្រា​តែ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា​ គាត់​បន្ទន់​ឥរិយាបថ​លើ​សំណើ​រដ្ឋាភិបាល ​ឬ​ថ្នាក់​ជាតិ​ ដើម្បី​ឱ្យ​មាន​ការ​កែ​សម្រួល​ព្រំប្រទល់​ដែន​នៃ​ការ​កំណត់​តំបន់​រមណីយដ្ឋាន​ និង​តំបន់​ប្រាសាទ ​សម្រួល​ផ្ទៃ​ដី​ហ្នឹង​ដើម្បី​ផ្តល់​សិទ្ធិ​កាន់​កាប់​ដល់​ប្រជា​ពលរដ្ឋ​ដោយ​មាន​ការ​កាត់​ឆ្វៀល»។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​គួរ​តែ​ទទួល​យក​រាល់​បញ្ហា​ និង​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​យក​ទៅ​ដោះ​ស្រាយ​ ដើម្បី​ឈាន​ដល់​ការ​ពន្លត់​ភ្លើង​ទំនាស់​ទាំង​ស្រុង​នៅ​ពេល​ខាង​មុខ។​ ​

គួរ​បញ្ជាក់​ថា ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០២៣ ​អង្គការ​យូណេស្កូ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពិនិត្យ​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​ និង​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​យន្ត​ការ​ត្រឹម​ត្រូវ​ដែល​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា ​ដើម្បី​ធានា​ថា​ ពលរដ្ឋ​ទទួល​បាន​លក្ខ​ខណ្ឌ​រស់​នៅ​សម​ស្រប ​និង​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG