ផ្ទុយពីការយល់ឃើញរបស់រដ្ឋាភិបាលក្នុងការដាក់ពិដានអត្រាការប្រាក់ឥណទានក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជួយដល់ពលរដ្ឋខ្មែរ ដែលជាប់បំណុលនោះ អ្នកវិភាគយល់ថាអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជាក្នុងការកំណត់ពិដាននេះ នឹងផ្តល់ផលវិបាក លើសុខភាពហិរញ្ញវត្ថុរបស់ប្រទេស។
ពួកគេបាននិយាយនៅថ្ងៃអង្គារនេះថា ចំណាត់ការនេះ នឹងជួយដោះបន្ទុកអត្រាការប្រាក់ដល់អ្នកជាប់បំណុលមួយចំនួន តែវាក៏នឹងផ្តល់ឥទ្ធិពលជាអវិជ្ជមានផងដែរ ទៅដល់កិច្ចប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានគោលដៅចម្បងក្នុងការជួយប្រជាជនឲ្យបង្កើតមុខរបរចិញ្ចឹមជីវិតឲ្យកាន់តែប្រសើរឡើង។
កាលពីថ្ងៃចន្ទនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ពិដានអត្រាការប្រាក់ឥណទានត្រឹម១៨ភាគរយក្នុងមួយឆ្នាំ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលលោកហ៊ុន សែន បានប្រកាសជាសាធារណៈថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន។
សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា ការដាក់ពិដាននេះ មានគោលបំណងក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់បំណុលវ័ណ្ឌក និង កាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់ក្នុងអត្រាខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធភាព។
សេចក្តីប្រកាសនេះបន្តថា ពិដានអត្រាការប្រាក់ឥណទានមានកម្រិត ១៨ភាគរយ ក្នុងមួយឆ្នាំដែលនឹងគ្របដណ្តប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងតំបន់ទីក្រុង និងជនបទនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។
ធនាគារជាតិនៃកម្ពុជាបានពន្យល់ថា៖
«ការដាក់ពិដានឥណទាននេះ គឺជាការដាក់កម្រិតអតិបរមានៃអត្រាការប្រាក់ឥណទាន ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ អាចកំណត់យកពីអតិថិជន ដែលខ្ចីប្រាក់ពីគ្រឹះស្ថាន»។
ក្នុងថ្ងៃចន្ទដដែលនោះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសផ្សេងមួយទៀត បញ្ជាក់សារជាថ្មីអំពីការដាក់ពិដានអត្រាការប្រាក់នេះ។
ប្រកា ៤ នៃប្រកាសនេះ បានឲ្យដឹងថា៖
«គ្រឹះស្ថានត្រូវកំណត់អត្រាការប្រាក់ឥណទានមិនឲ្យលើសពី១៨ភាគរយ (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំសម្រាប់គ្រប់ឥណប្រតិទាននៃឥណទាន»។
ប្រកាសដែលចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានេះ ក៏បានព្រមានប្រតិបត្តិករគ្រឹះស្ថានហិរញ្ញវត្ថុនានា អំពីការប្រឈមមុខនឹងទណ្ឌកម្ម ប្រសិនបើពួកគេខកខានមិនបានអនុវត្តទៅតាមការកំណត់នេះ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍនៃក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា វិធានការរបស់រដ្ឋាភិបាល នឹងមិនធ្វើឲ្យមានចីរភាពក្នុងកិច្ចប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាពិសេសនោះ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗ។
លោកនិយាយថា៖
«ការដាក់កំហិត ទៅលើអត្រាការប្រាក់ខ្ពស់បំផុត ១៨ភាគរយក្នុងមួយឆ្នាំនេះ ប្រហែលជាមានស្ថាប័នមីក្រូហិរញ្ញវត្ថុតិចតូចណាស់ ពីរ បីធំដែលគាត់អាចរស់បាន។ ស្ថាប័នផ្សេងទៀត ៥០ ៦០ទៀតច្រើនស្ថាប័នណាស់ យើងនិយាយតែអ្នកមានអាជ្ញាប័ណ្ណត្រឹមត្រូវណ៎ា ប្រហែលជាពិបាកនឹងរស់ ពិបាកនឹងបន្តដំណើរទៅមុខអ្ហាស់»។
