ដោយបារម្ភពីហានិភ័យនានាដែលអាចកើតឡើងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពាវនាវឲ្យសមាជិករបស់ខ្លួនរក្សាសុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្តល់ប្រាក់កម្ចីដល់អ្នកដែលត្រូវការសាច់ប្រាក់ដើម្បីបង្កើនអាជីវកម្ម។ សមាគមក៏ព្រមានមិនឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមន្ត្រីឥណទានធ្វើសកម្មភាពបម្រើប្រយោជន៍នយោបាយផ្ទាល់ខ្លួនផងដែរ។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុសាទរចំណាត់ការនេះ តែបារម្ភថា គ្រឹះស្ថានហិរញ្ញវត្ថុដែលមិនមែនជាសមាជិករបស់សមាគម មិនអនុវត្តក្រមសីលធម៌នេះទេ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលតំណាងឲ្យគ្រឹះស្ថានផ្តល់កម្ចីខ្នាតតូចចំនួន៨៧ បានប្រកាសបង្កើនការអនុវត្ត«ក្រមស្តីពីការផ្តល់ឥណទានប្រកបដោយសមធម៌» ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយការទទួលខុសត្រូវរបស់មន្ត្រីឥណទាន និងរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចី ដែលជាផ្នែកមួយនៃការរក្សានូវស្ថិរភាពប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេស។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតាមការបញ្ជាក់របស់មន្ត្រីសមាគម។
យោងតាមក្រមស្តីពីការផ្តល់ឥណទានប្រកបដោយសមធម៌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេស នឹងត្រូវបានតម្រូវមិនឲ្យប្រើយកឯកសាររដ្ឋបាលមួយចំនួន ដើម្បីទទួលបានប្រាក់កម្ចី និងមិនត្រូវមានការពាក់ព័ន្ធនឹងសកម្មភាពឃោសនានយោបាយណាមួយ។
លោក យុន សុវណ្ណា អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានប្រាប់ VOA នៅថ្ងៃពុធនេះថា សមាគមប្រកាសអនុវត្តក្រមនេះ ក្នុងគោលបំណងរក្សា និងការពារការទទួលខុសត្រូវរបស់មន្ត្រីឥណទាន និងបញ្ចៀសផលប៉ះពាល់អវិជ្ជមាននានាខាងផ្នែកហិរញ្ញវត្ថុ ដើម្បីធានាបាននិរន្តរភាពនៃកំណើនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ក្នុងប្រទេស។
«យើងថែរក្សាសច្ចភាព ហើយនិងវិជ្ជាជីវៈ ហើយគណនេយ្យភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាហ្នឹង កុំឲ្យមានបញ្ហាឡូកឡំ ដែលនាំឲ្យប៉ះពាល់ទៅដល់ការរីកចម្រើន ហើយនិងស្ថិរភាពរបស់វិស័យនេះ»។
សេចក្តីជូនដំណឹងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលលើកឡើងពីក្រមស្តីពីការផ្តល់ឥណទាន បានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនអាចទទួលយកនូវអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅសម្រាប់ជាវត្ថុធានាក្នុងការផ្តល់ឥណទានោះឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុបញ្ជាក់ថា គ្រឹះស្ថានទាំងអស់គឺជាគ្រឹះស្ថានឯកជនសុទ្ធសាធ និងធ្វើប្រតិបត្តិការសំដៅទទួលបានប្រាក់ចំណេញ ហើយអតិថិជនដែលទទួលប្រាក់កម្ចីត្រូវមានកាតព្វកិច្ចសងត្រឡប់តាមកិច្ចសន្យាកំណត់។
ទាក់ទិននឹងសកម្មភាពនយោបាយ សេចក្តីជូនដំណឹងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចុះថ្ងៃទី២៤ ខែកក្កដា បានបញ្ជាក់ក្នុងន័យដើមថា៖
«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាស្ថាប័នពាណិជ្ជកម្ម និងមិនមែនជាអង្គភាពនយោបាយនោះទេ។ បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចប្រើប្រាស់ស្លាកសញ្ញានានារបស់គ្រឹះស្ថាន ឬផ្នែកណាមួយនៃប្រតិបត្តិការផ្តល់សេវាជាមូលដ្ឋាន ក្នុងការចូលរួមសកម្មភាព ឬការឃោសនានយោបាយនោះឡើយ។ បុគ្គលិកដែលត្រូវបានរកឃើញថា បានប្រព្រឹត្តល្មើសគោលការណ៍នេះ នឹងទទួលពិន័យធ្ងន់ធ្ងរបំផុត»។
លោក យុន សុវណ្ណា អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា សមាគមមិនបានបំបិទសិទ្ធិនយោបាយរបស់បុគ្គលិកនៃគ្រឹះស្ថានឥណទានទេ ប្រសិនបើពួកគេអនុវត្តសិទ្ធិនោះ នៅក្រៅរង្វង់ការងារ និងភារកិច្ចរបស់ពួកគេ ដែលមាននៅតាមគ្រឹះស្ថាននីមួយៗ។ ក៏ប៉ុន្តែ ប្រសិនបុគ្គលិកទាំងនោះយកភារកិច្ច និងឈ្មោះ ឬស្លាកសញ្ញាគ្រឹះស្ថានរបស់ខ្លួនទៅបម្រើផលប្រយោជន៍នយោបាយខ្លួននោះ នោះម្ចាស់គ្រឹះស្ថាននឹងដាក់ពិន័យ ដូចជាការបញ្ឈប់ពីការងារជាដើម។