លោក ង៉ែត ជូ បន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានទំហំទឹកប្រាក់កម្ចីសរុបជាង ៣.០០០លានដុល្លារអាមេរិក គឺស្មើនឹងពាក់កណ្តាលនៃបំណុលជាតិដែលចំនួនប្រមាណ ៦.០០០លានដុល្លារអាមេរិក។ លោកបញ្ជាក់ថា ការដាក់ពិដាននេះ នឹងបង្កហានីភ័យដល់សុខភាពហិរញ្ញវត្ថុរបស់ប្រទេសផងដែរ។
លោកថ្លែងថា៖
«ពួកយើងគឺមានការព្រួយបារម្ភ ប៉ះពាល់វិស័យហិរញ្ញវត្ថុទាំងមូល ដោយសារទាំងអស់ហ្នឹង អ្នកវិនិយោគភាគច្រើន គាត់ជាអ្នកវិនិយោគិនបរទេស ហើយជាទូទៅវិនិយោគិនបរទេសគេមករកប្រកបរបរទទួលទាននៅប្រទេសនរណា ដូចជានៅស្រុកខ្មែរអញ្ចឹងគឺគេមើល អាភាពអាចទុកចិត្តបាននៃគោលនយោបាយរបស់រដ្ឋាភិបាល ដល់ពេលរដ្ឋាភិបាលគាត់ចេញសេចក្តីប្រកាសបន្ទាន់អញ្ចឹង ធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភ ហើយអាចនឹងប៉ះពាល់អ្នកវិនិយោគដែលប្រុងនឹងមកថ្មីទៀតហ្នឹងគឺគាត់អាចពិចារណាពន្យារមួយរយៈឬក៏យ៉ាងម៉េចអីអញ្ចឹង»។
លោក ប៊ុន មុនី ទីប្រឹក្សាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានបទពិសោធន៍យូរឆ្នាំក្នុងកិច្ចប្រតិបតិ្តការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាប់ VOA ថា រដ្ឋាភិបាលពិតជាមានគោលបំណងបញ្ចុះការប្រាក់ឲ្យនៅទាប ដូចដែលប្រតិបត្តិកររបស់គ្រឹះស្ថានហិរញ្ញវត្ថុនានាចង់បាន តែវិធានការរបស់រដ្ឋាភិបាលនេះ ហាក់មានភាពប្រញាប់ប្រញាល់។
លោកថ្លែងថា៖
«វិធីសាស្ត្រធម្មជាតិហ្នឹងវាយូរ ដែលរដ្ឋាភិបាលគាត់ប្រហែលជាមិនចង់រង់ចាំ។ យើងពិនិត្យមើលដែលទីផ្សារសេរីមានការប្រកួតប្រជែង ការប្រាក់វាចុះថយ annula rate [អត្រាប្រចាំឆ្នាំ] ហ្នឹង មួយឆ្នាំ ១ ទៅ ២ភាគរយ។ ១០ឆ្នាំមុន effective rate [អត្រាដែលចូលជាធរមាន] ប្រហែលជា៣០ ទៅ៣២ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែ១០ឆ្នាំក្រោយ ដូចជាឆ្នាំ២០១៥ ២០១៦មកនេះ ២២ ២៣ភាគរយក្នុងមួយឆ្នាំយើងឃើញថយចុះ វារយៈពេល១០ឆ្នាំ ថយ៩ទៅ១០ភាគរយ អាហ្នឹងយើងសង្ឃឹមថា នៅចុះទៀត»។
លោកបន្តថា ដោយហេតុអត្រាការប្រាក់នៅទ្រឹងត្រឹមចន្លោះពី ២២ ទៅ២៣ភាគរយរយៈពេលមួយឆ្នាំ គឺនៅចន្លោះ ២០១៥ និង២០១៦នោះ រដ្ឋាភិបាលក៏សម្រេចចាត់វិធានការដាក់ពិដាន ដែលផ្ទុយពីនិយាមចាស់រដ្ឋាភិបាលដែលផ្អែកលើគោលការណ៍ទីផ្សារសេរី។
លោក ស៊ឹម សេនាជាតិ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ប្រាប់ VOA ថា គ្រឹះស្ថានរបស់លោកមិនជំទាស់នឹងការកំណត់របស់រដ្ឋាភិបាលនោះទេ ព្រោះការកំណត់នេះ វាត្រួតគ្នានឹងគោលការណ៍បញ្ចុះអត្រាការប្រាក់របស់គ្រឹះស្ថានលោក។ យ៉ាងណាក៏ដោយ លោកថា នឹងមានការកាត់បន្ថយការផ្តល់ទំហំឥណទាន ខ្នាតតូចៗដល់ប្រជាពលរដ្ឋខ្មែរ ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន។ លោកថា ការណ៍នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរងាកទៅរកអ្នកចងការប្រាក់ឯកជនវិញ។
«ប្រហែលជាយើងអាចកាត់បន្ថយ loan [ឥណទាន]តូចៗ ដោយសារតែ loan តូចៗ គឺ cost [ថ្លៃដើម] វាខ្ពស់។ អញ្ចឹង នៅពេលណាដែលយើងបន្ថយការផ្តល់ loan [ឥណទាន]តូចៗទៅឲ្យអតិថិជនហ្នឹង អតិថិជន ដែលគាត់អត់អាច access [ចូល] ទៅ formal sector [កន្លែងធម្មតា] បាន គាត់ប្រហែលជាអាចទៅរកប្រភពផ្សេងទៀត ក៏ដូចជា money lender [អ្នកឲ្យប្រាក់ខ្ចី] ឬមួយក៏ស្ថាប័នដែលអត់ regulate [បទបញ្ញត្តិ] ពី NBC អញ្ចឹងទៅ ហើយដែលជាធម្មតា គឺការប្រាក់របស់ money lender [អ្នកឲ្យប្រាក់ខ្ចី] គឺខ្ពស់ជាង formal sector [កន្លែងធម្មតា] ច្រើន»។