«ទោសពិន័យធ្ងន់ធ្ងរ ដូចជាសម្រាប់បុគ្គលិក ដែលប្រើប្រាស់ស្លាកសញ្ញា ឬមូយក៏កេងចំណេញផ្នែកនយោបាយ ឬមួយក៏សេវាកម្មរបស់ខ្លួនហ្នឹង បុគ្គលិកហ្នឹងនឹងត្រូវបានបញ្ឈប់ ឬមួយក៏ពិន័យធ្ងន់ធ្ងរ ដែលឈានទៅដល់ការបញ្ឈប់»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកស្រី ជា សេរី អគ្គនាយករងនៃធនាគារជាតិកម្ពុជាបានទេ នៅរសៀលថ្ងៃពុធនេះ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ប្រាប់ VOA ថា សមាគមមីក្រូហិរញ្ញវត្ថុកំពុងខិតខំការពារមុខមាត់ និងតម្លាភាពការងារសមាជិករបស់ខ្លួន តាមរយៈការប្រកាសបង្កើនការអនុវត្តក្រមផ្តល់ប្រាក់កម្ចីនេះ។ លោកពន្យល់ថា មានគ្រឹះស្ថានមួយចំនួន ដែលមិនមែនជាសមាជិករបស់សមាគម អាចនឹងមិនធ្វើទៅតាមក្រមរបស់សមាគមមីក្រូហិរញ្ញវត្ថុ ព្រោះគ្រឹះស្ថានទាំងនោះនឹងនៅបន្តយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារក្នុងការផ្តល់កម្ចីដល់អ្នកមានតម្រូវការសាច់ប្រាក់។
«និយាយឲ្យចំ គឺដូចមានលក្ខណៈជាការលាងខ្លួនមួយ ដែលធ្វើឲ្យបញ្ជាក់ថា សមាជិករបស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្នឹង គឺមិនប៉ះពាល់ដល់បញ្ហាហ្នឹងទេ អញ្ចឹងទៅណ៎ា»។
លោកបានបញ្ជាក់បន្តទៀតថា ក្នុងពេលដែលសមាគមមីក្រូហិរញ្ញវត្ថុខិតខំពង្រឹងការអនុវត្តក្រមអាជីវកម្មរបស់ខ្លួន ប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដំណើរការទៅជាធម្មតា តែការកើនឡើងនៃកម្ចីខូច ឬសងយឺតពេល ហើយនឹងការលំបាករកផលចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗ អាចនឹងធ្វើឲ្យប្រតិបត្តិការក្នុងវិស័យនេះចុះថមថយ។
បើតាមរបាយការណ៍របស់ធនាគារកណ្ដាលកម្ពុជា ប្រព័ន្ធធនាគារបានរីកធំយ៉ាងខ្លាំង ក្នុងនោះរួមមាន ធនាគារពាណិជ្ជកម្មចំនួន៣៦ ធនាគារឯកទេសចំនួន១១ ការិយាល័យតំណាងធនាគារបរទេសចំនួន៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥៨ ដែលក្នុងនោះមានគ្រឹះស្ថានដកប្រាក់បញ្ញើចំនួន៨ និងប្រតិបត្តិករផ្ដល់កម្ចីចំនួន១០៤ ហើយក្រុមហ៊ុនធ្វើកិច្ចសន្យាជួលចំនួន៩ និងក្រុមហ៊ុនការិយាល័យឥណទានចំនួនមួយ។
ទំហំប្រាក់កម្ចីដែលបានដាក់ឲ្យដំណើរការក្នុងប្រព័ន្ធផ្ដល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណ៣៥០០លានដុល្លារអាមេរិក គឺជាងពាក់កណ្ដាលនៃប្រាក់បំណុលជាតិ ដែលមានចំនួន ៦០០០លានដុល្លារអាមេរិក។ ទំហំប្រាក់កម្ចី៣៥០០លានដុល្លារត្រូវបានផ្ដល់ទៅអតិថិជនចំនួនជាង២លានគ្រួសារ គិតត្រឹមឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
ជាផ្នែកមួយនៃការរក្សាលំនឹងប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាលកម្ពុជា កាលពីខែមីនា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ ដោយបានបង្កើតពិដានអត្រាការប្រាក់ត្រឹម១៨ភាគរយក្នុងមួយឆ្នាំ។ ពិដានអត្រាការប្រាក់នេះបានទទួលរងការរិះគន់ពីអ្នកជំនាញហិរញ្ញវត្ថុក្នុងប្រទេស ដោយហេតុថា វានឹងមិនអាចរក្សានិរន្តភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនោះទេ តែនឹងធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្នាតតូចៗត្រូវបិទទ្វារ។
សមាគមមីក្រូហិរញ្ញវត្ថុឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយបិទទ្វារនោះទេ ទោះជាគ្រឹះស្ថានមួយចំនួនកំពុងប្រឈមផលវិបាកក្នុងការគោរពតាមការកំណត់ពិដានអត្រាការប្រាក់នេះក៏ដោយ។ អ្នកជំនាញខាងហិរញ្ញវត្ថុជឿថា បើទោះមិនមានការបិទទ្វារក្តី ការច្របាច់បញ្ចូលគ្នារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចកើតមានឡើង ប្រសិនបើធនាគារជាតិនៃកម្ពុជាដាក់សម្ពាធឲ្យដំឡើងដើមទុនចុះបញ្ជី៕