ថ្វីដ្បិតតែមានការលើកឡើងខុសៗគ្នាពីក្រុមអ្នកជំនាញ និងប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីពេលកន្លងមក បានផ្តួចផ្តើមឲ្យមានការបំភ្លឺថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះ បានថ្លែងលើទំព័រហ្វេសប៊ុករបស់លោកថា វិធានការដាក់ពិដានអត្រាការប្រាក់នេះ នឹងជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រឲ្យលឿនជាងមុន។
លោកបានសរសេរក្នុងន័យដើមថា៖
«ដើម្បីជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ជាពិសេសបងប្អូនប្រជាពលរដ្ឋថ្មីដែលគ្រោងខ្ចីឥណទានថ្មីនិងម៉្យាងវិញទៀតដើម្បីជំរុញការប្រើប្រាស់ឥណទានមីក្រូហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាព គឺចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧ នេះតទៅ ពិដានអត្រាការប្រាក់ឥណទានមានកម្រិតតែ ១៨%ទេក្នុងមួយឆ្នាំ»។
ក៏ប៉ុន្តែ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បានលើកឡើងកាលពីពេលកន្លងមកថា ការដាក់ពិដាននេះ មិនមែនជាគោលនយោបាយល្អមួយសម្រាប់ដោះស្រាយបញ្ហាអត្រាការប្រាក់ខ្ពស់នោះទេ។
ផ្ទុយទៅវិញ វានឹងធ្វើឲ្យមានការកើនឡើងនូវការខ្ចីប្រាក់ដោយខុសច្បាប់ និងរារាំងដល់លទ្ធភាពទទួលបានឥណទាននៅទីជនបទ និងតំបន់ដែលងាយរងគ្រោះ។
ក្នុងបទបង្ហាញរបស់លោក ឡេង សេងឡុង អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ដែលបានធ្វើឡើងកាលពីឆ្នាំមុន និងបានដាក់ឲ្យទាញយកបានតាមប្រព័ន្ធអ៊ិនធឺណិត បានឲ្យដឹងថា ការដាក់ពិដាន ដែលរដ្ឋាភិបាលនៃប្រទេសផ្សេងៗទៀតបានធ្វើនោះ នឹងផ្តល់ផលវិបាកជាច្រើន។
ក្រៅពីការការកើនឡើងនូវការខ្ចីប្រាក់ដោយខុសច្បាប់ និងរារាំងដល់លទ្ធភាពទទួលបានឥណទាននៅទីជនបទ និងតំបន់ដែលងាយរងគ្រោះនោះ ផលវិបាកផ្សេងទៀតរួមមាន ការដាក់ពិដាននេះ នឹងបង្កើនថ្លៃចំណាយលើប្រតិបត្តិការ រំខានដល់ការច្នៃប្រឌិតផលិតផល និងបង្កើនការចំណាយដល់អ្នកខ្ចីប្រាក់ចំពោះថ្លៃចំណាយដែលមិនពាក់ព័ន្ធនឹងការប្រាក់។
លោក ឡេង សេងឡុង បានដកស្រង់ការកត់សម្គាល់របស់ធនាគារពិភពលោក ដែលបានលើកឡើងក្នុងន័យដើមថា៖
«ការដាក់ពិដានគឺនៅតែពេញនិយម ប៉ុន្តែវាជាឧបករណ៍គ្មានប្រសិទ្ធភាពនោះឡើយ»។
អ្នកសិក្សាស្រាវជ្រាវរូបនេះ បានផ្តល់ដំណោះស្រាយ ជំនួសការដាក់ពិដាននេះមួយចំនួនដែលរួមមាន ការជំរុញឲ្យមានការប្រតួតប្រជែង និងការបង្កើនការការពារអ្នកប្រើប្រាស់ផលិតផលហិរញ្ញវត្ថុ ការជំរុញការយល់ដឹងខាងហិរញ្ញវត្ថុ ការពង្រឹងព័ត៌មានស្តីពីឥណទាន និងការលើកទឹកចិត្តឲ្យមានការច្នៃប្រឌិតផលិតផលក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ វិធានការទាំងអស់នេះ រួមចំណែកដល់ការកាត់បន្ថយកម្រិតអត្រាការប្រាក់ ហើយក៏អាចការពារអតិថិជន និងបង្កើនលទ្ធភាពច្រើនក្នុងការទទួលបានឥណទាន។
លោកស្រី ជា សេរី អគ្គនាយកធនាគារជាតិនៃកម្ពុជា មិនទាន់ឆ្លើយតបសំណួររបស់ VOA តាមសារអេឡិចត្រូនិក ឬemailពាក់ព័ន្ធនឹងការដាក់ពិដានអត្រាការប្រាក់នេះទេ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ក្រុមហ៊ុន Emerging Markets Consulting (EMC) បញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាលើសេចក្តីប្រកាសរបស់ខ្លួននេះឡើងវិញ ដើម្បីកាត់បន្ថយហានីភ័យដែលអាចកើតនៅក្នុងរយៈពេលយូរនោះ៕